គតិលោក/ភាគទី១/2

គតិលោក, ភាគទី១
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
ធម៌​ដែល​គ្រហស្ថ​ត្រូវ​ប្រព្រឹត្ត
113194គតិលោក, ភាគទី១ធម៌​ដែល​គ្រហស្ថ​ត្រូវ​ប្រព្រឹត្តឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


ធម៌​ដែល​គ្រហស្ថ​ត្រូវ​ប្រព្រឹត្ត




ស. សូម​ទាន​មេត្តា​ប្រោស ពាក្យ​សុភាសិត​ប្រដៅ​ថា ឲ្យ​វៀរ​ក្ដី​រក​ស៊ី​ក្នុង​ការ​​មិច្ឆាជីវៈ ឲ្យ​រក​ស៊ី​តាម​ផ្លូវ​សម្មាជីវៈ ផ្លូវ​មិច្ឆាជីវៈ​នោះ​ដូច​ម្ដេច​ផ្លូវ​សម្មាជីវៈ​នោះ​ដូច​ម្ដេច ?

គ. ឱ ផ្លូវ​មិច្ឆាជីវៈ​នោះ គឺ​ប្រកប​ការ​រក​ស៊ី​ខុស​គន្លង​ធម៌ មាន​លក់​ដូរ​គ្រឿង​សស្ត្រា​ប្រហារ​ជីវិត​សត្វ​ជា​ដើម មាន​លក់​ដូរ​ថ្នាំ​បំពុល​ជា​បរិយោសាន ព្រម​ទាំង​ប្រព្រឹត្ត​ធ្វើ​ជា​បន្ទាល់​កោង ទាំង​ឆឆក់​កុហក​គេ​ដោយ​ឧបាយ​ដោយ​គំនិត​កោង​ផ្សេង ៗ ការ​រក​ស៊ី​ខុស​គន្លង​ធម៌​នោះ ហៅ​ថា​មិច្ឆា​ជីវៈ គឺ​ចិញ្ចឹម​ជីវិត​ខុស​នឹង​ទទួល​ទុក្ខ​ទោមនស្ស​ផ្សេង ៗ ឯ​ការ​រក​ស៊ី​ជា​ផ្លូវ​សម្មា​ជីវៈ​នោះ គឺ​វៀរ​បង់​ផ្លូវ​មិច្ឆា​ជីវៈ​នេះ​ឯង ហៅ​ថា​ចិញ្ចឹម​ជីវិត​ដោយ​ធម៌ ឈ្មោះ​ថា សម្មាជីវៈ ១ ទៀត​ត្រូវ​វៀរ​ផ្លូវ ដែល​មហាក្សត្រ​ទ្រង់​ហាម ដូច​យ៉ាង​គយដារ​ដែល​រាជការ​តាំង ហើយ​ទៅ​ប្រព្រឹត្ត​កន្លង​ព្រះរាជ​អាជ្ញា យ៉ាង​នេះ​ប្រការ ១ ត្រូវ​វៀរ​ផ្លូវ​ល្បែង​ផ្សេង ៗ មាន​ល្បែង​ជល់​មាន់ ជល់​ត្រី​ជា​ដើម នេះ​ប្រការ ១ ត្រូវ​វៀរ​ល្បែង​ស្រី ល្បែង​ស្រា វៀរ​សព​គប់​ភឿន​ពាល​នាំ​លេង​យប់ ស្វែង​មើល​ល្បែង​ផ្សេង ៗ មាន​ល្បែង​ច្រៀង​រាំ​ជា​ដើម​យ៉ាង​នេះ​ប្រការ ១ ។

ស. សូម​ទាន ការ​ត្រាច់​យប់​នោះ មាន​ទោស​យ៉ាង​ណា​ខ្លះ ?

គ. ឱ ការ​ដែល​ដើរ​លេង​យប់​នោះ មាន​ទោស ៥ ប្រការ​គឺៈ

១- ដើរ​ទៅ​ហើយ​ខាត​ផ្លូវ​រវាំង​រក្សា​ផ្ទះ ទី​លំនៅ​ខ្លួន ជួន​ប្រពន្ធ​កូន ឬ បង​ប្អូន​កើត​ហេតុ​ដោយ​រោគាព្យាធិ ឬ ដោយ​ហេតុ​ឯ​ណា ១ ក្ដី​ចំណែក​ខ្លួន​មិន​ដឹង​ក៏​ខូច​ប្រយោជន៍​ទៅ ជា​ទោស ១ ។

២- ជួន​កាល​ដើរ​ទៅ​ហើយ ទើប​ប្រទះ​លើ​សត្វ​មាន​ពិស​វា​ចឹក វា​ខាំ បាន​នូវ​ទុក្ខ​វេទនា យ៉ាង​នេះ​ជា​ទោស ១ ។

៣- ជួន​ដើរ​ទៅ​ជាន់​ជើង​ចោរ ដែល​គេ​ដេញ​ចោរ​មក អាចោរ​នោះ​វា​វេះ​បាត់​ទៅ គេ​ឃើញ​ឯង​គេ​ក៏​ចាប់​ថា​ជា​ចោរ យ៉ាង​នេះ​ជា​ទោស ១ ។

៤- ជួន​ដើរ​ទៅ​ហើយ​ប្រទះ​នឹង​ចោរ ឬ​អ្នក​ដែល​មាន​ពៀរ​វេរា​ដល់​អ្នក​ណា ១ គេ​ឃើញ​ឯង​ក៏​សំគាល់​ជា​ចោរ ឬ​ថា​អ្នក​ដែល​មាន​ពៀរ​នោះ គេ​បាញ់​ចាក់​សំឡាប់​ទៅ យ៉ាង​នេះ​ជា​ទោស ១ ។

៥- អ្នក​ដើរ​យប់ ជា​ទី​នាំ​ឲ្យ​គេ​គរហានិន្ទា​ថា​បាន គឺ​ថា​បើ​គេ​បាត់​របស់​ទ្រព្យ​អ្វី​ឯ​ណា ១ គេ​ដិត​ចិត្ត​សង្ស័យ​ឆ្នៃ​ថា​ឯង ព្រោះ​ឃើញ​ថា ឯង​ដើរ​លេង​យប់​យ៉ាង​នេះ​ជា​ទោស ១ ។

ស. សូម​ទាន ការ​ដែល​កើត​មក​ជា​មនុស្ស​នេះ ត្រូវ​បែង​កាល​ប៉ុន្មាន​កាល ?

គ. ត្រូវ​បែង​កាល​តាម​វ័យ​ទាំង ៣ ប្រការ គឺ​ហៅ​ថា បឋមវ័យ​ប្រការ ១ ហៅ​ថា ម ជ្ឈឹមវ័យ​ប្រការ ១ ហៅ​ថា មច្ឆិមវ័យ​ប្រការ ១ ក្នុង​បឋមវ័យ​នោះ​ត្រូវ​ស្វែង​រក​រៀន​វិជ្ជា​សិល្ប​សាស្ត្រ​នឹង​ចំណេះ​ទាំង​ពួង លុះ​ដល់​មជ្ឈិមវ័យ គឺ​វេលា​ដែល​តាំង​នៅ​ក្នុង​កាល​ខ្លួន​មាន​បុត្រ​ភរិយា ហើយ​ត្រូវ​ប្រកប​ការ​ផ្លូវ​រក​ស៊ី​មាន​ផ្លូវ​ជួញ​ផ្លូវ​ធ្វើ​ស្រែ​ចំការ​ជា​ដើម សន្សំ​ទ្រព្យ​សម្បត្តិ​ឲ្យ​កើត​មាន​លុះ​ដល់​មច្ឆិមវ័យ​ជា​វ័យ​ខាង​ចុង គឺ​ខ្លួន​ចាស់​ជរា​ហើយ​ត្រូវ​ស្វែង​រក​ផ្លូវ​កុសល គឺ​បរិច្ចាគទាន រក្សា​សីល​ចំរើន​ភាវនា ជា​បច្ច័យ​របស់​ខ្លួន​ទៅ​បរលោក ។

ស. មាតា​បិតា​មាន​គុណូបការ​ដល់​បុត្រ បុត្រ​គួរ​សង្គ្រោះ​ដោយ​ផ្លូវ​ប៉ុន្មាន​ប្រការ ?

គ. បុត្រ​ត្រូវ​សង្គ្រោះ​មាតា​បិតា​ដែល​ជា​បុព្វការី​នោះ ដោយ​បទ​សង្គ្រោះ ៥ ប្រការ​គឺៈ

១- ភរណំ គិត​ថា​អាត្មា​អញ​នេះ គឺ​មាតា​បិតា​លោក​ចិញ្ចឹម​មក​យូរ​ហើយ គួរ​តែ​ចិញ្ចឹម​លោក​វិញ។

២- កិច្ចករណំ ការ​ងារ​នៃ​មាតា​បិតា​មាន​ឡើង ត្រូវ​បញ្ឈប់​ការ​ងារ​របស់​ខ្លួន​សិន ទៅ​ជួយ​ធ្វើ​កិច្ចការ​មាតា​បិតា​នោះ ត្រា​តែ​បាន​សម្រេច។

៣- កុលវង្សថបនំ កូន​ត្រូវ​ប្រព្រឹត្ត​រក្សា​វង្ស តម្កល់​វង្ស​នៃ​ត្រកូល​ឲ្យ​ឋិត​ថេរ​នៅ ការ​កេរ្តិ៍​មាតា​បិតា​កុំ​ឲ្យ​សាប​សូន្យ​វិនាស​ទៅ​បាន ។

៤- ទាយជ្ជារហបដិបជ្ជនំ កូន​ត្រូវ​បំរើ​មាតា​បិតា​ដោយ​សុចរិត តាំង​ចិត្ត​លំឧត​គោរព​កោត​ខ្លាច អាច​ទទួល​នូវ​ទ្រព្យ​មត៌ក​របស់​មាតា​បិតា។

៥- ទក្ខិណានុប្បទានំ បើ​មាតា​បិតា​ដល់​នូវ​មរណភាព​ហើយ កូន​ត្រូវ​ទទួល​តប​គុណ​ដោយ​ធ្វើ​ឈាបនកិច្ច ធ្វើ​បុណ្យ សាង​កុសល​បញ្ជូន​ផល​ទក្ខិណានុប្បទាន ទៅ​មាតា​បិតា ដែល​លោក​ចែក​ស្ថាន​ទៅ​បរលោក​នោះ ។ ស. ប្ដី​សង្គ្រោះ​ប្រពន្ធ​មាន​ប៉ុន្មាន​ប្រការ​ប្រពន្ធ​សង្គ្រោះ​ប្ដី តើ​មាន​ប៉ុន្មាន​ប្រការ ?

គ. ប្ដី​សង្គ្រោះ​ប្រពន្ធ​នោះ​មាន ៥ ប្រការ​គឺ

១- សមាននាយ ប្រដៅ​សព្វ​សារពើ​ពោល​ពាក្យ​ពីរោះ សរសើរ​ដោយ​លក្ខណៈ​ប្រព្រឹត្ត​ជា​ប្រយោជន៍ ពោល​ពាក្យ​ជា​បិយវចនៈ ។

២- អវិមាននាយ ពុំ​បាន​មើល​ងាយ​ជេរ​វាយ​ដូច​ទាសី​ទាសា​កម្មករ​ឡើយ ។

៣- អនតិចរិយាយ ពុំ​ប្រព្រឹត្ត​បែក​ចិត្ត​ពី​ភរិយា មិន​កន្លង​ចិត្ត​ភរិយា គឺ​មិន​មាន​ស្ត្រី​ដទៃ​ទៀត​ជា​ភរិយា​ឡើយ ។

៤- ឥស្សរិយវោស្សគ្គេន ប្រគល់​នូវ​របស់​ទាំង​ពួង មាន​ផ្ទះ​បាយ​ជា​ដើម​ឲ្យ​ដល់​ភរិយា ។

៥- លង្ការានុប្បទានេន ឲ្យ​នូវ​គ្រឿង​ប្រដាប់​មាន​សំពត់​អាវ​ជា​ដើម ឲ្យ​ភរិយា​ដោយ​សម​គួរ​តាម​បវេណី។ ប្រពន្ធ​សង្គ្រោះ​ប្ដី​មាន ៥ ប្រការ គឺៈ

១- សុសំវិហិតកម្មន្តា ចាត់​ចែង​ការ​ងារ​ដោយ​ប្រពៃ នឹង​តាក់​តែង​ភោជនាហារ មិន​ឲ្យ​ហួស​ពេល​វេលា។

២- សង្គហិតបរិជនា ប្រពន្ធ​ត្រូវ​សង្គ្រោះ​ដល់​ជន​ក្នុង​ផ្ទះ និង​ញាតិ​ខាង​ប្ដី រាប់​អាន​ឲ្យ​ដូច​ញាតិ​របស់​ខ្លួន

៣- អនតិចារិនី មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ប្ដី​គឺ​មិន​មាន​បុរស​ដទៃ​ជា​ប្ដី​ឡើយ ។

៤- សមតញ្ច អនុក្ខេតិ រក្សា​ទ្រព្យ​សម្បត្តិ​ដែល​ប្ដី​រក​បាន​មក​មិន​ឲ្យ​អន្តរាយ ដោយ​ការ​មិន​គួរ ។

៥- ទក្ខា ច ហោតិ អនលសា ឈ្លាស​ក្នុង​ការ​ស្ត្រី​ឬ​មិន​ខ្ជិល​ច្រអូស ។ មាតា​បិតា​អនុគ្រោះ​បុត្រ​ដោយ​បទ ៥ ប្រការ​គឺៈ

១- បាបា និវាវេន្តិ ហាម​កូន​ចាក​ផ្លូវ​បាប​គឺ​កុំ​ឲ្យ​ធ្វើ​បាបកម្ម ។

២- កល្យាណេ និវេសេន្តិ ញ៉ាំង​កូន​ឲ្យ​តម្កល់​នៅ​ក្នុង​ការ​កុសល ។

៣- សិប្បំ សិក្ខាបេន្តិ ញ៉ាំង​កូន​ឲ្យ​សិក្សា​រៀន​សូត្រ​សិល្ប​សាស្ត្រ​ផ្សេង ៗ ។

៤- បដិរូបេន ទាវេន សំយោដេន្តិ លុះ​កូន​ធំ​ឡើង ត្រូវ​ប្រកប​ការ​រក​ភរិយា ដែល​មាន​រូប​មាន​សម្បត្តិ​សម​គួរ​ផ្សំ​ឲ្យ​កូន គឺ​រៀប​អាពាហ៍ពិពាហ៍​ឲ្យ​កូន ។

៥- ទាយជ្ជំ និយ្យាទេន្តិ ប្រគល់​ទ្រព្យ​មត៌ក​ឲ្យ​ក្នុង​សម័យ​ដ៏​សម​គួរ គឺ​ឲ្យ​ក្នុង​និច្ច​សម័យ ១ ក្នុង​កាល​សម័យ ១ ។

ស. បុគ្គល​ដែល​គួរ​យើង នឹង​បូជា​គោរព​ក្នុង​លោក​នេះ មាន​ប៉ុន្មាន​យ៉ាង ?

គ. បុគ្គល​ដែល​គួរ​នឹង​បូជា​នោះ ចែក​ដោយ​ឧក្រិដ្ឋ​មាន ៣ យ៉ាង​គឺ ព្រះ​សម្មាសម្ពុទ្ធ ១ ព្រះ​បច្ចេកពុទ្ធ ១ ព្រះ​អរិយសាវក ១ ចែក​ដោយ​សាមញ្ញ​ទៀត គឺ​ចំណែក​ខាង​បព្វជិត​នោះ យក​គ្រូ​ឧបជ្ឈាយាចារ្យ​ជា​ទី​គោរព​បូជា​របស់​កូន​សិស្ស ១ ភិក្ខុ​មាន​វស្សា​ចាស់ ជា​ទី​គោរព​បូជា​របស់​ភិក្ខុ​ខ្ចី ១ ប៉ែក​ខាង​ឃរាវាស​នោះ គឺ​បង​ប្រុស​បង​ស្រី​ជា​ទី​គោរព​បូជា របស់​ប្អូន ៗ ១ មាតា​បិតា​ជា​ទី​គោរព​បូជា​របស់​កូន​ប្រុស​កូន​ស្រី ១ ស្វាមី​អាពុក​ក្មេក​ម្ដាយ​ក្មេក​ជា​ទី គោរព​បូជា​របស់​ភរិយា​កូន​ប្រសា ១ ។

ស. កើត​មក​ជា​មនុស្ស​ក្នុង​លោក​នេះ ត្រូវ​ធ្វើ​ពលិកម្ម​ប៉ុន្មាន​យ៉ាង ? ។

គ. ឱ​ពលិកម្ម​នោះ​មាន ៥ យ៉ាង​អ្នក​ឯង​ស្ដាប់​ចុះ ។

១- ញាតិពលិ អធិប្បាយ​ថា បុគ្គល​ជា​ញាតិ​សា​លោហិត​របស់​ខ្លួន​ពិត ៗ ខ្លួន​គួរ​រាប់​អាន​ជួយ​ទំនុក​បំរុង ដោយ​ឲ្យ​នូវ​វត្ថុ​ផ្សេង ៗ មា​ន​បាយ​ទឹក​ប្រាក់​មាស​ជា​ដើម ។

២- អតិថិពលិ អធិប្បាយ​ថា បុគ្គល​ជា​ភ្ញៀវ​ទើប​ដល់​មក កាន់​ទី​លំនៅ​ខ្លួន ៗ គួរ​ធ្វើ​បដិ​សណ្ធារ​សួរ​ទទួល​រាប់​អាន​តាម​សម័យ គឺ​ឲ្យ​នូវ​បច្ច័យ​មាន​ភោជនាហារ​ជា​ដើម ។

៣- បុព្វបេតពលិ អធិប្បាយ​ថា ញាតិ​មិត្រ​ឯ​ណា​រស់​នៅ​ក្ដី មរណភាព​ទៅ​កាន់​បរលោក​ហើយ​ក្ដី គួរ​ធ្វើ​ការ​កុសល​ឯ​ណា ១ ឧទ្ទិស​ផល​ជូន​ទៅ​ជូន​ញាត់​នោះ ។

៤- រាជពលិ អធិប្បាយ​ថា រាជការ​របស់​មហាក្សត្រ​មាន​ឡើង គួរ​ខ្លួន​ទទួល​រាជការ ឆ្លង​ព្រះ​តេជ​ព្រះ​គុណ ឬ ទទួល​បង់​ថ្លៃ​រាជការ ។

៥- ទេវតាពលិ អធិប្បាយ​ថា ពួក​ទេវតា​ទាំងឡាយ បណ្ដា​ដែល​មាន​សក្ដានុភាព​បាន​ជួយ​សង្គ្រោះ... ខ្លួន គួរ​ធ្វើ​សក្ដារ​បូជា​ដល់​ទេវតា​ទាំងឡាយ​នោះ ។