Page:Kambuja Suriya 1926-1927.djvu/31

This page has been proofread.

មិន​បាន​ចូល​មក​កាន់​ភព​វិញ​ ម្ល៉ោះ​ហើយ​ក៏​យក​អ្វី​ៗ​មក​ជា​ទី​ពឹង​ ដើម្បី​នឹង​បាន​អាត្មា​ឲ្យ​ស្ថិត​ស្ថេរ​ មក​តម្កល់​កិច្ច​ទាំង​ឡាយ​ឲ្យ​បដិ​បត្តិ​ជា​ដាច់​ខាត​ ហើយ​លើក​ហេតុ​ផ្សេង​ៗ​មាន​មហិទ្ធិការ​ មាន​ក្រិត្យ​ច្បាប់​ទុក​ជា​កង​អាជ្ញា​បង្ខំ​ឲ្យ​បដិ​បត្តិ​តាម ។

ហេតុ​ទាំង​នេះ​ ជា​គតិ​លោក​បង្កើត​បាន​ដោយ​សេច​ក្ដី​ជឿ​ គួរ​គប្បី​ពិចារណា​រក​នូវ​ហេតុ​ និង​បច្ច័យ​មក​ផ្សំ​គ្នា​ គង់​ឃើញ​ច្បាស់​ក្នុង​គំនិត​ដែល​ប្រព្រឹត្ត​នូវ​កិច្ច​ទាំង​ប៉ុន្មាន​ ដោយ​បញ្ញា​ត្រិះ​រិះ​មិន​ខាន។ សេច​ក្ដី​បញ្ញា​ដែល​ពិចារណា​នោះ​ គប្បី​ត្រូវ​គិត​ថា​ផ្លូវ​បដិបត្តិ​ទាំង​ប៉ុន្មាន​ តើ​នឹង​យក​បែប​ណា​ជា​ផ្លូវ​នឹង​នាំ​ទៅ​កាន់​ប្រយោជន៍​អ្វី​ តើ​ចម្រើន​ដល់​ខ្លួន​ទៅ​យ៉ាង​ណា ។ល។

តាម​យោបល់​ខ្ញុំ​ ដែល​បាន​សង្កេត​មក​ ឃើញ​ថា​មាន​ក្បួន​ខ្លះ​ ដែល​ជា​ក្បួន​ឲ្យ​ប្រព្រឹត្ត​កិច្ច​នមស្សការ​ឥត​អំពើ​ គប្បី​ចាត់​ថា​ជា​ក្បួន​មិន​ប្រសើរ​ ព្រោះ​ជា​កិច្ច​ប្រព្រឹត្ត​ឥត​ពិចារណា​ ហើយ​នាំ​ឲ្យ​បិទ​ផ្លូវ​សិក្សា​ដែល​ជា​ការ​មាន​ប្រយោជន៍​ក្នុង​លោក ។

បញ្ញា​ជា​គ្រឿង​ភ្លឺ​ ដូច​ប្រទីប​ក្នុង​ងងឹត​ ជា​ផ្លូវ​នៃ​អ្នក​ប្រាជ្ញ​នាំ​ឲ្យ​យល់​ហេតុ​ផ្សេង​ៗ​ ជា​ខ្លឹម​សារ​នៃ​ការ​ដែល​ខ្លួន​ធ្វើ ។