ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/29

២៩- អ្នក​តា តន់


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ២០៥ – ២១៨




អ្នក​តា តន់ មាន​ទី​តាំង​ក្បែរ​ភូមិ​យោត្រ សង្កាត់​មេ-ស​ប្រច័ណ្ឌ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។ បើ​ចង់​ទៅ​កាន់​ទៅ​កន្លែង​អ្នក​តា​នេះ គេ​អាច​ធ្វើ​ដំណើរ​ពី​សាលា​ស្រុក​ពារាំង តាម​ផ្លូវ​លំ​មួយ ដែល​លាត​សន្ធឹង​សំដៅ​ទៅ​ទិស​ខាង​ជើង ។ ឯ​ភូមិ​ដែល​នៅ​ជាប់​នឹង​ផ្លូវ​លំ​នេះ​ជា​ហូរ​ហែ​គឺ ភូមិ​ព្រះ​ម្លូ គរ ស្វាយ ព្រហូត ជ្រៃ ព្រៃ​ដំបង និង​ភូមិ​ក្រាំង ។ ទៅ​ពី​ភូមិ​ក្រាំង​ទៅ​ខាង​ជើង​ទៀត ចម្ងាយ​ប្រមាណ ៥ គ.ម. ទើប​ដល់​ភូមិ​យោត្រ ដែល​ជា​កន្លែង​នៃ​អ្នក​តា តន់ បើ​គិត​ពី​សាលា​ស្រុក​ពារាំង​ទៅ​ដល់​កន្លែង​អ្នក​តា​នេះ ចម្ងាយ​ប្រមាណ ១៥ គម. ។

អ្នក​តា​នេះ ស្ថិត​នៅ​មាត់​ព្រែក​យោត្រ ត្រើយ​ខាង​កើត គឺ​ត្រើយ​ផ្នែក​ខាង​កើត​ស្រុក​ស៊ីធរ​កណ្ដាល ក្នុង​ខេត្ត​ព្រៃ​វែង​ដែរ ប៉ុន្តែ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ប្រមាណ​ជាង ២០ គ.ម. ពី​សាលា​ស្រុក​ស៊ីធរ​កណ្ដាល ។

ព្រែក​ត្រង់​ភូមិ​យោត្រ​នេះ ឈ្មោះ​ថា​ព្រែក​យោត្រ​ដែរ ព្រោះ​ហៅ​តាម​ឈ្មោះ​ភូមិ ត្រើយ​ខាង​កើត​គេ​ចាត់​ចូល​ទៅ​ក្នុង​ស្រុក​ស៊ីធរ​កណ្ដាល ឯ​ត្រើយ​ខាង​លិច​គឺ​នៅ​ក្នុង​ស្រុក​ពារាំង ។ ព្រែក​នេះ បែក​ចេញ​ពី​ត្រើយ​ខាង​ត្បូង​នៃ​ទន្លេ​តូច ដែល​បែក​ចេញ​ពី​ទន្លេ​មេគង្គ ត្រង់​ជីហែ​ក្នុង​ស្រុក​កោះ​សុទិន​ហើយ​ធ្លាយ​ចេញ​ទៅ​ទន្លេ​មេគង្គ​ទៀត ត្រង់​បាណាម​និង​អ្នក​លឿង ។

ដើម​កំណើត​អ្នក​តា គេ​មិន​បាន​ដឹង​ប្រាកដ​ថា​អ្នក​តា​នេះ​កើត​ក្នុង​ឆ្នាំ​ណា​ទេ ប៉ុន្តែ​បើ​តាម​លោក​តា​ម្នាក់​ឈ្មោះ តា កែប ដែល​ជា​រូប​សម្នឹង​របស់​តា តន់ នៅ​ភូមិ​យោត្រ ដែល​បាន​ដំណាល​ប្រាប់​ខ្ញុំ តាំង​ពី​ក្មេង​រវាង​អាយុ​ជាង ១០​ឆ្នាំ​ម្ល៉េះ​ថា កាល​ណោះ​ភូមិ​យោត្រ ពុំ​ទាន់​មាន​ផ្ទះ​ទេ នៅ​តាម​មាត់​ទន្លេ និង មាត់​ព្រែក​យោត្រ​ពី​ដើម មាន​សុទ្ធ​តែ​ព្រៃ​ឫស្សី និង រនាម​ញៀត​ស្បាត មាន​តែ​ផ្លូវ​ដំរី​ចុះ​ទៅ​ផឹក​ទឹក​ទន្លេ​តែ​មួយ​កន្លែង​ប៉ុណ្ណោះ ក្រៅ​ពី​នោះ ចេញ​ចូល​ពុំ​រួច​ឡើយ ។

ពេល​ក្រោយ​មក មាន​មនុស្ស​ចុះ​ពី​ស្រុក​ស្រែ គឺ​មក​ពី​ភូមិ​ក្រាំង ដែល​នៅ​ចម្ងាយ​ពី​គ្នា​ប្រមាណ ៥ គ.ម. មាន​គ្នា ៤-៥ នាក់ មក​កាប់​គាស់​ឈើ​រើ​ព្រៃ​រនាម​តាម​មាត់​ទន្លេ​តូច ដាំ​ដំណាំ មាន ពោត ត្រសក់​ជា​ដើម ។ មនុស្ស​ទាំង​នោះ មក​ធ្វើ​ការ​ដាំ​ដំណាំ​នេះ តែ​ពេល​ថ្ងៃ​ៗ​ទេ ដល់​ល្ងាច​ត្រឡប់​ទៅ​ដេក​ឯ​ផ្ទះ​វិញ មិន​ហ៊ាន​ដេក​ក្នុង​ច្បារ​ដំណាំ ក្រែង​មាន​ខ្លា ដំរី​មក​យាយី​នៅ​ពេល​យប់ ព្រោះ​ជា​កន្លែង​ដែល​ធ្លាប់​មាន​សត្វ​សាហាវ​ចុះ ។ លុះ​ទៅ​មក​ៗ យូរ​ៗ​ទៅ​កាន់​តែ​ស៊ាំ​ចិត្ត​គំនិត​លែង​ខ្លាច ក៏​នាំ​គ្នា​ធ្វើ​ខ្ទម​តូច​ៗ​ក្នុង​ចម្ការ​របស់​ខ្លួន ហើយ​ដេក​នៅ​ទាំង​យប់​ទាំង​ថ្ងៃ​ប្រកាន់​ទី​កន្លែង​តែ​រៀង​ៗ​ខ្លួន ។

ក្នុង​ចំណោម​អ្នក​ទាំង​នោះ អ្នក​ដែល​មក​តាំង​ទី​កន្លែង​នៅ​ក្នុង​ចម្ការ​នោះ​មុន​គេ គឺ​ឈ្មោះ​តា ស្វា ប្រពន្ធ​ឈ្មោះ​យាយ ដ្រាំ ។ គាត់​កាប់​គាស់​រាន​ដី​ដាំ​ពោត​នៅ​ជាប់​នឹង​មាត់​ព្រែក​នោះ ។ នៅ​ពេល​ថ្ងៃ​ៗ ពួក​ហ្វូង​ស្វា​ទាំង​ឡាយ​ចេះ​តែ​នាំ​គ្នា​មក​លួច​កាច់​ពោត គាត់​ដេញ​មិន​ឈ្នះ​សោះ ចំណែក​ឯ​យប់​ៗ​វិញ គឺ​ត្រូវ​ហ្វូង​ដំរី​ដែល​ចុះ​ពី​លើ​មក​ផឹក​ទឹក ក៏​កាច់​ស៊ី ព្រម​ទាំង​ជាន់​បំបាក់​ដំណាំ​ថែម​ទៀត​ផង ។ ទើប​គាត់​សុខ​ចិត្ត​ធ្វើ​ខ្ទម​ចាំ​ពោត នៅ​ក្រោម​ដើម​ស្លែង​ធំ​ពីរ​ដើម ហើយ​នៅ​ដេក​ចាំ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្បែរ​ខ្ទម​នោះ គាត់​ធ្វើ​ខ្ទម​តូច​មួយ​ទៀត​ប្រក់​ស្បូវ សម្រាប់​ដាក់​បាយ​ទឹក​ឲ្យ​ខ្មោច​ព្រៃ និង​បាយាប​រៀង​រាល់​ថ្ងៃ ។ កាល​ណា​គាត់​មិន​នៅ គាត់​យក​ដុំ​ថ្ម​ឧបកិច្ច​ធ្វើ​ជា​អ្នក​តា ដាក់​លើ​ខ្ទម​តូច​នោះ ហើយ​និយាយ​ផ្ញើ​ពោត​ដោយ​ពាក្យ​ថា "លោក​តា​អើយ​មើល​ថែទាំ​ពោត​ឲ្យ​ខ្ញុំ​ផង កុំ​ឲ្យ​ដំរី​ស្វា​មក​បំផ្លាញ" ។ ចាប់​តាំង​ពី​ពេល​នោះ​មក បើ​ទុក​ជា​គាត់​ទៅ​ណា​មក​ណា មួយ​ថ្ងៃ ឬ ពីរ​ថ្ងៃ​ក៏​ដោយ ក៏​គ្មាន​ស្វា​ដំរី​មក​ជិត​ពោត​គាត់​ដែរ ។

ត​ពី​ពេល​នោះ​មក អ្នក​ធ្វើ​ពោត ត្រសក់​នៅ​ក្បែរ​នោះ ឃើញ​ខ្ទម​របៀប​ជា​ខ្ទម​អ្នក​តា​ដូច្នោះ ក៏​ឆ្លាក់​ឈើ​ធ្វើ​ជា​រូប​មនុស្ស អង្គុយ​ពែន​ភ្នែន​របៀប​ជា​អ្នក​តា យក​មក​ដាក់​ឲ្យ​ជួយ​មើល​ពោត ត្រសក់​កុំ​ឲ្យ​សត្វ​ស៊ី ។ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​មក​ទិញ​ពោត ត្រសក់ ឃើញ​ខ្ទម​របៀប​ជា​ខ្ទម​អ្នក​តា​ដូច្នោះ ក៏​ថ្វាយ​នេះ ថ្វាយ​នោះ យូរ​ទៅ​ការ​ឧបកិច្ច​នោះ ក៏​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ៗ រហូត​ដល់​មាន​ខ្ទម​ត្រឹម​ត្រូវ ហើយ​បើ​អ្នក​ណា​មាត់​អាក្រក់ ជេរ​ពោល​រោល​អាល នូវ​ពាក្យ​អាស​គ្រាម​ផ្សេង​ៗ អ្នក​តា​នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ ឲ្យ​ចុក​ពោះ​ឬ​ឈឺ​អ្វី​ផ្សេង​ៗ ទាល់​តែ​បន់​ស្រន់​ថ្វាយ​នេះ ថ្វាយ​នោះ ទើប​នឹង​សោះ​ស្បើយ ។ កន្លែង​ត្រង់​នេះ​សព្វ​ថ្ងៃ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ភូមិ​អ្នក​ស្រុក​ស្ដុក​ស្ដម្ភ ឈ្មោះ​ហៅ​ថា "ភូមិ​យោត្រ" ។

បាន​ដឹង​តាម​ពាក្យ​ចាស់​ៗ​តំណាល​ថា​មក​ថា អ្នក​តា​នេះ​មុន​ដំបូង​ឈ្មោះ​ថា "តា​ម៉ៅ" ប្រពន្ធ​ឈ្មោះ "យាយ​ខៀវ" ទេ ហើយ​ឈ្មោះ​នេះ​ទៀត​ក៏​មិន​ដឹង​ជា​អ្នក​ណា​ឲ្យ​ដែរ ។ តា​ម៉ៅ គាត់​មាន​ឥទ្ធិពល​ណាស់ សូម្បី​តែ​ភ្លើង​ព្រៃ​ឆេះ​រោល​រាល​មក​ដល់​ខ្ទម​ហើយ ក៏​មិន​ឆេះ​ខ្ទម​ស្បូវ​របស់​គាត់​ដែរ ។

ម៉្យាង​ទៀត បើ​អ្នក​ភូមិ​យោត្រ​នេះ ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ហួស​ពេល មិន​ហ៊ាន​មក​ផ្ទះ​វិញ គ្រាន់​តែ​នឹក​ដើម តា​ម៉ៅ ភ្លាម ក៏​ស្រាប់​តែ​ព្រឺ​ក្បាល​ព្រឺ​ស្បែក​-រោម លែង​ខ្លាច ហ៊ាន​ដើរ​មក​ផ្ទះ​វិញ​ភ្លាម ។ ឥទ្ធិពល​ខ្លាំង​យ៉ាង​នេះ​ហើយ បាន​ជា​ចាស់​ទុំ​ជំនាន់​នោះ​ប្រែ​ឈ្មោះ​ឲ្យ​គាត់​ថា "តា​តន់" ដូច្នេះ​វិញ មិន​ដឹង​ជា​ចាស់​ៗ​ជំនាន់​នោះ​យល់​ពាក្យ "តន់" នេះ​ថា​ពិសេស​ជាង​ពាក្យ "ម៉ៅ" ដូចម្ដេច​ទេ បាន​ជា​ផ្លាស់​ឈ្មោះ​ពី​ម៉ៅ មក តន់ ដូច្នោះ​វិញ​នោះ ។


ឥទ្ធិពល​អ្នក​តា​តន់

អ្នក​តា​នេះ តាំង​ពី​ដើម​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មាន​កិត្តិ​សព្ទ​ល្បី​ថា​ជា​អ្នក​មាន​ឫទ្ធានុភាព ពូកែ​ឆុត​ឆាប់​ណាស់ ក្នុង​ការ​ជួយ​អ្នក​ផង​មិន​ឲ្យ​មាន​ទុក្ខ​ទោស​គ្រោះ​ថ្នាក់ ដោយ​ជំងឺ​ផ្សេង​ៗ បាន​ឡើយ ។ ឧទាហរណ៍​ដូច​ជា​អ្នក​ភូមិ​ជិត​ខាង​នៃ​ភូមិ​យោត្រ​នេះ មាន​កើត​ជំងឺ​ឆ្លង​រាតត្បាត​ឬ​អសន្តិសុខ​ផ្សេង​ៗ ហើយ​អ្នក​ភូមិ​យោត្រ​ហ្នឹង​ឯង ដឹង​ភ្លាម​ក៏​ចាប់​ធ្វើ​ពិធី​សែន​ព្រេន លេង​ភ្លេង​ថ្វាយ​អ្នក​តា នោះ​រាតត្បាត​ទាំង​ឡាយ​នឹង​មិន​អាច​ឆ្លង​ចូល​មក​ដល់​ភូមិ​យោត្រ​យើង​បាន​ឡើយ គឺ​អ្នក​តា​អាច​បញ្ចៀស​ជំងឺ​ទាំង​នោះ​បាន​ដោយ​ងាយ ។ ប៉ុន្តែ​បើ​ដឹង​ហើយ បង្អែ​បង្អង់​មិន​ព្រម​ធ្វើ​ពិធី​សែន​ព្រេន ទុក​ទាល់​តែ​រោគ​ដ៏​សាហាវ​នោះ រាល​ដាល​ចូល​មក​ដល់​ក្នុង​ភូមិ ចាប់​ឈឺ​មនុស្ស​ម្នាក់ ពីរ​នាក់​សត្វ​ពាហនៈ​ខ្លះ ហើយ​ទើប​នាំ​គ្នា​រៀប​រណ្ដាប់​សែន​ព្រេន​បញ្ជូន​ឲ្យ មាន​លេង​ភ្លេង​បញ្ជាន់​រូប​ជា​ដើម បើ​កាល​ណា​អ្នក​តា​នេះ ចូល​មក​និយាយ​ថា "ឈ្មោះ​នេះ ១ (អ្នក​ឈឺ) យើង​ឲ្យ​គេ​ខក​ទៅ​ហើយ មិន​អាច​សុំ​គេ​វិញ​បាន​ទេ" អ្នក​ជំងឺ​នោះ​មុខ​តែ​ស្លាប់​ដូច​ពាក្យ​អ្នក​តា​ប្រាប់​នោះ​មិន​ខាន​។

ការ​ស្បថ - បើ​មាន​មនុស្ស​ក្នុង​ភូមិ ឈ្លោះ​ទាស់​ទែង​គ្នា មួយ​ថា​មួយ​ខុស ប្រកែក​គ្នា​ចុះ​ឡើង​ៗ មិន​ដាច់​ស្រេច​សោះ នោះ​គេ​ក៏​នាំ​គ្នា​ទៅ​ស្បថ​ចំពោះ​មុខ​អ្នក​តា តន់ មុខ​ជា​នឹង​ឃើញ​យ៉ាង​ឆុត​ឆាប់ អ្នក​តា​នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ដែល​មិន​ទៀង​ត្រង់ ឲ្យ​ឈឺ​ចុក​ចាប់​រហូត​ដល់​ស្លាប់​ក៏​មាន ឬ ទៅ​ជា​ឆ្កួត​វង្វេង​ភ្លាំង​ភ្លេច​ក៏​មាន ។

សំណែន - ការ​ធ្វើ​ពិធី​សែន​ថ្វាយ​ចំពោះ​អ្នក​តា តន់ នេះ គឺ​ធ្វើ​ក្នុង​ពេល​ដែល​បន់​ស្រន់ កុំ​ឲ្យ​មាន​ជំងឺ ចូល​លុក​លុយ​ក្នុង​ភូមិ​នោះ គ្មាន​ពិធី​អ្វី​ជា​ការ​ធំ​ដុំ​ទេ គ្រាន់​តែ​មាន​ក្បាល​ជ្រូក​ស្ងោរ​មួយ​ដាក់​លើ​ថាស ឬ តុ ស្រា ១​កំប៉ុង រូប​សេះ រូប​ដំរី- ជ្រូក- ទា ធ្វើ​ដោយ​ដើម​ចេក និង​ពែ​ដើម​ចេក​មួយ បួន​ជ្រុង ក្នុង​មួយ​ជ្រុង​ៗ ប្រវែង ៤ ឬ ៥ ដេស៊ីម៉ែត្រ ធ្វើ​មាន​ដំបូល​ពី​លើ ហើយ​មាន​មុខ​ស្រួច​ដូច​កប៉ាល់ ។ ក្នុង​ពែ​នោះ​មាន​ដាក់​ចំណី​ចំណុក- បាយ​ទឹក- អង្ករ​បន្តិច​បន្តួច​ជា​របៀប​សែន​បញ្ជូន កាត់​ស្រទប​ចេក​ធ្វើ​លុយ​កាក់​ខ្លះ ហើយ​នាំ​គ្នា​យក​ពែ​និង​រូប​ដំរី- សេះ​ទាំង​នោះ​ទៅ​ដាក់​មុខ​ខ្ទម​អ្នក​តា ។ នៅ​ចំ​ពី​ខាង​មុខ​ប្រដាប់​ប្រដា​ទាំង​នោះ ត្រូវ​រៀប​កន្លែង​មួយ មាន​ខ្នើយ កន្ទេល​ក្រហម ព្រម​ទាំង​ស្លា​បារី​មួយ​ជើង​ស្រាពក៍ សម្រាប់​ឲ្យ​រូប​សម្នឹង​អង្គុយ​និង​អាស្រ័យ ។ ក្រៅ​ពី​គ្រឿង​សំណែន​ទាំង​នេះ មាន​ភ្លេង​ខ្មែរ​មួយ​វង់​ទៀត សម្រាប់​ប្រគំ​ថ្វាយ​អ្នក​តា​ផង ។

របៀប​លេង​ភ្លេង និង បញ្ជាន់​រូប - កាល​ណា​គេ​រៀប​ចំ​ស្រួល​បួល​ហើយ គេ​នាំ​គ្នា​អុជ​ទៀន ធូប ដោត​នៅ​មុខ​ខ្ទម​អ្នក​តា រួច​ក្រុម​ភ្លេង​ក៏​ចាប់​លេង ។ ដំបូង​បង្អស់​គេ​លេង​បទ​ថ្វាយ​គ្រូ រួច​លេង​បទ​សំពោង-ផាត់​ជាយ ជា​លំដាប់​លំដោយ​ហូរ​ហែ​ត​ទៅ តាម​តែ​អ្នក​ភ្លេង​ចេះ គ្មាន​កំណត់​ថា​ប៉ុណ្ណេះ​ប៉ុណ្ណោះ​បទ​ទេ លេង​ទាល់​តែ​រូប​នោះ​ចូល ទើប​ភ្លេង​ឈប់​សម្រាក ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​បែរ​បន់​សុំ​សេចក្ដី​សុខ សុំ​ឲ្យ​ជួយ​កម្ចាត់​នូវ​ជំងឺ​ដែល​កើត​ក្នុង​ភូមិ​ជា ឬ​សុំ​កុំ​ឲ្យ​មាន​ជំងឺ​ឆ្លង​មក​ដល់​ស្រុក​ភូមិ​ជា​ដើម ។ អ្នក​ខ្លះ​សុំ​ខ្សែ ទឹក យក​មក​ពាក់​នឹង​លុប​លាង​មុខ​មាត់ ដើម្បី​ការពារ​ភយន្តរាយ​ផ្សេង​ៗ ។ ការ​សុំ​ឲ្យ​ជួយ​ដូច្នេះ ច្រើន​តែ​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា ។

អ្នក​តា តន់ ចូល​ភ្លាម រូប​នោះ​ចាប់​យក​សំពត់​ស ដែល​គេ​ដាក់​បម្រុង​នៅ​លើ​ថាំង​តែ​ក្បែរ​នោះ មក​ស្លៀក ពាក់​អាវ​ស ហើយ​ពានា ឬ ជួត​ក្បាល​សំពត់​ស ដៃ​កាន់​ឈើ​ច្រត់ ។ ឯ​ការ​ពានា ឬ ជួត​ក្បាល​សំពត់​ស​នេះ មាន​ន័យ​ខុស​គ្នា​គឺ

១- បើ​កាល​ណា​ហេតុ​នេះ​មិន​ជា​ធំ​ដុំ​ប៉ុន្មាន​ទេ គ្រាន់​តែ​មាន​មនុស្ស​ឈឺ​ធម្មតា ហើយ​បន់​ស្រន់​ឲ្យ​បាន​ជា​សះ​ស្បើយ អ្នក​តា​នោះ​ចូល​មក គ្រាន់​តែ​ស្លៀក​ស​និង​ពានា​ស (មិន​មាន​ជូត​ក្បាល​ទេ) ទាញ​ស្លា​មក​ទំពា សូត្រ​ផ្លុំ​ៗ និង​លាប​ទឹក​លើ​ខ្នង​អ្នក​ជំងឺ​តែ​ប៉ុណ្ណោះ ។

២- បើ​កាល​ណា​មាន​ភយន្តរាយ​ធំ ដូច​ជា​កើត​ជំងឺ​រាតត្បាត​ពាស​ពេញ​ស្រុក​ភូមិ​ជា​ដើម ពេល​នោះ អ្នក​តា​ចូល​មក​ភ្លាម​តាំង​យក​សំពត់​ស្លៀក​ចង​ក្បិន សំពត់​មួយ​ទៀត​ជួត​ក្បាល​យ៉ាង​មាំ ដៃ​កាន់​ឈើ​ច្រត់​គ្រវី​ជា​របៀប​គុន​ដំបង លោត​ទៅ​ឆ្វេង លោត​ទៅ​ស្ដាំ​តាម​សង្វាក់​ស្គរ ហាក់​ដូច​ជា​ខឹង​សម្បារ​យ៉ាង​ខ្លាំង​នឹង​អ្នក​ណា​មួយ ។ លុះ​លោត​គុន​រួច​ហើយ អង្គុយ​ពែន​ភ្នែន​ទាំង​ហត់​គឃូស ចាប់​បារី​ជក់ ស៊ី​ស្លា អ្នក​ស្រុក​ចូល​ស្រ​មក​សុំ​សេចក្ដី​សុខ- ចម្រើន រួច​គេ​នាំ​គ្នា​សែន​ព្រេន ច្រួច​ស្រា ដាក់​ញាំ- ភ្លា បាយ​សម្ល​នៅ​ក្បែរ​ខ្ទម​នោះ និយាយ​ថា "សូម​លោក​តា​អញ្ជើញ​សេព​សោយ​នូវ​ភស្តុភារ​នេះ រួច​ហើយ​សូម​លោក​តា​មេត្តា​បណ្ដេញ​បំបរ​នូវ​ជំងឺ​ទាំង​នោះ​ឲ្យ​ឆ្ងាយ​ទៅ" បន្ទាប់​មក​គេ​យក​ពែ និង​រូប​ដំរី- សេះ​ទាំង​នោះ​ទៅ​បណ្ដែត​តាម​ទន្លេ ឲ្យ​ចុះ​តាម​ខ្សែ​ទឹក​ទៅ​ក្រោម ។ មុន​នឹង​លេង​ពែ អ្នក​ទាំង​នោះ​នាំ​គ្នា​ស្រែក​ហ៊ោ ៣ ដង រួច​ស្រែក​ថា "សូម​អញ្ជើញ​យក​របស់​ទាំង​នេះ​ទៅ​ចុះ" ខ្លះ​ស្រែក​ឧបកិច្ច​តប​មក​វិញ​ថា "យើង​លា​សិន​ហើយ យើង​លែង​មក​វិញ​ហើយ" ដូច្នេះ​ជា​ដើម ។

អំពី​រូប​សម្រាប់​ចូល - អ្នក​តា​តន់ និង យាយ​ខៀវ នេះ​មាន​រូប​សម្នឹង ជា​យូរយារ​ណាស់​មក​ហើយ​ដែរ គឺ​រូប​ដំបូង​បង្អស់​ឈ្មោះ តា​កែប ។ អ្នក​តា​តន់ ចូល​រូប តា​កែប តាំង​ពី​គាត់​អាយុ ៣០ ឆ្នាំ​ប្លាយ​ម្ល៉េះ ឥឡូវ​គាត់​ស្លាប់​ទៅ​ជាង ១០ ឆ្នាំ​ហើយ បើ​គិត​តាំង​ពី​ពេល​ដែល​គាត់​ចូល​ជា​រូប អ្នក​តា​តន់ មក​ដល់​សព្វ​ថ្ងៃ​នេះ​រវាង ៧០ ប្លាយ​ឆ្នាំ​ហើយ ។ លុះ​ផុត​ពី​លោក​តា​កែប នេះ​មក ក៏​ប្រកាន់​ចូល​រូប​យាយ "ជៃ " ជា​កូន​លោក​តា "កែប" នេះ​តទៅ​ទៀត ។ លោក​យាយ ជៃ ធ្វើ​ជា​រូប​បាន​ជាង ១០ ឆ្នាំ​ក៏​ធ្វើ​មរណ​កាល​ទៅ បន្ទាប់​មក​មាន​រូប​ស្រី​ម្នាក់​ទៀត​ឈ្មោះ ម៉ែត សព្វ​ថ្ងៃ​អាយុ​ជាង ៤០ ឆ្នាំ​ហើយ គាត់​ធ្វើ​រូប​តាំង​ពី​អាយុ ៣៤ ឬ ៣៥ ឆ្នាំ​មក​ម្ល៉េះ ។

អ្នក​តា​នេះ មិន​ដែល​មាន​ធ្វើ​ពិធី​ឡើង ឬ សែន​ព្រេន​រៀង​រាល់​ឆ្នាំ​ទេ គឺ​គេ​សែន​ឬ លេង​ភ្លេង​តែ​ពេល​ណា​មាន​អាសន្ន​មក​ដល់​ប៉ុណ្ណោះ ។


ឥទ្ធិពល​អ្នក​តា

មាន​ការ​អស្ចារ្យ​យ៉ាង​ចម្លែក​មួយ​គឺ បើ​មាន​អ្នក​ណា​មួយ​មាន​បំណង​ចង់​លេង​ល្បែង​ស៊ី​សង​អ្វី​មួយ ឬ ជា​ល្បែង​ភ្នាល់ ដូច​ជា​ប្រណាំង​ទូក ង ស៊ី​សង​ជា​ប្រាក់​កាស​ជា​ដើម ពុំ​នោះ​ដូច​ជា​ការ​ប្រកួត​ប្រជែង​យក​មុខងារ​នាទី​ជា​អ្វី​មួយ ដូច​ជា​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ធ្វើ​មេឃុំ​ក្ដី កាល ណា​ជិត​ដល់​កំណត់​ប្រឡង​ប្រជែង​ហើយ ទៅ​អុជ​ទៀន ធូប បន់​ស្រន់​សុំ​ឲ្យ​ជួយ បើ​កាល​ណា​មិន​មាន​បណ្ដាល​ឲ្យ​ឃើញ​អ្វី​ជា​ហេតុ ដូច​ជា​ឃើញ​សត្វ​អាសិរពិស​ជា​ដើម វារ​ចេញ​ពី​ក្បែរ​ខ្ទម​អ្នក​តា តន់ មក​បង្ហាញ​ឲ្យ​ឃើញ​ជា​ប្រផ្នូល​ទេ នោះ​ការ​ប្រឡង​ប្រជែង​ច្រើន​តែ​បាន​ជាប់ ។ តែ​ប្រសិន​បើ​បន់​ស្រន់​ទៅ​ហើយ បណ្ដាល​ហេតុ​ឲ្យ​ឃើញ​ភ្លាម​ៗ ដូច​ជា​ពស់​ជា​ដើម លូន​ចេញ​មក​វារ​កាត់​មុខ នោះ​ជា​ការ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា សេចក្ដី​ប្រាថ្នា​នោះ​ពុំ​បាន​សម្រេច​ទេ កុំ​ប្រឡង​ប្រជែង​ជា​ជាង ។ ប៉ុន្តែ​ហេតុ​ដែល​ធ្វើ​ឲ្យ​ឃើញ​ភ្លាម​ៗ ដូច្នេះ​ជួន​កាល​ក៏​ឃើញ កាល​ក៏​មិន​ឃើញ​ដែរ ដូច​មាន​តំណាល​ថា

ពី​យូរ​ណាស់​មក​ហើយ អ្នក​តា​នេះ បាន​លេង​បៀ​ជា​មួយ​នឹង​អ្នក​តា​ដូច​គ្នា​មួយ​ទៀត ។ ការ​លេង​របស់​អ្នក​តា​នេះ មិន​មែន​ដាក់​ប្រាក់​កាស​ទេ គឺ​លេង​ដាក់​សត្វ ដូច​ជា​ក្រពើ ពស់ មូស​ជា​ដើម។ កាល​ណា​បើ​លេង​ឈ្នះ​បាន​ក្រពើ នោះ​អ្នក​ភូមិ​មុខ​តែ​ឃើញ​ក្រពើ ហែល​ស្ទុយ​ចុះ​ស្ទួយ​ឡើង​ក្នុង​ទន្លេ ឬ ព្រែក ក្បែរ​ខ្ទម​អ្នក​តា​នោះ​មិន​ខាន ។ បើ​លេង​ឈ្នះ​ពស់ មុខ​ជា​ឃើញ​សត្វ​ពស់​ធំ​ៗ ប្រមាណ​ប៉ុន​កំភួន​ជើង កំភួន​ដៃ ឬ ប៉ុន​ភ្លៅ​មនុស្ស​ក៏​មាន លូន​ចុះ​លូន​ឡើង​ក្បែរ​ខ្ទម​អ្នក​តា​នោះ ។ ពិសេស​ទៅ​ទៀត បើ​មាន​អ្នក​ណា​ចង់​ឃើញ​ក្រពើ ឬ ​ពស់ គ្រាន់​តែ​យក​ស្លា​ធម៌​មួយ​គូ ឬ នំ​ចំណី​ទៅ​ថ្វាយ សុំ​មើល​ក្រពើ ពស់ មុខ​ជា​ឃើញ​វារ ឬ លូន​ក្បែរ​ៗ​ទីនោះ​មិន​ខាន ។ ប៉ុន្តែ​ក្រពើ​គេ​ខាន​ឃើញ​រវាង​ជិត ១០ ឆ្នាំ​ហើយ ឯ​ពស់​ជួន​កាល​ឃើញ ជួន​កាល​មិន​ឃើញ​ទេ​សព្វ​ថ្ងៃ​នេះ ។ ឯ​ក្រពើ​បាន​ជា​ពុំ​ដែល​ឃើញ​ហែល​ដូច​ពី​ដើម ព្រោះ​អ្នក​ស្រុក​ឃើញ​ញឹក​ញាប់​ពេក ក៏​ចេះ​តែ​ខ្លាច ទើប​នាំ​គ្នា​ធ្វើ​ឧបកិច្ច​សុំ​ចាប់​ក្រពើ ហើយ​យក​អ្នក​ប៉ិន​ប្រសប់​ខាង​ក្រពើ ឲ្យ​មក​ចាប់​ទាល់​តែ​ពាយ​អស់​ទៅ ។ ឥទ្ធិពល​អ្នក​តា​ដែល​បាន​រៀប​រាប់​មក​ខាង​ដើម​ទាំង​ប៉ុន្មាន​នេះ សាប​រលាប​អស់​ខ្លះ នៅ​ខ្លះ បើ​រឿង​លេង​ភ្លេង​បន់​ស្រន់ សុំ​ឲ្យ​ជួយ​កុំ​ឲ្យ​ជំងឺ​បៀតបៀន​កូន​ចៅ​នៅ​ក្នុង​ស្រុក នោះ​តែង​តែ​ឆុត​ឆាប់ ។ ឯ​ការ​បន់​ស្រន់​ឲ្យ​ជួយ​ការ​ប្រឡង​ផ្សេង​ៗ​វិញ ជួន​កាល​ក៏​ឲ្យ​ឃើញ​ហេតុ​ពិត ថា​បាន​សម្រេច​ឬ​មិន​សម្រេច ជួន​កាល​ក៏​គ្មាន​ឃើញ​អ្វី​ជា​សម្គាល់​ឡើយ ។ ចំពោះ​រឿង​ភ្លើង​ឆេះ​ព្រៃ មិន​ទាន់​ថា​សាប ឬ មិន​សាប​នៅ​ឡើយ​ទេ ព្រោះ​សព្វ​ថ្ងៃ​មិន​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ រាល​មក​ក្បែរ​ខ្ទម​នោះ​សោះ ដោយ​ព្រៃ​តូច​តាច​ដែល​អាច​បណ្ដាល​ឲ្យ​ឆេះ មិន​មាន​ដុះ​នៅ​ក្បែរ​ខ្ទម​នោះ​ទៀត​ទេ ។

តាម​សេចក្ដី​ដំណាល​ថា អ្នក​តា តន់ កើត​តាំង​ពី​ជំនាន់​តា ស្វា យាយ ជ្រាំ មក​ដល់​សព្វ​ថ្ងៃ​នេះ គិត​ទៅ​រវាង ២០០ ឆ្នាំ ព្រោះ​កាល​តា ស្វា យាយ ជ្រាំ ទៅ​នៅ​ដាំ​ពោត​នៅ​ព្រែក​យោត្រ​នេះ តាំង​ពី​ទើប​នឹង​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ថ្មី​ៗ​ម្ល៉េះ ហើយ​គាត់​មាន​កូន​ចៅ​ត​ៗ​រហូត​មក ។ គាត់​មាន​កូន​ប្រាំ​នាក់ ។

តា ស្វា នេះ ជា​អ្នក​ចម្បាំង​មួយ​រូប​ខ្លាំង​ពូកែ​គ្រាន់​បើ​ក្នុង​ជំនាន់​នោះ តែង​ទៅ​ជួយ​ច្បាំង​ពួក​បក្ខ​បះ​បោរ​ទាំង​ឡាយ ។ ខ្ញុំ​សួរ​បញ្ជាក់​អំពី​ដំណើរ​ចម្បាំង លោក​តា កែប ប្រាប់​ខ្ញុំ​ថា ច្បាំង​ក្នុង​រាជ្យ​ព្រះ​បាទ អង្គ អេង គឺ​ក្នុង​សម័យ​ដែល​ចៅហ៊្វា មូ និង យោមរាជ បែន ទាស់​ទែង​ខ្វែង​គំនិត​គ្នា ប្រកាន់​បក្ខ​ដោយ​ខ្លួន ហើយ​បំបះ​បំបោរ​រាស្ត្រ កែន​រាស្ត្រ​យក​ទោ​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក ។ បើ​តាម​ព័ត៌មាន​នេះ ក្នុង​ប្រវត្តិសាស្ត្រ​ក៏​មាន​ចែង​ដែរ អំពី​ចៅហ៊្វា មូ និង​យោមរាជ បែន​ប្រឆាំង​គ្នា ក្នុង​គ្រិស្តសករាជ ១៧៩២ បើ​គិត​ពី​ត្រឹម​ចៅហ៊្វា មូ និង​យោមរាជ បែន ទាស់​គ្នា​មក​ឥឡូវ2 ចំនួន ១៧៦ ឆ្នាំ​ហើយ ។

សរុប​ព័ត៌មាន​ទាំង​អស់​ទៅ​ឃើញ​ថា អ្នក​តា​នេះ​កើត​ឡើង​រវាង ២០០ ឆ្នាំ​ហើយ អ្នក​តា​នេះ​កើត​ឡើង​រវាង ២០០ ឆ្នាំ​ហើយ ព្រោះ​កាល​គាត់​នៅ​ដាំ​ពោត​កន្លែង​នោះ​ដំបូង គាត់​មិន​ទាន់​មាន​កូន​ចៅ​ទេ ដល់​ពេល​ដែល​គេ​កែន​គាត់​ធ្វើ​ចម្បាំង​នោះ គាត់​មាន​កូន​ធំ​ៗ​អស់​ហើយ ព្រោះ​មាន​ពាក្យ​ដំណាល​ដ៏​ជាក់​ច្បាស់​អំពី​អ្នក​យោត្រ​សព្វ​ថ្ងៃ​នេះ តែង​និយាយ​ថា កាល​តា ស្វា គាត់​ទៅ​ច្បាំង ស្រាប់​តែ​បាត់​ខ្លួន​មិន​ឃើញ​មក​ផ្ទះ​វិញ​សោះ ឯ​អ្នក​ដទៃ​គេ​ត្រឡប់​មក​ផ្ទះ​អស់ បាត់​តែ​ម្នាក់​គាត់ កូន​ចៅ​សួរ​អ្នក​ណា​ក៏​មិន​ឃើញ មិន​ដឹង​ដំណឹង ។

ឯ​កូន​ចៅ​និង​ញាតិ​នឹក​ស្មាន​ថា គាត់​មុខ​ជា​ស្លាប់​ក្នុង​ចម្បាំង​ហើយ បាន​ជា​បាត់​មិន​ឃើញ​មក​ផ្ទះ​នឹង​គេ ។ កូន​ចៅ​និង​ញាតិ​មិត្រ​នាំ​គ្នា​រៀប​ចំ​បុណ្យ ដើម្បី​បញ្ជូន​កុសល​ដល់​វិញ្ញាណក្ខន្ធ​របស់​គាត់ ។ កំពុង​តែ​ធ្វើ​បុណ្យ​ដារ ព្រះ​សង្ឃ​កំពុង​តែ​សូត្រ​សត្កប្បករណាភិធម្ម ស្រាប់​តែ​ឃើញ​គាត់​លី​គុន​ដំបង​ដើរ​ចូល​មក កូន​ចៅ​និង​ញាតិ​មិត្រ​ដែល​នៅ​ធ្វើ​បុណ្យ​នោះ ផ្អើល​ឈូ​ឆរ​ថា​គាត់​មក​លង លុះ​ដឹង​ថា​គាត់​មិន​ស្លាប់​ទេ ក៏​ត្រេក​អរ​សើច​គឹកកង​រំពឹង​ទទួល​អំណរ ។ ចម្បាំង ចៅហ៊្វា មូ និង យោមរាជ បែន ១៧៤ ឆ្នាំ​ហើយ ឯ​តា​ស្វា គាត់​បាន​បង្កើត​អ្នក​តា តន់​នេះ​មុន​ចម្បាំង​រវាង ២០ ឆ្នាំ​ហើយ ព្រោះ​តាំង​ពី​គាត់​ទើប​នឹង​ការ​រហូត​ដល់​កូន​គាត់​ចេះ​ធ្វើ​បុណ្យ​ឲ្យ ទើប​កើត​ចម្បាំង ។ បើ​តាម​ទម្លាប់​របស់​ជន​ជាតិ​ខ្មែរ ដែល​ជា​អ្នក​គោរព​ព្រះ​ពុទ្ធ​សាសនា ដែល​ចេះ​ធ្វើ​បុណ្យ​ឲ្យ​ឪពុក​ម្ដាយ​ស្រួល​បួល​នោះ យ៉ាង​តិច​ពី​ត្រឹម​អាយុ ២០ ឆ្នាំ​ឡើង​ទៅ ។ បាន​ជា​យើង​អាច​សន្និដ្ឋាន​ថា អ្នក​តា​នេះ មាន​អាយុ​ប្រហែល ២០០ ឆ្នាំ​នោះ ។