រឿងធនញ្ជ័យបណ្ឌិតនិងអ្នកប្រាជ្ញកោះលង្កា
មានអ្នកប្រាជ្ញមួយទៀតបញ្ញាយ៉ាងល្អិត និមិត្តតែឃើញអាការខាងក្រៅចេញមក ក៏អាចអាថ៌បញ្ហាមនុស្សគបាននោះ ដូចនិទានចៅធនញ្ជ័យបណ្ឌិត កាលអ្នកប្រាជ្ញកោះលង្កាទ្វីប គេចូលមកក្នុងព្រះនគរចោទរកអ្នកប្រាជ្ញនោះ សេចក្ដីថា កាលណោះ ព្រះចៅក្រុងកោះលង្កា មានព្រះរាជសារដល់មកព្រះចៅក្រុងស្រីអយុធ្យាថា ឲ្យរើសរកអ្នកប្រាជ្ញ អាចមានបញ្ញាដឹងលោកិយលោកាប្រែបាលីភាសា ឬឆ្លើយអាថ៌បញ្ហាក្នុងក្រៅបាន នឹងតតាំងនឹងអ្នកប្រាជ្ញកោះលង្កា។ ឯព្រះចៅក្រុងស្រីអយុធ្យា ក៏ដាក់ភ្នាក់ងារនោះ ឲ្យធនញ្ជ័យទទួលចោទឆ្លើយ តនឹងអ្នកប្រាជ្ញក្នុងលង្កា ទើបចៅធនញ្ជ័យទទួលភ្នាក់ងារចេញមកចាត់ចែង ឲ្យចៅភ្នាក់ងារកាត់ក្ដារតូចធំ យកសំពត់រុំបន្លំជាគម្ពីរបានច្រើន ហើយឲ្យដាក់ក្នុងទូ ចារឹកចំណងជើងប្រាប់ឈ្មោះគម្ពីរនោះប្លែកៗ ទីទៃៗ។
ឯអ្នកប្រាជ្ញកោះលង្កា មកដល់បានចូលទៅមើល ក្នុងមន្ទីរហោត្រៃហ្លួង បានឃើញគម្ពីរចៅធនញ្ជ័យច្រើនដូច្នោះ ក៏នឹកខ្លាចរអាចិត្តគិតថា ស្រុកគេនេះមានគម្ពីរច្រើនណាស់ ឯងនិងលេងខាងជើងគម្ពីរនោះយល់ជាមិនឈ្នះអ្នកប្រាជ្ញស្រុកអាយនេះទេ បើដូច្នេះត្រូវលេងខាងបញ្ហាក្រៅៗវិញចុះ គិតហើយក៏ចេញមកពីហោត្រៃនោះ ហើយឲ្យទូលព្រះចៅក្រុងស្រីអយុធ្យាថា ឲ្យស្ដេចចាត់អ្នកប្រាជ្ញមកចោទឆ្លើយគ្នាជាបញ្ហាវោហារក្រៅនៅរោងក្រៅ ក្នុងវេលានេះ។ ឯព្រះចៅស្រីអយុធ្យា ក៏ឲ្យចៅធនញ្ជ័យក៏ទទួលអាជ្ញាចេញទៅទីរោងប្រជុំជន នឹងចោទឆ្លើយបញ្ហានោះ ។ ឯព្រះចៅស្រីអយុធ្យា កាលធនញ្ជ័យចេញទៅតទល់នារោងក្រៅនោះ ស្ដេចចង់ជ្រាបអាថ៌សេចក្ដីបញ្ហាជាឆាប់ទើបត្រាស់ប្រើអមាត្យម្នាក់ឲ្យទៅស្ដាប់បញ្ហា។ ឯអមាត្យនោះទៅរង់ចាំស្ដាប់មើលជាអ្នកប្រាជ្ញខាងណាថាដូចម្ដេចខ្លះ ចោទឆ្លើយគ្នា តើយ៉ាងណាខ្លះ។ ឯអ្នកប្រាជ្ញទាំងពីរខាង ដល់ពេលក៏ឡើងប្រជុំចោទឆ្លើយគ្នាតាមសញ្ញា អ្នកប្រាជ្ញលង្កា ជាអ្នកចោទ កាលចោទនោះប្រើបញ្ហាគ គឺលើកដៃទាំងពីរវង់ឱបជុំវិញ ហើយបង្ហាញទៅចៅធនញ្ជ័យឲ្យទាយ។
ឯចៅធនញ្ជ័យ ឃើញហើយ ក៏លើកកំភួនដៃ ១ បង្ហាញទៅវិញ, ឯអ្នកប្រាជ្ញលង្កាក៏ចូលចិត្តថា ធនញ្ជ័យទាយត្រូវហើយ ទើបលើកម្រាមដៃ ១ ឡើងបង្ហាញទៅទៀត, ចៅធនញ្ជ័យក៏លើកម្រាមដៃទាំង ៥ ឡើង ហើយលោះថយម្រាមកូនកូនដៃ ១ ចេញ, អ្នកប្រាជ្ញលង្កា ក៏ចូលចិត្តបានក្នុងបញ្ហានោះ, ទើបឲ្យវាយគង ឃ្មោះ គោះភេរី ហ៊ោ ឲ្យសព្ទសាធុការដល់ធនញ្ជ័យ មានសេចក្ដីកោតខ្លាចបញ្ញាធនញ្ជ័យ មិនអាចដើម្បីនឹងចោទអាថ៌បញ្ហាតទៅទៀតឡើយ។
ឯអមាត្យម្នាក់ ដែលស្ដេចប្រើឲ្យទៅចាំស្ដាប់មើលអាថ៌បញ្ហានោះ លុះឃើញអ្នកប្រាជ្ញទាំងពីរចោទឆ្លើយគ្នា តែនឹងដៃតទៅវិញទៅមកដូច្នោះ មិនចូលចិត្តសេចក្ដីថាជាអ្វី ចង់ដឹងសេចក្ដីណាស់នឹងអាលរត់ទៅក្រាបទូលព្រះចៅផែនដីឲ្យជ្រាបមុន យកក្ដីគាប់មុនគេ លុះឃើញចៅធនញ្ជ័យដើរចេញមក ក៏សាកសួរថា "នែធនញ្ជ័យ, រឿងបញ្ហាដែលអ្នកប្រាជ្ញលង្កាលើកដៃឱបវង់ជុំវិញនោះ តើអធិប្បាយសេចក្ដីដូចម្ដេច? ឯខាងអ្នកឯងលើកកំភួនដៃតទៅនោះ តើមានសេចក្ដីដូចម្ដេច? មួយទៀត ខាងគេលើកម្រាមដៃ ១ បង្ហាញមក, ខាងអ្នកឯងលើកម្រាមដៃទាំង ៥ តទៅគេវិញនោះ តើអធិប្បាយសេចក្ដីដូចម្ដេច?។
ឯធនញ្ជ័យ បានឮអមាត្យនោះសួរអាថ៌ដូច្នោះ ក៏យល់សេចក្ដីថា ចៅនេះបើបានដឹងអាថ៌បញ្ហានេះ ហើយគង់នឹងទៅក្រាបទូលយកគាប់មុនអញមិនខាន បើដូច្នេះ អញនឹងប្រាប់ឲ្យខុសអំពីអាថ៌បញ្ហានេះចេញ ឲ្យបានក្ដីខ្មាសនាកណ្ដាលជំនុំព្រះចៅជាម្ចាស់ គិតហើយធនញ្ជ័យក៏ប្រាប់ទៅថា "ឯអ្នកប្រាជ្ញលង្កាដែលគេឱបដៃជុំវិញនោះ គឺគេសួរយើងថា អង្រុត ១ តើរុតបានត្រីប៉ុន្មាន? យើងលើកកំភួនដៃប្រាប់ទៅនោះ គឺថាបានត្រីរ៉ស់ ១ រួចគេលើកចង្អុលដៃឡើងទៀត គឺគេសួរថា ត្រីរ៉ស់ ១ បើធ្វើជាងៀត តើបានប៉ុន្មានចំរៀក?, យើងលើកម្រាមដៃទាំង ៥ បង្ហាញទៅវិញនោះ គឺថាបាន ៥ ចំរៀក" សេចក្ដីបញ្ហាយ៉ាងនេះ ឯងចូរចូលចិត្តចុះ"។
ឯអមាត្យនោះជាមនុស្សឥតសតិបញ្ញា នឹងត្រិះរិះឲ្យល្អិតល្អ គ្រាន់តែឮចៅធនញ្ជ័យប្រាប់ដូច្នោះហើយ ក៏រត់ម្នីម្នាចូលទៅកាន់ព្រះរាជរោងជ័យ។ ឯព្រះចៅផែនដីយល់ហើយក៏ត្រាស់សួរថា "ម្ដេចទៅវ៉ឺយ អ្នកប្រាជ្ញយើង តើស៊ូនឹងគេបានឬទេ? មួយសោត បញ្ហាដែលគេចោទឆ្លើយគ្នានោះ តើមានសេចក្ដីយ៉ាងណាខ្លះ?។ ឯអមាត្យនោះក៏ក្រាបទូលអាថ៌បញ្ហាតាមពាក្យធនញ្ជ័យប្រាប់នោះ សព្វប្រការ។ ឯបរមក្សត្រាធិបតី បានស្ដាប់ពាក្យអមាត្យនោះទូលដូច្នោះហើយ ក៏ត្រាស់ថា "បញ្ហាអ្វីនិយាយពីអង្រុតរុតត្រីធ្វើងៀតងោងដូចជាប្រដៅកូនក្មេង វាចោទគ្នាលេងដូច្នោះ ក៏ឯអ្នកប្រាជ្ញកោះលង្កានោះល្បីថាខ្លួនចេះដឹងក្នុងគម្ពីរសាស្ត្របាលី ដឹងហេតុលោកិយលោកា គួរតសម្ដែងពីគតិលោកឬគតិធម៌ ជាអាថ៌សុខុមគម្ភីរភាពនោះ ទើបគួរសមជាអ្នកប្រាជ្ញរាជបណ្ឌិតបាន នេះហេតុអ្វីទៅយករឿងអង្រុតថ្នងមកចងជាបញ្ហាចោទឆ្លើយគ្នាយ៉ាងនេះ, នែអមាត្យ បញ្ហានោះក្រែងមិនដូចឯងយកមកសម្ដែងនេះទេដឹង?។
អមាត្យទូលថា "ពិតមែន ព្រោះបានសាកសួរផ្ទាល់នឹងធនញ្ជ័យនោះប្រាកដហើយ"។ ឯចៅកាលសូរេចកិច្ចចោទឆ្លើយនោះហើយ ក៏រៀបអាត្មា ចូលទៅគាល់មហាក្សត្រនាចុងព្រះរាជរោង។
ឯមហាក្សត្រាធិបតី យល់ចៅធនញ្ជ័យមកគាល់ព្រះអង្គដូច្នោះ ក៏ត្រាស់សួរថា "អើធនញ្ជ័យរឿងបញ្ហាដែលអ្នកប្រាជ្ញលង្កា គេឱបវង់ដៃ ហើយចៅឯងលើកកំភួនដៃតតបទៅវិញនោះ មានអាថ៌សេចក្ដីដូចម្ដេច? មួយទៀត ខាងគេលើកម្រាមដៃ ១ ឡើង ហើយចៅឯងលើកម្រាមដៃទាំង ៥ តតបទៅវិញនោះ តើមានសេចក្ដីដូចម្ដេច? ចូរអធិប្បាយទៅមើល !។ ឯធនញ្ជ័យក៏អធិប្បាយថ្វាយសេចក្ដីថា "អ្នកប្រាជ្ញលង្កាលើកដៃវង់ជារង្វង់ជុំវិញនោះ គឺចោទថា ក្នុងចក្រវាឡយើង ១ នេះមានភ្នំជាទីតាំងសម្រាប់លោកតើប៉ុន្មាន?, ទូលព្រះបង្គំជាខ្ញុំលើកកំភួនដៃតបទៅនោះ គឺប្រាប់គេថា មានភ្នំព្រះសុមេរុ ១ ជាធំជាទីតាំងសម្រាប់លោកយើងនេះ ដល់ក្រោយគេលើកម្រាមដៃ ១ ឡើងនោះ គឺគេចោទថា ក្នុងភទ្ទកប្បយើង១នេះ មានព្រះពុទ្ធត្រាស់ប៉ុន្មានព្រះអង្គ? ទូលព្រះបង្គំជាខ្ញុំលើកម្រាមទាំង ៥ ឡើងឆ្លើយទៅថា មានព្រះពុទ្ធត្រាស់ ៥ ព្រះអង្គ, ទូលព្រះបង្គំជាខ្ញុំលោះម្រាម ១ ចុះប្រាប់ថាព្រះពុទ្ធត្រាស់បាន៤ព្រះអង្គទៅហើយ នៅសល់ ១ ព្រះអង្គ គឺព្រះអរិយមេត្រី ព្រះអង្គពុំទាន់ចុះមកត្រាស់, សេចក្ដីចោទឆ្លើយគ្នានោះមានសភាពយ៉ាងដូច្នេះសូមទ្រង់ជ្រាប"។
ឯព្រះចៅស្រីអយុធ្យាបានទ្រង់ព្រះសណ្ដាប់ស័ព្ទអាថ៌បញ្ហានោះហើយ ស្ដេចក៏មានព្រះរាជហឫទ័យត្រេកសោមនស្សា ត្រាស់ថា "អើសេចក្ដីបញ្ហាយ៉ាងនេះទើបសមគួរ ជាគតិលោកគតិធម៌បាន ត្រូវលំអានជាតិបណ្ឌិតគប្បីពោលហើយ, ចុះអមាត្យនេះគេចេះពីណាមក បានជាមកប្រាប់យើងថាទៅជាអង្រុតរុតត្រីធ្វើជាងៀត ៥ចំរៀក ផ្ដេសផ្ដាសដូចជាប្រដៅកូនក្មេងគង្វាលក្របីវាចោទគ្នាលេងនោះ សមគួរឬជាពាក្យអ្នកប្រាជ្ញ បំណាច់មកតាំងតែពីកោះលង្កា ល្បីថាជាអ្នកចេះគតិធម៌ គតិលោក ទោយោគយករឿងអង្រុតថ្នងមកជាបញ្ហានោះ គេមានព្រើលកាលឯណា វាព្រើលឯអមាត្យឯងនេះ ចេះមកកាច់មួលពាក្យគេតែផ្ដាសសោះជាម្ដង", ស្ដេចត្រាស់ហើយក៏ទ្រង់ព្រះរាជទានមាសប្រាក់ កែវកង សំពត់អាវស្បៃ ឲ្យចៅធនញ្ជ័យបណ្ឌិតតាមក្ដីគាប់។
ឯអមាត្យនោះ ត្រូវស្ដេចបន្ទោសបានសេចក្ដីខ្មាសគេ នាកណ្ដាលជំនុំធំ គិតខឹងនឹងចៅធនញ្ជ័យ ជេរពោលតែក្នុងពោះថា ខ្មោចអាជៃចង្រៃ វាប្រាប់ឯងយ៉ាងនោះពិតៗ ហើយដល់វាមក វាប្រែសេចក្ដីទៅឯទៀតវិញ អាណាជឿស្ដាប់បាន ខ្មោចអាព្រើលយ៉ាងនេះ វាចង់ថាដូចម្ដេចក៏ថាទៅ ធ្វើឲ្យអញបានសេចក្ដីខ្មាសគេ នាកណ្ដាលប្រជុំជនយ៉ាងនេះ។