Page:ព្រះត្រៃបិដកបាលី និងសេចក្ដីប្រែជាភាសាខ្មែរ អភិធម្មបិដក ធម្មសង្គណិ បឋមភាគ ០៧៨.pdf/19

This page has not been proofread.


អភិធម្មមាតិកា
ពួក​ធម៌​គួរ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​នីមួយ គឺ​ចក្ខុវិញ្ញាណ​ឬ​សោតវិញ្ញាណ​ជា​ដើម ពួក​ធម៌​ដែល​មិន​គួរ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​នីមួយ ។

ចប់ ចូឡន្តរទុកៈ ។

[៤] ពួក​ធម៌​ជា​អាសវៈ​ [អាសវៈ សព្ទ​នេះ​ ប្រែថា ហូរ​ទៅ គឺ​ហូរ​ទៅ​តាម​ចក្ខុទ្វារ​ជា​ដើម ឬ​​ហូរ​តាម​ផ្លូវ​ធម៌​រហូត​ដល់​គោត្រភូ ហូរ​តាម​ឱកាស​រហូត​ដល់​ភវគ្គព្រហ្ម មួយ​ទៀត អាសវៈ សព្ទ ជា​ឈ្មោះ​របស់​គ្រឿង​ត្រាំ​មាន​មេរ័យ​ជា​ដើម អាសវធម៌​ដូច​គ្នា​នឹង​មេរ័យ​ជា​ដើម​នោះ មួយ​ទៀត អាសវៈ ប្រែ​ថា ញ៉ាំង​សង្សារទុក្ខ​វែង​ឆ្ងាយ​ឲ្យ​កើត​ឡើង មួយ​ទៀត អាសវ សព្ទ​ ជា​ឈ្មោះ​ អសុចិ គ្រឿង​ស្មោកគ្រោក​ទាំង​ពួង សវ សព្ទ ប្រែ​ថា ហូរ​ទៅ​ អសុចិ ហូរ​ទៅ​ជា​ប្រក្រតី ហៅ​ថា​ អាសវៈ]; ពួក​ធម៌​មិន​មែន​ជា​អាសវៈ; ពួក​ធម៌​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​អាសវៈ; ពួក​ធម៌​មិន​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​អាសវៈ;​​ ពួក​ធម៌​ប្រកប​ដោយ​អាសវៈ; ពួក​ធម៌​ប្រាស​ចាក​អាសវៈ; ពួក​ធម៌​ជា​អាសវៈ​ផង ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​អាសវៈ​ផង; ពួក​ធម៌​គ្រាន់​តែ​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​អាសវៈ តែ​មិន​មែន​ជា​អាសវៈ; ពួក​ធម៌​ជា​អាសវៈ​ផង ប្រកប​ដោយ​អាសវៈ​ផង; ពួក​ធម៌​គ្រាន់​តែ​ប្រកប​ដោយ​អាសវៈ តែ​មិន​មែន​ជា​អាសវៈ; ពួក​ធម៌​ប្រាស​ចាក​អាសវៈ តែ​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​អាសវៈ; ពួក​ធម៌​ប្រាសចាក​អាសវៈ​ផង មិន​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​អាសវៈ​ផង ។
ចប់ ពួក​អាសវៈ ។