គតិលោក/ភាគទី២/15

គតិលោក, ភាគទី២
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​ព្រះចៅ​ផែនដី​នឹង​ក្មេង​ឃ្វាល​ក្របី
113225គតិលោក, ភាគទី២រឿង​ព្រះចៅ​ផែនដី​នឹង​ក្មេង​ឃ្វាល​ក្របីឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ព្រះចៅ​ផែនដី​ និង​ក្មេង​ឃ្វាល​ក្របី




មាន​មហាក្សត្រា​ធិបតី ១ ព្រះអង្គ ស្ដេច​នាំ​ពួក​សេវកាមាត្យ​មុខ​មន្រ្តី​ទាំងឡាយ សឹង​នាំ​គ្នា​រៀប​ក្បួន​ហែ​ស្ដេច​ទៅ​តាម​មុខងារ លុះ​ទៅ​ដល់​ទីទួល ១ ជា​ទី​សមគួរ​ដាក់​ឈប់​អាស្រ័យ​បរិភោគ​ភោជនាហារ នា​វេលា​ព្រឹក ទើប​ស្ដេច​ឲ្យ​ពួក​អ្នក​ពិសេស​ដាំ​ស្ល​ចំអិន​ក្រយា​ស្ងោយ​រង់​ចាំ​នៅ ឯ​ព្រះអង្គ​ឯង​នឹង​ពួក​ទាហាន​សេះ ក៏​បរ​សេះ​ចេញ​ទៅ​ដេញ​សត្វ បាញ់​សត្វ​ម្រឹគី​ម្រឹគា​តាម​ជួរ​ព្រៃ ឯ​ពួក​មន្រ្តី​ក៏​នាំ​គ្នា​ជិះ​សេះ​បរ​តាម​ស្ដេច​ទៅ ឯ​សេះ​ស្ដេច​នោះ លឿន​លើស​សេះ​ពួក​មន្រ្តី ទើប​បរ​ទៅ​ដាច់​អស់​សេះ​ទាំងពួង ពួក​មន្រ្តី​តាម​ពុំ​ទាន់ ស្ដេច​បរ​ព្រះ​ទីនាំង​ចូល​ព្រៃ​ចេញ​វាល​វង្វេង​ផ្លូវ​ទៅ​តែ ១ ព្រះអង្គ​ឯង លុះ​ពេល​ថ្ងៃ​ត្រង់ ស្ដេច​រក​ផ្លូវ​នឹង​វិល​មក​ទី​ជម្រំ​ដែល​ចត​នោះ​ពុំ​ឃើញ កើត​ឃ្លាន​ព្រះ​ស្ងោយ​ពន់​ពេក ស្ដេច​ខំ​បរ​សេះ​ព្រះ​ទីនាំង​កាត់​ព្រៃ​ធំ ចេញ​ទៅ​ដល់​ទី​មាត់​បឹង ១ បាន​ឮ​សព្ទ​ត្រដោក​គោ ក្របី នឹង​សំឡេង​ក្មេង​ឃ្វាល​ក្របី​វា​និយាយ​គ្នា ទើប​ទ្រង់​បរ​សេះ​កាត់​តម្រង់​ទៅ​ទីនោះ លុះ​ដល់​បាន​ឃើញ​ក្មេង​គង្វាល​គោ ក្របី ម្នាក់ ទើប​ត្រាស់​សួរ​ក្មេង​នោះ​ថា អើ​អា​នាង, ទី​ទួល​គោក​ចែង​កន្លែង​គេ​តែង​មក​ឈប់​ភាក់​ដាក់​អាស្រ័យ​នោះ ចៅ​ឯង​បាន​ដឹង​បាន​ស្គាល់​ខ្លះ​ឬ​ទេ ។

ឯ​ក្មេង​ពុំ​ស្គាល់​ជា​ស្ដេច នឹក​ស្មាន​ជា​មនុស្ស​ដទៃ​ផ្ដាស ទើប​វា​និយាយ​ប្រាប់​ថា « ទីទួល​គោក​ចែង​នោះ​ខ្ញុំ​បាទ​ស្គាល់​ច្បាស់​ណាស់ ទៅ​ពីនេះ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ចូរ​អ្នក​បរ​សេះ​ទៅ​ខាង​ទិស​ឧត្ដរ​នោះ​ចុះ ថា​ហើយ​ក្មេង​នោះ​លើក​ដៃ​ចង្អុល​ប្រាប់​ផ្លូវ ។ ឯ​មហា​ក្សត្រា​ធិបតី ស្ដេច​នឹង​ទៅ​តែ​ឯង​ក្រែង​វង្វេង​ផ្លូវ​ទៀត ព្រះ​ហឫទ័យ​ចង់​បាន​ក្មេង​នោះ ជូន​ទៅ​ជាមួយ​ផង​ទើប​ត្រាស់​ថា « អា​នាង​ឯង​ជិះ​សេះ​ខាង​ក្រោយ​យើង​ជូន​យើង ទៅ​ឲ្យ​ដល់​ទី​ទួល​គោក​ចែង​នោះ សូម​ឯង​វិល​មក​វិញ យើង​នឹង​ឲ្យ​ប្រាក់​ឯង​ជា​រង្វាន់​ថ្លៃ​ជូន​គ្នា​នោះ » ។ ក្មេង​នោះ​ក៏​ព្រម​ជូន​ផ្លូវ ទើប​វា​ឡើង​ជិះ​សេះ​ខាង​ក្រោយ ឲ្យ​ស្ដេច​បរ​ចរ​ទៅ​តាម​មាគ៌ា ខ្លួន​វា​ជា​មគ្គុទ្ទេសក៍​ចង្អុល​ផ្លូវ​បរ​ទៅ​តាម​លំដាប់​វាល​ព្រៃ ។ លុះ​ដល់​កណ្ដាល​ផ្លូវ​ស្ដេច​ទ្រង់​ត្រាស់​ថា « អើ​អា​នាង​ឯង​នៅ​ស្រុក​ក្រៅ​នេះ ឯង​បាន​ស្គាល់​ស្ដេច​ជា​ម្ចាស់​ផែនដី​ឬ​ទេ ? « បាទ​ទេ ខ្ញុំ​បាទ​មិន​ដែល​ស្គាល់​ទេ​បង មិន​ដែល​ឃើញ​សោះ អ្នក​ស្ដេច​នោះ ឮ​តែ​ម៉ែ​ឪ​ប្រាប់​ថា​ហ្លួង ហ្លួង​នោះ​ពុំ​ដឹង​ជា​មុខ​មាត់​យ៉ាង​ណា​ទេ » ។ ឱ​ឯង​ចង​យល់​ចង​ស្គាល់​ហ្លួង​នោះ​ដែរ​ឬ​អី ? « បាទ​ខ្ញុំ​បាទ​ចង់​ស្គាល់​ដែរ តែ​មិន​ដឹង​ជា​ហ្លួង​នោះ​នៅ​ឯណា អើ​បើ​ឯង​ចង​ស្គាល់​ហ្លួង​នោះ​ងាយ​ទេ, ចាំ​ទៅ​ដល់​ទី​ជម្រំ​ប្រជុំ​មនុស្ស​ច្រើន​នោះ​កាលណា គេ​តែង​តែ​ដោះ​មួក​គំនាប់​ហ្លួង, មនុស្ស​ណា​ដែល​មិន​ដោះ​មួក​នោះ​មនុស្ស​នោះ​ហើយ​ជា​ហ្លួង​ពិត​ប្រាកដ, ចូរ​ឯង​សំគាល់​ថា​ជា​ហ្លួង​ចុះ » ។ ឯ​ក្មេង​នោះ​បាន​ឮ​ដូច្នោះ​ហើយ ក៏​កំណត់​កត់​ចាំ​ទុក​ក្នុង​ចិត្ត លុះ​ទៅ​ដល់​ទី​ទួល​នោះ ឯ​បណ្ដា​មុខ​មន្រ្តី​ទាំងឡាយ​បាន​ឃើញ​ស្ដេច​យាង​ទៅ​ដល់​ក៏​នាំ​គ្នា​ត្រេកអរ​សាទរ​ដោះ​មួក​លើក​ដៃ​គំនាប់​តាម​ទម្លាប់ ។

ឯ​មហាក្សត្រាធិបតី ស្ដេច​នាំ​កុមារ​នោះ​ចុះ​ចាក​ខ្នង​មនោម័យ ដល់​ហើយ​ស្ដេច​បែរ​ទៅ​និយាយ​ថា « ម្ដេច​ឯង​បាន​ឃើញ​គេ​ដោះ​មួក​គំនាប់​អ្នកណា​ៗ មិន​ដោះ​មួក​គំនាប់​គេ​នោះ ? ក្មេង​នោះ​តប​ថា « ហ្លួង​នោះ​ខ្ញុំ​ស្គាល់​ហើយ ? « ចុះ​ឯង​ថា​អ្នកណា​ជា​ហ្លួង ចូរ​ថា​ទៅ​មើល » ។ « បាទ ហ្លួង​នោះ​បើ​មិន​រូប​បង​ឯង គឺ​រូប​ខ្ញុំ​បាទ បើ​មិន​ខ្ញុំ​បាទ​ក៏​បង​ឯង ព្រោះ​មិន​ដោះ​មួក​ដូចគ្នា » ។ ឯ​មហា​ក្សត្រាធិបតី​បាន​ស្ដាប់​កុមារ​នោះ​ថ្លែង​ប្រាប់ ចេញ​មិន​ចំ​អង្គ វា​គៀវ​យក​ទាំង​រូប​វា​ផង​ដូច្នោះ​ហើយ ក៏​ទ្រង់​គិត​ថា ឯង​បាន​ប្រាប់​វា​ថា « បើ​ឃើញ​រូប​ណា​មិន​ដោះ​មួក​ក្នុង​កាល​ដែល​ប្រជុំ​ជន រូប​នោះ​ឯង​គឺ​ហ្លួង​ហើយ ឥឡូវ​វា​ក៏​មិន​ដោះ​ឯង​ក៏​មិន​ដោះ​ដូចគ្នា បាន​ជា​វា​ចង្អុល​រូប​ទាំង ២ ថា បើ​មិន​ឯង​ក៏​ខ្លួន​វា បើ​មិន​វា​ក៏​ឯង​ពាក្យ​វា​នោះ​ជា​ពាក្យ​អ្នក​ឆោត​ខ្លៅ សំដៅ​ព្រោះ​តែ​ប្រាប់​ទេ​ឬ​ៗ វា​ដឹង​ថា អញ​នេះ​ជា​ហ្លួង​ហើយ បើ​វា​ដឹង​ច្បាស់​ថា អញ​នេះ​ជា​ហ្លួង​ហើយ តែ​វា​ចង់​ថា​រូប​វា​ផង ព្រោះ​ឯង​ប្រាប់​មុន​នោះ​ជា​អាថ៌​កំបាំង​បន្តិច គឺ​ថា​អ្នក​ដែល​មិន​ដោះ​មួក វា​ក៏​មិន​ដោះ​មួក​ដូចគ្នា វា​អាង​អាទិ៍​ដើម​នេះ ទើប​វាចា​វា​ផង ហេតុ​ដូច្នោះ ពាក្យ​វា​នោះ​បើ​ពីគ្រោះ​ទៅ គួរ​ទៅ​ជា​ពាក្យ​អ្នក​មាន​បញ្ញា គឺ​ជា​ពាក្យ​អ្នក​ប្រាជ្ញ​វិញ​បាន ពាក្យ​ក្មេង​យ៉ាង​នេះ ប្រែ​មិន​ចេញ​ជា​ប្រាជ្ញ​ឬ​ជា​ខ្លៅ​ក៏​ថា​មិន​បាន » ។

ព្រះមហាក្សត្រ ស្ដេច​ទ្រង់​គិត​វិញ​ទៀត​ឃើញ​ថា ពាក្យ​ក្មេង​ថា​នោះ គួរ​គិត​យល់​សេចក្ដី​ថា រូប​ស្ដេច​នេះ​នឹង​សំដៅ​យក​ត្រង​មិន​ដោះ​មួក ជា​ប្រមាណ​នោះ​មិន​បាន រាស្រ្ត​គេ​មិន​ដោះ​មួក​វិញ​ក៏​មាន ដែល​ហៅ​ថា​ស្ដេច​ៗ​នោះ គឺ​សំដៅ​យក​ចំណេះ​វិជ្ជា​ការ ដែល​ប្រកប​ដោយ​សង្គហ​វត្ថុ ៤ ប្រការ នឹង​ទ្រង់​ទស​ពិធរាជ​ធម៌​ទាំង ១០ ប្រការ​ជាដើម ទើប​ហៅ​ថា ជា​ស្ដេច​ជា​ហ្លួង​បាន បើ​ទៅ​យក​ត្រង់​មិន​ដោះ​មួក​ឬ​មិន​លើក​ដៃ​គំនាប់​គេ សន្មត​ថា​ជា​មហាក្សត្រ​នោះ ក្មេង​ដែល​វា​មិន​ដោះ​មួក មិន​លើក​ដៃ​គំនាប់​គេ​នោះ ក៏​សន្មត​ថា មហាក្សត្រ​បាន​ដូចគ្នា ទើប​វា​ថា​បើ​មិន​ឯង​ក៏​អញ បើ​មិន​អញ​ក៏​ឯង​យ៉ាង​នេះ ។ ១ ទៀត​ដូច​ពាក្យ​ហៅ​ថា លោក​សង្ឃ​នោះ គឺ​សំដៅ​យក​ត្រង់​ទ្រទ្រង់​គុណធម៌ ប្រកប​ដោយ​នូវ​សីល​ទាំង ៤ មាន​បាតិមោក្ខ​សំវរ​សីល​ជាដើម​ផង ប្រកប​ដោយ​គុណធម៌​របស់​សមណៈ មាន​អប្បច្ឆតាទិគុណ គឺ​ប្រាថ្នា​តិច​មាន​ចិត្ត​សន្ដោស​ជាដើម​ផង ទើប​ហៅ​ថា​ជា​លោក​សង្ឃ​បាន​ក្នុង​ព្រះពុទ្ធ​សាសនា​នេះ​ឯង បើ​ទៅ​យក​ត្រង់​កោរ​ក្បាល​ត្រងោល ស្លៀកពាក់​សម្ពត់​ពណ៌​លឿង​ជា​ប្រមាណ ថា​លោក​សង្ឃ​នោះ​ពួក​បាសក​ក្មេង​ចាស់ ប្រុស​ស្រី​មាន​គេ​កោរ​ក្បាល​ត្រងោល​ដែរ ឯ​ស្លៀក​ពាក់​សម្ពត់​លឿង​នោះ​ក៏​មាន​ដែរ ម្ដេច​ពួក​នោះ​ក៏​មិន​សន្មត​នាម​ហៅ​ថា លោក​សង្ឃ​ទៅ​ផង ។ ពាក្យ​ក្មេង​គង្វាល​ក្របី​វា​ថា​នោះ គួរ​យក​ជា​គតិលោក​បាន ហៅ​ថា​ពាក្យ​បណ្ឌិត​អ្នក​ប្រាជ្ញ​ក្នុង​លោកិយ​នេះ​បាន គួរ​ឯង​ពិចារណា​ស្ដាប់​មើល​ចុះ ។

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សែស ។ ចប់​ភាគ ២ តែ​ប៉ុណ្ណេះ ។