រឿងស្ដេចព្រាបនឹងបរិវារ
មានស្ដេចព្រាប ១ នាំបរិវារទៅរកស៊ីនៅទីវាលស្រែ បានឃើញលប់ ដែលនាយព្រានដាក់ហើយ បាចសាចស្រូវអង្ករជានុយ ពួកព្រាបជាបរិវារទាំងឡាយឃើញនុយដូច្នោះ គិតនាំគ្នានឹងចុះស៊ី ។ ឯស្ដេចព្រាបគិតថា ស្រូវអង្ករនេះ ជារបស់រកបានដោយក្រ ចុះហេតុម្ដេច ក៏មនុស្សយកមកបាចសាចចោលរាយពាសដូច្នេះ ទំនងជានុយបញ្ឆោត ឲ្យពួកព្រាបចុះស៊ី ហើយគេនឹងវាត់ចាប់ដោយលប់នេះឯងជាប្រាកដ ស្ដេចព្រាបគិតដូច្នោះហើយ ទើបពោលហាមព្រាបជាបរិវារ មិនឲ្យចុះស៊ីស្រូវនោះឡើយ ។
ឯព្រាបជាបរិវារទាំងឡាយពុំស្ដាប់ ទើបនិយាយគ្នាថា " យើងស្វែងរកអាហារសព្វថ្ងៃនេះ បានដោយកម្រ ឥឡូវនេះ មកបានឃើញអាហារល្មមបរិភោគហើយ ៗ នាយយើងហាមឃាត់មិនឲ្យចុះស៊ីយ៉ាងនេះ តើនឹងចាំទៅរកឯណាទៀតឲ្យលំបាក " ។
ស្ដេចព្រាបឮដូច្នោះក៏ថា " អ្នកទាំងឡាយគ្មានប្រាជ្ញា ឃើញតែអាហារក៏ហើរចុះស៊ី ពុំដឹងក្ដីអន្តរាយទៅខាងមុខ នឹងបានទុក្ខដល់អាត្មា ដូចពាក្យបុរាណថា "ព្រោះចំណីត្រូវក្ដីច្រើនក្ដាត់" នៃអ្នកទាំងឡាយស្រូវអង្ករ ដែលគេរាយពាសវាលនេះ គឺជានុយ ដូចជាត្រីស៊ីនុយ ជាប់សន្ទូចគេនោះឯងហើយ ចូរអ្នកទាំងឡាយកុំចុះទៅស៊ីស្រូវគេនោះឡើយ " ។
ឯព្រាបទាំងឡាយពុំជឿស្ដាប់ស្ដេចព្រាប ហាមឡើយ នាំគ្នាចុះទៅស៊ីស្រូវ ក្នុងលប់នាយព្រាន ឯស្ដេចព្រាបឃាត់បរិវារពុំស្ដាប់ដូច្នោះ ក៏គិតថា " បើអញមិនចុះទៅផង មុខជាព្រាបអស់នេះ នឹងវិនាសដោយដៃមនុស្សពុំខាន ណ្ហើយចុះអាត្មាត្រូវចុះទៅជាមួយផងចុះ " គិតហើយស្ដេចព្រាបក៏ហើរចុះទៅក្នុងលប់នោះឯង ។
ឯនាយព្រានឃើញព្រាបចុះច្រើនហើយ ក៏ទំលាក់ខ្សែលប់នោះ ចុះមួយរំពេច ព្រាបទាំងឡាយក៏ត្រូវគេវេចក្នុងសំណាញ់នោះជាម្ដង ទើបស្ដេចព្រាបនិយាយថា "ម៉េចអ្នកទាំងឡាយឃើញក្ដីអន្តរាយជីវិតពិតហើយឬ បើដូច្នោះ អ្នករាល់គ្នានឹងគិតយ៉ាងណា ទើបរក្សាជីវិតបាន? ។
ឯព្រាបទាំងឡាយ នាំគ្នាទទួលទោសខុសហើយថា "យើងខ្ញុំទាំងឡាយពុំដឹងគិតយ៉ាងណាទេ ទាល់ចំណេះអស់ហើយ លោកមានឧបាយយ៉ាងណា សូមមេត្តាដោះទុក្ខយើងខ្ញុំឲ្យរួចជីវិតផង " ។
ឯស្ដេចព្រាបថា "ភ័យម្ដងនេះ ជាភ័យយ៉ាងធំបំផុតកម្រនឹងកែខ្លួនបាន បើដូច្នេះអ្នករាល់គ្នាកុំប្រមាទ ខំឧស្សាហ៍តាំងសតិឲ្យខ្ជាប់ចុះ អាស្រ័យការព្រមព្រៀងចិត្តគ្នា ខំតាំងកំលាំងឲ្យព្រមគ្នាចុះ យើងប្រឹងស្ទុះហើរឡើងឲ្យព្រមគ្នា ដើម្បីនឹងឲ្យលប់នេះដាច់ឃ្លាតចាកទី “ ។
ឯព្រាបទាំងឡាយក៏ធ្វើតាម ទើបនាំគ្នាស្ទុះហើរព្រមគ្នា ឯខ្សែលប់ក៏ដាច់ចាកទី ១ រំពេច ព្រាបទាំងឡាយ ក៏ហើរនាំលប់នោះឡើងទៅអាកាសបាន ហើយហើរទៅដល់ដំបូកមួយជាលំនៅនៃស្ដេចកណ្ដុរដែលជាសំឡាញ់ នឹងស្ដេចព្រាបអំពីដើមមក ។ ថ្ងៃដែលព្រាបទាំងឡាយទៅធ្លាក់លើដំបូកនោះ ស្ដេចកណ្ដុរបានដឹងថាស្ដេចព្រាបព្រមទាំងបរិវារជាប់លប់ហើរមកធ្លាក់ដូច្នោះ ក៏នាំបរិពារនៃអាត្មាចេញពីដំបូកមកកាត់លប់នោះដាច់ដាច នាំយកព្រាបទាំងនោះចេញអំពីលប់នោះបាន ឯស្ដេចព្រាបព្រមទាំងបរិវារ ក៏បានរួចចេញចាកលប់ហើយប្រារព្ធប្រស្រ័យចរចាប្រាប់សេចក្ដីសុខទុក្ខគ្នា តាំងពីដើមដល់ចប់គ្រប់ប្រការ ស្ដេចព្រាបក៏សរសើរគុណនៃស្ដេចកណ្ដុរជាកល្យាណមិត្រផ្សេង ៗ ហើយក៏លាគ្នាទៅកាន់លំនៅទីទៃ ៗ ហោង ។ រឿងនិទាននេះ បានគតិយ៉ាងណា ចូរសំដែងទៅមើល ? ។
កូនសិស្សតបថា រឿងស្ដេចព្រាបនោះបានគតិ គឺនាយល្អនាយប្រពៃ បុគ្គលអ្នកស្វែងរកនាយចៅហ្វាយឲ្យបានក្ដីសុខនោះ គប្បីស្វែងរកនាយចៅហ្វាយដែលប្រកបដោយសតិបញ្ញា អាចជួយដោះបាវឲ្យរួចចាកក្ដីទុក្ខទោសបាន ដូចយ៉ាងស្ដេចព្រាបដែលឃាត់ពួកបរិវារពុំបាន ហើយដឹងថាអន្តរាយ ចំពោះជានឹងមានដល់ពួកព្រាបជាបរិវារប្រាកដហើយ ពុំគិតលះបង់ចោលបរិវារឡើយ ស៊ូប្រថុយអាត្មាចូលក្នុងលប់នាយព្រានជាមួយគ្នា ហើយដាស់តឿនបរិវារឲ្យប្រឹងស្ទុះហើរផ្ដាច់លប់ដោយព្រមព្រៀងចិត្តគ្នា បានរួចផុតក្ដីភ័យអន្តរាយនោះបាន ។
មួយទៀត ឯលប់រូបសំណាញ់ គឺមនុស្សធ្វើដោយធ្មៃជាទម្ងន់ សត្វព្រាបអត្តភាពតូចកំលាងតិចអាចផ្ដាច់នាំហើរយកទៅបាន ទាំងនេះក៏ព្រោះក្ដីសាមគ្គីព្រមចិត្តគ្នា តាំងព្យាយាមដោយកំលាំងស្មើគ្នាវត្ថុធំពិត តែបើកំលាំងឬព្យាយាមស្មើគ្នាហើយ វត្ថុធំនោះអាចនាំទៅបាន គតិនេះដូចបទបាលីមានក្នុងគម្ពីរលោកនីតិថា
ពហូនំ អប្បសារានំ
សាមត្តិយា ជយាជយេ
តិណេន យោត្តំ វត្តកេ
តេន នាកោបិ ពន្ធតិ ។
ជនប្រាសចាកគុណគប់គ្នាច្រើន តែចំរើនដោយក្ដីសាមគ្គី អាចផ្ចាញ់បាននូវពួកនៃពៃរី ដោយរឹទ្ធិសាមគ្គីដ៏ហាវហាន ។ ខ្សែពួរគឺជនវេញដោយស្មៅនាំយកទៅចងព័ន្ធដំរីបាន រូបតូចពិតតែចិត្តស្មោះស្មើប្រាណ គង់ផ្ចាញ់បានរូបធំរលំអឺយ
មួយទៀត បុគ្គលអ្នកស្វែងរកនាយចៅហ្វាយល្អនោះត្រូវរើសនាយល្អប្រកបដោយសង្គហធម៌ ៥ ប្រការ គឺ ចាត់ការងារឲ្យបាវធ្វើតាមសមគួរដល់កំលាំង ១ ឲ្យអាហារនឹងរង្វាន់ដល់បាវ ១, ជួយរក្សាព្យាបាលក្នុងវេលាបាវឈឺចាប់ ១, បែងចែករបស់មានរសប្លែកឲ្យបាវបានបរិភោគផង ១, លើកលែងការងារក្នុងសម័យកាល គឺបើកបាវឲ្យទៅធ្វើបុណ្យទានតាមចិត្ត ១។
នាយប្រកបដោយសង្គហធម៌ ៥ ប្រការនេះ ទើបហៅថានាយល្អនាយប្រពៃ គប្បីបាវចូលសេពគប់ ។ មួយទៀត ក្នុងគម្ពីរលោកនីតិសំដែងថា នសេវ ផរុសឹ សាមឹ ន ចសេវេយ្យ មច្ឆរឹ តតោអបត្តណ្ហំ សាមឹ នេវ និត្តហិតំ តេតោ
នាយអាក្រក់មិនគួរសេពគប់នោះ មានអធិប្បាយថា កុំសេពម្ចាស់គ្រោតគ្រាតជាតិប្រវ័ញ្ចន៍ កុំសេពម្ចាស់កំណាញ់គិតកាញ់ទុន កុំសេពម្ចាស់មិនលើកតំកល់គុណ កុំសេពម្ចាស់យកបុណ្យមកសង្កត់ ។
មួយទៀតលោកខៃសេចក្ដីថា ម្ចាស់កំណាញ់ពេញកំណាចលើសម្ចាស់គ្រាត ម្ចាស់ថយជាតិមិនលើកលើសកំណាញ់ ម្ចាស់ផ្ទុញផ្ទាល់ជួសលើសមិនលើកវិញ ម្ចាស់ ៤ នេះកុំស្រឡាញ់យកជាម្ចាស់ ។
ចប់តម្រាគតិនាយល្អ ទី ១៦ ។