រឿងសត្វកណ្ដុរនឹងមេឆ្មា
មានសត្វកណ្ដុរទាំងឡាយដ៏ច្រើន អាស្រ័យនៅក្នុងទីមួយ បានសេចក្ដីក្ដៅក្រហាយលំបាកដោយមេឆ្មា ១ តែងយាយី នឹងចេញរកស៊ីពុំបាន ថ្ងៃមួយ កណ្ដុរទាំងឡាយមកប្រជុំជំនុំគ្នាថា "ពួកយើងមានគ្នាច្រើន មេសត្រូវគឺមេឆ្មា ១ គួរតែយើងស្រុះគ្នាចូលយុទ្ធនានឹងវាជាសត្រូវ ចោមគ្នាខាំសម្លាប់មេឆ្មានោះបង់ចេញ ទើបពួកយើងបានក្ដីសុខសប្បាយតទៅ" ។
ឯកណ្ដុរទាំងឡាយ សឹងខ្លាចអំណាចមេឆ្មានោះមហិមា លុះឮពាក្យជំនុំដូច្នោះ ក៏ពុំអាចនឹងទទួល សឹងនាំគ្នាពោលឡើងថា "យើងរាល់គ្នាសឹងពុំហ៊ានចូលតយុទ្ធនឹងឆ្មានោះទេ " ។
គ្រាកាលនោះ មានកណ្ដុរ ១ ឆ្លើយឡើងថា " ខ្ញុំមានឧបាយមួយ ល្មមនឹងរក្សាជីវិតបាន ឯឧបាយនោះ គឺថាយើងទៅរកចង្ក្រង់បាន ១ យកមកចងកឆ្មា ថាបើទៅឯណា ៗ យើងស្ដាប់ចង្ក្រង់វាជាសញ្ញា គឺថាបើឮសូរចង្ក្រង់ទិសខាងកើយ យើងដឹងថាមេឆ្មានៅខាងកើត ហើយនាំគ្នាចេញរកស៊ីទិសខាងលិច បើឮខាងលិច សឹមយើងគេចទៅរកស៊ីខាងកើតវិញ ឧបាយយ៉ាងនេះ តើអ្នកទាំងឡាយយល់ថាត្រូវខ្លះឬទេ " ។
ឯកណ្ដុរទាំងឡាយ ក៏ឆ្លើយឡើងព្រមគ្នាថា "ឧបាយដែលអ្នកគិតនេះយល់ត្រូវហើយ តែថាបើរកចង្ក្រង់បានមក តើរូបអ្នកណាអាចក្លាហានយកចង្ក្រង់ទៅចងកឆ្មានោះបាន" ។
ឯកណ្ដុរទាំងឡាយជំនុំដូច្នោះ សឹងខ្លាចពុំហ៊ានទៅចងកឆ្មានោះទាំងអស់គ្នា សេចក្ដីជំនុំនោះ ក៏មិនសំរេចទៅបាន ជាអសារឥតការទេហោង ។ រឿងនេះបានគតិដូចរូបអ្នកតូចទាំងឡាយច្រើនគ្នា កើតខាត់ដោយអ្នកធំមានអំណាច មិនអាចទៅធ្វើអ្វីគេ បានក្ដៅក្រហាយណាស់ ជំនុំតែគ្នាឯងដូចហ្វូងកណ្ដុរជំនុំគ្នានឹងយកចង្ក្រង់ទៅចងកឆ្មានោះឯង ។ អ្នកមានបញ្ញាគួរពិចារណាមើលហោង ។
ចប់តម្រាគតិមិនស្រុះគ្នា ទី ១៨ ។