គតិលោក/ភាគទី៤/8

113268គតិលោក, ភាគទី៤និទានពីឆ្កែស្រុក ១ មានប្រឡោកឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


និទានពីឆ្កែស្រុក ១ មានប្រឡោក




និទាននេះមានដំណាលក្នុងក្បួនបារាំងសែស ។ មានសុនខស្រុក ១ បោលទៅលេងព្រៃបានឃើញឆ្កែព្រៃ ១ រូបស្គមឈរនៅទី ១ ទើបចូលទៅធ្វើបដិសណ្ឋារកិច្ច សួរទទួលតាមភាសា ហើយសូមគ្នាជាមិត្រ ។ ឆ្កែស្រុកសួរទៅថា « មិត្ររកស៊ីចិញ្ចឹមជីវិតសព្វថ្ងៃនេះ តើញ៉ាំងបានបរិបូណ៌ ឬអត្តខាត់ណាស់ទៅ ? ។

ឆ្កែព្រៃតបថា « សំឡាញ់អើយ ! ខ្ញុំឯងនេះជាជាតិសត្វព្រៃ រកស៊ីដោយកម្លាំងខ្លួនឯង ជួនណាបានបរិបូណ៌ទៅ ជួនណារកពុំបានក៏អត់ទៅ » ។ ឯឆ្កែស្រុកក៏បបួលថា « មិត្រឯងនៅព្រៃ ឥតមានគេចិញ្ចឹមយ៉ាងនេះជាទីលំបាកពេកណាស់ បើដូច្នេះមិត្រទៅនៅនឹងនាយខ្ញុំឯស្រុក គឺនៅជាមួយនឹងខ្ញុំនេះចុះ នាយខ្ញុំឯងនោះគាត់ចិត្តល្អណាស់ គាត់ឲ្យបាយត្រីចំណីបរិភោគជាប្រក្រតី » ។ ឆ្កែព្រៃសួរថា « កិច្ចការរបស់នាយអ្នកឯងនោះ តើប្រព្រឹត្តទៅយ៉ាងណាខ្លះ ? ។ ឆ្កែស្រុកជានាយខ្ញុំនោះ ពុំមានកិច្ចការអ្វីជាទម្ងន់ទេ គឺគេប្រើឲ្យដេកនៅចាំផ្ទះ ១, គឺកាលណាគេទៅលេងព្រៃនោះត្រូវយើងទៅនឹងគេ មើលកាលវេលាជួយដេញខាំសត្វម្រឹគផ្សេងៗ បាននាំមកឲ្យគេ១ នែមិត្រ កិច្ចការរវល់នាយយើងនេះមានតែ ២ ប្រការប៉ុណ្ណោះឯង រួចស៊ីបាយឆ្អែតដេកទៅ » ។

« ឱ ! ការនាយអ្នកឯងតែប៉ុណ្ណេះនោះល្មមនឹងធ្វើការបាន តែថារបស់អ្វីដែលព័ន្ធកអ្នកនេះហៈ» ! ។ « ឱ! នេះគេហៅប្រឡៅណាសំឡាញ់ ? « អើប្រឡៅគេចងកអ្នកឯងនេះដើម្បីអ្វី ?។ « « នែសំឡាញ់ប្រឡៅនេះគឺគេចងចំណាំថាជារបស់គេ » ។ « អើបើដូច្នោះខ្លួនអ្នកឯងមានម្ចាស់ឥស្សរៈលើក្បាលហើយ ទើបគេចងប្រឡៅនេះដោយសំគាល់ថាជារបស់គេ, ជាហើយសំឡាញ់ធម្មតាសត្វមានគេជានាយកលើក្បាលនេះ, តែក្ដីខុសចិត្តគេកាលណា ដំបងព្រនង់គង់នឹងត្រូវអំបែងក្បាលក្នុងកាលនោះឯងពុំខានឡើយ, ណ្ហើយចុះសំឡាញ់ខ្លួនខ្ញុំនេះជាសុនខព្រៃ ឥតបីមាននរណាជានាយកលើក្បាល រកស៊ីត្រអាលតាមចិត្តឥតផ្គាប់ផ្គុនយកចិត្ត ឬក្រែងចិត្តនរណា ស្វែងរកអាហារដោយលំពាំងកម្លាំងខ្លួនឯង បានតិចអាស្រ័យតិច បានច្រើនអាស្រ័យច្រើនទៅ ជាការឥតនាយចៅហ្វាយតាមចិត្តសប្បាយ ចង់ដេកក៏ដេកទៅ ចង់ទៅណាមកណាក៏ទៅៗ មិនបាច់ចាំប្ដឹងចាំលាគេឲ្យលំបាក, នែសម្លាញ់ធម្មតាសត្វមានគេចិញ្ចឹមនេះ មានសេចក្ដីសុខកាយក៏ពិតហើយ ព្រោះនាយគេជួយការពារអន្តរាយក្នុងកាលដែលមានមកម្ដងៗ តែចំណីអាហារនៅលើគេៗ ចង់ឲ្យវេលាណាក៏បានអាស្រ័យវេលានោះទៅទុកជាខ្លួនកើតឃ្លានអ្វីយ៉ាងណាក៏ដោយ គេក៏ពុំបានឲ្យក្នុងកាលដែលខុសពេលនោះឡើយ គឺគេឲ្យតែក្នុងពេលព្រឹកល្ងាចប៉ុណ្ណោះឯង គិតទៅឃើញថាអាប្រឡៅចងកនេះជាការនាំឲ្យចង្អៀតកខ្លួនឯង ស៊ូខ្ញុំឯងកនៅទទេនេះជាជាង តាមចិត្តខ្ញុំជាជាតិឆ្កែព្រៃ ខ្ញុំឯងមិនចង់បានប្រឡៅឲ្យព័ន្ធកខ្ញុំទេ » ឆ្កែព្រៃថាដូច្នោះហើយ ក៏លាឆ្កែស្រុកទៅកាន់លំនៅអាត្មាវិញហោង ។

រឿងនិទាននេះមានសេចក្ដីប្រៀបជាគតិយ៉ាងណា ចូរឯងប្រៀបទៅមើល ។

កូនសិស្សតបថា សូមទានរឿងនេះ ខ្ញុំព្រះករុណាមិនតោងចាំប្រៀបប្រាយ ឲ្យពិស្ដារក៏បាន ព្រោះជារឿងត្រូវត្រង់បុគ្គលមានគេនាយក នឹងបុគ្គលឥតគេនាយក ដូចឆ្កែព្រៃពោលមកនោះហើយ នឹងពោលចំពោះតែប្រឡៅម្យ៉ាង បានខាងគ្រឿងឥស្សរិយយសទាំងឡាយ មានសញ្ញាបត្រ ឬម៉េដាយត្រាតាំងជាដើម បុគ្គលមានយសស័ក្តិពាក់ប្រដាប់កាយអួតគ្នា សរសើរគ្នា ក្នុងលោកិយនេះ តែគ្រឿងអាភរណៈពោលគឺប្រឡៅនេះ ជាគ្រឿងនាំឲ្យកំរើកចិត្ត ឲ្យស្រវឹងយសទៅផ្សេងៗ អ្នកមានបញ្ញាគួរត្រិះរិះពិចារណាទៅតាមគតិធម៌វិញចុះ ។


ចប់តម្រាគតិប្រឡៅទី ៦ ។