រឿងក្មេងកំព្រា និងព្រះចៅផែនដី
មានកូនក្មេង ១ នាក់ អាយុ ១៥ ឆ្នាំ ជាក្មេងកំព្រាឥតមាតាបិតារក្សា ក្មេងនោះទៅនៅដោយសាររោងនាយពិសេស គឺរោងគ្រួសំរាប់ធ្វើក្រយាស្ងោយអ្នកស្ដេច ឯនាយពិសេសគេក៏អាណិតមេត្តាឲ្យនៅហើយគេប្រើឲ្យលាងចាន លាងថាសជូតសមស្លាបព្រាឲ្យប្រាក់ខែក្នុងមួយខែជាប្រាក់ ៥ – ៦ កាក់លម្មការសោហ៊ុយបាន ក្មេងនោះឧស្សាហ៍ធ្វើការក្នុងមុខក្រសួងរបស់ខ្លួន បានប្រាក់តែរាល់ខែរៀងមក ។ ឯព្រះបរមខត្តិយាព្រះចៅផែនដី ស្ដេចតែងយាងមកទតការក្នុងរោងពិសេស បានទ្រង់យល់ក្មេងនោះ ធ្វើការស៊ីឈ្នួលលាងចាននោះរឿយៗ។ ថ្ងៃ ១ ស្ដេចទ្រង់យាងមករោងពិសេស យល់កូនក្មេងតែលាងចាននៅក្រៅរោង ស្ដេចត្រាស់សួរថា « ចៅឯងស៊ីឈ្នួលលាងចានសព្វថ្ងៃនេះមានប្រាក់ប៉ុន្មានហើយ » ។ ក្មេងនោះឆ្លើយថា « សព្វថ្ងៃនេះខ្ញុំមានស្មើគ្នានឹងស្ដេចផែនដី»។ ស្ដេចត្រាស់ថា « ការដែលរកស៊ីឈ្នួលគេក្នុងលោកនេះ គឺការស៊ីឈ្នួលលាងចាន ជាការទាបថោកបំផុតម្ដេចចៅឯងស្ដីអួតថាខ្លួន មានសម្បត្តិស្មើនឹងយើងជាម្ចាស់ផែនដីផ្ទៃក្រោមនេះ » ។ ក្មេងនោះក៏អធិប្បាយថា « ខ្ញុំស៊ីឈ្នួលគេសព្វថ្ងៃនេះ ក្នុង ១ ខែ គេឲ្យ ៥ – ៦ កាក់ ក៏ពិតមែន តែការដែលទទួលទានបាយក៏ត្រឹត ១ ឆ្អែត ទទួលទានដំណេកក៏ត្រឹម ១ពេល, ឯអ្នកស្ដេចដែលមានសម្បត្តិច្រើនរាប់មិនអស់នោះសោត ក្នុង ១ ថ្ងៃ ក៏គង់សោយព្រះក្រយាស្ងោយត្រឹមតែ ១ ឆ្អែតដូចគ្នា នឹងសោយឲ្យលើសអំពីនោះទៅក៏ទេ ការដែលទ្រង់ផ្ទំសោតក៏ទ្រង់ផ្ទំត្រឹម១ ពេលដូចគ្នា នឹងឲ្យលើសលែងពីនោះទៅក៏ទេ ហេតុនោះទើបខ្ញុំថា ខ្លួនខ្ញុំមានសម្បត្តិស្មើនឹងម្ចាស់ផែនដីដែរ»។ ឯមហាក្សត្រាធិបតីបានស្ដាប់ពាក្យក្មេង វាអធិប្បាយប្រាប់ហេតុយក ១ ឆ្អែតជាប្រមាណដូច្នោះហើយ ក៏ទ្រង់យល់ថាពិតថាមែនប្រាកដណាស់ ទ្រង់ពិចារណាមើលហេតុទៅក៏ពុំមានខុសអំពីគ្នា គឺអ្នកក្រក៏ស៊ីត្រឹម ១ ឆ្អែត អ្នកមានក៏ស៊ីត្រឹម ១ ឆ្អែតដូចគ្នា ស្ដេចមានព្រះហឫទ័យស្រឡាញ់ពាក្យក្មេងនោះក្រៃពេក ទើបទ្រង់ប្រទានមាសប្រាក់សម្ពត់ខោអាវឲ្យទៅក្មេងនោះ ហើយទ្រង់ចារឹកពាក្យក្មេងនោះ ហៅថា ពាក្យអ្នកប្រាជ្ញបានក្នុងលោកនេះ ។
មានរឿង ១ ទៀត ឈ្មោះថា តម្រាស្របតបតគ្នា