គតិលោក/ភាគទី១/5

គតិលោក, ភាគទី១
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
ទោស​កើត​អំពី​ជក់​អាភៀន​នឹង​កញ្ឆា
113325គតិលោក, ភាគទី១ទោស​កើត​អំពី​ជក់​អាភៀន​នឹង​កញ្ឆាឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


ទោស​កើត​អំពី​ជក់​អាភៀន​នឹង​កញ្ឆា



ស. ករុណា ខ្ញុំ​ករុណា​ចូល​ចិត្ត​ហើយ អើ​យ៉ាង​ជក់​អាភៀន​ជក់​កញ្ឆា​នោះ តើ​មាន​ទោស​យ៉ាង​ណា​ខ្លះ​ទាន ? ។

គ. ឱ រឿង​ជក់​អាភៀន​ជក់​កញ្ឆា​នោះ មាន​ទោស​ប្រហែល ៗ នឹង​សុរា​នោះ​ដែរ ឯង​គិត​មើល​ចុះ​សុរា​អាភៀន​នោះ សឹង​មាន​ផាស៊ី​គេ​ទិញ​ដាច់​មុខ​ក្នុង​ស្រុក​មួយ ៗ ធ្វើ​លក់​បាន​តែ​ម្នាក់ ៗ ម្ល៉ោះ​ហើយ គេ​ចង់​ដំឡើង​ថ្លៃ​យ៉ាង​ណា ក៏​តាម​តែ​ចិត្ត​គេ​ទាំង​អស់ តម្លៃ​នោះ​លើស​ប្រមាណ​ឃើញ​ចុះ​ទុក​យ៉ាង​ច្រើន​ៗ បើ​ខ្លួន​ទៅ​ប្រកប​គិត​ធ្វើ​ឡើង​បាន តែ​នាយ​ផាស៊ី​គេ​ដឹង​ហើយ​គេ​ក៏​ចាប់​លក់​ព្នៃ​តាម​ច្បាប់ ព្រះ​រាជបញ្ញត្តិ ត្រូវ​បង់​ប្រាក់ ធ្លាក់​ដល់​ទោស​ជាប់​គុក​ជាប់​ក្ដី​ក្នុង​លោក​នេះ ១ ទៀត អ្នក​ជក់​អាភៀន​នោះ​សព្វ​ថ្ងៃ​នេះ ឯង​យល់​ស្រាប់​ហើយ អ្នក​ណា​មាន​រូប​ល្អ​ខ្លះ អ្នក​ល្អ​ណា​គេ​គាប់​ចិត្ត​ខ្លះ សេចក្ដី​ចំរើន​មាន​យ៉ាង​ណា​ខ្លះ គួរ​ឯង​គិត​មើល​ចុះ ឯ​រឿង​កញ្ឆា​ទៀត ក៏​ប្រហែល ៗ នឹង​អាភៀន​ដែរ សឹង​ជា​របស់​នាំ​ឲ្យ​កាយ​វិកល​វិការ​នាំ​ឲ្យ​ឆ្កួត​ចិត្ត​ប្រព្រឹត្ត​ទៅ​ក្នុង​កិរិយា​ទាប​ថយ​ទាំង​អស់ ។

ស. ករុណា ខ្ញុំ​យល់​ហើយ​ទាន មួយ​ទៀត​ការ​គួរ​ឲ្យ​ខ្លាច​ក្នុង​លោក​នេះ​តើ​ឲ្យ​ខ្លាច​អ្នក​ណា​ទាន ? ។

គ. ឱ ការ​ដែល​គួរ​ឲ្យ​ខ្លាច​នោះ ក្នុង​ចិត្ត​គំនិត​ឯង​តើ​ខ្លាច​អ្វី​សព្វ​ថ្ងៃ​នេះ ? ។

ស. ខ្ញុំ​ព្រះ​ករុណា​សព្វ​ថ្ងៃ​នេះ​គិត​ខ្លាច​ស្ដេច ១ ខ្លាច​អ្នក​មាន​សម្បត្តិ ១ យ៉ាង​នេះ​ត្រូវ​ឬ​មិន​ត្រូវ ? ។

គ. ឯង​គិត​ខ្លាច​ស្ដេច ខ្លាច​អ្នក​មាន​ទ្រព្យ​សម្បត្តិ​នោះ​មិន​ត្រូវ​ទេ ខ្លាច​អី​ស្ដេច​​នោះ បើ​យើង​ទៅ​ប្រព្រឹត្ត​ការ​ឯ​ណា​ឲ្យ​ខុស​នឹង​ព្រះរាជ​បញ្ញត្តិ ក្រិត្យ​ព្រះអាជ្ញា​គឺ​យើង​ទៅ​ធ្វើ​ការ​ខុស មាន​ធ្វើ​ចោរកម្ម​ជា​ដើម​នោះ ទើប​មហាក្សត្រ លោក​ដាក់​ទោស​ទណ្ឌកម្ម​យើង​បាន បើ​យើង​រក្សា​ខ្លួន​យើង ឲ្យ​ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ យើង​ប្រព្រឹត្ត​កាយ​ប្រព្រឹត្ត​ចិត្ត​សុចរិត តាម​ព្រះរាជ​ប្រកាស​ហើយ ស្ដេច​នោះ លោក​នឹង​ដាក់​ទោស​ទណ្ឌកម្ម​យើង​ឯ​ណា​បាន ឯ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​នោះ​សោត បើ​យើង​កុំ​ទៅ​រក​ខ្ចី​ទ្រព្យ​គេ យើង​កុំ​ទៅ​ពឹង​ទ្រព្យ​គេ ៗ នឹង​មក​ធ្វើ​ទោស​យើង​ឯ​ណា​បាន​ហេតុ​នោះ ទើប​ថា​យើង​មិន​ត្រូវ​ខ្លាច ។