គតិលោក/ភាគទី១/4

គតិលោក, ភាគទី១
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
ប្រស្នា​រឿង ស្រី​ល្អ ទឹក​ផ្អែម ត្រី​ដែល​មាន​រស​ពីសា​ជាង​ត្រី​ឯ​ទៀត
113324គតិលោក, ភាគទី១ប្រស្នា​រឿង ស្រី​ល្អ ទឹក​ផ្អែម ត្រី​ដែល​មាន​រស​ពីសា​ជាង​ត្រី​ឯ​ទៀតឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


ប្រស្នា​រឿង ស្រី​ល្អ ទឹក​ផ្អែម ត្រី​ដែល​មាន​រស​ពីសា​ជាង​ត្រី​ឯ​ទៀត



ឯ​ពលិការ​នោះ គួរ​យើង​បូជា​ដល់​បុគ្គល ៥ ជំពូក ដូច​សេចក្ដី​ដែល​បាន​អធិប្បាយ​មក​នេះ ។

ស. ស្ត្រី​យ៉ាង​ណា ហៅ​ថា​ល្អ​លើស​ស្ត្រី​ស្ត្រី​ទាំង​ពួង​ក្នុង​លោក​នេះ ទឹក​យ៉ាង​ណា ជា​ទឹក​ផ្អែម​ឆ្ងាញ់​លើស​ទឹក​ទាំង​ពួង​ក្នុង​លោក​នេះ ត្រី​យ៉ាង​ណា ដែល​មាន​រស​ជាតិ​ឆ្ងាញ់​ពី​សា​លើស​ត្រី​ទាំង​ពួង​ក្នុង​លោក​នេះ?

គ. ឱ ឯ​ជាតិ​ស្ត្រី​ល្អ​លើស​គេ​នោះ បើ​តាម​និយាយ​ដោយ​រូប គឺ​ស្រី​ដែល​ប្រកប​ដោយ​បញ្ច​ពិធ​កល្យាណី មាន​លំអ​សក់​ជា​ដើម តែ​បើ​និយាយ​ដោយ​ធម៌ គឺ​ស្ត្រី​ដែល​មាន​សីល​មារយាទ​ល្អ​នោះ​ឯង បើ​និយាយ​ដោយ​វោហារ​វិញ​នោះ គឺ​ស្ត្រី​ប្រពន្ធ​គេ​នោះ​ឯង ហៅ​ថា​ល្អ​លើស​លែង​ស្ត្រី​ក្នុង​លោក ហេតុ​អ្វី​ក៏​បាន​ជា​ថា​លើស​គេ​នោះ ព្រោះ​ស្ត្រី​ប្រពន្ធ​គេ​នោះ មាន​ទោស​ខុស​ទាំង​ពីរ​ផ្លូវ ថា​បើ​បុរស​ណា​ទៅ​ប្រព្រឹត្ត​កន្លង​បវេណី​នោះ​ហើយ គឺ​ក្នុង​លោក​នេះ តែ​គេ​ដឹង​ឮ​ហើយ គេ​ក៏​ចាប់​ទៅ​ប្ដឹង​ដល់​សាលា​ជំ​នុំ ៗ លោក​ក៏​ពិនិច្ឆ័យ​លក់​ឬ​ដាក់​គុក​ធ្វើ​ទោស​ទៅ​ផ្សេង ៗ ឯ​ខាង​ផ្លូវ​បរលោក​នោះ​សោត ក៏​បាន​បាប​គឺ​ធ្លាក់​ទៅ​សោយ​ទុក្ខ​វេទនា​ក្នុង​អបាយ​ភូមិ​ទាំង ៤ មាន​នរក​ជា​ដើម ការ​ដែល​ដឹង​ថា​មាន​ទោស​យ៉ាង​នេះ​ហើយ ហេតុ​អ្វី​បុរស​លែង​ពុំ​បាន បើ​ដូច្នោះ​ស្ត្រី​នោះ​មិន​ល្អ​លើស​គេ​ហើយ​ហៈ បាន​ជា​បុរស​លែង​ពុំ​បាន យ៉ាង​នេះ​ឯង​ហៅ​ថា​ស្ត្រី​ល្អ​លើស​លែង​ក្នុង​លោក ។

២- ឯ​ទឹក​ដែល​ផ្អែម​ពីសា លើស​ទឹក​ទាំង​ពួង​នោះ គឺ​សុរា​នេះ​ឯង មែន​ពិត​ឯ​ទឹក​សុរា​បាន​ជា​ថា​ផ្អែម​លើស​លែង​នោះ ព្រោះ​ទឹក​សុរា​នោះ មាន​អំណាច​អាច​ហាម​មិន​ឲ្យ​បិទ មិន​ឲ្យ​ធ្វើ​ខ្លួន​ឯង តោង​ចេញ​ប្រាក់​ទៅ​ទិញ​ចិន ឯ​ទោស​ផឹក​សុរា គឺ​បង់​ប្រាក់ ១ គឺ​ផឹក​ទៅ​ហើយ កើត​ស្រវឹង​វង្វែង​ចិត្ត ទៅ​ប្រព្រឹត្ត​ការ​ជួ​អាក្រក់​ផ្សេង ៗ មាន​បង្ក​ពាក្យ​ជម្លោះ​ប្រកែក​ប្រកួត​ជា​ដើម ១ មាន​ទោស​ធ្លាក់​ទៅ​អបាយភូមិ​ទាំង ៤ មាន​នរក​ជា​ដើម ១ អ្នក​លេង​សុរា សឹង​ដឹង​ប្រាកដ​ថា ផឹក​សុរា​នោះ​ជា​ទី​នាំ​មក​នៅ​សេចក្ដី​ទុក្ខ​ទោស​ទាំង​អស់ តែ​នឹង​លះ​លែង​ពុំ​បាន បើ​ដូច្នោះ សុរា​នោះ​មិន​ជា​ផ្អែម​លើស​គេ​ហើយ​ហៈ បាន​ជា​មនុស្ស​យើង​លះ​លែង​ពុំ​រួច​យ៉ាង​នេះ ។

៣- ឯ​ត្រី​ដែល​មាន​រស​ពីសា​លើស​ត្រី​នានា​នោះ គឺ​ត្រី​ព្រលូង​នោះ​ឯង បាន​ជា​ថា​ត្រី​ព្រលូង​មាន​រស​ពីសា​នោះ ព្រោះ​ដឹង​ថា ត្រី​ព្រលូង​នេះ ចួន​បរិភោគ​ទៅ​ហើយ​ពុល​ក៏​មាន តែ​នឹង​លះ​បង់​ពុំ​បាន​បើ​ដូច្នោះ ត្រី​ព្រលូង​នោះ​មិន​ឆ្ងាញ់​លើស​គេ​ហើយ​ហៈ បាន​ជា​មនុស្ស​លះ​លែង​ពុំ​បាន ។

ស. ករុណា​ចូល​ចិត្ត​ហើយ ១ ទៀត ការ​ទទួល​ទាន​សុរា​នោះ ហេតុ​អ្វី​ថា​មាន​បាប សុរា​នោះ​ទទួល​ទាន​ទៅ ជា​ថ្នាំ​កែ​រោគ​ក៏​មាន ជា​គុណ​ឲ្យ​ទទួល​ទាន​បាយ​បាន​ក៏​មាន សូម​និមន្ត​លោក​គ្រូ​កែ​ខៃ​ឲ្យ​ចូល​ចិត្ត​បន្តិច​មើល ?

គ. តប​ថា ការ​ផឹក​សុរា​នោះ បាន​ជា​បាប​ព្រោះ​ព្រះ​បរម​ទ្រង់​ហាម ពុំ​ឲ្យ​សេព​សុរា​នោះ ព្រោះ​ជា​របស់​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​ខូច​ចិត្ត ត្បិត​មនុស្ស​យើង​សព្វ​ថ្ងៃ​នេះ មាន​ស្រវឹង​នៅ​ពេញ​ខ្លួន​ហើយ សេចក្ដី​ស្រវឹង​នេះ លោភោ គឺ​សេចក្ដី​ជាប់​ជំពាក់ ឬ​ចំណង់​ចង់​បាន នេះ​ជា​ស្រវឹង​ប្រការ ១ ទោសោ គឺ​សេចក្ដី​ក្រោធ​ខឹង នេះ​ស្រវឹង​ប្រការ ១ មោហោ គឺ​សេចក្ដី​ល្ងង់​វង្វែង​ពុំ​ស្គាល់​ខុស​ត្រូវ នេះ​ស្រវឹង​ប្រការ ១ មានៈ​ទិដ្ឋិ គឺ​សេចក្ដី​រឹង​ត្អឹង​កាន់​ខ្លួន អួត​ខ្លួន នេះ​ជា​ស្រវឹង​ប្រការ ១ ស្រវឹង​ទាំង​អស់​នេះ តែង​មាន​នៅ​សម្រាប់​រូប​មក​ហើយ ៗ មក​ថែម​ផឹក​ទឹក​ស្រវឹង​ចូល​ទៅ​ទៀត ស្រវឹង​ថ្មី ក៏​នាំ​ស្រវឹង​ចាស់​ឲ្យ​មាន​កម្លាំង​ក្លាហាន​ឡើង គឺ​ខ្លួន​អ្នក​លោភ​ក៏​នាំ​ឲ្យ​លោភ​ខ្លាំង​ឡើង​ខ្លួន​អ្នក​ទោសៈ​ឬ​មោហៈ​មានៈ​ទិដ្ឋិ​ក៏​នាំ​ឲ្យ​ចំរើន ទោសៈ​មោហៈ​មានៈ​ទិដ្ឋិ​ខ្លាំង​ក្លា​ឡើង មួយ​ទៀត ពាក្យ​ជា​អាថ៌កំបាំង ឬ​កេរ្តិ៍​ខ្មាស​ជា​របស់​មិន​គួរ​នា​ចេញ​សំដែង​ប្រាក់​គេ នោះ​ក៏​អាច​នាំ​ចេញ​បង្ហាញ​គេ​បាន​ទាំង​អស់ មួយ​ទៀត​នាំ​ឲ្យ​កើត​ជំលោះ​ប្រកែក ចួន​ក៏​ត្រូវ​ព្រះរាជ​អាជ្ញា បង់​ទ្រព្យ​ធន​ទៅ​ផ្សេង ៗ មួយ​ទៀត​ទោស​សុរា​នេះ នាំ​ឲ្យ​កើត​រោគ​ឆាប់​ងងឹត​ភ្នែក ឆាប់​ជរា​គ្រាំ​គ្រា​ទ្រោម​ទ្រុឌ​ទោស​យ៉ាង​នេះ​ឯង បាន​ថា​មាន​បាប​ក្នុង​លោក​នេះ​មួយ​ទៀត ប្រាក់​ដែល​ទៅ​ទិញ​សុរា​នោះ ក្នុង​មួយ​ឆ្នាំ ៗ បើ​ជា​ប្រមូល​ទុក​គង់​បាន​នៅ​ច្រើន គ្រាន់​ទុក​រក្សា​ការ​ពារអន្តរាយ​ក្នុង​គ្រា​ក្រ ទុក​ទិញ​បាយ​ត្រី​ចំណី​ឯ​ទៀត ចែក​កូន​ប្រពន្ធ​អាស្រ័យ​ជា​ជាង ឬ​ឯង​យល់​ដូច​ម្ដេច ។