គតិលោក/ភាគទី២/2

113180គតិលោក, ភាគទី២រឿង​ចៅ​ឡុច​និង​ចៅ​ប្រាក់ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ចៅ​ឡុច​និង​ចៅ​ប្រាក់



ឯ​រឿង​ចៅ​ឡុច​នោះ​ថា កាល​នោះ​មាន​មនុស្ស​ពាល​ម្នាក់​ឈ្មោះ​ចៅ​ប្រាក់ នៅ​ស្រុក​បាត់ដំបង ចៅ​ប្រាក់​នោះ​ជា​ខ្ញុំ​លោក​សុភាទេស ថ្លៃ​ខ្លួន​វា ២០០ បាទ លុះ​នៅ​យូរ​មក​ក៏​លោក​សុភាទេស ប្រើ​ឲ្យ​ទៅ​ឃ្វាល​ក្របី​នឹង​ក្មេង​ម្នាក់​ទៀត ឃ្វាល​នៅ​ឯ​វាល​ស្រែ​ក្រៅ ចៅ​ប្រាក់​នោះ​លុះ​ឃ្វាល​បន្តិច​ទៅ ក៏​និយាយ​នឹង​ក្មេង​នោះ​ថា យើង​នៅ​ឃ្វាល​ក្របី​ទាំងពីរ​នាក់​នេះ​ឃើញ​ព្រួយ​ការ​ពេក​ណាស់ វិស័យ​ក្របី ១ ក៏​ដូចជា​ក្របី ១០ ក៏​យប់​ដូចគ្នា បើ​ដូច្នេះ​អញ​គិត​ទៅ​ឃើញ​ថា​នៅ​ឃ្វាល​ទាំងពីរ​នាក់​នេះ ក៏​ជា​ការ​ព្រួយ​លំបាក​ណាស់ ព្រោះ​ពុំ​មាន​អ្នកណា​នឹង​រក​អាហារ​ស្បៀង​បញ្ជូន​មក​ឲ្យ បើ​ដូច្នេះ ចូរ​ឯង​នៅ​ឃ្វាល​តែ​ម្នាក់​ឯង​ចុះ អញ​នឹង​ទៅ​រក​ស៊ី​ឈ្នួល​ពាត់​គេ ក្រែង​បាន​ប្រាក់​កាស ក៏​នឹង​ទិញ​ស្បៀង​មក​លៀង​ចិញ្ចឹម​គ្នា ទៅ​តាម​ជាតិ​អ្នក​កំសត់ កុំ​ឲ្យ​អត់​ឃ្លាន​ពេក ឯ​ក្មេង​នោះ លុះ​បាន​ស្ដាប់​ចៅ​ប្រាក់​ថា​ដូច្នោះ​ក៏​ព្រម​តាម ទើប​ទទួល​ការ​ឃ្វាល​ក្របី​នោះ​នៅ​ម្នាក់​ឯង បើក​ឲ្យ​ចៅ​ប្រាក់​ទៅ​រក​ស៊ី​ឈ្នួល​គេ​ឯ​ភូមិ​ស្ទឹង ឯ​ចៅ​ប្រាក់​មក​រក​ធ្វើ​ការ​ស៊ី​ឈ្នួល​គេ​ក៏​រក​ធ្វើ​ពុំ​បាន ដើរ​ទៅ​ៗ បាន​ជួប​នឹង​មនុស្ស​ពាល​ម្នាក់ ឈ្មោះ​នាយ​ជា​ៗ នោះ​ជាតិ​ជា​ជ្វា​ចាម​បាន​សូម​គ្នា​ជា​មិត្ត​ភក្តិ នាំ​គ្នា​ទៅ​សំណាក់​នឹង​ផ្ទះ​នាយ​អ៊ូ​ជា​បង​ធម៌​នាយ​ជា លុះ​ថ្ងៃ ១ នាយ​ជា​និយាយ​នឹង​ចៅ​ប្រាក់​ថា យើង​នឹង​គិត​ប្រកប​ការ​រកស៊ី​តាម​គេ​អ្នក​ស្រុក​នេះ ឃើញ​ជា​ពុំ​បាន ព្រោះ​ពុំ​មាន​ដើម​ទុន​អ្វី​សោះ បើ​ដូច្នេះ​យើង​គិត​លក់​ខ្លួន​យក​ថ្លៃ​ចែក​គ្នា ឯ​ចៅ​ប្រាក់​ឆ្លើយ​ថា ត្រូវ​មែន​ហើយ​សំឡាញ់​គិត នោះ​បើ​ដូច្នេះ​សំឡាញ់​ឯង​ធ្វើ​ជា​នាយ​ចៅហ្វា​អញ​ៗ​ធ្វើ​ជា​ខ្ញុំ ឯង​យក​អញ​ទៅ​លក់​ចុះ នាយ​ជា​ឮ​ចៅ​ប្រាក់​ព្រម​ចិត្ត​ដូច្នោះ ក៏​ត្រេកអរ​ពេក​ណាស់ ទើប​នាំ​គ្នា​ទៅ​ឯ​ភូមិ​ចុង​ក្ដុល ដើរ​ស្ដាប់​ហេតុ​អ្នក​ស្រុក គឺ​ផ្ទះ​ណា​ត្រូវ​ការ​ចង់​បាន​តួ​រាង លុះ​ស៊ើប​ហេតុ​ទៅ​ក៏​ដឹង​ថា ផ្ទះ​ចៅ​ឡុច​ត្រូវ​ការ​រក​មនុស្ស​នឹង​ច្រូត​ស្រូវ ទើប​ចៅ​ប្រាក់​និយាយ​ថា​មែន​ហើយ​អ្នក​ឡុច​នោះ គាត់​ស្គាល់​អញ​ដែរ ព្រោះ​ពី​ដើម​អញ​ធ្លាប់​នៅ​ជិត​ខាង​គាត់ ប្រសិន​ជា​យើង​ទោ​រក​ប្រាក់​គាត់ គង់​គាត់​លោះ​យើង​មិន​ខាន ឯ​នាយ​ក៏​យល់​តាម ទើប​នាំ​គ្នា​ទៅ​កាន់​ផ្ទះ​ចៅ​ឡុច ដល់​ហើយ​ក៏​ឡើង​ទៅ​សំពះ​សួរ​ចៅ​ឡុច​តាម​ការ​សមគួរ ឯ​ចៅ​ឡុច​ក៏​សួរ​ថា អើ​ជី​ប្រាក់ ឯង​សព្វ​ថ្ងៃ​នេះ​ទៅ​នៅ​នឹង​អ្នក​ឯ​ណា ចៅ​ប្រាក់​ក៏​ឆ្លើយ​ថា បាទ ខ្ញុំ​បាទ​សព្វ​ថ្ងៃ​នេះ​នៅ​នឹង​អ្នក​ជា​ដែល​មក​ផង​នេះ​ឧង ឥឡូវ​នេះ គាត់​ថា​នឹង​ទៅ​ស្រុក​គាត់ គឺ​ស្រុក​បន្ទាយ​ភ្នំពេញ​វិញ គាត់​នឹង​យក​ខ្ញុំ​បាទ​ទៅ​ផង ខ្ញុំ​បាទ​ពុំ​ចង​ទៅ ព្រោះ​ស្រុក​ឆ្ងាយ គឺ​រក​ប្រាក់​ជូន​គាត់​វិញ គាត់​ក៏​ព្រម​តាម​ចិត្ត ហេតុនេះ​ខ្ញុំ​បាទ​ចូល​មក​រក​ប្រាក់​អ្នក សូម​ឲ្យ​អ្នក​មេត្តា​លោះ​ខ្ញុំ​បាទ​ផង ឯ​ចៅ​ឡុច​បាន​ស្ដាប់​ពាក្យ​ចៅ​ប្រាក់​ដូច្នោះ ក៏​សួរ​ទៅ​នាយ​ជា​ថា អើ​អ្នក​ឯង​ជា​នាយ​ជី​ប្រាក់ លោះ​គ្នា​មក​ថា នឹង​នៅ​ស្រុក​នេះ​ហើយ ហេតុដូចម្ដេច​ក៏​វិល​ទៅ​ស្រុក​បន្ទាយ​ភ្នំពេញ​វិញ នាយ​ជា​ក៏​តប​ថា កាល​ដើម​ខ្ញុំ​បាទ​ថា​ប្រុង​នឹង​នៅ​ក្នុង​ស្រុក​នេះ​ពិត​ហើយ បាន​ជា​លោះ​ជី​ប្រាក់​នេះ ដើម្បី​ជា​កំឡាំង​ជួយ​រក​ទទួល​ទាន ឥឡូវ​នេះ បង​ខ្ញុំ​បាទ​មាន​សំបុត្រ​ប្រាប់​មក​ថា ម្ដាយ​ខ្ញុំ​បាទ​ឯ​ស្រុក​នាយ​នោះ​មាន​ជម្ងឺ​ឈឺ​ជា​ទម្ងន់ ឲ្យ​ខ្ញុំ​បាទ​វិល​ទៅ​ស្រុក​ជា​ឆាប់ ហេតុនេះ ខ្ញុំ​បាទ​ទាល់​គំនិត​ប្រាជ្ញា ចំណែក​ជី​ប្រាក់​គេ​ក៏​មិន​ព្រម​ទៅ​ជាមួយ​ផង គេ​ថា​រក​ប្រាក់​ជូន​ខ្ញុំ​បាទ​វិញ ខ្លួន​ខ្ញុំ​បាទ​ម្នាក់​ឯង​បាន ជា​ដើរ​តាម​មក​ផង​នេះ ឯ​ចៅ​ប្រាក់​ឆ្លើយ​សារ​ឡើង​ថា អ្នក​ចូរ​អាណិត​ខ្ញុំ​បាទ​ផង បើ​អ្នក​មិន​សង្រ្គោះ​ខ្ញុំ​បាទ​ហើយ ខ្លួន​ខ្ញុំ​បាទ​ឃើញ​ជា គេ​យក​ទៅ​ស្រុក​បន្ទាយ​មិន​ខាន​ឡើយ ឯ​ចៅ​ឡុច​ក៏​ទទួល​ថា​ជួយ ទើប​យក​ប្រាក់ ១០០ បាទ រាប់​ឲ្យ​ទៅ​ដៃ​នាយ​ជា ហើយ​ទារ​យក​សំបុត្រ​ដើម​នោះ អំពី​នាយ​ជា​ៗ ក៏​កែ​កោង​កុហក​ថា បាទ​ទេ កាល​ខ្ញុំ​បាទ​លោះ​ចៅ​ប្រាក់​ពី​ម្ចាស់​ដើម​នោះ ទើប​បាន ៤ – ៥ ថ្ងៃ​ពុំ​ទាន់​ធ្វើ​សំបុត្រ​ទេ ថា​នឹង​ធ្វើ​ហើយ ចៅ​ប្រាក់​អង្វរ​ខ្ញុំ​បាទ​ថា ណា​ៗ​គង់​តែ​នឹង​ចេញ​ឆាប់​ទេ នឹង​ធ្វើ​សំបុត្រ​ឲ្យ​បង់​ថ្លៃ​សំបុត្រ​នោះ​ថ្វី ហេតុនោះ​បាន​ជា​គ្មាន​សំបុត្រ​ដើម​នោះ អ្នក​កុំ​រង្កៀស​ចិត្ត​ឡើយ មិន​អី​ទេ យើង​ខ្ញុំ​នេះ​មិន​អាច​នឹង​មក​ឆ​អ្នក​ផ្ដេសផ្ដាស​ឯ​ណា​បាន ស្រុក​មាន​ធ្នឹម​មាន​ប្រមេ​ទេ​អ្នក អ្នក​កុំ​សង្ស័យ​ឡើយ ចៅ​ឡុច​ក៏​ស្ងៀម​ពុំ​មាន​ថា​អ្វី​ឡើយ ប្រគល់​ប្រាក់ ១០០ បាទ​ឲ្យ​ទៅ​នាយ​ជា​ៗ បាន​ប្រាក់​ក៏​វេច​ម្នីម្នា ហើយ​លា​ចៅ​ឡុច​ចុះ​មក ប្រើ​តែ​មុខ​សំឡក់​ឲ្យ​ចៅ​ប្រាក់​ជា​សញ្ញា​ថា ព្រឹក​ស្អែក​នេះ​សឹម​ចែក​ប្រាក់​គ្នា​ឯ​ផ្ទះ​អ្នក​អ៊ូ​ចុះ ហើយ​នាយ​ជា​ដើរ​មក​ភូមិ​មាត់​ស្ទឹង​ជា​ទី​សំណាក់​ខ្លួន នាយ​ជា​កើត​លោភ​ចេតនា​ប្រាថ្នា​ចង់​បាន​ប្រាក់​នោះ​តែ​ឯង ទើប​កើត​មិត្រ​ទ្រុស្ត​ដល់​ចៅ​ប្រាក់​ជា​ភឿន​សំឡាញ់ គិត​ថា​អញ​បាន​ប្រាក់​ហើយ គួរ​អញ​វិល​ទៅ​ស្រុក​ជា​ឆាប់​នឹង​នៅ​ដោយ​យឺត​យូរ​ទៅ ក្រែង​ហេតុនោះ​នឹង​កើត​ដល់​ខ្លួន នាយ​ជា​គិត​ដូច្នោះ​ហើយ ក៏​ដើរ​ទៅ​កាន់​ផ្សារ​ស្វាយប៉ោ ប្ដូរ​ប្រាក់​បាទ​បាន​ជា​ប្រាក់​រៀល​ធំ​ចំនួន​បាន ១៦ រៀល​ហើយ ក៏​ទិញ​បាយ​ចំណី​បារី​ស្លា ជា​ស្បៀង​តាម​ផ្លូវ ពេល​យប់​នោះ​នាយ​ជា​ក៏​ចុះ​កប៉ាល់​សាលុប ទៅ​ឡើង​កប៉ាល់​ធំ​នៅ​ស្ទឹង​បាក់ព្រា​បាន វេលា​នាយ​ជា​ទៅ​ដល់​ស្រុក​ឃ្លាំង​ស្បែក​ចែក​ចាយ​ប្រាក់​នោះ តាម​អំពើ​ពុតពាល​ទៅ ឯ​ចៅ​ឡុច​នោះ​លុះ​ព្រឹក​ឡើង និយាយ​នឹង​ចៅ​ប្រាក់​ថា ចាំ​ពេល​រួច​បាយ​ព្រឹក​នេះ នឹង​នាំ​គ្នា​ទៅ​ធ្វើ​សំបុត្រ​ឯ​សាលា​ក្នុង​កំពែង ចៅ​ប្រាក់​នោះ​តាំង​តែ​ពី​នាយ​ជា​យក​ប្រាក់​ថ្លៃ​ខ្លួន​អស់​មក នៅ​មិន​សុខ​ឡើយ​ចង់​តែ​តាម​មក​យក​ប្រាក់​នោះ អំពី​ដៃ​នាយ​ជា ទើប​និយាយ​កុហក​ចៅ​ឡុច​ថា អ្នក​នឹង​នាំ​ខ្ញុំ​បាទ​ទៅ​ធ្វើ​សំបុត្រ​នោះ រឿង​ប្រាក់​ថ្លៃ​សំបុត្រ​នោះ​កុំ​ចាំ​អ្នក​ចេញ​ឡើយ ប្រាក់​ខ្ញុំ​បាទ​មាន​ហើយ តែ​ខ្ញុំ​បាទ​ផ្ញើ​ទុក​នឹង​បង​ខ្ញុំ​បាទ ឯ​ភូមិ​មាត់​ស្ទឹង​ឯ​នោះ ចាំ​ខ្ញុំ​បាទ​ទៅ​យក​ពី​គាត់​សិន ទម្រាំ​បាយ​ឆ្អិន​ខ្ញុំ​បាទ​បាន​មក​ដល់​រួច​បាយ សូម​ទៅ​ធ្វើ​សំបុត្រ​ឯ​សាលា​ក្នុង​កំពែង ខ្ញុំ​សូម​លា​អ្នក​ទៅ​យក​ប្រាក់​ពី​បង​សិន ចៅ​ឡុច​ក៏​ជឿ​តាម បើក​ឲ្យ​ចៅ​ប្រាក់​ទៅ​ភូមិ​មាត់​ស្ទឹង ចៅ​ប្រាក់​បាន​ឱកាស ក៏​ខំ​ដើរ​ស្រូត​ត្រង់​ទៅ​ផ្ទះ​អ្នក​អ៊ូ សួរ​រក​តួ​នាយ​ជា​អ្នក​អ៊ូ​ក៏​ប្រាប់​ថា នាយ​ជា​បាត់​ខ្លួន​ទៅ​តាំង​ពី​ថ្ងៃ​ម្សិល​មិញ ពុំ​ឃើញ​មក​ដេក​ដូច​កាល​ពី​មុខ​ៗ​នោះ​ទេ ចៅ​ប្រាក់​ធ្លាក់​ចិត្ត​គិត​ថា​អេះ អាជា​នេះ បាន​ប្រាក់​ច្រើន​ហើយ​ទំនង​ជា​គេច​វេះ មិន​ចង់​ចែក​អញ​ទេ​ដឹង ចៅ​ប្រាក់​គិត​ហើយ តាំង​ដើរ​ស៊ើប​សួរ​ដំណឹង​នាយ​ជា​តៗ​ទៅ មាន​គេ​ដឹង​ឮ​ខ្លះ​គេ​ក៏​ប្រាប់​ថា នាយ​ជា​នោះ​ចំពោះ​ជា​ចុះ​កប៉ាល់​ទៅ​ស្រុក​វា​ហើយ ចៅ​ប្រាក់​ឮ​ថា នាយ​ជា​ទៅ​ស្រុក​ដូច្នោះ ក៏​កើត​ទោមនស្ស​តូច​ចិត្ត គិត​ខេរខឹង​នឹង​នាយ​ជា​ជ្វា​ឃ្លាំង​ស្បែក​ក្រៃ​ពេក ព្រោះ​ពុំ​សម​ដូច​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន ម្ល៉ោះ​ហើយ​ចៅ​ប្រាក់​ក៏​ដើរ​វេះ​ពាត់​គេច​វេះ មិន​ឲ្យ​ចៅឡុច ជា​នាយ​នោះ​ឃើញ​ឡើយ ឯ​ចៅឡុច​ជា​ម្ចាស់​ប្រាក់​លុះ​ដល់​ពេល​បាយ​ក៏​ពុំ​ឃើញ​រូប​ចៅ​ប្រាប់​មក នៅ​រង់​ចាំ​អស់​ពេល​យប់​ពេល​ថ្ងៃ ក៏​ពុំ​ឃើញ ចៅ​ឡុច​កើត​សេចក្ដី​ក្ដៅ​ក្រហាយ ក៏​ដើរ​ស៊ើប​សួរ​រក​ពួក​ចៅ​ប្រាក់​នោះ​តែ​រាល់​ថ្ងៃ​រាល់​វេលា កន្លង​ទិវា​រាត្រី​ជា​យូរ​ថ្ងៃ​ទៅ ។ ថ្លែង​ឯ​ក្មេង​ជា​បាវ​លោក​សុភាទេស ដែល​ចៅ​ប្រាក់​ឲ្យ​ឃ្វាល​គោ ក្របី​នៅ​ជួស​ជា​ជំនួស​ខ្លួន​នោះ លុះ​កន្លង​យូរ​ថ្ងៃ​មក ពុំ​ឃើញ​ចៅ​ប្រាក់​វិល​ទៅ​វិញ​ដូច្នោះ ស្បៀង​អាហារ​ក៏​អស់​ទៅ ថ្ងៃ ១ នោះ​ក្មេង​ដែល​ទទួល​បញ្ញើ​ឃ្វាល​ក្របី​នោះ​ក៏​ទៅ​ផ្ទះ ដើម្បី​នឹង​យក​ស្បៀង​អាស្រ័យ ទើប​ជំរាប​លោក​សុភា​ថា ចៅ​ប្រាក់​នោះ​វា​ប្រាប់​ខ្ញុំ​ថា មក​ស៊ី​ឈ្នួល​គេ​បាន ២ – ៣ ថ្ងៃ ឲ្យ​ខ្ញុំ​បាទ​នៅ​ឃ្វាល​ក្របី​ចាំ​វា ឥឡូវ​នេះ បាត់​ខ្លួន​ចំនួន ១៥ ថ្ងៃ​នេះ​ហើយ ពុំ​ឃើញ​វិល​ទៅ​វិញ​ឡើយ ពុំ​ដឹង​ជា​ទៅ​ដំបន់​ណា ខ្ញុំ​បាទ​នៅ​ឃ្វាល​តែ​ម្នាក់​ឯង​ទេ លំបាក​ពេក​ណាស់ លោក​សុភាទេស​ឮ​ថា ចៅ​ប្រាក់​វេះ​រត់​បាត់​ខ្លួន​ជា​យូរ​ដូច្នោះ​ហើយ ក៏​ចាត់​ប្រើ​អ្នក​បំរើ​ឲ្យ​ដើរ​រក​តួ​ចៅ​ប្រាក់ អ្នក​បំរើ​ដើរ​ស៊ើប​រក​ទៅ ក៏​បាន​ទៅ​ជួប​នឹង​ចៅ​ប្រាក់​នៅ​តៀម​ចិន ទើប​គេ​ចាប់​តួ​ចៅ​ប្រាក់​មក​ជូន​លោក​សុភា ។ ក៏​ឲ្យ​ដាក់​ច្រវាក់​លៀម​ចៅ​ប្រាក់​ប្រើ​ឲ្យ​ជំរះ​ស្មៅ បោស​សម្រាម​ផ្ចាល​មុខ​ផ្ទះ​លោក​សុភា ។ ឯ​ចៅ​ឡុច​ដើរ​តាម​រក​តួ​តែ​សព្វ​ៗ​ថ្ងៃ លុះ​ថ្ងៃ ១ ចៅ​ឡុច​ដើរ​ទៅ​ស៊ើប​រក​ឯ​ផ្សារ​ស្វាយប៉ោ លុះ​មក​ដល់​ភូមិ​ផ្ទះ​លោក​សុភា បែរ​មើល​ទៅ​ស្រាប់​តែ​ឃើញ​ចៅ​ប្រាក់ ជាប់​ច្រវាក់​លៀម​បោស​សម្រាម​នៅ​មុខ​ផ្ទះ​លោក​សុភា ចៅ​ឡុច​ក៏​នឹក​ថា ចៅ​ប្រាក់​នេះ​មាន​ទោស​អ្វី​អេះ បាន​ជា​លោក​ដាក់​ច្រវាក់​វា​នេះ គិត​ហើយ ក៏​ដើរ​ចូល​ទៅ​រក​លោក​សុភា ដល់​ហើយ​ក៏​អង្គុយ​លុត​ជង្គង់​សម្ពះ ដោយ​ខ្លួន​ជា​អ្នក​តូច ធ្លាប់​កោត​ខ្លាច​អ្នក​ធំ ជំរាប​សួរ​ថា « សូម​មេត្តា​អត់​ទោស​ចុះ ចៅ​ប្រាក់​នេះ​កើត​ហេតុ​អ្វី បាន​ជា​ព្រះតេជ ព្រះគុណ​ដាក់​ច្រវាក់​វា ? លោក​សុភា​ប្រាប់​ថា « ឱ​អ្នក​អើយ​ខ្ញុំ​មិន​ចង់​និយាយ​ទេ អា​ប្រាក់​នេះ ពេញ​ជា​ខូច​ខិល​ណាស់ ខ្ញុំ​ឯង​ឲ្យ​ទៅ​ឃ្វាល​ក្របី​ឯ​វាល​ស្រែ​ក្រៅ វា​មិន​នៅ​ឃ្វាល​ក្របី​ឡើយ វា​ចេះ​តែ​ដើរ​វេះ​ពាត់​ផ្ដេសផ្ដាស​វរ​ណាស់ ហេតុនេះ​បាន​ជា​ខ្ញុំ​ឯង​ឲ្យ​ដាក់​ច្រវាក់​វា​នេះ ឯ​ចៅ​ឡុច​ឮ​ដូច្នោះ​ហើយ ក៏​ដឹង​រឿង​ជា​ចៅ​ប្រាក់​នេះ វា​ជា​ខ្ញុំ​លោក​សុភា​ពិត​ប្រាកដ ខ្លួន​ទៅ​លោះ​វា​នោះ​ខុស​ច្បាប់​ហើយ ចៅ​ឡុច​ទាល់​ប្រាជ្ញា​ក៏​អង្គុយ​ស្ងៀម​នៅ លោក​សុភា​ក៏​សួរ​ថា ចុះ​អ្នក​ឯង​ត្រូវ​ការ​អ្វី​បាន​ជា​មក​សួរ​រឿង​អា​ប្រាក់​នោះ » ។ ចៅ​ឡុច​ក៏​ជំរាប​តាម​រឿង​ខ្លួន មិន​ដឹង​ជា​ចៅ​ប្រាក់​ខ្ញុំ​គេ ខ្លួន​បាន​លោះ​វា​បង់​ប្រាក់ ១០០ បាទ តាំង​ពី​ដើម​ដល់​ចុង ជំរាប​លោក​សុភា​សព្វ​ប្រការ លោក​សុភា​ក៏​សើច​ហើយ​ថា « មិន​អី​ទេ​អ្នក​ឡុច ខ្ញុំ​ឯង​បើក​ឲ្យ ចូរ​អ្នក​យក​ប្រាក់ ២០០ បាទ មក​លោះ​យក​វា​ទៅ​ចុះ » ។ ចៅ​ឡុច​ក៏​ទាល់​គំនិត​ឆ្លើយ​ថា « ខ្ញុំ​បាទ​ជា​អ្នក​ក្រ នឹង​បាន​ប្រាក់​ពី​ណា ២០០ បាទ នោះ​មក​ថែម​លោះ​វា​ទៀត តែ​ប្រាក់ ១០០ បាទ ដែល​បង់​មុន​នោះ​គឺ​ខ្ចី​គេ​ខ្ចី​ឯង​ផ្សំ​ផង​ទេ » ។ លោក​សុភា​ថា « បើ​ដូច្នោះ​ប្រាក់​ដែល​បង់​នោះ​មិន​ខូច​ទៅ​ហើយ​ហៈ នឹង​ចាំ​ទារ​ពី​វា​នោះ​កាលណា​នឹង​បាន ខ្ញុំ​ឯង​មិន​ចេញ​ទៀត​ទេ​ថ្លៃ​ហួស កំណត់​ហើយ ឲ្យ​អ្នក​ឯង​ចេញ​យក​វា​ទៅ​ចុះ សូម​ធ្វើ​សំបុត្រ​ដាក់​ជា ៣០០ បាទ​ទៅ ។ ចៅ​ឡុច​ក៏​ទាល់​ទុញ​ចិត្ត​ណាស់ អង្គុយ​គិត​ៗ​ទៅ​ក៏​យល់​ការ ទើប​សួរ​ទៅ​ចៅ​ប្រាក់​ថា « អើ​ចៅ​ប្រាក់ អាដែង​ដែល​វា​នាំ​ឯង​ទៅ​លក់​នោះ តើ​ឈ្មោះ​អី វា​នៅ​ឯណា​សព្វ​ថ្ងៃ​នេះ ! ចៅ​ប្រាក់​ប្រាប់​ថា « អា​នោះ​ឈ្មោះ​អា​ជា ជាតិ​ជា​ជ្វា នៅ​ស្រុក​បន្ទាយ​ភ្នំពេញ ឥឡូវ​វា​រត់​ទៅ​ស្រុក​វា​ហើយ ប្រាក់​នោះ​វា​យក​ទាំងអស់​ទៅ ពុំ​បាន​ចែក​ឲ្យ​ខ្ញុំ​បាទ​ទេ» ។ ចៅឡុច​សួរ​សាំ​ទៅ​ទៀត​ថា « ចុះ​កាល​វា​មក​នៅ​ស្រុក​យើង​នេះ តើ​វា​សំណាក់​នៅ​ផ្ទះ​អ្នកណា​ឯង ? « បាទ​ទាន វា​សំណាក់​នៅ​ផ្ទះ​អ្នក​នាង​អ៊ូនាង ជា​ភូមិ​ផ្ទះ​នៅ​ក្រោម​ភូមិ​លោក​មហា​ថៃ » ។ ចៅ​ឡុច​ឮ​ដូច្នោះ​ហើយ ក៏​លា​លោក​សុភា ចុះ​ម្នីម្នា​ទៅ​ភូមិ​ក្រោម ស៊ើប​ទី​សំណាក់​នាយ​ជា នឹង​មេ​ស្រុក​ភូមិ​នោះ បាន​ដឹង​ច្បាស់​ថា អ្នក​អ៊ូ​ជា​មនុស្ស​គប់​គិត​នឹង​មនុស្ស​អាក្រក់ យក​មនុស្ស​អាក្រក់​ឲ្យ​សំណាក់​នៅ​ផ្ទះ ចៅ​ឡុច​ក៏​ធ្វើ​រឿងរ៉ាវ​ប្ដឹង​យក​អ្នក​អ៊ូ ហើយ​ទៅ​ប្ដឹង​ឯ​សាលា​ក្នុង​កំពែង ។ ឯ​ចៅក្រម​ទទួល​ពាក្យ​បណ្ដឹង​នោះ​មើល​ដឹង​សេចក្ដី​ហើយ ក៏​ឲ្យ​ទៅ​កោះ​យក​នាយ​អ៊ូ​មក​ជំនុំ​ជំរះ​ពិភាក្សា​តាម​ពាក្យ​ចោទ ។ អ្នក​អ៊ូ​អាច​ឲ្យ​ការ​កាត់​បណ្ដឹង ព្រោះ​ចោទ​អាង​មេ​ស្រុក​ជា​បន្ទាល់​សំខាន់ ទាល់​ប្រាជ្ញា​ក៏​ទទួល​សារភាព​ថា ខ្លួន​ឲ្យ​សំណាក់​គប់​គិត​ពិត​មែន ។ ទើប​ចៅក្រម​កាត់​ក្ដី​នោះ​ឲ្យ​អ្នក​អ៊ូ​សង​ប្រាក់​អ្នក​ដើម​ចោទ​ជា​ប្រាក់ ១០០ បាទ អ្នក​អ៊ូ​សូម​សន្យា ៣ ថ្ងៃ នឹង​យក​ប្រាក់​នោះ​មក​បង់ ហើយ​ទៅ​ផ្ទះ​តាម​រៀង​ខ្លួន លុះ​ដល់​កំណត់​អ្នក​អ៊ូ​យក​ប្រាក់ ១០០ បាទ​ទៅ​បង់​សាលា ប្រគល់​ឲ្យ​ទៅ​ដៃ​លួង​ស្រី​អញ្ជិត​ៗ នោះ ជា​អ្នក​ជក់​អាភៀន​ពុំ​មាន​សេចក្ដី​អៀនខ្មាស ក៏​យក​ប្រាក់​នោះ​ចាយ ទិញ​ស្រា​អាភៀន​ជក់​ស៊ី​ទៅ​តាម​អំណាច​ខ្លួន​ពាល ។ លុះ​ដល់​ពេល​ល្ងាច​ចៅ​ឡុច​ឡើង​ទៅ​ចាំ​ទទួល​ប្រាក់​នោះ​តាម​សញ្ញា ឯ​លួង​ស្រី​អញ្ជិត​ឃើញ​ចៅ​ឡុច​មក​ចាំ​យក​ក៏​និយាយ​ថា ប្រាក់​នោះ​នាយ​អ៊ូ​គេ​យក​មក​បង់​ឲ្យ​ហើយ តែ​ខ្ញុំ​យក​ទៅ​ទុក​ឯ​ផ្ទះ​ខ្ញុំ​ឯ​នោះ​ហើយ ឥឡូវ​នេះ ខ្ញុំ​ឯង​ធុរៈ​នឹង​ការ​លោក​ម្ចាស់​រវល់​ពេក​ណាស់ នឹង​ទៅ​យក​ឲ្យ​អ្នក​ឯង​ពុំ​បាន​ចាំ​ថ្ងៃ​ខាន​ស្អែក​ចុះ​សូម​មក​យក ចៅ​ឡុច​ក៏​ទាល់​សំដី​នៅ​ស្ងៀម ទើប​លា​លួង​ស្រី​អញ្ជិត​មក​ផ្ទះ​វិញ លុះ​កន្លង​ទៅ​បាន​ពី​ថ្ងៃ ចៅ​ឡុច​ឡើង​ទៅ​ផ្ទះ​លួង​ស្រី​អញ្ជិត​ៗ​នោះ ឃើញ​ចៅ​ឡុច​មក​ដល់​ផ្ទះ​ខ្លួន ក៏​វេះ​គេច​ពួន​លាក់​ខ្លួន​ពុំ​ឲ្យ​ជួប​នឹង​ចៅ​ឡុច​ៗ នៅ​ចាំ​អស់​ចិត្ត តាំង​ពី​ព្រឹក​ដល់​ល្ងាច​ក៏​ពុំ​ជួប ចៅ​ឡុច​រឹង​តែ​រំខាន​ពេក​ណាស់ មិន​បាន​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះ​នៅ​យូរ​ថ្ងៃ​ទៅ ចៅ​ឡុច​ក៏​ឧស្សាហ៍​ឡើង​យក​ប្រាក់​នោះ​ទៀត​ក៏​ពុំ​បាន ស្រី​អញ្ជិត​ចេះ​តែ​និយាយ​កុហក​ទៅ​ផ្សេង​ៗ ចៅ​ឡុច​ទារ​យក​ប្រាក់​ពុំ​បាន​រឹង​តែ​ព្រួយ​ចិត្ត​ខ្លាំង ទញ់​គំនិត​ក៏​គិត​ធ្វើ​រឿងរ៉ាវ​ក្លាយ​ទោស​លួង ស្រី​អញ្ជិត​នោះ ប្ដឹង​លោក​កថា​ថន​ៗ លោក​ក៏​ខឹង​នឹង​លួង​ស្រី​អញ្ជិត ព្រោះ​កោង​ឆ​រាស្រ្ត ទើប​លោក​ឲ្យ​ឃុំ​ខាំង​ដាក់​ទោស​ស្រី​អញ្ជិត​នោះ ។ ឯ​ចៅ​ឡុច​សោត​ក៏​ពុំ​អាច​ប្ដឹង​ទារ​យក​ប្រាក់​នោះ​ទៀត​ឡើយ ព្រោះ​ស្រី​អញ្ជិត​នោះ​ត្រូវ​ក្ដី​ហើយ ប្រាក់​នោះ​ក៏​សាបសូន្យ​អសារ​ឥត​ការ​ទៅ​ហោង ។ រឿង​ពាល​យ៉ាង​នេះ​ឯង​ស្ដាប់​មើល​ចុះ ចៅ​ឡុច​ខូច​ប្រាក់​នោះ​ព្រោះ​ពុំ​មាន​សតិ​សម្បជញ្ញៈ​ត្រិះរិះ​ឲ្យ​ល្អិត​ល្អ ការ​ដែល​ឆោត​លុះ​អំណាច​ពាល​នោះ ព្រោះ​តែ​សេចក្ដី​ប្រាថ្នា ប្រារព្ធ​នូវ​វត្ថុ​រឿយ​ៗ ទើប​បង្កើត​ជា​ផ្លូវ​មនុស្ស​ពាល​វា​ដើរ​ចូល​បាន បុរាណ​លោក​ថា ឯ​សេចក្ដី​ឃ្លាន​បាយ ១ ឃ្លាន​ទ្រព្យ ១ ឃ្លាន​ស្រឡាញ់ ១ ទាំង ៣ នេះ ជា​រោគ​ពោល​គឺ​ជម្ងឺ តែ​ជម្ងឺ​នេះ​មាន​ដល់​រូប​ណា​ហើយ រូប​នោះ​គង់​នឹង​ឆោត​មិន​លែង ហើយ​មនុស្ស​ពាល​វា​ចូល​បៀតបៀន​មិន​ខាន​ឡើយ ព្រោះ​សេចក្ដី​ឃ្លាន​អ្នក​ស្រុក​សន្សំ​ទុក​មក​រឿយ​ៗ ហើយ​ដូច​យ៉ាង​ចៅ​ពាល​ម្នាក់​វា​ទៅ​បៀតបៀន​លោក​សង្ឃ ឲ្យ​បង់​ប្រាក់ ៥០ រៀល​ឯង​ចាំ​ស្ដាប់​មើល​ចុះ អញ​នឹង​សំដែង​ប្រាប់​ថា :