រឿងសត្វកន្លង់និងគីង្គក់
មួយទៀត អ្នកមានបញ្ញាវៃ តតបសេចក្ដីយកឈ្នះវិញក៏មាន ដូចនិទាន សត្វកន្លង់តតបនឹងពាក្យគីង្គក់នោះឯង :
មានសត្វកន្លង់ ១ ហើរក្រេបកេសរផ្កា នាកណ្ដាលផ្លូវ បានយល់គីង្គក់ ១ លោតទៅខាងគុម្ពផ្កា ទើបសួរថា "បងគីង្គក់ បងឯងនឹងទៅឯណា?។ គីង្គក់ជាសត្វអួតឫទ្ធិ គិតថា អញនឹងប្រាប់គតិនេះឲ្យកន្លង់កោតខ្លាចអញ គិតហើយទើបប្រាប់ថា "យើងទៅកាន់មហាស្រះឯព្រៃហេមពាន្ត ដើម្បីនឹងទៅចង់ស្រី អើកន្លង់ឯងកោតយើងឬទេហះ ?។
ឯកន្លង់តបថា "បងឯងអាចទៅដល់ឬ ? ព្រៃហេមពាន្តនោះឆ្ងាយម្ល៉េះ"។ "ឱ ! យើងទៅវិលល្ងាចផងណា៎កន្លង់ ឯងសង្ស័យអ្វី ឫទ្ធីយើងនេះ, អើខ្លួនចៅឯង តើធ្វើអ្វីនៅនេះ សូរឮងឹងៗ នោះ?។
កន្លង់បានឱកាសក៏តបថា "យើងហើរប្រទក្សិណភ្នំព្រះសុមេរុណា៎បងគីង្គក់"។ "ឱ ! ឯងហើរប្រទក្សិណជុំភ្នំព្រះសុមេរុនោះធំម្ល៉េះបានឬ?។ "អើយើងហើរប្រទក្សិណក្នុង ១ ថ្ងៃបាន៧ជុំផងណា៎បងគីង្គក់, បងឯងខ្លាចឫទ្ធីយើងឬទេ ? ។
ឯគីង្គក់នោះក៏តបកាត់ឡើងថា "ខ្មោចអាឯងស្លាប ១ សុញទេ នៅអួតភរថាហើយប្រទក្សិណភ្នំព្រះសុមេរុ ១ ថ្ងៃ ៧ ជុំបាន អាណាទៅជឿឯងបាន"។
ឯកន្លង់ក៏តបថា "ខ្មោចអាឯងជើងខ្លី ១ សុគទេ ក៏អួតភរថាឯងទៅដល់ព្រៃហេមពាន្ត វិលល្ងាចវិញបាន អាណាទៅជឿឯងបាន" ។ គីង្គក់ក៏ទាល់ឈប់នៅ អស់សេចក្ដីតែប៉ុណ្ណោះ។