គតិលោក/ភាគទី២/3

113182គតិលោក, ភាគទី២រឿង​លោក​គ្រូ​ចៅអធិការ​វត្ត​កោះឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​លោក​គ្រូ​ចៅអធិការ​វត្ត​កោះ



កាល​នោះ​មាន​បុរស​ម្នាក់​វា​ដឹង​ថា លោក​ចៅអធិការ​វត្ត​កោះ​ស្រុក​ទន្លេ​ធំ លោក​នោះ​បរិបូណ៌​ដោយ​លាភ​សក្ការៈ​ច្រើន ចំរើន​ចិត្ត​ប្រព្រឹត្ត​ទៅ​ក្នុង​លោក បង្កើត​សេចក្ដី​លោភ​រឿយ​ៗ ។ ថ្ងៃ ១ បុរស​ពាល​ម្នាក់​វា​ស្លៀកពាក់​រៀបរយ​សុភាព​រាបសា ប្រើ​អាការ​កិរិយា​ដូច​ជា​ឧបាសក​អ្នក​រក្សា​សីល ដែល​មាន​សទ្ធា​ក្នុង​ព្រះពុទ្ធ​សាសនា ចូល​ទៅ​រក​លោក​ចៅអធិការ​ៗ ក៏​ធ្វើ​បដិសណ្ឋារៈ​ទទួល​តាម​សមគួរ ។ ចៅ​ពាល​ក៏​និយាយ​ថា ខ្ញុំ​ករុណា​នឹង​គិត​ធ្វើ​បុណ្យ​ម្ដាយ​ក្នុង​ខែ​ប្រាំង​នេះ ឯ​គ្រឿង​ទេយ្យទាន​គឺ​ត្រៃចីវរ ចំណែក​ខាង​លោក​ឡើង​ខ្នាន​មាតិកា​នោះ ក៏​បាន​ជាវ​គេ​ស្រេច​អស់​ហើយ ត្រៃចីរ​ខាង​លោក​ទេសនា​សង្គាយនា​គ្រែ ៣ នោះ ក៏​បាន​ចាត់ចែង​ស្រេច​អស់​ហើយ នៅ​តែ​ត្រៃ​ចំណែក​អភិធម្ម​នោះ ពុំ​ទាន់​ធ្វើ​នៅ​ឡើយ ព្រោះ​បងប្អូន​កូន​ប្រពន្ធ ខ្ញុំ​ករុណា​ពីគ្រោះ​យល់​ព្រម​គ្នា​ថា លោក​ឡើង​ព្រះអភិធម្ម​នោះ គួរ​ដល់​ព្រះតេជ ព្រះគុណ​ជា​ម្ចាស់​នេះ ខ្ញុំ​ករុណា​មក​នេះ សូម​អារាធនា​និមន្ត​ព្រះ​តេជ​ព្រះ​គុណ​ឡើង​ព្រះ​អភិធម្ម នាំ​ផ្លូវ​ឲ្យ​មាតា​ខ្ញុំ​ករុណា​ក្នុង​ការ​បុណ្យ​នេះ​ឲ្យ​ទាន ឯ​ត្រៃ​សម្រាប់​ប្រគេន​នោះ ចាំ​មក​មើល​ត្រៃ​ព្រែ​របស់​ព្រះតេជ​ព្រះគុណ​ឯ​នេះ ជា​ព្រះគុណ​សព្វ​ព្រះហឫទ័យ​ព្រៃ​បែប​ណា ក៏​នឹង​ទិញ​ព្រែ​ខ្នាត​នោះ​ឲ្យ​ត្រូវ​ព្រះហឫទ័យ សូម​ទាន​ព្រែ​ត្រៃ​គំរូ​មើល​នឹង​បាន​ចាត់ចែង​តាម ឯ​លោក​ចៅអធិការ​ឮ​ចៅ​ពាល​ពោល​ត្រូវ​ចិត្ត​ដូច្នោះ​ហើយ ក៏​តប​ថា​ចំរើន​ពរ ត្រៃ​ព្រែ​អាត្មាភាព​មាន​ខ្លះ​ដែរ តែ​មិន​សូវ​ត្រូវ​ចិត្ត​អាត្មា​ប៉ុន្មាន​ទេ បើ​ឧបាសក​មាន​សទ្ធា​យ៉ាង​នេះ មាន​តែ​ទៅ​មើល​ត្រៃ​ឯ​ផ្សារ​ត្រើយ​ម្ខាង ព្រែ​យ៉ាង​ណា​ក៏​មាន សូម​ទាន​បើ​ដូច្នោះ និមន្ត​ព្រះតេជ​ព្រះគុណ​ជូន​ខ្ញុំ ព្រះករុណា​ទៅ​មើល បើ​ត្រូវ​ព្រះហឫទ័យ​ព្រែ​បែប​ណា ខ្ញុំ​ព្រះករុណា​នឹង​ជាវ​បែប​នោះ​មក​ធ្វើ​ប្រគេន​ចំរើន​ពរ បាន​មិន​អី​ទេ ថា​ហើយ​ចៅអធិការ​ហៅ​ប្រើ​កូន​សិស្ស​ឲ្យ​ទៅ​រៀប​ទូក​ក្ដារ ឯ​ក្មេង​កូន​សិស្ស​ក៏​នាំ​គ្នា​រៀប​ទូក​បញ្ចុះ​លោក​គ្រូ​នឹង​ចៅ​ពាល​នោះ ចែវ​ឆ្ពោះ​ត្រង់​ទៅ​ដល់​ត្រើយ​ម្ខាង ទំនង​យ៉ាង​ផ្សារ​ស្រុក​រកាកោង ទើប​ចាត់​ឲ្យ​អ្នក​ចែវ​នៅ​ចាំ​ទូក លោក​ចៅអធិការ​ក៏​នាំ​ចៅ​ពាល​នឹង​ក្មេង​ស្ពាយ​យាម​ឡើង​ទៅ​ផ្សារ ដើរ​ទៅ​ដល់​ផ្ទះ​ចិន​ៗ ក៏​និមន្ត​ឲ្យ​ចូល​ទៅ ចិន​ឃើញ​លោក​គ្រូ​ធំ​មក​ផ្ទះ​ខ្លួន ក៏​ត្រេកអរ​រៀប​អាសនា​និមន្ត​លោក​ឲ្យ​គង់​ហើយ​សួរ​ថា លោក​គ្រូ​ម្ចាស់​និមន្ត​មក​ដោយ​ត្រូវ​ការ​អ្វី ? ។

ចំរើន​ពរ អាត្មាភាព​ជូន​ឧបាសក​នេះ​មក​ទិញ​ព្រែ​ធ្វើ​ត្រៃ ព្រែ​សៀងហៃ​យ៉ាង​ល្អ​នោះ តើ​ជា​មាន​ខ្លះ​ដែរ ឬ​អ្នក​ដង្ខៅ ។

ករុណា​ម្ចាស់​មាន​ខ្លះ​ដែរ លោកគ្រូ​ម្ចាស់​ត្រូវ​ការ​ខ្ញុំ​ករុណា​នឹង​យក​មក​ប្រគេន​ទត​មើល ។ ចំរើន​ពរ​យក​មក​មើល​អ្នក​ដង្ខៅ ។ ចិន​ក៏​រើ​ព្រែ​ច្រើន​ក៏​ស្រាយ​លាត​ឲ្យ​លោក​គ្រូ​នឹង​ចៅ​ពាល​នោះ​មើល លុះ​រើស​មើល​ទៅ​បាន​ព្រែ​ល្អ​២ កី លោក​ចៅអធិការ​ក៏​និយាយ​ទៅ​កាន់​ចៅ​ពាល​នោះ​ថា ព្រែ ២ កី​នេះ​ត្រូវ​ចិត្ត​អាត្មា​ហើយ បើ​អ្នក​ត្រូវ​ការ​នឹង​សាង​ត្រៃ គប្បី​យក​ព្រែ​ខ្នាត​នេះ​ចុះ ។ ចៅ​ពាល​ក៏​តប​ថា ករុណា​ម្ចាស់​បើ​ព្រះតេជ ព្រះគុណ​សព្វ​ព្រះ​ហឫទ័យ​ហើយ ខ្ញុំ​ករុណា​នឹង​ជាវ ចុះ​ថ្លៃថ្នូរ​ប៉ុន្មាន​អ្នក​ដង្ខៅ ។ ចិន​ក៏​កាត់​ថ្លៃ ៥០ រៀល​ជា​ការ​ដាច់​ខាត ចៅ​ពាល​ក៏​ថា បាទ​ខ្ញុំ​បាទ​យក​ហើយ ធ្វើ​ម្ដេច​ឯង​ប្រារព្ធ​ធ្វើ​បុណ្យ ចំពោះ​ព្រះតេជ ព្រះគុណ​ហើយ ទោះ​ថ្លៃ​យ៉ាង​ណា​ក៏​ចេះ​តែ​យក តែ​ប្រាក់​ខ្ញុំ​ជាប់​មក​នេះ​តែ ២០ រៀល​ទេ មិន​គ្រប់គ្រាន់ បើ​ដូច្នេះ​សូម​និមន្ត​ព្រះគុណ​នៅ​គង់​រង់​ចាំ ខ្ញុំ​ព្រះករុណា​នឹង​ទៅ​យក​ប្រាក់​អំពី​បង​នៅ​ភូមិ​លើ​មក​បង្រ្គប់ លោក​ចៅអធិការ​ក៏​ថា​ចំរើន​ពរ អញ្ជើញ​ទៅ​ឲ្យ​ឆាប់​ចុះ អាត្មា​នៅ​រង់​ចាំ​នៅ​នេះ ឯ​ចៅ​ពាល​ក៏​លា​លោក​នឹង​ចិន​ទៅ​ភូមិ​លើ ដើរ​អម​ទៅ​កំពង់​ដែល​ចត​ទូក ហើយ​ប្រាប់​កូន​សិស្ស​ដែល​ចែវ​ទូក​មក​នោះ​ថា ឥឡូវ​ព្រះតេជ​ព្រះគុណ​ច្រើ​ឲ្យ​យើង​នាំ​ចៅ​ឯង​ទៅ​យក​ប្រាក់ ៥០ រៀល​ឯ​កុដិ​លោក ឯ​ពួក​កូន​សិស្ស​ទាំងនោះ​ក៏​ជឿ​តាម ទើប​ចុះ​ចែវ​ទូក​ឆ្លង​មក​ដល់​វត្ត​កោះ​ហើយ ក៏​ឡើង​ទៅ​ប្រាប់​លោក​សង្ឃ​ដែល​រក្សា​កុដិ​កាន់​កូន​សោ​នោះ​ថា ព្រះតេជ​ព្រះគុណ​ប្រើ​ឲ្យ​មក​យក​ប្រាក់ ៥០ រៀល ទៅ​ឲ្យ​ថ្លៃ​ទំនិញ​ចិន ឯ​លោក​សង្ឃ​រក្សា​កុដិ​ក៏​ជឿ ទើប​ចាក់​សោ​ហិប​បើក​យក​ប្រាក់ ៥០ រៀល ប្រគល់​ឲ្យ​ទៅ​ដៃ​ចៅ​ពាល​ៗ ក៏​នាំ​កូន​សិស្ស​ចុះ​ចែវ​ទូក​ឆ្លង​វិល​ទៅ​ត្រើយ​វិញ លុះ​ដល់​ហើយ​ចៅ​ពាល​ថា ចៅ​ឯង​ទាំងអស់​គ្នា​នៅ​ចាំ​ទូក​ចុះ ខ្ញុំ​ឯង​នឹង​យក​ប្រាក់​នេះ​ទៅ​ប្រគេន​លោក​គ្រូ ថា​ហើយ​ក៏​ឡើង​ម្នីម្នា​ចេញ​ទៅ​ទិស​បូព៌ មាន​មុខ​ឆ្ពោះ​ត្រង់​ចូល​ព្រៃ​យក​ប្រាក់​នោះ ទៅ​កែខៃ​បរិភោគ​តាម​ប្រាថ្នា ។

ថ្លែង​ឯ​លោក​ចៅអធិការ នៅ​រង់​ចាំ​ចៅ​ពាល​តាំង​តែ​ពី​ពេល​ថ្ងៃ​ត្រង់ លុះ​ដល់​ពេល​ល្ងាច ចិន​ក៏​បំរុង​ទឹក​តែ​ស្ករ​ស អស់ ៣ – ៤ ប៉ាន់ ក៏​ពុំ​ឃើញ​ចៅ​ពាល​នោះ​មក ម្ល៉ោះ​ហើយ​រំខាន​ព្រះហឫទ័យ​ខ្លាំង ក៏​ឲ្យ​ចិន​នោះ​យក​ព្រែ​ទៅ​ទុក ចំរើន​ពរ​លា​ចិន ចុះ​មក​កាន់​កំពង់​ទឹក ហៅ​សិស្ស​ឲ្យ​ចែវ​ទូក​ឆ្លង​វិល​ទៅ​វត្ត​កោះ តាំង​ពោល​ជេរ​ចៅ​ពាល​នោះ​ថា អា​ឧបាសក​ចង្រៃ​ឲ្យ​ឯង​ជូន​មក​ទិញ​ព្រែ​ធ្វើ​ត្រៃ ត​ថ្លៃ​ចិន​ស្រេច​ហើយ វា​វេះ​ទៅ​ឯណា​បាត់ ឲ្យ​ឯង​លំបាក​ចាំ​ផ្លូវ​វា​អស់ ១ ថ្ងៃ​ទទេ​ទៅ ឯ​កូន​សិស្ស​អ្នក​ចែវ​ទូក​ឮ​លោក​គ្រូ​ពោល​ដូច្នោះ ក៏​ទូល​ថា​ឧបាសក​នោះ គាត់​មក​ឲ្យ​ពួក​យើង​ខ្ញុំ​នេះ ចែវ​ទូក​បញ្ជិះ​គាត់​ឆ្លង​ទៅ​យក​ប្រាក់ ៥០ រៀល អំពី​លោក​បង​ដែល​ចាំ​កុដិ គាត់​ថា ព្រះតេជ​ព្រះគុណ​ប្រើ​ឲ្យ​ទៅ​យក​ប្រាក់​នោះ​បាន​ហើយ គាត់​ក៏​ឡើង​ពី​កំពង់​ទៅ ថា​យក​ប្រាក់​ទៅ​ប្រគេន​ព្រះតេជ​ព្រះគុណ​ឯ​ផ្សារ ព្រះ​ករុណា​មិន​ឃើញ​គាត់​ទៅ​ដល់ ព្រះតេជ​ព្រះគុណ​ទេ​ឬ លោក​ចៅ​អធិការ​ថា ឱ​អី​ចុះ​អា អញ​មាន​ប្រើ​ឲ្យ​វា​ទៅ​យក​ប្រាក់​កាលណា វេលា​អញ​មក​ថា វា​ទៅ​យក​ប្រាក់​អំពី​បងប្អូន​វា ឯ​ភូមិ​លើ​ទេ នេះ​វា​ប្រែ​ថា​អញ ​ប្រើ​វា​មក​យក​ប្រាក់​ឯ​កុដិ​អញ​វិញ អើ​បើ​ដូច្នោះ​វា​អស់​ហើយ​ប្រាក់​អញ​នោះ អា​ឯង​ទាំងអស់​គ្នា​មិន​គួរ​ទៅ​ជឿ​វា ខំ​ចែវ​ទូក​ពីរ​បី​ត្រឡប់ ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់ ហើយ​ពួក​អ្នក​ចែវ​ទូក​ថា នឹង​មិន​ជឿ​វា​ឯណា​បាន ព្រោះ​វា​ឡើង​ទៅ​ជាមួយ​នឹង​ព្រះតេជ​ព្រះគុណ លោក​ចៅអធិការ​ក៏​ទាល់​សំដី​នឹង​ពួក​កូន​សិស្ស ថា​អើ​បើ​ដូច្នោះ​ខំ​ចែវ​ទៅ​ឲ្យ​ឆាប់ ត្បិត​ពេល​ជិត​យប់​ហើយ ក្រែង​ត្រូវ​ខ្យល់​ព្យុះ​ខ្លាំង ផាត់​មកលិច​ទូក​ក្ដារ​ណា​អា, អ្នក​ចែវ​ក៏​នាំ​គ្នា​ខំ​ចែវ​ទូក ត្រា​តែ​ដល់​កំពង់​វត្ត ល្មម​ពេល​ម៉ោង ៨ – ៩ យប់ លោក​ចៅអធិការ​ទៅ​ដល់​កុដិ​ហើយ ក៏​រឹត​តែ​កើត​ទោសា​បន្ទោស​ទៅ​លោក ដែល​នៅ​ចាំ កុដិ​ថា មិន​គួរ​ទៅ​ជឿ​មនុស្ស​នឹង​ដល់​ចាក់​សោយ​យក​ប្រាក់​ឲ្យ​ទៅ អា​មនុស្ស​ពាល​នោះ​សោះ លោក​ដែល​នៅ​ចាំ​កុដិ​ឆ្លើយ​ថា មិន​ជឿ​ឯណា​បាន ព្រោះ​ក្មេង​ចែវ​ទូក​វា​មក​ផង លោក​គ្រូ​ក៏​ទញ់​ទាល់​នៅ​ៗ​នោះ​ទៀត មាន​សេចក្ដី​ពុំ​សប្បាយ ដោយ​ចាញ់​កល​មនុស្ស​ដោយ​ប្រការ​យ៉ាង​នេះ ។

ចប់​រឿង​លោក​គ្រូ​វត្ត​កោះ អស់​សេចក្ដី​ត្រឹម​នេះ ។

ពាក្យ​ក្មេង​វា​ច្រៀង​ថា សង្ឃ​អើយ​លោក​សង្ឃ​តែ​មាន​ចំណង់ គង់​បង់​បច្ច័យ លោក​គ្រូ​វត្ត​កោះ ព្រោះ​ត្រេក​នឹង​ត្រៃ អា​ពាល​ចង្រៃ វ៉ៃ​បាន​ហា​សិប ។

រឿង​ពាល​នេះ មាន​ឧបាយ​កល​បញ្ឆោត​ច្រើន​ប្រការ​ណាស់ ឯង​ស្ដាប់​មើល​ចុះ តែ​ពុំ​មាន​ប្រាជ្ញា​ត្រិះរិះ​តាម​អាការ​វា​ចេញ​នោះ​ហើយ ក៏​គង់​ធ្លាក់​ចុះ​ក្នុង​កល​វា​ដូច​ពណ៌នា​មក​នេះ​ឯង ។

មាន​មនុស្ស​ពាល​១ ទៀត វា​ប្រើ​ឧបាយ​តែ​ពី​ចម្ងាយ​ឆ្លុះ​មក​ឲ្យ​មនុស្ស​ជឿ​បាន ដូច​និទាន​លោក​ចៅអធិការ​មួយ​អង្គ​គង់​នៅ​វត្ត​ស្រុក​ខាង​លើ​ជ្រោយ​ចង្វារ​នេះ​ឯង ទៅ​ចុះ​ជឿ​មនុស្ស​ពាល​ឲ្យ​ខូច​ប្រាក់ ៨០ រៀល និទាន​នោះ​ថា កាល​នោះ លោក​ចៅអធិការ​មាន​ក្ដី​ប្រារព្ធ​នឹង​ធ្វើ​ព្រះ​វិហារ បាន​ឃោសនា​ឧបាសក​ឧបាសិកា​ជើង​វត្ត​បាន​ប្រាក់ ៨០ រៀល អាចារ្យ​វត្ត​ចាត់​ទុក​នៅ​ដៃ​លោក​ចៅអធិការ ប្រាថ្នា​នឹង​ទិញ​ឈើ​ធ្វើ​ព្រះ​វិហារ ។