រឿងសត្វស្មាន់ ក្អែកនឹងចចក
មានសត្វស្មាន់ ១ ក្អែក ១ ជាសម្លាញ់គ្នា នៅយូរមក មានចចក ១ ដើរទៅជួបនឹងស្មាន់ ចូលទៅនិយាយមេត្រីក្ដីស្នេហានឹងស្មាន់នោះ ស្មាន់សោតក៏លុះក្ដីស្រឡាញ់ចចកយ៉ាងស្និទ្ធ សត្វទាំងពីរតែងទៅមករកគ្នាជាញឹកញយ ។
ឯក្អែកជាសត្វមានប្រាជ្ញា ស្គាល់អាការកិរិយានៃចចកនោះ ជាសត្វកោងឥតក្ដីសុចរិត ទើបនិយាយហាមស្មាន់ថា " អ្នកឯងកុំទៅចូលចិត្តស្រឡាញ់អាចចកនោះឡើយ អាចចកនោះ មិនស្លូតត្រង់តមិត្រឯងទេ វាជាសត្វប្រចុបប្រចែង ក្លែងធ្វើជាមិត្រស្និទ្ធស្នាលនឹងអ្នកឯង ធ្វើឲ្យអ្នកលុះលង់ដោយកលវា ៗ នឹងយាយីនឹងអ្នកឯងពុំខាន" ។ ឯស្មាន់នោះលុះអំណាចកលចចកមកយូរហើយ លុះឮក្អែកជាមិត្រពោលហាម ក៏ពុំតាមពាក្យក្អែកនោះឡើយ ចេះតែទៅមករកចចកនោះពុំដែលដាច់ ឯចចកក៏ចេះតែបបួលស្មាន់ទៅលេងឯទីខ្លួនរឿយ ៗ ថ្ងៃមួយចចកបានឃើញអន្ទាក់ព្រានព្រៃតាំងនៅដោយព្រៃ ១ ទើបកើតក្ដីទ្រុស្តមិត្រ គិតថាចាំអញទៅបបួលស្មាន់ ឲ្យវាមករកស៊ីនៅទីនេះនឹងបញ្ឆោតវា ឲ្យជាប់អន្ទាក់ព្រានព្រៃនេះ ដល់វាស្លាប់ អញនឹងស៊ីវាហោង ។ ចចកគិតដូច្នោះ ក៏ទៅកាន់សំណាក់នៃស្មាន់ ដល់ហើយទើបនិយាយបបួលថា "សម្លាញ់អើយ! មកយើងនឹងទៅរកស៊ីនៅទីជាយព្រៃខាងនោះ ព្រៃនោះខ្ញុំឯងធ្លាប់ទៅរកអាហារបរិភោគងាយណាស់ ឯខាងស្មៅឬស្លឹកឈើជាចំណីមិត្រឯងសោត ក៏មានបរិបូណ៌តាមចិត្តនឹងបរិភោគ " ។
ឯស្មាន់បានឮចចកបបួលដូច្នោះ ក៏ទៅតាមចចក ៗ ក៏នាំស្មាន់ទៅត្រង់ទីអន្ទាក់ព្រានព្រៃនោះឯង ស្មាន់សោត ឆោតមិនដឹងកលមិត្រ គិតនឹងប្រទូស្តអាត្មាដើរទៅ ៗ ជាន់ទៅលើអន្ទាក់ ៗ ក៏វាត់ព័ទ្ធជើងក្រោយនៃស្មាន់យួរឡើង ស្មាន់ក៏ភិតភ័យតក្កមាស្រែកឲ្យចចកជួយ ចចកក៏ធ្វើកិរិយា ដូចជាភ្ញាក់ផ្អើលនឹងមនុស្សមកដល់ខ្លួន ស្ទុះរត់ទៅពួននៅក្នុងព្រៃស៊ុមទ្រុមសម្ងំចាំមើលស្មាន់នោះ នឹងបម្រះននៀលកន្ត្រោងទៅយ៉ាងណា បើស្មាន់អស់កម្លាំងដួលចុះកាលណា នឹងចេញមកស៊ីស្មាន់នោះឯង ។
ថ្លែងពីក្អែក កាលបើពុំឃើញស្មាន់នៅទីប្រក្រតី ក៏ហើររកស្មាន់នោះ តាមដងព្រឹក្សព្រៃដរាបទៅដល់ទីជាយព្រៃ ក៏បានឃើញស្មាន់ជាប់អន្ទាក់ព្រានព្រៃ ទើបហើរចុះទៅទំលើមែកឈើ ហើយនិយាយទៅថា "ហៃសម្លាញ់អើយ ហេតុអ្វីក៏បានជាមកប្រមាទការឲ្យជាប់អន្ទាក់មនុស្សយ៉ាងនេះ " ។
ស្មាន់តបថា " ការអស់នេះគឺខ្លួនខ្ញុំឯងខុសពិតហើយ ព្រោះអាចចកវាបញ្ឆោត ឲ្យមករកស៊ីនៅទីនេះ វានាំឲ្យឯងជាប់អន្ទាក់គេ ត្រង់ខ្លួនវាគេចរត់បាត់ពីទីនេះទៅ មិនដឹងជាវាទៅឯណា, អើសំឡាញ់ ចូរអាណិតដោះខ្ញុំរួចពីអន្ទាក់នេះម្ដងចុះ " ។
ឯក្អែកក៏ប្រាប់ឧបាយស្មាន់ថា " បើនាយព្រានមកដល់កាលណា ចូរអ្នកឯងក្លែងធ្វើជាស្លាប់ តាំងរូបឲ្យរឹងប្រឹងអត់ដង្ហើម ធ្វើឲ្យនាយព្រានទុកចិត្តថា ស្លាប់មែន បើនាយព្រានដោះអ្នកឯងកាលណា អ្នកចាំពាក្យខ្ញុំថាខ្វក បើឮពាក្យខ្ញុំថាខ្វកកាលណា ចូរអ្នកឯងខំស្ទុះបោលបោះផ្លោះរត់ចូលព្រៃទៅ ឲ្យផុតអំពីដៃមនុស្សហោង " ឯស្មាន់ក៏ទទួលពាក្យបង្គាប់នៃក្អែកសព្វគ្រប់ប្រការ ។
លុះដល់ពេលព្រានព្រៃរៀបខ្លួនហើយយាត្រាទៅមើលអន្ទាក់ ស្រាប់តែឃើញស្មាន់ដេកស្លាប់ ក៏ចូលចិត្តថាស្មាន់ដេកស្លាប់យូរហើយ ទើបប្រមាទដោះស្មាន់ចាកអន្ទាក់ដាក់ទៅម្ខាង ហើយឈរឡើងមើលឆ្វេងមើលស្ដាំ ។ ឯក្អែកឃើញនាយព្រានប្រមាទហើយ ក៏ស្រែកខ្វកជាសញ្ញាឡើងមួយរំពេច ស្មាន់ក៏ស្ទុះឡើងបោះបោល ផ្លោះរត់ចូលព្រៃ ទៅជាមួយនឹងក្អែកជាអ្នកនាំផ្លូវ ឯនាយព្រានព្រៃឃើញស្មាន់រស់បោលផ្លោះដូច្នោះ ក៏ស្ទុះចាប់លំពែងរត់ដេញដល់ទីមួយក៏ពួយលំពែងទៅត្រង់ព្រៃស៊ុមទ្រុម លំពែងនោះ ក៏ធ្លាក់ទៅត្រូវគល់កនៃចចក ដល់នូវក្ដីមរណកាលក្នុងព្រៃស៊ុមទ្រុមនោះឯង ។
ឯក្អែកក៏ហើរនាំស្មាន់ទៅកាន់លំនៅ ផុតអន្តរាយនឹងព្រានយាយីហោង ។
រឿងនិទាននេះ បានគិតយ៉ាងណា ឲ្យថាទៅមើល ? ។
កូនសិស្សតបថា ចចកទ្រុស្តមិត្រ បង់ជីវិតខ្លួនឯងបានគតិធម៌ថា បុគ្គលសុចរិតឥតក្ដីប្រទូសរ៉ាយតបមនុស្សឯណាមួយហើយ ។ មនុស្សនោះទៅប្រទូសរ៉ាយតគេឥតទោសនឹងខ្លួន យ៉ាងដូចសត្វចចកទៅប្រទូសរ៉ាយតស្មាន់ជាមិត្រឥតទោស យ៉ាងនេះលោកថាក្ដីទុក្ខទោសវិបត្តិអពមង្គល នឹងធ្លាក់ដល់មនុស្សនោះឯង ដូចចចកត្រូវលំពែងព្រានព្រៃនោះហោង ។
ចប់តម្រាជនទ្រុស្តមិត្រទី ១៥ ។
ចប់តម្រាជនទ្រុស្តមិត្រទី ១៥ ។