គតិលោក/ភាគទី២/5

113191គតិលោក, ភាគទី២រឿង​ឧកញ៉ា​ញៀន​អាភៀនឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ឧកញ៉ា​ញៀន​អាភៀន



មាន​ចៅ​ពាល​ម្នាក់​ទី​ជា​ឧកញ៉ា ជា​ព្រះញាតិ​នឹង​សម្ដេច​ព្រះ​បរម​ខត្តិយា ឧកញ៉ា​នោះ​ជក់​អាភៀន​ញៀន​ពេញ​កំឡាំង តែ​អស់​ប្រាក់​កាលណា វា​ក៏​នាំ​បណ្ដា​កូន​ក្មួយ​បាវ​ព្រាវ ចុះ​ទូក​គេ​ហៅ​ចែវ​ត្រាច់​ទៅ​តាម​ទន្លេ​ធំ​ដល់​ភូមិ​ណា ស្រុក​ណា​ហើយ វា​ឲ្យ​អា​បាវ​ព្រាវ​នោះ​ឡើង​កាប់​ចេក​កាប់​អំពៅ បេះ​ផ្លែ​ឈើ គឺ​ផ្លែ​ត្រសក់ ឪឡឹក ដេញ​ចាប់​មាន់​ទា​របស់​រាស្រ្ត​យក​ជា​ប្រយោជន៍​ខ្លួន​វា ថ្ងៃ ១ នោះ ចៅ​ឧកញ៉ា​ឲ្យ​បាវ​ចែវ​ទូក​ទៅ​ចត​ទៀប​កំពង់​ភូមិ​ស្រុក​រកា​ទ្វារ អា​បាវ​វា​នាំ​គ្នា​ឡើង​ទៅ​កាប់​ចេក របស់​តា​ក្រៃ​សរ​ញឹម​ៗ ពុំ​បាន​នៅ​ៗ តែ​យាយ​ជា​ប្រពន្ធ អស់​ពួក​នោះ​រាត​ត្បាត​កាប់​ចេក​ជាង ១០ ស្ទង ហើយ​វា​នាំ​គ្នា​សែង​លី​មក​ដាក់​ទូក នៅ​សល់​ចេក ១ ស្ទង​ពុំ​យក ព្រោះ​ចេក​នេះ​នៅ​ខ្ចី​ណាស់ គិត​ហើយ​យាយ​នោះ លើក​យក​ចេក​នោះ​ដាក់​ទៅ​លើ​រាន​ហាល ។

ដល់​ក្រោយ អា​បាវ​ម្នាក់​វា​ដើរ​ចូល​ទៅ បាន​ឃើញ​ចេក​ដែល​កាប់​នៅ​លើ​រាន​ហាល​យាយ ទើប​វា​ក្លែង​ថា « យាយ​ឯង​នេះ ម្ដេច​ហ៊ាន​លួច​ចេក​លោក​នាយ​យើង យក​មក​ទុក​លើ​ផ្ទះ​ខ្លួន នេះ​យើង​មិន​អត់​ទេ យើង​ទៅ​ប្ដឹង​លោក​នាយ ឲ្យ​ជំរះ​ចោរ​លួច​ចេក​នេះ​ហើយ » ។ ឯ​យាយ​ម្ចាស់​ចេក​ឆ្លើយ​ថា ឱ​កូន​អើយ ! ម្ដាយ​នេះ​លួច​ចេក​កូន​ឯង​កាលណា ម្ដាយ​ស្មាន​ថា​ចេក​នេះ​វា​ខ្ចី​ពេក ឯង​កាប់​មក​ក្រែង​ច្រឡំ​ថា​ចាស់​មិន​យក​ទៅ ចោល​នៅ​ក្នុង​ទីនេះ យ៉ាង​ជា​កូន​មិន​ត្រូវ​ការ​ដឹង បាន​ជា​ម្ដាយ​លើក​ដាក់​មក​លើ​រាន​ហាល​នេះ ឥឡូវ​បើ​កូន​ត្រូវ​ការ​ហើយ ក៏​អញ្ជើញ​ទៅ​ចុះ ម្ដាយ​នឹង​ថា​អី ។ អា​នេះ​មិន​ស្ដាប់​វា​ទៅ​ប្ដឹង​ឧកញ៉ា​នាយ​វា ឯ​នាយ​នោះ​នឹង​បាវ​វា​ដឹង​គ្នា ទើប​ឲ្យ​ពួក​វា​ឡើង​ទៅ​កោះ យក​យាយ​នោះ​មក យាយ​នោះ​ភិតភ័យ​ក្រៃ​ពេក ដល់​ហើយ​វា​កាត់​លក់​យាយ​នោះ​ជា​ប្រាក់ ៣ ណែន យាយ​នោះ​សូម​អង្វរ​ទៅ​ត្រឹម​១ ណែន ១ កំណាត់ យាយ​ម្ចាស់​ចេក​ក៏​បង់​ចេក ១០ ស្ទង នឹង​ប្រាក់ ១ ណែន ១ កំណាត់​ទៅ​ដៃ​ឧកញ៉ា​ពាល​នេះ​ឯង ។

ឯង​ស្ដាប់​មើល​ទៅ​ចុះ​ស្រុក​ខ្មែរ​យើង​នេះ ពី​ដើម​មាន​មន្រ្តី​ពាល​ដើរ​បៀតបៀន​រាស្រ្ត ឲ្យ​រាស្រ្ត​ក្ដៅ​ក្រហាយ​ផ្សេង​ៗ ដូច​យ៉ាង​ឧកញ៉ា​ពាល ដែល​វា​កំហែង​យាយ​ម្ចាស់​ចេក​នៅ​ស្រុក​រកា​ទ្វារ​ជាប់​គ្នា នឹង​ស្រុក​ព្រែក​ពោធិ៍ នោះ​ឯង​ទាល់​តែ​រាស្រ្ត​ស្រុក​ទន្លេ​ធំ រអា​ខ្លាច​អំណាច​ឧកញ៉ា​ពាល​នោះ តែ​ឃើញ​ទូក​គេ​ហៅ​ចៅ​ឧកញ៉ា​ពាល​នោះ​ចត​នៅ​កំពង់​ភូមិ​ណា​ហើយ ក៏​មិន​ហ៊ាន​និយាយ​ថា​អ្វី​ឡើយ ទោះ​ជា​ពួក​នោះ​កំហែង​កាប់​ចេក​កាប់​អំពៅ​ឬ​ដេញ​ចោល​ចាប់​មាន់​ទា​ក្ដី ក៏​ពុំ​ហ៊ាន​ហាម​ឃាត់​ថា​អ្វី​ឡើយ ។

ឯ​អំពើ​ចៅ​ឧកញ៉ា​ពាល​កំហែង​លក់​រាស្រ្ត​នោះ មិន​តែ​ប៉ុណ្ណោះ​ទេ សង​មាន​ច្រើន​ប្រការ​ទៅ​ទៀត យើង​សំដែង​តែ​ជា​ន័យ​សង្ខេប​ប៉ុណ្ណេះ ឲ្យ​ឃើញ​ថា​ពាល​នេះ​វា​ប្រើ​ឧបាយកល​កោង​បញ្ឆោត​កុហក​បោកប្រាស​ខ្លះ វា​ប្រើ​កំហែង​លក់​ព្នៃ​ដោយ​អំណាច​វា ដែល​វា​ជា​មន្រ្តី​អាង​ខ្លួន​ជា​ធំ ជា​ព្រះញាតិ​វង្ស​ពង្សា​នឹង​មហា​ក្សត្រ​ខ្លះ ហេតុនោះ​ទើប​ថា​ខ្លាច​អី​មិន​ស្មើ​ខ្លាច​ពាល កាច​អ្វី​មិន​ស្មើ​កាច​មនុស្ស​ពាល មនុស្ស​ពាល​មាន​អំណាច​នឹង​គិត​បៀតបៀន​បុគ្គល​ណា​ហើយ ទោះ​មនុស្ស​នោះ​មាន​ប្រាជ្ញា​ឆ្លាស់​យ៉ាង​ណា នឹង​គិត​កែ​ឲ្យ​ផុត​ពី​មនុស្ស​ពាល ដែល​មាន​អំណាច​នោះ​គេច​ទៅ​ពុំ​បាន ព្រោះ​មនុស្ស​ពាល​យក​យស​សក្ដា ជា​អំណាច​មក​គ្រប​សង្កត់​បំបាត់​មាត់​អ្នក​តូច មិន​ឲ្យ​ហើប​ហា​ថា​អ្វី​បាន​ដូច​បុរាណ​ថា « ពាល​ប្រើ​អំណាច ប្រាជ្ញ​តោង ប្រាស​ចេញ » ។

មួយ​ទៀត​ថា ជាតិ​អ្នក​តូច​ទោះ​មាន​ប្រាជ្ញា​ចេះ​គេច​កែ ក៏​គេច​កែ​បាន​ក្នុង​វារៈ ១ – ២ ដង តែ​បើ​ពាល​ព្យាយាម​នឹង​យាយី​ហើយ គេច​ទៅ​ទៀ​ពុំ​រួច​ឡើយ ដូច​និទាន​កូន​ចៀម​ត្រូវ​ឆ្កែ​ព្រៃ​វា​កំហែង​ចាប់​ស៊ី​នោះ​ឯង ។

រឿង​កូន​ចៀម​នឹង​ឆ្កែ​ព្រៃ

មាន​កូន​ចៀម ១ ចុះ​ទៅ​ផឹក​ទឹក​ជ្រោះ កាល​នោះ​មាន​ឆ្កែ​ព្រៃ ១ ចុះ​ទៅ​ផង បាន​ឃើញ​កូន​ចៀម​នោះ​ហើយ កើត​កួច​ចង់​ចាប់​ស៊ី តែ​ឆ្កែ​នោះ​គិត​ថា ការ​នឹង​កំហែង​ចាប់​ស៊ី​តែ​ម្ដង​ទៅ​ក៏​បាន ប៉ុន្តែ​ហាក់​ដូចជា​មិន​អស្ចារ្យ ចាំ​រក​ទោស​វា​ឲ្យ​ឃើញ​សិន គិត​ហើយ​ឆ្កែ​ព្រៃ​ស្រដី​កំហែង​ទៅ​ថា វ៉ឺយ​អាកូន​សត្វ​នេះ ម្ដេច​ឯង​ក៏​ខិល​ខូច​ម្ល៉េះ គួរ​ឬ​មក​កូរ​ទឹក​ឲ្យ​ល្អក់​អស់ រក​តែ​យើង​នឹង​ផឹក​ផង​ពុំ​បាន​ហៈ ។ ឯ​កូន​ចៀម​ឮ​ឆ្កែ​ព្រៃ​ស្ដី​ចាប់​ទោស​ដូច្នោះ ក៏​តប​ថា ខ្ញុំ​បាទ​ទទួល​ទាន​ទឹក​នៅ​ក្រោម​លោក​ទេ​តើ ទឹក​ល្អក់​ឯណា​ដែល​ហូរ​ច្រាស​ទៅ​ខាង​លើ​វិញ​នោះ លោក​នៅ​ខាង​លើ​ខ្ញុំ​បាទ​យ៉ាង​នេះ ។ ឆ្កែ​ព្រៃ​ទាល់​ប្រាជ្ញា ទើប​រក​កល​ចាប់​ទោស​ឯ​ទៀត​វិញ ក្លែង​ចោទ​ថា «អើ​ពី​ឆ្នាំ​ទៅ​មិញ​អា​ឯង​ដើរ​និយាយ​ដើម​អញ​ៗ តែ​រក​ទេ​តើ » ។ បាទ​លោក បើ​គិត​ទៅ​រូប​ខ្ញុំ​បាទ​នេះ មិន​ទាន់​ទាំង​កើត​ផង បើ​ជា​កើត​សោត​ក៏​នៅ​ពុំ​ទាន់​ចេះ​និយាយ​ផង ហេតុម្ដេច​លោក​មក​ចោទ​ខ្ញុំ​បាទ​ថា ដើរ​និយាយ​ដើម​លោក​ពី​ឆ្នាំ​ទៅ​មិញ​នោះ » ។ ឆ្កែ​ព្រៃ​ទាល់​ប្រាជ្ញា​រក​កល​មួយ​ទៀត​កំហែង​ទៅ​ថា « អើ​បើ​អា​ឯង​មិន​និយាយ ព្រោះ​នៅ​តូច​ទន់ បើ​ដូច្នោះ គឺ​បង​អា​ឯង និយាយ​ដើម​អញ » ។ « ខ្លួន​ខ្ញុំ​បាទ​នេះ កើត​ជា​កូន​ដំបូង​ក្នុង​ឧទរ​នៃ​មេ​ខ្ញុំ​បាទ​នេះ បង​ខ្ញុំ​បាទ​នឹង​មាន​កាលណា គឺ​ខ្លួន​ខ្ញុំ​បាទ​នេះ​ហើយ​ជា​កូន​ច្បង ហេតុម្ដេច​លោក​មក​ចោទ​ថា បង​ខ្ញុំបាទ​និយាយ​ដើម​លោក​ដូច្នេះ » ។

« ឱ​បង​អា​ឯង​គ្មាន​សោះ​ហៈ បើ​ដូច្នោះ​ម៉ែ​ឪ​ជីដូន​ជីតា អា​ឯង​និយាយ​ដើម​អញ​ហើយ » ។

ឯ​កូន​ចៀម​ឮ​ឆ្កែ​ព្រៃ ចោទ​សេចក្ដី​តោង​មិន​ដល់ នឹង​គេច​កែ​មិន​ដល់​ដូច្នោះ ក៏​ពុំ​អាច​ឆ្លើយ​តប​បាន​ទើប​ឈប់​ស្ងៀម​នៅ ឆ្កែ​ព្រៃ​ក៏​ស្ទុះ​ទៅ​ចាប់​កូន​ចៀម​នោះ ប្រហារ​បរិភោគ​ក្នុង​កាល​នោះ​ឯង ។ ពាក្យ​ឆ្កែ​ព្រៃ​ចោទ​ចាប់​ទោស​ដល់​ម៉ែ​ឪ ជីដូន​ជីតា​នេះ​ជា​ពាក្យ​ធ្ងន់​លើស​ប្រមាណ ទោះ​ប្រាជ្ញា​ពោធិសត្វ​គង់​គេច​កែ​ទៅ​មិន​ផុត នរណា​ឡើយ​ក្នុង​លោក​នេះ​ដែល​គ្មាន​មាតា​បិតា​ជីដូន​ជីតា​នោះ សឹង​មាន​គ្រប់​រូប​ទាំងអស់ ច្បាប់​បញ្ញត្តិ​ថា នរណា​មាន​ទោស​ទណ្ឌកម្ម​ហើយ ត្រូវ​ច្បាប់​ស៊ី​ដល់​កូន​ចៅ ដែល​កើត​ក្រោយ​ផង ដូច​ច្បាប់​ក្នុង​ស្រុក​លើ គេ​បញ្ញត្តិ​ថា បើ​មាន​អ្នកណា​ចេះ​ធ្មប់ ចេះ​អំពើ​ព្រាយ, ហើយ​មាន​គេ​ទៅ​ប្ដឹង​ដល់​មេ​កន្រ្ទាញ ជា​មេ​ស្រុក នោះ​មេ​កន្រ្ទាញ​ត្រូវ​មាន​អំណាច ឲ្យ​ទៅ​កោះ​ចាប់​យក​អ្នក​ដែល​គេ​ចោទ​នោះ​មក​ជំរះ​ពិភាក្សា បើ​ជំរះ​ទៅ​យល់​មែន​ដូច​ពាក្យ​គេ​ចោទ​ហើយ ច្បាប់​ត្រូវ​សម្លាប់​ពូជ​នោះ​អស់ ៧ សន្ដាន ដោយ​ហោច​ទៅ​តែ​ទា​រក​បៅ​ដោះ​ក៏​ឲ្យ​សម្លាប់​ទាំងអស់ ។

មួយ​ទៀត បើ​នរណា​ពួក​ណា​ប្រទូស្ត​គឺ​ក្បត់​ផែនដី​ក្ដី ឬ​ទទឹង​រឹងរូស​ត​អាជ្ញា​មហាក្សត្រ​ក្ដី ច្បាប់​ត្រូវ​ប្រហារ​ជីវិត​ទាំង​ត្រកូល ឯ​ពួក​ញាតិ​ពូជ​នោះ ត្រូវ​ទំលាក់​ដាក់​ជា​ពល​អ្នកងារ មាន​ឲ្យ​ត្រូវ​បោច​ស្មៅ​សេះ​ស្មៅ​ដំរី​ជាដើម ត្រា​អស់​កប្ប​អស់​កល្ប​ទៅ សត្វ​ដែល​កើត​ក្នុង​វង្ស​នោះ​ចុះ​ឈ្មោះ​ជា​អ្នកងារ ជា​លេខ​សួយ​ទាំងអស់ ទោះ​ប៉ុន្មាន​ៗ​ត ក៏​ពុំ​រួច​ជា​ព្រៃ​ងារ​នឹង​គេ​ឡើយ សត្វ​ណា​កើត​ក្នុង​ពូជ​នោះ ទោះ​ជា​ចេះ​វិជ្ជា​ការ​អ្វី​ៗ ឬ​មាន​ប្រាជ្ញា​យ៉ាង​ណា​ក្ដី ក៏​តាំង​ខ្លួន​ពុំ​បាន ហៅ​ថា​សត្វ​ឥត​ភព្វ​ក្នុង​លោក​នេះ​ឯង ។ ច្បាប់​ដែល​ថា​មក​នេះ ជាប់​ជា​ទម្ងន់​ទៅ​ខាង​អ្នក​ទាប​ប្រាកដ មួយ​ទៀត​ច្បាប់​នេះ បើ​មាន​នៅ​ក្នុង​ប្រទេស​ទីណា​ហើយ​អ្នក​ប្រាជ្ញ​ណា នឹង​គិត​គេច​ឲ្យ​រួច​ចេញ​ទៅ​ពុំ​បាន បើ​ចង់​រួច​ចេញ​នោះ បាន​តែ​រត់​ចោល​ស្រុក​ភៀស​ខ្លួន​ទៅ​នៅ​ប្រទេស​ទីទៃ​ឯ​ទៀត​ៗ នោះ​ទើប​បាន ដូច​និទាន​លោកតា​សុខ​ព្នង​នោះ​ឯង ។

រឿង​ភិក្ខុ​សុខ​ជា​ព្នង​គ្រួ

ឯ​រឿង​នោះ មាន​ចៅ​ព្នង​គ្រួ ១ អាស្រ័យ​នៅ​ក្នុង​ស្រុក​លើ រកស៊ី​តាម​ភាសា​អ្នក​ព្រៃ នៅ​យូរ​មក​ពួក​ព្នង​ដូចគ្នា​កើត​ស្អប់​ចៅ​នោះ វា​នាំ​គ្នា​ទៅ​ប្ដឹង​មេ​កន្រ្ទាញ​ភូមិ​នោះ ចោទ​ថា ចៅ​ព្នង​ព្រៃ​ចេះ​អាប​ធ្មប់ ធ្វើ​អ្នក​ស្រុក​ឲ្យ​ស្លាប់​ជា​ច្រើន ឯ​មេ​កន្រ្ទាញ​មាន​អំណាច​ឮ​ថា ចេះ​អាប​ធ្មប់​ដូច្នោះ ក៏​ឲ្យ​គ្នា​វា​ដើរ​កាប់​សម្លាប់​ព្នង ដែល​ត្រូវ​គេ​ចោទ​នោះ ទាំង​បុត្រ​ភរិយា ព្រម​ទាំង​ពូជ​ពង្ស​វង្សា ៧ ជួរ​អស់​ឥត​សល់ នៅ​តែ​ក្មេង​ម្នាក់​ឈ្មោះ​ចៅ​សុខ ចៅ​នោះ​អាយុ​ប្រមាណ​ជា ១០ – ១១ ឆ្នាំ ចៅ​នោះ​នៅ​ចាំ​ចំការ​ស្រូវ​ក្នុង​ស្រែ​ព្រៃ បាន​ដឹង​ជា​មេ​កន្រ្ទាញ​ប្រើ​ឲ្យ​សម្លាប់​អាពុក​ម្ដាយ បងប្អូន មីងមា យាយ​តា​អស់​ដូច្នោះ ក៏​ភិតភ័យ​មហិមា រត់​ទៅ​ឡើង​ចុង​ឈើ​លាក់​ខ្លួន​ពួន​អាត្មា នឹង​មែក​ឈើ​ស៊ុមទ្រុម​សម្ងំ ឯ​ពួក​មេ​កន្រ្ទាញ​វា​សម្លាប់​ពូជ​នោះ​អស់​ហើយ វា​ដឹង​ថា នៅ​សល់​កូន ១ ទើប​វា​នាំ​គ្នា​ទៅ​រក​ក្មេង​នោះ​ឯ​ចំការ​ស្រូវ ដើម្បី​នឹង​សម្លាប់​ចោល​ឲ្យ​អស់​ពូជ លុះ​ទៅ​ដល់​ចំការ វា​ក៏​ដើរ​រើ​រក​តាម​ជ្រោះ​ជ្រលង​គុម្ព​ព្រៃ​សព្វ​អន្លើ​ក៏​ពុំ​ឃើញ ទើប​វា​នាំ​គ្នា​វិល​មក​ភូមិ​វិញ ឯ​ចៅ​ក្មេង​ពួន​នៅ​លើ​ចុង​ឈើ កាល​ពួក​នោះ​ទៅ​រក ក៏​បាន​ឃើញ​គេ​កាន់​ដាវ​កាន់​កាំបិត​ចូល​មក​រក​ខ្លួន ក៏​ដឹង​ថា​គេ​មក​សម្លាប់​អាត្មា ព្រោះ​ក្មេង​នោះ​ដឹង​ច្បាប់​ព្នង​ថា មេ​កន្រ្ទាញ​ឲ្យ​សម្លាប់​ទាំងអស់​ឥត​សល់ ហេតុនោះ​ទើប​ចៅ​ក្មេង​ខំ​ពួន​លាក់​ខ្លួន​នឹង​ប្រគាប​ឈើ ឱប​មែក​ឈើ​នោះ​ខ្ជាប់ លុះ​ពេល​យប់​ស្ងាត់ ចៅ​ក្មេង​នោះ​ចុះ​ចាក​ព្រឹក្សា​រត់​ចេញ​អំពី​ចំការ ដើរ​កាត់​ព្រៃ​ត្រង់​ចុះ​មក​ភូមិ​ក្រោម ចូល​ទៅ​សូម​ពួន​នឹង​ផ្ទះ​ព្នង​ម្នាក់​នៅ​ដើម​ភូមិ ឯ​អ្នក​ផ្ទះ​នោះ​គេ​ក៏​អាណិត​ក្មេង​នោះ ឲ្យ​បាយ​ទឹក​អាស្រ័យ ហើយ​យក​ទៅ​លាក់​ទុក​ក្នុង​ផ្ទះ ឯ​អាពួក​មេ​កន្រ្ទាញ​ដើរ​រក​ក្មេង​នោះ​ពុំ​ឃើញ​ហើយ លុះ​ថ្ងៃ​ព្រឹក​ឡើង វា​តាម​មក​រក​ដល់​ភូមិ​ក្រោម វា​ដើរ​ស៊ើប​សួរ​រក​គ្រប់​ផ្ទះ ឯ​អ្នក​ស្រុក​ក៏​ឆ្លើយ​ប្រាប់​ថា​ពុំ​ឃើញ​ទាំងអស់ ឯ​ពួក​នោះ​នៅ​សង្ស័យ ក្រែង​អ្នក​ស្រុក​លាក់​បិទ​បាំង​ទុក ទើប​វា​នាំ​គ្នា​ឡើង​រើ​មើល​គ្រប់​ផ្ទះ តែ​ផ្ទះ​ដែល​ចៅ​ក្មេង​ទៅ​ពួន​នោះ គឺ​នៅ​ខាង​ដើម​ភូមិ​បង្អស់ ច្បាប់​ព្នង​ត្រូវ​រក​មនុស្ស​នោះ គឺ​រើ​រក​តែ​ផ្ទះ​ណា​ដែល​នៅ​កណ្ដាល​គេ ឬ ចុង​គេ​ជា​ការ​មាំទាំ​ឯ​ត្រង់​ផ្ទះ​នៅ​ដើម​ភូមិ ក៏​មិន​សូវ​មាន​ក្ដី​សង្ស័យ​ពេក តែ​ផ្ទះ​ដែល​ក្មេង​ពួន​នោះ វា​ពុំ​បាន​ឡើង​រើ​ឲ្យ​មាំមួន លុះ​វា​រក​ពុំ​ឃើញ​ហើយ ទើប​វា​នាំ​គ្នា​វិល​ទៅ​ជំរាប​មេ​កន្រ្ទាញ​នោះ​វិញ។ ឯ​អ្នក​ផ្ទះ កាល​បើ​ពួក​នោះ​វិល​ទៅ​អស់​ហើយ ទើប​និយាយ​នឹង​ក្មេង​នោះ​ថា « បា​ឯង​នៅ​នឹង​យើង​នេះ យើង​នឹង​ការពារ​ពុំ​រួច​ទេ ព្រោះ​ផ្ទះ​យើង​នៅ​ជិត​នឹង​មេ​កន្រ្ទាញ​នោះ កាលណា​នឹង​ស្ងាត់ គង់​នឹង​ដឹង​ដល់​វា​ពុំ​ខាន បើ​បា​ឯង​ចង់​រួច​ជីវិត មាន​តែ​រត់​ចុះ​ទៅ​នៅ​ដែន​ខ្មែរ អើ​ព្រឹក​មិញ​នេះ មាន​មេ​ឈ្មួញ​រទេះ​ខ្មែរ​គេ​ទៅ​ស្រុក​គេ បើ​ដូច្នេះ​បា​ឯង​ខំ​រត់​ទៅ​តាម​រទេះ​ខ្មែរ​នោះ​ឲ្យ​ទាន់ សូម​ដោយ​សារ​គេ​ទៅ​ស្រុក​ក្រចេះ​ចុះ » ។ ឯ​ក្មេង​នោះ​ឮ​ដូច្នោះ​ក៏​ជឿ​តាម ទើប​សំពះ​លា​អ្នក​ផ្ទះ​ហើយ ខំ​រត់​តាម​រទេះ​ខ្មែរ ត្រា​ដល់​ទាន់​នា​កណ្ដាល​ផ្លូវ ក៏​ដើរ​ក្រោយ​រទេះ​នោះ​ទៅ​ដោយ​នឿយ​ណាស់ ពុំ​អាច​នឹង​ដើរ​បាន ទើប​ឡើង​ជិះ​ប្រែក​រទេះ​តោង​ក្រោយ​ទៅ ។ ឯ​នាយ​ឈ្មួញ​បែរ​មក​ឃើញ​ក្មេង​តោង​រទេះ​ជិះ​ក្រោយ​ដូច្នោះ​ក៏​ចុះ​មក​សួរ​និយាយ​ជា​ភាសា​ព្នង​ថា « ចៅ​ឯង​ជា​កូន​ចៅ​នរណា បាន​ជា​មក​តោង​រទេះ​យើង​នេះ»។ ឯ​ចៅ​ក្មេង​នោះ​ក៏​និយាយ​ប្រាប់ តាំង​តែ​អំពី​ដើម​ដល់​ចប់​ឲ្យ​នាយ​ឈ្មួញ​នោះ​ស្ដាប់ នាយ​ឈ្មួញ​ដឹង​ហើយ​ក៏​កើត​សេចក្ដី​សង្វេគ​អាណិត​ពន់​ពេក​ណាស់ ទើប​ថា « អើ​បើ​ដូច្នោះ​ចៅ​ឯង​ទៅ​នៅ​នឹង​យើង​ចុះ យើង​ឥត​កូន​ទេ យើង​យក​បា​ឯង​ជា​កូន​ធម៌ កាល​ដែល​គេ​គិត​បៀតបៀន បា​នោះ​យើង​ទទួល​ជា​ភារៈ ចៅ​កុំ​ជា​ទុក្ខ​ឡើយ », ថា​ហើយ​ក៏​ឲ្យ​ក្មេង​នោះ​ជិះ​ក្នុង​រទេះ បរ​ទៅ​ដរាប​ដល់​ស្រុក​ក្រចេះ នាយ​ឈ្មួញ​ក៏​បរ​វេះ​ទៅ​ផ្ទះ​នៃ​អាត្មា ដល់​ហើយ​ក៏​ឈប់​នៅ តាំង​នាម​ក្មេង​នោះ​ហៅ​ថា​ចៅ​សុខ ព្រោះ​ចៅ​នោះ​ផុត​ពី​សេចក្ដី​ទុក្ខ អំពី​ដៃ​មេ​កន្រ្ទាញ​នោះ​ហើយ នាយ​ឈ្មួញ​ស្រឡាញ់​ចៅ​សុខ​ទុក​ជា​បុត្រ​នៃ​អាត្មា ឧស្សាហ៍​បង្ហាត់​បង្រៀន​ចៅ​សុខ​ឲ្យ​ចេះ​និយាយ​ភាសា​ខ្មែរ​បាន ចៅ​សុខ​ក៏​ខំ​ឧស្សាហ៍​ប្រតិបត្តិ​បំរើ​នាយ​ឈ្មួញ​នោះ ពុំ​ឲ្យ​មាន​សេចក្ដី​រង្កៀស​អ្វី ១ ឡើយ លុះ​នៅ​មក នាយ​ឈ្មួញ​ឲ្យ​ចៅ​សុខ​ទៅ​នៅ​វត្ត​រៀន​អក្សរ​ខ្មែរ ចៅ​សុខ​ឧស្សាហ៍​រៀនសូត្រ​ទាល់​តែ​បាន​សំរេច​ក្ដី​ប្រាថ្នា លុះ​បាន ១៥ ឆ្នាំ នាយ​ឈ្មួញ​ឲ្យ​បួស​ជា​សាមណេរ​ហៅ​ថា នេន​សុខ លុះ​អាយុ​បាន ២១ វស្សា​បិតា​ធម៌​បំបួស​ជា​ភិក្ខុ ហៅ​ថា លោក​ភិក្ខុ​សុខ​នៅ​ជា​សុខ​សប្បាយ​ដោយ​លាភ​សក្ការៈ ដែល​បង្កើត​មាន​ក្នុង​ព្រះពុទ្ធ​សាសនា​នេះ​ហោង ។

« អើ​ឯង ស្ដាប់​មើល​ចុះ រឿង​និទាន​អស់​នេះ គឺ​ច្បាប់​ថា អ្នកណា​មាន​ទោស​ហើយ ទោស​នោះ​អាច​ធ្លាក់​ដល់​កូន​ដល់​ចៅ​អ្នក​នោះ ដែល​គ្នា​ពុំ​ដឹង​ពុំ​ឮ​អ្វី​ឡើយ មែន​បើ​ច្បាប់​នេះ មាន​នៅ​ក្នុង​ស្រុក​ណា​ហើយ​លោក​ថា​ឲ្យ​រត់​ចេញ​ចាក​ស្រុក​នោះ​ឲ្យ​ឆាប់ ទើប​រក្សា​ជីវិត​បាន ដូច​លោក​ភិក្ខុ​សុខ​ដែល​សំដែង​មក​នេះ គួរ​ចូល​ចិត្ត​ចុះ សំដែង​មក​ក្នុង​ពាល​វគ្គ​នេះ ចប់​ដោយ​សង្ខេប​តែ​ប៉ុណ្ណោះ» ។ ត​ពី​នេះ​នឹង​សំដែង​ក្នុង​បណ្ឌិត​វគ្គ​តទៅ ។

សុភាសិទ