គតិលោក/ភាគទី៤/9

113269គតិលោក, ភាគទី៤និទានពីមេឆ្កែកំផើម ១ សម្រាលកូនឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


និទានពីមេឆ្កែកំផើម ១ សម្រាលកូន




និទាននេះមានដំណាលក្នុងក្បួនបារាំងសែស

មានមេឆ្កែ ១ មានផ្ទះមានភូមិស្ថានជាលំនៅ ថ្ងៃ ១ មានឆ្កែកំផើម ១ ដល់កំណត់គភ៌ចាស់នឹងសម្រាលកូន ក៏ដើរស្វែងរកកន្លែងនឹងសម្រាល លុះដើរទៅដល់ទីភូមិផ្ទះមេនោះ ក៏ចូលទៅនិយាយថា « សំឡាញ់អើយ ! ខ្លួនខ្ញុំនេះមានគភ៌ចាស់ថ្ងៃ នឹងសម្រាលកូនក្នុងថ្ងៃនេះហើយ ចូរសំឡាញ់មេត្តាឲ្យខ្ញុំខ្ចីផ្ទះសម្រាលកូនបាន ១ ថ្ងៃសិន » ។ ឯមេជាម្ចាស់ផ្ទះក៏ឆ្លើយថា ឱសំឡាញ់អើយ ផ្ទះខ្ញុំនេះតូចណាស់ ចង្អៀតណាស់នៅបានតែម្នាក់ៗ បើសំឡាញ់ឯងមកខ្ចីសម្រាលកូន តើឲ្យយើងទៅនៅអាស្រ័យឯណា ? ។

មេកំផើមក៏អង្វរថា « សំឡាញ់អើយ ចូរមេត្តាដល់ខ្ញុំចុះ កុំថាអ្វីឡើយធ្វើម្ដេចការឆ្លងទន្លេនេះ ជាការក្រលំបាកណាស់ នឹងទៅសំរាលក្នុងទីវាលកាលឯណាបាន តោងរកទីបន្ទប់ ទីមានវត្ថុបិទបាំងទើបសម្រាលបាន ហេតុនេះខ្ញុំឃើញតែផ្ទះសំឡាញ់ឯងនេះ ជាទីគួរសំរាលបាន សូមសំឡាញ់ជួយដោះទុក្ខ គឺជួយចម្លងខ្ញុំឲ្យដល់ត្រើយ យកបុណ្យទៅមុខចុះ ខ្ញុំមិននៅយូរទេ តែសំរាលរួចកាលណា នឹងលាចុះវិញ អញ្ជើញសំឡាញ់ឡើងមកនៅដូចកាលមុនហោង » ។

ឯមេឆ្កែម្ចាស់ផ្ទះ ឮមេកំផើមអង្វរដូច្នោះ ក៏កើតក្ដីអាណិតដោយជាតិជាញីដូចគ្នា ទើបចុះចាកគ្រឹហាហើយថា « ចូរមេឯងឡើងទៅសម្រាលកូននៅលើផ្ទះយើងនេះចុះ » ថាហើយក៏ដើរចេញទៅកាន់ទីដទៃនៅចាំទម្រាំគេសម្រាលកូនរួច ។ ឯមេកំផើមបានឱកាសហើយ ក៏ឡើងទៅសំរាលកូននៅលើផ្ទះនោះលុះស្រេចហើយ មេនោះនៅអស់មួយថ្ងៃ លុះព្រឹកឡើងមេម្ចាស់ផ្ទះក៏មកទារយកផ្ទះខ្លួន ដល់ហើយថាសំឡាញ់ឆ្លងទន្លេ រួចស្រួលបួលហើយហៈ បើសំឡាញ់រួចកិច្ចនោះហើយ ចូរចុះចេញពីផ្ទះយើងចុះយើងនឹងឡើងទៅនៅវិញ យើងទ្រាំនៅដោយវាលកាលអស់ ១ ថ្ងៃហើយ ។ ឯមេមានកូនក៏អង្វរថា « សំឡាញ់អើយ ! សូមអាណិតខ្ញុំសិនចុះ ត្បិតកូនខ្ញុំនេះវានៅតូចណាស់ មិនទាន់បើកភ្នែកផង នឹងនាំយកទៅឯណាបាន បើដូច្នេះសូមមេត្តាបង្អង់បាន ៣ – ៤ ថ្ងៃ ចាំកូនវាបើកភ្នែក ល្មមដើរបានកាលណា ខ្ញុំនឹងនាំចេញទៅក្នុងកាលនោះឯង ។

ឯមេម្ចាស់ផ្ទះ ក៏កើតចិត្តអាណិតបើកឲ្យមេមានកូននៅចាំកូនបើកភ្នែក ។ លុះនៅកន្លងមក ៤ – ៥ ថ្ងៃទៀត មេម្ចាស់ផ្ទះនោះទៅទារយកផ្ទះវិញ ។ ឯមេមានកូនក៏អង្វរទៀតថា « សំឡាញ់អើយ ! ចូរមេត្តាខ្ញុំសិនត្បិតកូនខ្ញុំនៅមិនទាន់រឹងដៃរឹងជើង នឹងបណ្ដើរទៅបាន បើដូច្នេះបង្អង់ចាំកូនខ្ញុំ វារឹងដៃរឹងជើងល្មមបណ្ដើរបានកាលណា សឹមខ្ញុំនាំចេញទៅក្នុងកាលនោះឯង » ។ ឯមេម្ចាស់ផ្ទះក៏អាណិត ដោយគិតឃើញថាមែន ទើបបើកឲ្យមេនោះនៅតទៅទៀត លុះនៅកន្លងមកបានកន្លះខែក៏ទៅទារយកផ្ទះម្ដងទៀត ។ ឯមេមានកូនក៏អង្វរទៀតថា « សំឡាញ់អើយ ! ខ្ញុំនឹងបណ្ដើរកូនទៅឯណាបាន ត្បិតវានៅមិនទាន់ដុះធ្មេញដុះចង្កូម ហើយមិនទាន់ចេះស៊ីបាយរឹងផង ដូច្នេះសូមមេត្តាបង្អង់សិន ចាំកូនវាដុះធ្មេញចេះស៊ីបាយកាលណា ខ្ញុំនឹងនាំចេញពីផ្ទះនេះក្នុងកាលនោះឯង » ។

ឯមេម្ចាស់ផ្ទះក៏ទទួលអង្វរហើយបោលចេញទៅ រកទីឯទៀតអាស្រ័យនៅ លុះនៅយូរខែមក កូនឆ្កែទាំងឡាយនោះដុះធ្មេញដុះចង្កូមចេះខាំពាំអ្វីៗបាន ។ ឯមេម្ចាស់ផ្ទះក៏ទៅទារយកផ្ទះទៀត ។ ឯមេមានកូននោះកើតអាងកូនជាកម្លាំង លុះឮមេម្ចាស់ផ្ទះមកទារយកផ្ទះ ក៏កើតមានៈកោងគំរាមតបទៅថា « ផ្ទះនេះមិនមែនជាផ្ទះនាងឯងទេ គឺជាផ្ទះរបស់យើងៗ នឹងចុះចេញចោលពុំបានទេ នាងឯងនៅឯណាបានជាមកស្ដីទារយកផ្ទះនេះ នរណាទៅខ្ចីឬជួលពីកាលណា ។ ឯកូនឆ្កែទាំងនោះក៏ជួយម្ដាយវា តាំងនាំគ្នាសំញិញធ្មេញបញ្ចេញសព្ទព្រុសឡើងថា « មេកញ្ចាស់នេះ ហេតុអ្វីក៏មកស្ដីទារយកផ្ទះរបស់មេយើង ផ្ទះនេះយើងកើតឡើង ឃើញតែមេនឹងយើងនេះនៅ ផ្ទះនេះជាផ្ទះយើងប្រាកដ មេកញ្ចាស់ឯងនៅឯណា បានជាមកចោទឆយកផ្ទះយើង យើងមិនឲ្យទេ តែខំចូលមកឬឡើងមកលើផ្ទះយើងៗ ម្ដាយនឹងកូនព្រួតគ្នាខាំមេកញ្ចាស់ឯងស្លាប់ក្នុងកាលឥឡូវនេះ, នែមេកញ្ចាស់ ចូរជៀសចេញទៅ តែខំនៅក្នុងទីនេះយើងនឹងចោមគ្នាខាំឲ្យស្លាប់ហោង » ។

ឯឆ្កែម្ចាស់ផ្ទះនោះ លុះឮមេឆ្កែនឹងកូនវានាំគ្នា គំរាមយកផ្ទះខ្លួនដូច្នោះ ក៏កើតក្ដីខ្លាច ព្រោះគេមានគ្នាច្រើន ពុំអាចនឹងយកផ្ទះនោះបានឡើយ កើតក្ដីទោមនស្សតូចចិត្តក្រៃពេកណាស់ ទើបលះបង់ផ្ទះនោះចោល បោលទៅកាន់ទីដទៃ ផ្ទះនោះក៏បានទៅមេមានកូននោះឯង ។

រឿងនិទាននេះ បានសេចក្ដីបៀបជាគតិយ៉ាងណា ចូរឯងអត្ថាធិប្បាយទៅមើល ។

កូនសិស្សតបថា និទានរឿងនេះបានដូចបុគ្គលអ្នកមានដីភូមិឬស្រែចំការ ហើយមានអ្នកក្រៅចូលមកសូមធ្វើឬអាស្រ័យ តែដល់យូរទៅអ្នកក្រៅនោះ វាមានកូនចៅធំឡើង កូនចៅនោះវាទៅរៀនវិជ្ជាបានជាថី ឬនាហ្មឺនឡើងកាលណា ដីភូមិទីស្រែចំការអស់នោះ ម្ចាស់ដើមយកវិញឃើញជាពុំបាន ដូចមេឆ្កែមានកូនអាងកំឡាំងកូន កំហែងកោងយកផ្ទះមេម្ចាស់នោះឯង គួរពិចារណាគិតទៅចុះ ។


ចប់តម្រាធ្វើគុណបានទោសទី ៧ ។

ចប់ភាគទី ៤ តែប៉ុណ្ណេះ ។