រឿងពាលសង្រួមហួសប្រមាណ
ស. សួរថា អាការមនុស្សពាល ដែលវាសំដែងមកនោះ តើមានយ៉ាងណាខ្លះទាន ?
គ. តបថា ឯមនុស្សពាលដែលសំដែងអាការចេញនោះ មានច្រើនប្រការណាស់ ខ្លះវាប្រើកិរិយាសង្រួមហួសប្រមាណ ខ្លះវាព្យួហ៍ពាក្យបំភ័យ ខ្លះពោលអួតវិជ្ជាចំណេះ ដែលខ្លួនវាពុំមាន តែបើមានប្រាជ្ញាពិចារណា តាមអាការវាក៏គង់យល់ខ្លះមិនខាន ។
តម្រាពាលសង្រួមហួសប្រមាណ
ដូចនិទានពីតាបស១រូប ទៅតាំងអាស្រមកុដិ នៅខាងជាយព្រៃ ១ នៅទៀបជនបទ ១ ក្នុងជនបទនោះ មានឧបាសកម្នាក់ជាអ្នករាប់អានតាបសនោះបានថ្វាយខ្លួនជាអ្នកឧបដ្ឋាកជាអ្នកបម្រើ ។ ឯតាបសនោះតែងចូលទៅកាន់ត្រកូលនោះរឿយ ៗ លុះនៅយូរមក ឧបាសកនោះយកប្រាក់ ១ ហិបទៅផ្ញើទុកនឹងតាបស ។ ឯតាបសក៏ឲ្យឧបាសកកប់ហឹបប្រាក់ក្នុងទី ១ ដ៏សមគួរខាងទីអាស្រមនោះឯង ដល់នៅយូរបន្តិចមក តាបសនោះកើតលោភចេតនា ទើបគិតថា អាត្មាអញនេះមកបួសខំប្រព្រឹត្តរក្សាសីល ក៏យូរឆ្នាំណាស់ហើយ មគ្គក៏មិនបានដល់ ផលក៏មិនបានសម្រេច ទាំងឈានទៀតក៏មិនកើតម្ដងសោះ បើដូច្នេះគួរតែអញសឹកចេញចាកសិក្ខាទៅជាឃរាវាសវិញ គិតប្រកបការរកស៊ីយល់ជាប្រសើរជាង ឯប្រាក់ដែលឧបាសកគេផ្ញើនោះ អញនឹងលួចយកទៅធ្វើជាដើមទុន ប្រកបការខាងផ្លូវលោកិយបានហើយ តែនឹងលួចយកទៅឥឡូវនេះ ឧបាសកជាម្ចាស់ គេនឹងតាមតវ៉ាចោទថាអាត្មាលួចបើដូច្នេះ មានតែគិតលួចជាការបង្វែងដាន កុំឲ្យម្ចាស់គេនោះសង្ស័យនឹងខ្លួនអញបាន, កាលបើតាបសគិតយល់ឧបាយ ១ ដូច្នោះហើយ ទើបកកាយយកហឹបប្រាក់អំពីទីនោះ នាំទៅកប់ទុកទីដទៃ ដើម្បីមិនឲ្យម្ចាស់ប្រាក់សង្ស័យនឹងខ្លួន លុះកប់លាក់ហឹបប្រាក់នោះស្រេចហើយ តាបសរៀបគ្រឿងបរិក្ខារដាក់សំពាយស្ពាយដើរទៅកាន់ផ្ទះឧបាសក ។
ឯឧបាសក បានយល់តាបសមកដូច្នោះហើយក៏រៀបទីអាសនៈដ៏សមគួរ ហើយនិមន្តតាបសឡើងទៅលើគ្រឹះស្ថាន វន្ទាធ្វើបដិសណ្ឋារៈសួរទទួលដោយសេចក្ដីរាប់អាន ។ ឯតាបសនិយាយថា "ចំរើនពរអាត្មាភាពមកលាញោមទាំងអស់គ្នា នឹងទៅនៅព្រៃព្រះហិមពាន្តហើយ ត្បិតទីលំនៅសព្វថ្ងៃនេះ ជាទីនៅជិតទៀបស្រុកមនុស្សម្នាទៅមកមិនដាច់ នាំឲ្យកង្វល់រវល់នឹងការលោកិយច្រើនណាស់ រកឱកាសនឹងចំរើនមេត្តាភាវនាពុំបាន, ១ ទៀតរឿងប្រាក់ញោមដែលផ្ញើនោះ ឲ្យញោមទៅយកផងចុះ អាត្មាទៅហើយក្រែងមានអន្តរាយជាខាងក្រោយ ញោមកុំមៃថាអាត្មាឡើយ" ។ ឯឧបាសកនោះក៏ឆ្លើយថាៈ "មិនអីទេ ព្រះករុណា រឿងប្រាក់ដែលកប់លាក់ទុកនោះ ចំពោះដឹងតែលោកម្ចាស់ នឹងខ្ញុំករុណាតែពីរនាក់ប៉ុណ្ណោះឯង អ្នកឯណានឹងបានដឹងឮផង ជា ៣-៤ នាក់ពុំមាន បើលោកម្ចាស់ចង់ទៅនៅព្រៃហិមពាន្តក្នុងថ្ងៃណា ក៏សូមនិមន្តទៅចុះ រឿងប្រាក់នោះចាំខ្ញុំរួចធុរៈរវល់ថ្ងៃណាសឹមខ្ញុំទៅយក" ។ ឯតាបសក៏ឆ្លើយថា "ចំរើនពរអញ្ជើញទៅយកចុះ" ថាហើយក៏លាត្រកូលនោះចេញទៅ កាលចុះទៅដល់មាត់ជណ្ដើរ តាបសក៏កាន់យកស្បូវដែលប្រក់ផ្ទះនោះមួយសរសៃ ហើយសៀតជាប់នឹងជដា គឺផ្នួងសក់ ដើរទៅដល់មាត់ជ្រកផ្លូវ ហើយវិលត្រឡប់មកវិញ លើកយកកំណាត់ស្បូវនោះជូនទៅឧបាសកហើយថា "ញោមអើយអាត្មាភាពសូមទោសញោមផងចុះត្បិតអាត្មាពុំបានក្លែងលួចកំណាត់ស្បូវនេះទេ គឺវាជាប់ទៅនឹងផ្នួងជដានៃអាត្មា ៗ ពុំដឹងសោះ លុះតែដើរទៅដល់ក្រៅរបង ស្រាប់តែឃើញស្បូវនេះវាធ្លាក់ពីជដាមក ទើបអាត្មាកើតសេចក្ដីភិតភ័យដោយសីល ក្រែងសៅហ្មង ហេតុនេះទើបយកមកជូនញោមវិញ សូមញោមមេត្តាអត់ទោសអាត្មាចុះ" ។ ឯឧបាសកនោះ លុះឮពាក្យជដិលកោងនិយាយជូនកំណត់ស្បូវដូច្នោះហើយ ក៏សំគាល់ថា "លោកតាបសនោះមានសីលពិសេស" ទើបតបទៅថាៈ "បពិត្រព្រះករុណាម្ចាស់ កុំមានហឫទ័យរង្គៀសឡើយ យើងខ្ញុំពុំមានចិត្តសង្ស័យនឹងសីលលោកម្ចាស់ទេ ចូរលោកម្ចាស់និមន្តទៅតាមសប្បាយចុះ" ។
គ្រាកាលនោះ ព្រះពោធិសត្វជាម្ចាស់យើងនេះ អន្ទោលជាតិកើតជានាយឈ្មួញ ១ នាក់ បានទៅជួញដល់ទៅស្រុកនោះ លុះដើរទៅបានឮតាបសជូនកំណាត់ស្បូវ ដែលខ្លួនកាន់យកដោយឧបាយកោងដូច្នោះហើយ ក៏យល់ដោយប្រាជ្ញាជ្រាបថា តាបសនេះ មានបើលួចទ្រព្យអ្វី ៗ របស់អ្នកផ្ទះនេះមិនខានឡើយ ទើបពោធិសត្វដណ្ដឹងសួរទៅឧបាសកនេះថា "អ្នកឯងមានផ្ញើទុកដាក់របស់អ្វី នឹងតាបសនេះខ្លះដែរឬទេ" ។ ឧបាសកនោះប្រាប់ថា ខ្ញុំបាទផ្ញើប្រាក់ ១ ហឹបនឹងលោក" ។ ពោធិសត្វថាៈ "ឱ ! បើដូច្នោះប្រាក់អ្នកឯងនោះ វិនាសដោយដៃលោកជីតុនអ្នកឯងប្រាកដហើយ ប្រាក់ ១ ហឹបនោះ លោកជីតុនអ្នកឯងលួចយកទៅហើយ ចូរអ្នកឯងទៅតាមចាប់ខ្លួនឲ្យទាន់ក្នុងកាលឥឡូវនេះ ។
ឯឧបាសកជាមនុស្សឥតប្រាជ្ញា ក៏ឆ្លើយតបថាៈ "លោកជីតុនខ្ញុំនេះ លោកមានសីលវិសេសពេកណាស់លោកនឹងអាចហ៊ានលួចប្រាក់នោះឯណាបានតែត្រឹមកំណាត់ស្បូវ ១ សរសៃ ដែលជាប់ទៅនឹងជដាសក់របស់លោក ម្ដេចលោកក៏ពុំហ៊ានកន្លងលោកនាំយកមកឲ្យវិញ ហេតុនោះនឹងថាលោកលួចប្រាក់ខ្ញុំឯណាក៏បាន" ។
ពោធិសត្វតបថាៈ "ឱ ! អ្នកឯងមិនស្គាល់អាការពាលទេតើ ! នែអ្នក, ក៏ឯសីលអទិន្នាទាននឹងដាច់នឹងសៅហ្មង ព្រោះកំណាត់ស្បូវ ១ សរសៃនោះឬអីនេះឯងហើយ ជាអាការរបស់មនុស្សយកសក់បាំងភ្នំបន្លំដាន លួចប្រាក់អ្នកឯងពិតហើយបើអ្នកឯងមិនជឿអញ្ជើញទៅមើលប្រាក់អ្នកចុះ ដែលផ្ញើទុកនោះ ជានៅដើមឬដូចម៉េចទៅ ចូរទៅឲ្យឆាប់ ទាន់តាបសគាត់មិនទាន់ទៅឆ្ងាយ" ។ ឯឧបាសកនោះក៏យល់តាមទើបនាំពោធិសត្វទៅអាស្រមនៃតាបស ទៅមើលទីដែលកប់ប្រាក់នោះ ឃើញអាចម៍ដីខ្ចាយរាយពាសទើបកកាយទៅខាងក្រោម ក៏ពុំឃើញហឹបប្រាក់នោះឡើយ ។ ឧបាសកក៏រឹតតែជឿពាក្យពោធិសត្វក្រៃពេកទើបនាំពោធិសត្វរត់ទៅតាមតាបស បានទាន់នាកណ្ដាលផ្លូវ ហើយក៏ចាប់ខ្លួនតាបសនោះមកសាកសួរថា ប្រាក់យើងដែលផ្ញើនោះបាត់អស់ទៅហើយកាលយើងមកកប់ទុកនោះ ពុំមានអ្នកណា ១ អាចដឹងទេ គឺដឹងតែប្រស្ដែងឯង និងរូបយើងពីរនាក់ប៉ុណ្ណោះទេ ឥឡូវបាត់ពីទីនោះទៅ នឹងថាអ្នកឯទៀតណាមកលួចនោះក៏មិនបាន គឺប្រស្ដែងឯងលួចពិតហើយចូរអ្នកប្រាប់យើងដោយពិតចុះ បើពុំប្រាប់យើង យើងនឹងវាយឲ្យស្លាប់ឥឡូវនេះឯង ។ ឯជដិលកោងនោះក៏ភិតភ័យខ្លាចសេចក្ដីស្លាប់ ក៏ប្រាប់តាមដំណើរខ្លួនលួចបង្វែងទៅកប់ទុកនៅទីឯទៀត ហើយក៏នាំឧបាសកនោះ ទៅយកហឹបប្រាក់ដែលខ្លួនលាក់ទុកនោះប្រគល់ឲ្យដល់ឧបាសកជាម្ចាស់ប្រាក់ ។ ឯឧបាសកក៏ទទួលយកហឹបប្រាក់ ហើយតិះដៀលតាបសនោះដោយប្រការផ្សេង ៗ ហើយបែរទៅ សរសើរប្រាជ្ញានៃពោធិសត្វ ដោយអនេកប្បរិយាយ ទទួលពោធិសត្វទុកគ្រូអាចារ្យប្រដៅខ្លួនអំពីថ្ងៃនោះមក ។
ចប់តម្រាពាលសង្រួមហួសប្រមាណ
ស. ឆ្លើយថាករុណាលោកគ្រូម្ចាស់ ៗ សំដែងមកនេះខ្ញុំចូលចិត្តហើយ តែការដែលនឹងស្គាល់អាការកិរិយាមនុស្សពាលនោះក្រណាស់ ចួនមនុស្សពាលនោះ វាមានអំណាចនិយាយបញ្ចុះបញ្ចូលអ្នកស្រុកអ្នកស្រុកក៏នាំគ្នាជឿតាមពាលនោះទៅ ចួនជាមានអ្នកណា ១ ដឹងស្គាល់អាការកិរិយានៃមនុស្សពាល នៅមិនប្រព្រឹត្តមិនជឿតាមគេ ៗ ក៏បៀតបៀនអ្នកនោះឯងថាជាមនុស្សឆ្កួតវិញ ដូច្នេះ នេះលោកគ្រូនឹងប្រព្រឹត្តទៅយ៉ាងណា នឹងឲ្យរួចអំពីពាលនោះបាន ?
គ. ឱ ! ឯងថានោះត្រូវហើយ ក៏វិស័យគេឆ្កួតពេញស្រុកហើយ ឯងជាតែម្នាក់ឯង ឯណាក៏នឹងបានតែតោងមើលកាល មើលសម័យ ពិចារណាមើលតាមអាការនោះផង ជាការពាក់ព័ន្ធដោយទោសរាជ ឬដោយទោសរាស្ត្រ គឺកើតមកជាមនុស្សត្រូវឲ្យស្គាល់ទោសពីរប្រការ គឺទោសរាជ ១ ទោសរាស្ត្រ ១ ឯទោសរាជនោះ គឺពាលនោះឯង វាក្លែងតាំងខ្លួនជាអ្នកបុណ្យ ហើយអួតខ្លួនថាវាជាស្ដេច ជាព្រះអង្គម្ចាស់ មាននាមថា ព្រះបាទធម្មិករាជជាដើម តាំងបញ្ចុះបញ្ចូលមហាជនជាកងទ័ព គិតក្បត់ម្ចាស់ផែនដីយ៉ាងនេះហៅថា ទោសរាជ គឺទោសព្រោះតាំងខ្លួនជាស្ដេច ថាបើឯងដឹងអាការហេតុដូចយ៉ាងថាមកនេះ ហើយតោងគិតវេះគេចចេញចាកទីនោះបង់ ទើបអាចរក្សាខ្លួនឲ្យសុខបាន ។
ឯទោសរាស្ត្រនោះ គឺពាលមានអំណាចក្ដី ឥតអំណាចក្ដី វាប្រចុបប្រចែងក្លែងក្លាយ ប្រើឧបាយមាយានិយាយអួតកុហកថា វាចេះធ្វើហោរទាយ ចេះអង្គុយធម៌មើលហួយ មើលខ្មោច ចេះគ្រូមើលជម្ងឺមើលស្ដោះគ្រោះ បូជាគ្រោះជាដើម ហើយវានិយាយបំភ័យឲ្យអ្នកស្រុកបូជាផ្សេងៗ ។ មនុស្សទាំងឡាយជឿវាពេញស្រុកហើយ តែឯងមិនជឿតាមគេ ៗ ថាឯងឆ្កួតយ៉ាងនេះហៅថាទោសរាស្ត្រ ។ តែបើពាលមានអំណាចវានឹងបៀតបៀនហើយ តោងប្រព្រឹត្តទៅតាមកិរិយាដូចតម្រាថា "លោកប្រែតោងប្រព្រឹត្ត តែចិត្តកុំប្រែតាមវា" គឺប្រព្រឹត្តតែកិរិយាក្រៅទៅចុះ ព្រោះការទាល់ ដូចមាននិទានរៀងចៅសនជាបែប ។