រឿងចៅពាលក្លែងភេទជាសង្ឃធ្វើគ្រូមើលស្កន់
ប្រយោជន៍ទៅផ្សេង ៗ ក៏មានដូចនិទានពីមនុស្សម្នាក់គេហោថា ចៅពាលត្បាល់ក្ដឿង មានជារឿងតមកថាកាលនោះ មានមនុស្សស្រីម្នាក់ តាំងលំនៅ ៗ ភូមិសួនចំការ ផ្ទះនោះនៅដាច់ពីគេ នាងនោះមានកូនខ្ចីអាយុប្រហែល ៨-៩ ខែតាំងពីប្ដីស្លាប់ទៅ នាងនោះក៏មេម៉ាយនៅតែជាមួយនឹងបងប្អូន ឯកូនខ្ចីនោះពុំសូវជាចួនកើតរោគគ្រុនស្កន់ជាន់ម្ដង ៗ កើតរីងរៃស្គមលឿងលុះនៅយូរបន្តិចមក មានមនុស្សម្នាក់ដឹងថា នាងមេម៉ាយនោះមានសម្បត្តិច្រើន ទើបវាស្វែងរកមើលចន្លោះឱកាស នឹងទៅបញ្ឆោតកុហកបោកប្រាសនាងមេម៉ាយនោះ លុះដល់រដូវកាល គេច្រូតស្រូវ ទើបបងប្អូនញាតិមិត្រដែលនៅជាមួយផងនោះ គេនាំគ្នាទៅច្រូតស្រូវទាំងអស់គ្នា នៅតែនាងមេម៉ាយនៅចាំផ្ទះមនុស្សពាលនោះ កាលណាបានឱកាសហើយ វាក៏កោរក្បាលហើយ វាលួចយកស្បង់ចីពរលោកសង្ឃដែលគេគរចោលតាមគល់ពោធិ មកស្លៀកពាក់ធ្វើអាការកិរិយាជាលោកសង្ឃ ដើរត្រង់ទៅផ្ទះនាងមេម៉ាយនោះ លុះដល់ហើយ វាធ្វើជាដើរឈររេរានៅមុខផ្ទះ ឯនាងមេម៉ាយនោះអង្គុយនៅរានហាលឲ្យកូនបៅដោះ លុះបានឃើញអ្នកក្លែងភេទនោះហើយ ក៏នឹកថាលោកសង្ឃបរិសុទ្ធ ទើបបីកូនចុះទៅថ្វាយបង្គំសួរថា "ព្រះករុណាម្ចាស់ និមន្តមកពីវត្តណា ត្រូវការរកអ្វី ព្រះគុណ ? ចៅពាលក៏ឆ្លើយទៅថាៈ "ចំរើនពរអាត្មាភាពមកពីវត្តក្រោម មករកបិណ្ឌបាទទៀនធូបយកទៅរៀនសមណធម៌ញោម អ្នកភូមិនេះគេទៅណាអស់ បានជាស្ងាត់ម្លេះ ? “ករុណាម្ចាស់ គេទៅច្រូតស្រូវឯស្រែអស់ហើយលោកម្ចាស់" ។ "ឱដូច្នោះហៈញោម ចុះញោមឯងមិនទៅច្រូតស្រូវនឹងគេទេ ? “ឱ ! ករុណាម្ចាស់ខ្ញុំម្ចាស់នេះទៅច្រូតកាត់នឹងគេឯណាបាន កូនតូចនេះ វាចេះតែឈឺមិនឈប់សោះឡើយចេះតែយំដាក់ពីដៃមិនរួចសោះ ព្រះករុណាម្ចាស់" ។ "ចំរើនពរ ចុះវាឈឺយ៉ាងណា កូនញោមនោះ ?” “ករុណាម្ចាស់អាការជម្ងឺនោះកំណត់មិនបានជួនកាលវាគ្រុនក្ដៅក្រហាយទៅ ជួនណាវាកើតជាស្កន់ជាន់គ្របបាត់ដង្ហើមទៅម្ដងៗ ក៏មាន ករុណាម្ចាស់" ។ "ឱ ! អាណិតវាពេកណ៎ាញោម ជម្ងឺយ៉ាងនេះ គេហៅថាស្កន់ខ្លាវាជាន់ណាញោម ម្ដេចមិនរកគ្រូពេទ្យឲ្យគេមើលគ្នាទៅ បណ្ដោយឲ្យឈឺយ៉ាងនេះ ជម្ងឺនេះមិនមែនជាក្រទេ ល្មមរក្សាបាន កូនបងអាត្មាភាពម្នាក់វាឈឺយ៉ាងហ្នឹងដែរ អាត្មាមើលជាទៅ ឥឡូវធាត់ទ្រលុក ៗ ញោម ឱ ! ស្ដាយកូនញោមនេះពេកណាស់ប្រុសផងគួរតែខំមើលរក្សាទៅអេះ" ។ "ករុណាម្ចាស់គ្រូនោះបានឲ្យគេមើលក៏ច្រើនអ្នកណាស់ហើយបានគ្រាន់តែ ២-៣ ថ្ងៃ ក៏ត្រឡប់ឈឺដូចដើមវិញករុណាម្ចាស់" ។ "ឱ ! គ្រូមើលជម្ងឺកូនក្មេងនោះ គ្រាន់តែស្ដោះផ្លុំតែពីក្រៅ ធ្វើម្ដេចនឹងជាដាច់រោគស្កន់ខ្លានេះបាន តោងមើលដោយឧបទេសទើបជាដាច់ញោម, អាត្មាចេះខ្លះដែរ តែអាត្មាដែលមកនេះ ដោយមានកិច្ចរកទៀនធូបបានហើយ ក៏នឹងអាលទៅរៀនសមណធម៌ បើនៅជិតវត្តអាត្មាទៅរ៉ានឹងជួយសង្គ្រោះមើលយកបុណ្យខ្លះ" ។ ឯនាងមេម៉ាយនោះលុះឮចៅពាលពោលពាក្យដូច្នោះហើយ ក៏សំគាល់ថា ជាលោកអ្នកចេះមើលជម្ងឺមែនទែន ទើបនិយាយអង្វរថា ព្រះករុណាម្ចាស់ បើលោកម្ចាស់ចេះ សូមមេត្តាប្រោសសត្វ មើលកូនខ្ញុំករុណាសិន ឯត្រង់ទៀនធូបដែលលោកម្ចាស់ត្រូវការនោះ មិនជាប៉ុន្មានទេ ខ្ញុំករុណាថ្វាយខ្លួន ជាញោមឧបដ្ឋាក បវារណាលោកម្ចាស់ សូមកុំឲ្យលោកម្ចាស់ព្រួយព្រះហឫទ័យឡើយ ។ ឯចៅពាលនោះ បានឱកាសហើយក៏ឆ្លើយថា "ចំរើនពរ ញោម ធ្វើម្ដេចឯងជាសង្ឃកំពង់សត្វកាលបើឃើញញាតិញោមកើតវិបត្តិ តោងកាត់ធុរៈខ្លួនសិនចុះ ថាហើយក៏ឡើងទៅលើផ្ទះ ។ ឯនាងមេម៉ាយក៏រៀបទីអាសនៈដ៏សមគួរ ឲ្យចៅពាលអង្គុយហើយក៏បៀកស្លាមូរបារីដាក់ពាន ប្រគេនចៅពាលចៅពាលក៏បង្គាប់ឲ្យនាងមេម៉ាយរៀបទៀន ៥ ធូប ៥ ឆ្នាំងថ្មីមួយនឹងសំពត់ ១ ចំអាម ទាញយន្តបិទមាត់ឆ្នាំងហើយចៅពាលថា "ញោម, ទីភូមិនេះមានត្បាល់ក្ដឿងដែរឬ ? “ករុណាម្ចាស់, ត្បាល់ក្ដឿងខ្ញុំករុណាមាន នៅខាងកន្សៃផ្ទះឯនោះ ។ "អើញោមបើដូច្នោះញោមយកកូននឹងគ្រឿងទៀនធូបអស់នេះ ទៅឯរោងក្ដឿង អាត្មានឹងរៀបពិធីក្ដឿង" ។ នាងមេម៉ាយក៏បីកូនកាន់យកទៀនធូបអស់នេះទៅឯរោងក្ដឿង ហើយចៅពាលយកទៀនធូប អុជតាំងពិធីនៅមាត់ត្បាល់ ហើយវាបោសទីនោះស្អាតល្អ ពុំឲ្យមានឈើព្រៃនៅខាងត្បាល់ទើបវាហៅយកកូនខ្ចីនោះ មកតាំងខាងនាទីហើយវាថាញោមឯងទៅជាន់ចុងក្ដឿងឲ្យវាឡើងជាន់ដាក់ជន្ល ៗ បាន ៣ ដងជាឧបកិច្ច អាត្មានឹងសែកព្រះគាថា ស្រូបយកព្រលឹងខ្លាចេញពីរូបកូនបញ្ជូនដាក់ក្នុងឆ្នាំងយន្ត ហើយយកទៅបណ្ដែតទឹកចោល ដើម្បីកុំឲ្យព្រលឹងខ្លា វាមកបៀតបៀនបានទៀតឡើយឯនាងមេម៉ាយក៏ជឿតាម ទើបទៅជាន់ចុងក្ដឿងឡើងឯចៅពាលវាយកកូននោះ ដាក់ទៅក្នុងត្បាល់ហើយវាដកឈើទ្រនល់ដែលទល់ក្ដឿងនោះ បោះគ្រវែងចោលទៅឆ្ងាយអំពីត្បាល់ ហើយវាដើរចេញពីទីពិធីនោះប្រាប់ទៅថា ញោមប្រុងជាន់ឲ្យជាប់កុំឲ្យប្រហែសក្រែងរបូតជើងធ្លាក់ទៅត្រូវកូន ចាំអាត្មាទៅយកថង់យាមឆាន់ស្លាមួយរំពេច សូមមកទល់ឲ្យវិញ ថាហើយចៅពាលក៏ឡើងទៅលើផ្ទះ តាំងរើរករបស់ទ្រព្យមាសប្រាក់កែវកង សំពត់អាវស្បៃហើយវាវេចជាសំពាយធំ តាំងសា្ពយពីលើផ្ទះរត់ទៅកាន់លំនៅវាហោង ។
ឯនាងមេម៉ាយ ឃើញចៅពាលជញ្ជូនយកទ្រព្យសម្បត្តិខ្លួន ដូច្នោះហើយ ក៏ហៅឲ្យគេជួយក៏ពុំមានអ្នកណាមួយឮឡើយ ព្រោះផ្ទះនោះនៅដាច់អំពីគេម្ល៉ោះហើយនាងមេម៉ាយក៏អន្ទះអន្ទែង នៅចុងក្ដឿងនោះឯង បើនឹងលែងក្ដឿងចេញទៅ ខ្លាចធ្លាក់ទៅត្រូវកូន ដោយចិត្តមាតាតែងទន់ទោរចុះទៅកាន់កូនអាត្មាជាធម្មតា ការដែលសោកស្ដាយទ្រព្យសម្បត្តិក្រៅក៏ជាមធ្យម ឯសេចក្ដីដែលលោកអាណិតកូននោះ លើសលែងសម្បត្តិខាងក្រៅ នាងមេម៉ាយក៏នៅច្រងាងដូចបុគ្គលគេចងភ្ជាប់រេតែខ្លួនក៏ពុំរួច លុះដល់ពេលល្ងាច ទើបមានគេដើរមក ទើបឲ្យគេទល់បន្ទល់ក្ដឿងយកកូនបាន ។
អាសូរនាងមេម៉ាយកាយជាប់ក្ដឿង ព្រោះអាចោរសំពត់លឿងវាបញ្ឆោត សែនក្ដួលសែនក្ដៅសែនក្រេវក្រោធ នឹងលោតទៅតាមចាប់អាចោរ ។ ក្រេវក្ដឿងត្រូវកូនសូន្យជីវិត ដោយចិត្តមាតាតែងទន់ទោរ តែមានអារម្មណ៍ឲ្យខឹងឃោរ នឹងចោលបង់កូននោះពុំមាន ។
និទាននេះមានដំណាលក្នុងក្បួនសៀម ។