គតិលោក/ភាគទី២/10

113220គតិលោក, ភាគទី២រឿង​សប្បុរសធម៌ ៧ប្រការឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​សប្បុរសធម៌ ៧ប្រការ



១ – ធម្មញ្ញុតា ភាវៈជាអ្នកស្គាល់នូវហេតុនៃផល មានស្គាល់ថា របស់នេះជាហេតុ ជាទីតាំងនៃផលនេះៗ ជា​ផល​ដ៏​បង្កើត​មក​អំពី​ហេតុ​នេះ​ជា​ដើម​។
២ – អត្ថញ្ញុតា ភាវៈជាអ្នកស្គាល់នូវផលនៃហេតុ មានស្គាល់ថា សេចក្ដីសុខនេះ ជាផលនៃហេតុនេះសេចក្ដី​ទុក្ខ​នេះ ជា​ផ​ល​នៃ​ហេតុ​នេះ​ជា​ដើម​។
៣ – អត្ដញ្ញុតា ភាវៈជាអ្នកដឹងខ្លួនថា យើងមានជាតិគោត្រត្រកូលយ៉ាងនេះ សក្ដិយសសម្បត្ដិបរិវារប៉ុណ្ណេះ ចំណេះ​វិជ្ជា​នូវ​ធម៌​ត្រឹម​ប៉ុណ្ណេះ​ៗ ហើយ​ត្រូវ​ប្រ​ព្រឹត្ដ​ខ្លួន​អោយ​សម​គួរ​ដល់​ឋានៈដែលមាននៅយ៉ាងម្ដេចៗនោះ។
៤ – មត្ដញ្ញុតាទំនងជាអ្នកស្គាល់ប្រមាណក្នុងការស្វែងរកចញ្ចឹមជីវិត ដោយសម្មាជីវ និងប្រ​មាណ​ក្នុង​ការ​បរិ​ភោគ​ល្មម​សម​គួរ​។
៥ – កាលញ្ញុតា បែបជាអ្នកស្គាល់កាលវេលាដ៏សមគួរក្នុងពេលប្រកបកិច្ចនោះៗ។
៦ – បរិសញ្ញុតា របៀបជាអ្នកស្គាល់​ប្រជុំ​ជន និង​កិរិយា​ដែល​ត្រូវ​ប្រ​ព្រឹត្ដ​ក្នុង​ទី​ប្រជុំ​ជន​នោះ​ៗ​ថា ពួក​នេះ​កាល​ទៅ​រក​តោង​ធ្វើ​កិរិយា​យ៉ាង​នេះ ត្រូវ​និយាយ​យ៉ាង​នេះ​ជា​ដើម។
៧ – បុគ្គលបរោបរញ្ញុតា សន្ដានជាអ្នកស្គាល់នូវអធ្យាស្រ័យនៃបុគ្គលថា បុគ្គលនេះល្អគួរគប់ជាមិត្របុគ្គលនេះ​ជា​មនុស្ស​អាក្រក់ មិន​គួរ​គប់​យក​ជា​មិត្រ​ជា​ដើម​។
សប្បុរសធម៌ទាំង៧នេះ មាននៅលើបុគ្គលណាបុគ្គលនោះ ហៅថាជាអ្នកប្រាជ្ញពិតប្រាកដក្នុងលោកនេះ។

មួយទៀតសភាវៈធម៌ដែលនាំអោយប្រាសចាកក្ដីចាក់ដោតគេ អោយឈឺចាប់ផ្សេងៗ សេចក្ដីមេត្ដាករុណាសត្វ នាំសត្វ​អោយ​រួច​ចាក​ទុក្ខ​ទោស​បាន សេចក្ដី​បរិ​សុទ្ធ​ចិត្ដ​ទៅ​ក្នុង​សត្ដ​និកាយ សេចក្ដី​ទូន្មាន​សត្វអោយដើរផ្លូវល្អ គឺ ញ៉ាំងពពួកសត្វអោយស្ថិតនៅក្នុង​កុសល​ធម៌​បាន សភាវ​ធម៌​ទាំង​អស់​នេះ ជា​របស់​នៃ​អ្នក​ប្រាជ្ញ​គួរ​ចូល​ចិត្ដ​ចុះ​។មួយទៀតអ្នកប្រាជ្ញនោះ បើនិយាយដោយយ៉ាងខ្លី គឺលោកស្រដីថា បុគ្គល​ឯ​ណា​ទទួល​ខ្លួន​ឬ​សំគាល់​ខ្លួន​ថា​ជា​អ្នក​ល្ងង់​នៅ​ឡើយ បុគ្គល​នោះ​ឯង​ហៅ​ថា​ជា​អ្នក​ប្រាជ្ញវិញ ដូចមានបទបាលីថា៖

ពាលោ មញ្ញតិ ពាល្យំ បណ្ឌិតោ​ វាបិ តេន សោ

ពាលោវ បណ្ឌិតមានិ សវេ ពាលោតិ វុច្ចតិ។

ជនឯណាដឹងខ្លួនជាពាលពិត ជននោះហៅបណ្ឌិត តាមនុយាគជនឯណាតាំងតួ ថាប្រាជ្ញព្រោក ជននោះលោកហៅថាជន​ពាល​ធំ​។

ស. សូមទានពាក្យដែលហៅថាអ្នកប្រាជ្ញៗនេះសំដៅយកបញ្ញា ដែលចេះដឹង នោះឬសំដៅយកចិត្ដចេតសិកណាវិញ?

គ. អោអ្នកប្រាជ្ញនោះ លោកក៏រាប់យកដួងបញ្ញាចេតសិកដែលពិចារណាដឹងទួទៅ ហើយប្រព្រឹត្ដទៅតាមកាលដែលគួរធ្វើបាន អ្នក​ប្រាជ្ញ​អាច​ដឹង​ហេតុ​ពិត មិន​ពិត​ជា​ដើម​នោះ​ព្រោះ​លោក​ សំគាល់យកអាការៈដែលសំដែងចេញមកនោះមកពិចារណាត្រិះរិះមើល ឯអា​ការៈ​នោះ ​ឯង​​អាច​សំ​ដែង​ប្រាប់​មក​អោយ​លោក​ជ្រាប​បាន ដូច​និទាន​ព្រាហ្មណ៍​ចាស់​ម្នាក់​មានភរិយា​ក្រមុំ។