រឿង ហោរនិងតាចាស់ដូនចាស់
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤៦-១៤៧
កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ គន់គុរមើលឆុតណាស់ ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ ។ មានកាលថ្ងៃ ១ តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរ ភូមិគាត់ ។ ពេលនោះគាត់រុតបានត្រីរស់ ១ ហើយនិងបានទន្សាយលង់ទឹក១ ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញ គាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្តាលច្បារបន្លែ ខាងមុខផ្ទះគាត់, ត្រីរ៉ស់ គាត់ដាក់ទ្រុងប្រោះ ទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ ក្បែរកន្លែងទុកទន្សាយ ។ ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា «យើងទៅរកហោរទាយមើល ថាព្រឹកនេះយើងបានម្ហូបអ្វីស៊ី? បើហោរនោះទាយត្រូវ សឹមជឿថាពូកែមែន ព្រោះចាប់បានត្រីរ៉ស់ ១ ទន្សាយ១ បម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយ» ។ ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះ តាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថា « អើអ្នកអើយ! លោកគ្រូនៅៗ ហ្នឹងឬ? ។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា «គាត់នៅនេះ មានការអ្វី? តាយាយអញ្ជើញចូលមក! » ។ តាចាស់យាយចាស់នោះគ្នាចូលទៅ បន្តិច ហោរដណ្តឹងសួរមកតាយាយថា «ចុះអញ្ជើញមកនេះ មានការអ្វី?» ។ តាចាស់យាយចាស់ ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មានការបន្តិច, សូមលោក គ្រូមេត្តាករុណាចុះ» ។ ហោរសួរថា «មានការអ្វី? ចូរថាមកចុះ! » ។ តាចាស់យាយចាស់ថា «ឱលោកគ្រូអើយ! យើងខ្ញុំទាំងពីរនាក់នេះ អត់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើព្រឹកនេះ នឹងបានអ្វីទទួលទានឬទេ? » ។ ហោរចាប់ក្តារឆ្នួនឡើង វាយលេខមើលឲ្យតាយាយ មើលរួចស្រេច ក៏ជម្រាបតាយាយសថា « ព្រឹកនេះ តាយាយឯង មុខតែលិទ្ធប្រហុកក្នុងពាង!» ។ តាយាយឮហោរថាដូច្នោះ ក៏នឹកក្នុងចិត្តថា «ហោរនេះ គ្មានពូកែទេ ទាយផ្តេសផ្តាសសោះ, យើងកុំជឿ!» គិតតែប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញ ហើយយាយក៏ប្រើតាឲ្យទៅចាប់យកត្រីពីទ្រុង ទៅធ្វើក្បែរត្រពាំងជិតផ្ទះ តាលូកចាប់ត្រីយកមកក្រៅ ត្រីវាបម្រះរួច លោតចុះត្រពាំងទៅ ។ តាក៏ស្ទុះទៅយកអង្រុត ដែលគ្របទន្សាយមកដេញរុតត្រី ។ ឯទន្សាយនៅក្នុងអង្រុតនោះ ក៏ផ្អើលរត់បាត់ទៅទៀត ។ យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុង ព្រៃ ក៏ស្រែកប្រាប់ថា «តាៗ! ទន្សាយរួចទៅហើយ!» ។ តាប្រាប់ទៅវិញថា ឯង សមតែស៊ីប្រហុកក្នុងពាង ដូចគេទាយពីព្រឹកម៉ិញនោះឯង » ។ តាឮយាយថាដូច្នោះ ក៏នឹកឃើញថា «គ្រូទាយឆុតមែន» ដល់ពេលបាយព្រឹក តាមចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូចហោរទាយឲ្យនោះ ឯង ។ ទើបតាចាស់ ដូនចាស់ដូនចាស់ជឿថា «ហោរចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រាកដមែន» ។
កុំអានអួតអាត្មា ត្មះតម្រាប្រាជ្ញព្រេងនាយ