រឿងព្រាហ្មណ៍ចាស់មានភរិយាក្រមុំ
នាងភរិយានោះ វាសហាយនឹងព្រាហ្មណ៍មួយ ទើបវាប្រើព្រាហ្មណ៍ចាស់ជាស្វាមី ឲ្យត្រាច់ដើរទៅសូមទានគេឯស្រុកក្រៅ ព្រាហ្មណ៍ចាស់លុះអំណាចភរិយា ទើបស្ពាយបរិក្ខារចេញអំពីគ្រឹហា យាត្រាទៅស្វែងលាភតាមនិស្ស័យ ថ្ងៃ ១ នោះ តាព្រាហ្មណ៍ដើរទៅដល់កណ្ដាលព្រៃ អស់កំឡាំងណាស់ទើបឈប់បរិភោគសតូវខៅតាក កាលតាព្រាហ្មណ៍លូកយកសតូវពីក្រសោប មិនបានរូតមាត់ ឲ្យជិតដូចដើមវិញ តាព្រាហ្មណ៍បរិភោគហើយ ក៏ចុះទៅផឹកទឹកឯត្រពាំងទឹក ។ ក្រោយនោះមានពស់វែក១ វាធំក្លិនសតូវនោះវាក៏លូនចូលទៅក្នុងក្រសោបនោះឯង ឯតាព្រាហ្មណ៍ផឹកទឹកស្រេចហើយក៏ឡើងមក តាំងរូតមាត់ត្រសោបនោះខ្ជាប់ ហើយក៏ស្ពាយដើរទៅ ។
គ្រានោះមានរុក្ខទេវតា ១ អង្គ យល់តាព្រាហ្មណ៍ស្ពាយក្រសោប ស្រោបអាសិរពិសនៅក្នុងនោះ ក៏ស្រែកប្រាប់ជាពាក្យបញ្ហាថា ហៃព្រាហ្មណ៍ជរាអើយ នែបើថ្ងៃនេះ ព្រាហ្មណ៍ឯងទៅមិនដល់ផ្ទះទេ នោះព្រាហ្មណ៍ឯងនឹងស្លាប់កណ្ដាលផ្លូវពុំខាន ថាបើថ្ងៃនេះព្រាហ្មណ៍ឯងដើរទៅដល់ផ្ទះ នោះប្រពន្ធព្រាហ្មណ៍ឯងនឹងស្លាប់ពុំខាន ឯតាព្រាហ្មណ៍កាលណាបានឮពាក្យរុក្ខទេវតា និយាយប្រាប់ជាអាថ៌បញ្ញាដូច្នោះហើយ ទើបពិចារណាគិតមិនយល់ក៏រឹងមានសេចក្ដីភិតភ័យ ទោមនស្សក្រៃពេកណាស់ តាំងតែសោយសោកទៅតាមផ្លូវ ដើរទៅបានដល់ក្រុងពារាណសី ចូលទៅកាន់សំណាក់បរមពោធិសត្វជាអ្នកប្រាជ្ញ ដែលជាប្រធានក្នុងព្រះនគរ ។ ពោធិសត្វបានយល់ព្រាហ្មណ៍ចាស់ យំសោកដើរចូលមកដូច្នោះក៏សួរថា « ហៃព្រាហ្មណ៍អើយ ! ហេតុអ្វីក៏បានជាកើតទុក្ខ មុខជោរជលដោយទឹកភ្នែកដូច្នោះ ? តាព្រាហ្មណ៍ក៏ថ្លែងចែងសេចក្ដីពីដើមដល់ចប់ ជំរាបពោធិសត្វសព្វប្រការ ពោធិសត្វឮដូច្នោះពិចារណាតាមពាក្យទេវតាដែលថា បើថ្ងៃនេះព្រាហ្មណ៍ទៅមិនដល់ផ្ទះ ព្រាហ្មណ៍ឯងនឹងស្លាប់កណ្ដាលផ្លូវ បើទៅដល់ផ្ទះនោះថាប្រពន្ធនឹងស្លាប់វិញ ហេតុស្លាប់នេះយល់ជាមានអាសិរពិស ពស់វាចូលនៅក្នុងក្រសោបនេះ គឺថាបើព្រាហ្មណ៍ទៅមិនដល់ផ្ទះគង់ព្រាហ្មណ៍ឃ្លានបាយ ហើយនឹងឈប់ស្រាយមាត់ក្រសោបយកសតូវ និមិត្តតែព្រាហ្មណ៍លូកដៃទៅ ពស់នោះនឹងចឹកដៃព្រាហ្មណ៍ៗ ក៏នឹងស្លាប់ប្រាកដ ប្រសិនបើជាព្រាហ្មណ៍ទៅដល់ផ្ទះវិញនោះ ព្រាហ្មណ៍គង់នឹងប្រគល់ក្រសោបនោះ ឲ្យទៅភរិយា នាងភរិយានឹងស្រាយមាត់ក្រសោប នឹងយករបស់ទ្រព្យ លុះតែនាងភរិយាលូកដៃចូលទៅក្នុងក្រសោបកាលណា ពស់នោះនឹងចឹកដៃនាងភរិយាដល់នូវមរណកាលមិនខាន ។
ពោធិសត្វ ពិចារណាត្រិះរិះអាការៈពាក្យទេវតា យល់ហេតុមានមិនសង្ស័យ ទើបប្រើឲ្យអ្នកបំរើយកក្រសោបព្រាហ្មណ៍នោះ ទៅស្រាយមាត់នាទីវាលឯពស់វែកនោះ និមិត្តតែមាត់ក្រសោបនោះរសាយហើយ ទើបវាលូនចេញមកមួយរំពេច ។
បណ្ដាមហាជននឹងព្រាហ្មណ៍ចាស់នោះ បានឃើញពស់វែកចេញចាក ក្រសោបដូច្នោះហើយ នាំគ្នាឲ្យសព្វសាធុការសរសើរប្រាជ្ញាបារមីនៃពោធិសត្វ ជាអនេកបរិយាយផ្សេងៗ ។ ពោធិសត្វក៏ឲ្យអ្នកបំរើចាប់ពស់នោះយកទៅលែងឯទីព្រៃ ហើយប្រាប់ព្រាហ្មណ៍ថា « តាឯងចូរមើលសេចក្ដីអន្តរាយជីវិត តាឯងដោយពស់វែកនេះចុះ»។ ព្រាហ្មណ៍ចាស់សំពះពោធិសត្វសរសើរថា « ខ្ញុំបាទបានរួចជីវិតក្នុងគ្រានេះ ក៏ព្រោះមកបានជួបនឹងលោកជាអ្នកប្រាជ្ញអាចរកសេចក្ដីសុខបាន ខ្ញុំបាទពុំមានវត្ថុអ្វីជាឧត្ដមសមគួរ នឹងបូជាតបគុណឡើយ មានតែម្រាមដៃទាំង ១០ ខ្ញុំវន្ទាតបគុណលោកក្នុងគ្រានេះ » ។
ពោធិសត្វសួរថា « ព្រាហ្មណ៍ឯងចាស់ជរា ហើយនរណាប្រើតាឯងឲ្យសូមទានគេដូច្នោះ » ។ ព្រាហ្មណ៍ជំរាបថា « ប្រពន្ធខ្ញុំបាទប្រើមក » ។ នាង« ប្រពន្ធតាឯងនោះតើជា ស្រីចាស់ឬជាក្រមុំ » ?។ « សូមទាននៅក្រមុំក្មេង » ។
ពោធិសត្វពិចារណាអាការនោះទៀត ក៏យល់ថានាងនោះមានសហាយប្រាកដទើបថា « អើព្រាហ្មណ៍, នាងប្រពន្ធតាឯងនោះ មិនសុចរិតនឹងតាឯងទេ បើតាឯងទៅដល់ផ្ទះ ហើយចូលទៅក្នុងវេលារាត្រីស្ងាត់របស់ទ្រព្យ ដែលតាឯងបាននេះ ចូរតាកុំយកទៅឲ្យឃើញទាំងអស់ គួរលាក់ទុកខ្លះ » ពោធិសត្វប្រដៅព្រាហ្មណ៍នោះស្រេចហើយ ក៏ឲ្យដំណើរព្រាហ្មណ៍នោះទៅកាន់ស្រុក ។ តាព្រាហ្មណ៍ក៏លាពោធិសត្វដើរទៅកាន់ផ្ទះអាត្មា ដល់ទៅក៏ជួនវេលារាត្រីស្ងាត់ ។
ឯមេព្រាហ្មណីជាប្រពន្ធនោះ តាំងតែពីប្ដីចេញទៅស្វែងរកលាភបាត់ វាក៏តែងនាំចៅព្រាហ្មណ៍កំឡោះសហាយនោះមកដេកជាប្រក្រតី ។ តាព្រាហ្មណ៍ទៅដល់ផ្ទះ ក៏យកប្រាក់ទៅកប់លាក់នៅខាងជើងសសរផ្ទះ ហើយទើបហៅប្រពន្ធឲ្យបើកទ្វារផ្ទះទទួលខ្លួន ។ ឯមេនោះ ឮសូរប្ដីមកដល់ក៏ភិតភ័យ ទើបបណ្ដោះសហាយឲ្យចុះទៅតាមបង្អួច ហើយវាធ្វើមាយាបើកទ្វារម្នីម្នាទទួលព្រាហ្មណ៍ឲ្យឡើងទៅ តាព្រាហ្មណ៍ឡើងដល់ផ្ទះហើយ ក៏និយាយចរចាប្រស្រ័យសួរសុខទុក្ខតាមធម្មតា ។ នាងភរិយាក៏សំណេះសំណាលសួរអំពីលាភ ដែលទៅស្វែងនោះរឿយៗ ។ ព្រាហ្មណ៍លុះអំណាចភរិយាក្រមុំ ក៏ពុំអាចបិទបាំងប្រាក់ដែលខ្លួនកប់ទុកនោះឡើយ ឆ្លើយប្រាប់ថា ខ្លួនបានប្រាក់មកកប់លាក់នៅជើងសសរផ្ទះ ។ ឯសហាយ កាលវាចុះពីផ្ទះទៅនោះ វាពុំរត់ទៅឯណាឡើយ វាលបនៅក្រោមផ្ទះចាំស្ដាប់ព្រាហ្មណ៍ប្ដីនឹងប្រពន្ធនឹងនិយាយអ្វីៗ លុះវាឮថាប្រាក់ ១០០ កហាបណៈ ព្រាហ្មណ៍កប់លាក់នៅខាងជើងសសរផ្ទះដូច្នោះ វាក៏ទៅកកាយយកបាន វាក៏លួចយកទៅផ្ទះវាហោង ។
ព្រាហ្មណ៍ចាស់នឹងភរិយា ក៏ដេកនៅតាមបវេណី លុះព្រឹកឡើង ព្រាហ្មណ៍ភ្ញាក់ចាកដំណេក ដើរទៅមើលប្រាក់ដែលខ្លួនកប់លាក់នោះ ក៏ពុំឃើញប្រាក់នោះ ព្រាហ្មណ៍កើតទុក្ខមហិមា គិតថា « សេចក្ដីអន្តរាយអញដល់មកទៀតហើយ បើដូច្នេះ មានតែទៅរកលោកអ្នកប្រាជ្ញនោះ ឲ្យលោកជួយរកប្រាក់ដែលអានោះលួចយកទៅនោះ ទើបបាន », គិតហើយ តាព្រាហ្មណ៍ក៏រៀបអាត្មា ដើរទៅកាន់សំណាក់បរមពោធិសត្វឯក្រុងពារាណសី ដល់ហើយក៏ជំរាបសេចក្ដីតាំងអំពីដើមដល់ចប់សព្វប្រការ ។
ឯពោធិសត្វ បានស្ដាប់ព្រាហ្មណ៍ថ្លែងសេចក្ដីដូច្នោះហើយ ទើបរិះគិតអាការៈចោរលួចប្រាក់នោះ ក៏យល់ដោយប្រាជ្ញាមួយរំពេច ទើបប្រាប់ព្រាហ្មណ៍ថា « តាឯងវិលទៅផ្ទះវិញប្រាប់ប្រពន្ធតាឯងថា ខ្លួនតាឯងបានបន់ទេវតាថា បើខ្លួនបានមកដល់ស្រុកសុខសប្បាយកាលណា នឹងធ្វើបុណ្យ គឺនិមន្តព្រាហ្មណ៍ប្រាំមួយនាក់មកឆាន់ ចំណែកខាងតាឯង ៣ នាក់ ចំណែកខាងប្រពន្ធ ៣ នាក់ ឆាន់ ៣ ថ្ងៃ តែឲ្យផ្លាស់រូបព្រាហ្មណ៍ដែលឆាន់នោះ កុំឲ្យយកដដែល ក្នុងថ្ងៃដើម ៦ រូប ថ្ងៃទី ២ ឲ្យផ្លាស់និមន្តព្រាហ្មណ៍ ៦ រូបទៀតមកឆាន់ ថ្ងៃទី ៣ ឲ្យផ្លាស់និមន្តព្រាហ្មណ៍ឯទៀត ៦ រូបទៀតមកឆាន់ ហើយតាឯងចាំមើលព្រាហ្មណ៍ខាងប្រពន្ធនោះ ជាវាផ្លាស់រូបទាំង ៣ ឬៗយ៉ាងណា នោះបើព្រាហ្មណ៍ណាជាសង្សារវាៗ នឹងនិមន្តមកឆាន់ដដែលមិនផ្លាស់ទេ បើរូបណានៅឆាន់ទាំង ៣ ថ្ងៃ រូបនោះហើយជាសហាយរបស់វា ចូរតាឯងកំណត់ទុកក្នុងចិត្ត ហើយមកប្រាប់យើងជាឆាប់ យើងនឹងទៅចាប់តួអាចោរលួចប្រាក់នោះឯង », ។ ពោធិសត្វប្រាប់ឧបាយសព្វប្រការហើយ ក៏ឲ្យព្រាហ្មណ៍ចាស់នោះវិលទៅទីលំនៅវិញ ។ ព្រាហ្មណ៍ក៏លាពោធិសត្វទៅផ្ទះវិញ ដល់ហើយក៏ថ្លែងសេចក្ដីនោះប្រាប់នាងភរិយា តាមពាក្យនៃពោធិសត្វសព្វប្រការ ។ ឯនាងភរិយាក៏ធ្វើតាម គឺចាត់ចែងភោជនាហារស្រេចហើយ ក៏និមន្តព្រាហ្មណ៍កំឡោះ ជាសហាយនោះមកឆាន់ទាំង ៣ ថ្ងៃ តែរូបព្រាហ្មណ៍ឯទៀតៗ នោះ ផ្លាស់តាមបង្គាប់ព្រាហ្មណ៍នោះឯង ។ ឯព្រាហ្មណ៍ចាស់ កាលណាបើឃើញព្រាហ្មណ៍កំឡោះខាងប្រពន្ធមកឆាន់ទាំង ៣ ថ្ងៃដូច្នោះ ក៏កំណត់កត់ចាំរូប ចាំឈ្មោះ ហើយយកសេចក្ដីនោះទៅជំរាបដល់ បរមពោធិសត្វៗ ក៏ប្រើឲ្យអ្នកបំរើ ទៅចាប់យកព្រាហ្មណ៍កំឡោះនោះមក គំរាមសួរតាមហេតុពិរុទ្ធព្រាហ្មណ៍កំឡោះពុំអាចប្រកែកកែគេចបាន ក៏ទទួលសារភាពជាចោរមែន ទើបទៅយកប្រាក់ដែលខ្លួនលួចនោះ មកប្រគល់ឲ្យព្រាហ្មណ៍ចាស់វិញ សូមទោសនឹងបរមពោធិសត្វៗ ក៏តិះដៀលជាអនេកបរិយាយ ហើយទូន្មានឲ្យលះបង់ចោលនូវអំពើពុតពាល ហើយលែងឲ្យវិលទៅស្រុកវិញ ។ ព្រាហ្មណ៍បានប្រាក់វិញក៏សរសើរប្រាជ្ញានៃពោធិសត្វ ហើយតម្កល់នូវបរមពោធិសត្វ ជាគ្រូអាចារ្យចាប់ដើមពីថ្ងៃនោះមក ។
រឿងរ៉ាវនេះមានសេចក្ដីពិស្ដារក្នុងព្រះគម្ពីរ យើងទាញយកមកសំដែងនេះតែជាន័យសង្ខេប ជាបែបឲ្យឃើញថា លោកអ្នកមានប្រាជ្ញាពិចារណា តាមអាការៈដែលចេញមកនោះ ពិចារណាដេញរកហេតុរកបច្ច័យ ទាល់តែការនោះច្បាស់ឡើងប្រាកដដូចសំដែងមកនោះ ។
មួយទៀត រឿងអ្នកប្រាជ្ញពីបុរាណ ដែលមានមកក្នុងគម្ពីរបាលីដោយពិតនោះ យ៉ាងដូចអង្គព្រះ មហោសថបរមពោធិសត្វក្ដី ឯងគប្បីដឹងថាជាអ្នកប្រាជ្ញប្រសើរវិសេសចុះ ។ មែនពិត ឯអ្នកមានប្រាជ្ញាឆ្លាសវាងវៃនោះ មិនភ្លើភាន់សតិទៅផ្ដាស អាចគេចកែខ្លួនបានក្នុងប្រជុំជន ឬការដែលមានដល់មកមួយរំពេច ដូចនិទានមាន់ចែកែខ្លួនផុតអំពីសត្វសំពោចបាន ។