ប្រជុំរឿងព្រេងខ្មែរ/ភាគទី៨/6
៦- អ្នកតាគណេស
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី៤១ – ៤៤
នៅឃុំត្រពាំងធំ ស្រុកសូទ្រនិគម ខែត្រសៀមរាប មានអ្នកតាមួយ ដែលអ្នកស្រុកហៅថា (អ្នកតាព្រះភក្ត្រគណេស ឬ ព្រះអគ្នេស) ឋិតនៅលើទួលមួយ មានខ្ទមតូចប្រក់ស្បូវ ហើយមានព្រៃឈើដុះព័ទ្ធជុំវិញជាទីកណ្ដាលស្រែស្រូវរបស់អ្នកស្រុកភ្នំដី ចម្ងាយពីសាលាស្រុកសូត្រនិគម ប្រមាណ ២ គ. ម. ទៅខាងទិសអាគ្នេយ៍ ។
រូបនេះនៅល្អ គេបាបសាងឡើងដោយថ្មភក់យ៉ាងរឹង កម្ពស់ប្រមាណ ១ម៥០ ទទឹងភ្នែន ប្រមាណ ១ម៣៥ គឺជារូបព្រះគណេសដែលមានក្បាលជាដំរីខ្លួនជាមនុស្ស ។ រូបនេះអ្នកស្រុកគោរពរាប់អានណាស់ គេខំថែរក្សាទុកធ្វើជារូបអ្នកតារក្សាស្រុករបស់គេ ។
នៅវេលាមានភ័យអាសន្ន បាត់គោ-ក្របី ឬ មានជំងឺតម្កាត់ចំពោះសត្វពាហនៈ និងមនុស្សម្នា គេតែងតែទៅបន់ស្រន់អ្នកតាព្រះអគ្នេសនោះ ។ កាលបើបានរកឃើញរបស់ ឬជាសះស្បើយពេលណាហើយ តែងតែយកស្លាធម៌ដូង ១គូ ឬ អុជទៀន ធូប ឬកាច់ស្លឹកឈើស្រស់ធ្វើជាស្លាធម៌ព្រៃទៅថ្វាយក៏បាន ឥតមានតង្វាយអ្វីធំដុំពេកទេ ។ នៅវេលាចូលឆ្នាំម្ដងៗ អ្នកស្រុកនាំគ្នាធ្វើរោង និមន្តព្រះសង្ឃចម្រើនព្រះបរិត្តប្រគេនចង្ហាន់នៅបរិវេណអ្នកតា គេមានធ្វើរាជវ័តិព័ទ្ធជុំវិញរោងមានទាំងដោតទង់ក្រដាសពណ៌ផ្សេងៗ ហើយមានក្រាលកន្ទេលស្មៅធំ ១ពីក្រោម ក្រាលកន្ទេលក្រហម ១ពីលើ មានដាក់ខ្នើយ ១យ៉ាងស្អាតគួរសម សម្រាប់ទទួលអ្នកតានោះ ។ លុះគេសូត្រពាក្យសុំពរ សូមឲ្យបានសុខសប្បាយដល់ស្រុកទេស-កូនចៅរួចហើយ គេឧទ្ទិសផលដែលគេធ្វើនោះថ្វាយថ្វាយទៅអ្នកតា ។
ឯប្រវត្តិរឿងព្រះគណេសមានដូចតទៅនេះ :
មានរឿងដំណាលក្នុងគម្ពីរព្រាហ្មណ៍ថា ព្រះគណេសនោះជាបុត្រនៃព្រះឥសូរៗ ត្រូវការកោរជុក ក៏ប្រើបម្រើឲ្យទៅអញ្ជើញព្រះនារាយណ៍មកកោរជុក ។ នៅវេលាអ្នកបម្រើទៅ ព្រះនារាយណ៍កំពុងផ្ទំស្កល់ អ្នកបម្រើចូលទៅដាស់ទូលតាមសេចក្ដីបង្គាប់ពីព្រះឥសូរ ។ ព្រះនារាយណ៍តើនឡើងពីផ្ទំ ឮពាក្យនោះហើយខ្ញាល់ ទើបពោលពាក្យថា "អញមិនរវល់ទៅកោរសក់អាកំបុតក្បាលណាទេ រកតែនឹងដេកពួនមិនបាន" ។ ដោយអំណាចព្រះនារាយណ៍មានឫទ្ធិខ្លាំងពូកែ ក៏បណ្ដាលឲ្យបុត្រព្រះឥសូរនោះ ដាច់បាត់ក្បាលទៅមួយរំពេចនោះឯង ។ ឯព្រះឥសូរដែលមានឫទ្ធិខ្លាំងពូកែដែរ លុះឃើញកូនខ្លួនដាច់ក្បាលបាត់ដូច្នោះ ក្រឡេកឃើញកូនដំរី១នៅជិត ក៏កាត់កដំរីយកក្បាលមកតភ្ជាប់នឹងកកូន ហើយជប់ប្រស់ឲ្យរស់ឡើងវិញ១រំពេចនោះដែរ ។
ឯព្រះនារាយណ៍ កាលបើខ្ញាល់ហើយក៏យាងមក ប្រាថ្នានឹងកោរសក់ឲ្យបុត្រព្រះឥសូរ បានជ្រាបហេតុសព្វគ្រប់ដូច្នោះហើយ ក៏ជួយប្រសិទ្ធីកូននោះ ឲ្យមានឫទ្ធិខ្លាំងពូកែថែមឡើងទៀត ព្រមទាំងបង្រៀនមន្តវិជ្ជាការផ្សេងៗផង ហើយឲ្យនាមកូននោះថា (ភក្ត្រគណេស" ព្រោះមានខ្លួនជាមនុស្ស ក្បាលជាដំរី អ្នកស្រុកហៅក្លាយមកទៀតថា "ព្រះគ្នេស" ។ តាមសេចក្ដីដំណាលថា ព្រះភក្ត្រគណេសនេះ មានឫទ្ធិខ្លាំងពូកែណាស់ សូម្បីតែផ្កាយនៅលើមេឃទាំងអំបាលម៉ាន លោកអាចយកប្រមោយ បោសប្រមូលយកមកមើលបានទាំងអស់ ឥតសល់មួយឡើយ ។
ដោយហេតុនេះហើយ ទើបអ្នកស្រុកដែលគោរពសាសនាព្រាហ្មណ៍ ឆ្លាក់រូបថ្មជាតំណាងរូបព្រះគណេសទុកគោរពបូជា ជឿថាជាវត្ថុសក្ដិសិទ្ធមែន ។ អ្នកខ្លះឆ្លាក់ភ្លុកដំរីធ្វើជារូបព្រះភក្ត្រគណេសតូចៗ ដាក់ក្នុងទន្លាប់ក្រមួនក្រអូប ហើយប្រសិទ្ធិដោយមន្តអាគម ឩមអាមផ្សេងៗទុកជារបស់ទីពឹងមួយយ៉ាងសំខាន់ សម្រាប់ការពារខ្លួន នៅវេលាមានអាសន្នម្ដងម្កាល ។ ដោយគេសន្មតថា ព្រះគណេសជាអ្នកខ្លាំងពូកែ ប្រកបដោយឫទ្ធិអំណាច និងជាគ្រូលើមន្តអាគមនេះហើយ ទើបគេខំរចនាឆ្លាក់ធ្វើជារូបតំណាងទុករហូតមក ទាល់តែក្លាយបានជារូបអ្នកតាមួយ សម្រាប់អ្នកស្រុកគោរពបូជាដល់សព្វថ្ងៃ ។