ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/24
ព្រេងទាក់ទងនឹងទឹកជោរទឹកនាច
តាមពង្សាវតាររបារក្សត្រខ្មែរថា កាលនៅក្នុងរាជ្យព្រះបាទសេនករាជ (គ.ស. ១២៣៨ -១២៤៥) ដែលសោយរាជ្យនៅមហានគរ ព្រះអង្គមានព្រះរាជបុត្រាមួយអង្គ ចូលចិត្តលេងចិញ្ចឹមរុយខៀវ ។ មានកូនមហាតលិកមួយ ចូលចិត្តចិញ្ចឹមពីងពាង ។
ថ្ងៃមួយ ព្រះរាជកុមារ យករុយមកដាក់ជាមួយនឹងពីងពាង ពីងពាងនោះខាំរុយស្លាប់ទៅ ។ ព្រះរាជកុមារ ទ្រង់ព្រះកន្សែង ភីលៀងលួងដូចម្ដេច ក៏មិនបាត់ ទើបជ្រាបទៅដល់ព្រះបិតា ។ ព្រះបិតាទ្រង់ខ្ញាល់ ឲ្យចាប់កូនមហាតលិកយកទៅជាន់ជ្រមុជទឹកក្នុងទន្លេសាបស្លាប់ទៅ ។
ឯស្ដេចភុជង្គនាគ ដែលបានស្រូបទឹកឲ្យគោកទៅជាដីនគរដោយស្ដេចកុមេរុរាជជាបឋមមហាក្សត្រខ្មែរ ហើយដែលបានសន្យានឹងស្ដេចនោះថា នឹងជួយយកភាសានគរនេះរហូតទៅនោះ លុះដឹងថា ព្រះបាទសេនករាជ សម្លាប់មនុស្សឥតពិចារណា ក៏ប្រើរេហ៍ពលឲ្យក្អែទឹកសម្ដែងរឹទ្ធិឲ្យទឹកជោរជន់លិចនគរ ជាកោលាហល ។ លុះទឹកទឹកនោះជោរជន់លិចនគរហើយ ពួករេហ៍ពលនាគ ក៏ឈប់ក្អែទឹកទៀតទើបទឹកនោះនាចស្រកថយមកវិញ ។
អាស្រ័យមហិទ្ធិឫទ្ធិឥទ្ធិពល របស់ពួកនាគ ដែលបានសម្ដែងមកនេះ ទើបទឹកជោរទឹកនាច ចេះតែមានរៀងរាបមកជាធម្មតា ។