ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/4

111834ប្រជុំរឿងព្រេងខ្មែរ, ភាគទី៩ព្រេង​ទាក់ទង​នឹង​ពិធី​បញ្ចូល​ម្លប់​កូន​ស្រី1895?


ព្រេង​ទាក់ទង​នឹង​ពិធី​បញ្ចូល​ម្លប់​កូន​ស្រី





                មាន​រឿង​ដំណាល​ថា កាល​នោះ មាន​មហា​ចោរ​ម្នាក់​ពុំ​មាន​ភរិយា បាន​សង់​ផ្ទះ​មួយ​ខ្នង​យ៉ាង​ល្អ​បណ្ដាច់ នៅ​ក្នុង​ព្រៃ​ស្មសាន ដើម្បី​នឹង​ទុក​ដាក់​ទ្រព្យ​របស់ មាន​មាស ប្រាក់ សំពត់ អាវ សាវ​ស្បៃ ជាដើម ដែល​ខ្លួន​ទៅ​លួច​ប្លន់​គេ​បាន​អំពី​ទី​ផ្សេង​ៗ មក ។ មហា​ចោរ​នោះ លុះ​កាល​ជា​ចំណេរ​ក្រោយ​មក ក៏​រំពឹង​គិត​ថា “អាត្មា​អញ មាន​ទ្រព្យ​សម្បត្តិ ច្រើន​ដល់​ម្ល៉ឹង​ដែរ​ហើយ តែ​ទាស់​ត្រង់​គ្មាន​អ្នក​ណា​ថែរក្សា គិត​សព្វ​គ្រប់​ទៅ ការ​ខំ​ប្រឹង​របស់​អញ​នេះ ដូច​ជា​គ្មាន​បាន​ការ​អ្វី​សោះ ! ព្រោះ​ថា បើ​កាល​ណា​អាត្មា​អញ​ស្លាប់​ទៅ ទ្រព្យ​អស់​ទាំង​នេះ នឹង​ទៅ​ជា​របស់​អសារ​ឥត​ការ​គួរ​ឲ្យ​ស្ដាយ, បើ​មាន​កូន​ប្រពន្ធ​គ្រាន់​នឹង​ស៊ី​មត៌ក​នោះ​ទៅ​រ៉ា អាត្មា​អញ​នឹង​មិន​សូវ​ជា​ស្ដាយ​ពេក” ។ គិត​ហើយ មហា​ចោរ ក៏​ដើរ​ទៅ​ក្រវែល​ភូមិ​អ្នក​ស្រុក រំពៃ​គយ​គន់​មើល​ហ្វូង​ស្រី–ប្រុស ដែល​នាំ​គ្នា​លេង​ខ្ញៀវខ្ញារ​នៅ​ក្រោម​ម្លប់​ឈើ ។ លុះ​គយ​គន់​ទៅ ឃើញ​នាង​តូច​មួយ​នោះ មាន​រូប​ឆោម​ស្អាត​សមរម្យ មាន​សាច់​ឈាម​ថ្លា ថ្លៃ​ថ្នូរ គួរ​ឲ្យ​ស្រឡាញ់ ក៏​និយាយ​លួង​លោម​កូន​នោះ​ឲ្យ​បែក​ចេញ​ពី​ហ្វូង ហើយ​ក៏​បញ្ឆោត​នាំ​យក​ទៅ​ដល់​ផ្ទះ​ផង​ខ្លួន ។ ដោយ​ខ្លាច​កូន​ក្មេង​នោះ​លួច​រត់ ទៅ​រក​ម៉ែ​ឪ​វា​វិញ ព្រម​ទាំង​ការពារ​កុំ​ឲ្យ​ម្ដាយ​ឪពុក​វា​តាម​ទៅ​រក​ឃើញ មហា​ចោរ​ក៏​យក​ក្មេង​នោះ​ទៅ​លាក់​ទុក​ក្នុង​បន្ទប់ ចាក់​សោ​យ៉ាង​ខ្ជាប់​ខ្ជួន ។ រាល់​ពេល​បាយ ឬ​ពេល​បាន​ចំណី​អាហារ​ឆ្ងាញ់​ៗ មក មហា​ចោរ តែង​ហុច​តាម​បង្អួច​មួយ​តូច​ទៅ​ឲ្យ​នាង​បរិភោគ ។

ក្មេង​ស្រី​នោះ នៅ​ក្នុង​ម្លប់ ក៏​ចេះ​តែ​ចម្រើន​សាច់​ឈាម រាល់​ថ្ងៃ​ជា​លំដាប់ ។ លុះ​នាង​ពេញ​វ័យ​ក្រមុំ ការ​ដែល​នាង​មិន​មាន​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ និង មិន​មាន​ជាន់​ដី បណ្ដាល​ឲ្យ​នាង​មាន​ជំងឺ​ស្គម​ស្គាំង​ស្លាំង​ស្លេក ។ មហា​ចោរ ភ័យ​ណាស់ មិន​ដឹង​ជា​កូន​មាន​ការណ៍​អ្វី ក៏​ត្រាច់​ទៅ​ក្នុង​ភូមិ​មួយ​ឆ្ងាយ ទើប​បាន​ជួប​នឹង​ដូន​ចាស់​ម្នាក់​ធ្លាប់​ធ្វើ​ឆ្មប ក៏​និយាយ​អង្វរ​សុំ​អញ្ជើញ​ដូន​ឲ្យ​មក​ជួយ​មើល​កូន​ខ្លួន ។ យាយ​ម៉ប​នោះ​មក​ដល់ ចូល​ទៅ​សួរ​សុខ​ទុក្ខ​នាង​ហើយ​យល់​ការណ៍ ក៏​ប្រាប់​នាង​ថា “ចៅ​យាយ​អើយ ! ចូរ​ចៅ​កុំ​ព្រួយ​អ្វី ! ចៅ​ឈឺ​នេះ គ្មាន​អ្វី​ក្រៅ​ពី​ជំងឺ​គ្រប់​ការ​ទេ គឺ​ពេល​ដែល​នាង​ផ្លាស់​វ័យ​នេះ​ឯង​ហើយ ដែល​ធ្វើ​ឲ្យ​នាង​ចេះ​តែ​រសាប់រសល់ ចុក​ខ្នង ចុក​ចង្កេះ ល្ហិតល្ហៃ ទន់​ដៃ​ទន់​ជើង, កុំ​ព្រួយ​អ្វី​ណា៎​ចៅ ! ចាំ​យាយ​ផ្សំ​ថ្នាំ​សង្កូវ​ឲ្យ​នាង​ញ៉ាំ ឲ្យ​បាន​ធូរ​ស្រាល​ឆាប់​រហ័ស” ។ ថា​ហើយ យាយ​ម៉ប ក៏​ទៅ​រក​ស្ងោរ​សំបក​ឈើ​មក​ផ្សំ​ថ្នាំ ដាំ​ឲ្យ​នាង​នោះ​អាស្រ័យ ហើយ​ផ្ដាំ​ថា “ចៅ​អើយ ! ចៅ​យក​ថ្នាំ​នេះ​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត ហើយ​រក​ថូ ឬ​ឆ្នាំង​អ្វី​ដាក់​ទុក​ទៅ, ពេល​នាង​ដឹង​ថា ជិត​ដល់​រដូវ​កាល​ហើយ ចូរ​នាង​យក​មួយ​កញ្ចប់​មក​ដាំ​ញ៉ាំ ៤–៥ ថ្ងៃ​ទៅ នោះ​នាង​នឹង​បាន​ធូរ​ស្រាល​ក្នុង​ខ្លួន​ដូច​បំណង ហើយ​សាច់​ឈាម​ពណ៌​សម្បុរ​របស់​នាង ក៏​រឹត​តែ​ល្អ​ឡើង​ដែរ” ។ លុះ​កូន​ស្រី​មហា​ចោរ​ផឹក​ថ្នាំ បាន​ធូរ​ស្រាល​ស្បើយ​រោគ​ហើយ យាយ​ម៉ប ក៏​ចូល​ទៅ​សំពះ​សុំ​លា​មហា​ចោរ ត្រឡប់​ទៅ​មើល​ផ្ទះ​សម្បែង​វិញ ។ មហា​ចោរ បាន​យក​មាស​ប្រាក់​ជូន​ជា ទ្រនឹប​រង្វាន់​យាយ​ម៉ប ហើយ​ជូន​ត្រឡប់​ដល់​ផ្ទះ​វិញ ។ ពេល​រៀប​ចេញ​ដំណើរ​ពី​ផ្ទះ​មហា​ចោរ​ទៅ យាយ​ម៉ប នឹក​ក្នុង​ចិត្ត​ថា “កន្លែង​មហា​ចោរ​នេះ ឆ្ងាយ​ដាច់​ស្រយាល​ពី​ភូមិ​ស្រុក​គេ​ណាស់, ឯ​ព្រៃ​ទៀត​សោត ក៏​ញឹក​ស្ងាត់​ជ្រងំ គួរ​ឲ្យ​ខ្លាច, ប្រសិន​បើ​អញ​ត្រូវ​ការ​ចង់​បក​រក​ទី​នេះ​វិញ ធ្វើ​ម្ដេច​នឹង​រក​ផ្លូវ​មក​ឃើញ !” នឹក​សព្វ​គ្រប់​ហើយ គាត់​ក៏​រក​បាន​គ្រាប់​ឪឡឹក​មួយ​បង្វេច យក​មក​តាម​ខ្លួន ដើរ​តាម​ក្រោយ​មហា​ចោរ​មក ដើរ​បណ្ដើរ ចាប់​គ្រាប់​ឪឡឹក​រោយ​បណ្ដើរ រហូត​មក​ដល់​ផ្ទះ​គាត់ ។ ត​ទៅ​នេះ នឹង​ថ្លែង​ចាប់​សា​ដើម​បន្តិច អំពី​ពេល​ដែល​យាយ​ម៉ប​បាន​ទៅ​នៅ​ថែ​ទាំ​កូន​ចោរ​នោះ​មក គាត់​តែង​តែ​សង្កេត​មើល​ឫកពា និង រូប​ឆោម​កូន​នោះ​ឃើញ​ល្អ ក៏​ចេះ​តែ​កួច​ចិត្ត​ទុក នឹង​សម្លឹង​រក​កំលោះ​ណា​មួយ​ឲ្យ​សក្ដិ​សម​គ្នា​នឹង​នាង ។ ថ្ងៃ​មួយ អាស្រ័យ​បច្ច័យ​ហេតុ​ផល​ពី​បុព្វេ បណ្ដាល​ចិត្ត​ឲ្យ​មាណព​ម្នាក់ ដែល​ត្រឡប់​ពី​រៀន​វិជ្ជាការ ឲ្យ​ចង់​ចូល​ទៅ​សុំ​សម្រាក នៅ​ផ្ទះ​យាយ​ម៉ប​នោះ​សិន ត្បិត​ថ្ងៃ​កាន់​តែ​ជ្រេ, កម្លាំង​ក៏​អស់, ហេវ​បាយ, ផ្លូវ​ទៅ​មុខ​ទៀត​ក៏​ឆ្ងាយ ក្រែង​យប់​កណ្ដាល​ផ្លូវ នឹង​មាន​ភ័យ​ច្រើន ក៏​រូត​រះ​ចូល​ទៅ​សំពះ​ដូន​ចាស់ សុំ​សម្នាក់​មួយ​យប់ ។ ដូន​ចាស់ កំពុង​នឹង​រៀបចំ​ដណ្ដាំ​បាយ​បរិភោគ ជួន​ក្រឡេក​ឃើញ​មាណព​ចូល​មក​សំពះ​សុំ​ស្នាក់ ក៏​មាន​ចិត្ត​សប្បុរស ទទួល​ឲ្យ​នៅ ហើយ​ដាំ​បាយ​បណ្ដើរ សំណេះ​សំណាល​សួរ​អំពី​ពូជ​ពង្ស​បណ្ដើរ ។ លុះ​អាស្រ័យ​បាយ​រួច នឹង​ទុក​ដាក់​ចាន​ក្បាន​ស្រេច យាយ​ម៉ប ដែល​ចេះ​តែ​លប​សង្កេត​រូប​ឆោម​មាណព​នោះ​តាំង​តែ​ពី​ចូល​មក ក៏​បង្ហើប​សំនួរ​ថា “ចៅ​អើយ ! ពី​កាល​ដែល​ចៅ​លា​ឪពុក​ម្ដាយ​មក​ស្វែង​រក​តម្រិះ​វិជ្ជា​នេះ តើ​ឪពុក​ម្ដាយ​ចៅ មាន​ស្ដី​ដណ្ដឹង​កូន​ចៅ​អ្នក​ឯ​ណា​ទុក​ឲ្យ​ចៅ​ហើយ​ឬ​នៅ ?” ។ ចៅ​មាណព​តប​ថា “មិន​ទាន់​មាន​នៅ​ឡើយ​ទេ !” ហើយ​បន្ត​សំដី​ថា “ខ្ញុំ​នឹក​ថា ប្រសិន​បើ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ស្រុក​ភូមិ​គេ​នេះ បាន​ជួប​ស្ត្រី​ណា​មួយ​មាន​លក្ខណៈ​សមរម្យ ខ្ញុំ​នឹង​យក​គេ​ជា​ប្រពន្ធ​ហើយ! តើ​លោក​យាយ​មាន​បាន​ស្គាល់​កូន​ចៅ​លោក​អ្នក​ណា ដែល​ល្អ នៅ​ក្នុង​ស្រុក​ភូមិ​របស់​យាយ​នេះ ដែរ​ឬ​ទេ ?” ។ – ចៅ​អើយ ! (យាយ​ម៉ប​នោះ​ឆ្លើយ) នៅ​ក្នុង​ស្រុក​ភូមិ​នេះ មិន​ឃើញ​មាន​ស្ត្រី​ណា​ម្នាក់​ដែល​សក្ដិ​សម​នឹង​ចៅ​ទេ ប៉ុន្តែ ជីដូន​ធ្លាប់​បាន​ឃើញ​ស្ត្រី​ម្នាក់​ដែរ នាង​នោះ ជា​កូន​មហា​ចោរ នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ដាច់​ស្រយាល​ឯ​នោះ ។ យាយ​ម៉ប ក៏​និយាយ​រាប់​រៀប អំពី​ដំណើរ​ការណ៍​ដែល​គាត់​បាន​ទៅ​ឃើញ​នាង​នោះ និង​បាន​សង្កេត​ឃើញ​ឫកពា​សមរម្យ ។ ឮ​ពាក្យ​សរសើរ​របស់​យាយ​ម៉ប មាណព​នោះ​អន្ទះសា​ចង់​ឃើញ​រូប​នាង ក៏​អង្វរ​ឲ្យ​យាយ​ជូន​ទៅ ។ – ទេ​ចៅ ! (យាយ​ម៉ប​ប្រកែក) យាយ​ជូន​ទៅ​មិន​បាន​ទេ ព្រោះ​យាយ​ខ្លាច​មហា​ចោរ​នោះ​ណាស់ ធម្មតា​ចិត្ត​មហា​ចោរ តែ​ដល់​មាន​ការ​អ្វី​ស្រួល​មិន​ស្រួល​កើត​ឡើង វា​មុខ​ជា​មក​សម្លាប់​យាយ​ចោល​ហើយ ! ។ យាយ​ចាស់​ហើយ តែ​យាយ​នៅ​ចង់​រស់​នៅ​ឡើយ ។ ចូរ​ចៅ​ជឿ​ជាក់​ថា យាយ​ចង់​ឲ្យ​ចៅ និង នាង​នោះ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ណាស់ ព្រោះ​តាំង​តែ​ពី​កាល​យាយ​បាន​ឃើញ​នាង​មក ទោះ​ពេល​យាយ​ចេញ​ដើរ​ទៅ​ផ្សារ​ផ្សោ ទៅ​កាន់​ភូមិ​នានា ទៅ​សង្គ្រោះ​គេ​ក្ដី យាយ​តែង​តែ​គយ​គន់​សម្លឹង​មើល​រាល់​ថ្ងៃ តែ​មិន​ប្រទះ​ឃើញ​បុរស​កំលោះ​ណា​ម្នាក់ ឲ្យ​សម​ល្មម​នឹង​ចិត្ត​យាយ​សោះ ទើប​តែ​ពេល​នេះ ចៅ​មក​ដល់ ចំ​ជា​មហា​លាភ​ហើយ, ចៅ​គេង​ឲ្យ​ស្រួល​ទៅ ព្រឹក​ស្អែក ចាំ​ចៅ​ចេញ​ដំណើរ​ទៅ​រក​នាង” ។ នៅ​ពេល​យប់​នោះ បុរស​ចេះ​តែ​គិត​សព្វ​គិត​គ្រប់ ដេក​ក៏​មិន​លក់ ដោយ​ប្លែក​កន្លែង​ផង ទន្ទឹង​ឲ្យ​តែ​ភ្លឺ​ឆាប់​ផង, ណា​មួយ​គិត​បារម្ភ​អំពី​ដំណើរ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង ណា​មួយ​គិត​ដល់​គ្រោះ​ថ្នាក់​ជា​មួយ​នឹង​មហា​ចោរ, លុះ​យប់​យន់ ទើប​បុរស​គេង​លង់​លក់​ទៅ ។ ពេល​មាន់​រងាវ​ភ្លឺ​ស្រាង​ៗ យាយ​ម៉ប ក្រោក​ដណ្ដាំ​បាយ រក​ម្ហូប​ក្រៀម​ក្រោះ ទឹក​បំពង់ ទុក​បម្រុង​ជា​ស្បៀង ឲ្យ​មាណព​ធ្វើ​ដំណើរ ។ លុះ​មាណព​ក្រោក​ឡើង​ហើយ យាយ​ក៏​ឲ្យ​ស្រស់​ស្រួប រួច​ប្រគល់​កញ្ចប់​អាហារ​សម្រាប់​ផ្លូវ ហើយ​នាំ​បង្ហាញ​តម្រុយ​ដើម​ឪឡឹក ឲ្យ​ចៅ​មាណព​ធ្វើ​ដំណើរ​ចេញ​ទៅ ។ – នែ​ចៅ ! (យាយ​ម៉ប​ប្រាប់) ចូរ​ចៅ​ដើរ​តាម​ជួរ​ឪឡឹក​នេះ​ទៅ​ចុះ ! ចៅ​នឹង​បាន​ទៅ​ដល់​ផ្ទះ​នាង​នោះ​ហើយ តែ​ថា ចូរ​ចៅ​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន​ណា ! ចៅ​ទៅ​ចុះ ! សូម​ឲ្យ​បាន​សេចក្ដី​សុខ ឲ្យ​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា, បើ​មាន​សត្រូវ​មក​ពី​មុខ​ឲ្យ​រំលង, បើ​មក​ពី​ខ្នង​ឲ្យ​រលាយ​ណា៎​ចៅ​ណា ! ។ មាណព ក្រាប​ប្រណិប័តន៍​លា​លោក​យាយ ហើយ​ក៏​ចេញ​ដំណើរ​ទៅ ។ ថ្ងៃ​ជ្រេ​បន្តិច ទើប​ទៅ​ដល់​សម្នាក់​មហា​ចោរ ។ គាប់​ជួន​ពេល​នោះ មហា​ចោរ​មិន​នៅ ចេញ​ទៅ​រក​ប្លន់​គេ​បាត់ ទុក​តែ​កូន​ស្រី​ឲ្យ​នៅ​ចាំ​ផ្ទះ​ម្នាក់​ឯង ។ នាង​កំពុង​តែ​ដើរ​តត្រុក បោស​ច្រាស​សម្អាត​ផ្ទះ​សំបែង​តាម​ទម្លាប់ ពុំ​មាន​គិត​ក្រែង​អ្វី​ឡើយ ។ ឯ​ចៅ​មាណព​នោះ ទៅ​លប​គយ​គន់​ឃើញ​សព្វ​គ្រប់​ហើយ ដឹង​ថា​នាង​នៅ​តែ​ម្នាក់​ឯង ក៏​ប្រថុយ​ស្រែក​ហៅ ។ នាង​ឮ​សូរ​មាត់​មនុស្ស​ចម្លែក នឹក​ភ័យ​ណាស់ គិត​ថា “តើ​អ្នក​ណា​អេះ ! ហ៊ាន​ចូល​មក​ដល់​ទី​នេះ ?” ប៉ុន្តែ នាង​ក្រឡេក​ទៅ​ឃើញ​យុវបុរស ជា​អ្នក​មាន​ឫកពា​សុភាព​រាបសា​ល្អ មិន​គួរ​ឲ្យ​ខ្លាច, នាង​ក៏​បើក​ទ្វារ ហៅ​ឲ្យ​បុរស​ចូល ហើយ​និយាយ​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក, មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ទទួល​រាក់​ទាក់ សំណេះ​សំណាល​តាម​ផ្លូវ​លោកិយ ដោយ​សុខ​ចិត្ត​សុខ​កាយ​ធ្វើ​ជា​ស្វាមី ហើយ​នាំ​យក​ទៅ​លាក់​មិន​ឲ្យ​មហា​ចោរ​ជា​ឪពុក​ចិញ្ចឹម​ដឹង​ឡើយ ។ ប៉ុន្តែ ក្នុង​កាល​ជា​បន្ទាប់​មក មហា​ចោរ សង្កេត​ឃើញ​ឫកពា​កូន​ស្រី​របស់​ខ្លួន​ប្លែក​អំពី​ធម្មតា គឺ​ឃើញ​នាង​តែង​ខ្លួន​ជានិច្ច​កាល ធ្វើ​ការងារ​សព្វ​សារពើ​ក្នុង​ផ្ទះ ដោយ​មិន​បាច់​ឪពុក​តឿន​ឡើយ ដូច​ជា​ចង់​ផ្គាប់​ផ្គុន​មនុស្ស​ណា​ម្នាក់ ដែល​ជា​ទី​ពេញ​ចិត្ត ។ មហា​ចោរ នឹក​សង្ស័យ​ថា “នាង​នេះ ច្បាស់​ជា​មាន​ប្រុស​សហាយ​ហើយ !” ក៏​នឹក​តូច​ចិត្ត​នឹង​កូន​ស្រី លាយ​នឹង​សេចក្ដី​ខ្មាស​អៀន​អា​សហាយ​នាង​នោះ​ផង ក៏​ដើរ​ចោល​ទី​កន្លែង​នោះ​ទៅ ។ ឯ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ នៅ​ក្នុង​ព្រៃ​យូរ​បន្តិច​ទៅ មិន​ឃើញ​មហា​ចោរ​នោះ​ត្រឡប់​មក​វិញ ក៏​នាំ​គ្នា​ចុះ​មក​រក​ភូមិ​ស្រុក​នឹង​គេ ។ លុះ​មក​ដល់​ភូមិ​ស្រុក​ហើយ ក៏​ចូល​ទៅ​អរគុណ​នឹង​យាយ​ម៉ប ព្រម​ទាំង​ជូន​រង្វាន់​គាត់​ខ្លះ​ទៀត​ផង ។ យាយ​ម៉ប មាន​ចិត្ត​ត្រេក​អរ​ណាស់ ដើរ​ប្រាប់​អ្នក​ជិត​ខាង​ឲ្យ​មក​មើល​នាង ដោយ​ថ្លែង​បូរបាច់​ប្រាប់​គេ​ថា “នាង​នេះ មាន​រូប​ឆោម​លោម​ពណ៌​សាច់​ជិត​ល្អ មក​អំពី​គេ​នៅ​តែ​ក្នុង​ម្លប់ ដល់​ចេញ​ពី​ម្លប់ ក៏​មាន​ប្ដី​តែ​ម្ដង” ។ អ្នក​ស្រុក ឃើញ​ដូច្នោះ នាំ​គ្នា​យក​កូន​ដែល​ដល់​អាយុ​គ្រប់​ការ ទៅ​ឃាំង​ក្នុង​ម្លប់ ដើម្បី​ឲ្យ​បាន​ល្អ​ដូច​គេ ក៏​ជាប់​ជា​ទំនៀម​រហូត​មក ។