រឿងសត្វស្មាន់ ក្អែកនឹងចចក
មានបុរសពីរនាក់ ម្នាក់មានប្រពន្ធជាស្ត្រីកាឡកិណីម្នាក់ទៀត មានប្រពន្ធជាស្ត្រីប្រកបដោយលក្ខណា ។ ជនទាំងពីរត្រកូលនោះ យកគ្នាជាមិត្រសម្លាញ់ តែងទៅមករកគ្នាជានិច្ច ។ ថ្ងៃមួយ ចៅបុរសប្រពន្ធមានល័ក្ខណ៍ ទៅបានគងមង្គលអំពីសំណាក់ទេវតា ៗ ឲ្យយកមកវាយ យកមាសប្រាក់ កែវកង សំពត់ អាវគ្រឿងឧបភោគបរិភោគ ឯចៅមាណពប្រពន្ធខាតល័ក្ខណ៍ បានដឹងថា សម្លាញ់អាត្មាកើតមានទ្រព្យសម្បត្តិ ដោយអំណាចគងមង្គលហើយ ទើបទៅកាន់ផ្ទះសំឡាញ់ ហើយសុំខ្ចីគងមង្គលនោះ ទៅវាយ ដើម្បីឲ្យកើតមាសប្រាក់កែវកងដូចគេ ឯចៅបុរសក៏ព្រមឲ្យខ្ចី ហើយហាមថាសំឡាញ់ឯង យកគងយើងទៅវាយនោះ គឺវាយបានតែក្នុងខណៈ ៣ ដង តែលើសអំពី ៣ ដងទៅពុំបានទេ មួយទៀត ចូរសំឡាញ់ឯង រៀបទៀន ធូបភ្ញីផ្កា គ្រឿងពិធីឲ្យល្អប្រយ័ត្នមាត់ក កុំឲ្យពោលហួសប្រមាណ ចូរអធិដ្ឋានសំដៅយកវត្ថុមួយ ៗ ទើបសំរេច ។
ឯចៅមាណពនោះ ក៏ទទួលពាក្យសម្លាញ់គ្រប់ប្រការ ហើយកាន់យកគងនោះលាទៅផ្ទះអាត្មា មានសេចក្ដីត្រេកអរ នឹងបានទ្រព្យសម្បត្តិក្រៃពេកណាស់ លុះទៅដល់ ក៏និយាយប្រាប់ប្រពន្ធសព្វសេចក្ដីហើយ ប្រើប្រពន្ធរៀបគ្រឿងពិធីបូជា ឯមេកាឡកិណីឮប្ដីប្រើឲ្យរកទៀន ធូប លាជ ផ្កា ដូច្នោះ ក៏ពុំទទួលរក ទាំងពុំមានចិត្តជឿគងមង្គលនោះផង ។ ឯចៅប្ដីឃើញប្រពន្ធខ្លួនពុំអើពើផងដូច្នោះ ក៏ស៊ូនៅស្ងៀមនៅ តាំងរកទៀនធូបដោយខ្លួនឯង បានហើយក៏តាំងបូជា លើកគងនោះ នឹងវាយមាសប្រាក់ ដល់ទំលាក់អន្លូងដល់ដោះគងនោះកាលណា មេកាឡកិណីវាស្រែកដង្ហោយឡើងថា "អង្គជាតិអើយចូរមកឲ្យច្រើន ៗ ទៅ" និមិត្តតែផុតមាត់កាលណា រីអង្គជាតិទាំងឡាយ ក៏កើតឡើងជាប់តាមអវយវៈរាងកាយនៃចៅប្ដីនោះ ៗ ក៏ភិតភ័យមហិមាស្រែកហៅឲ្យប្រពន្ធជួយ ។
ឯមេប្រពន្ធក៏ភិតភ័យ ទើបថា "ចូរអ្នកឯងវាយគងឡើងបណ្ដាញ ឲ្យវាបាត់ទៅវិញ" ។ ចៅប្ដីក៏ឧទ្ទិសថា "អង្គជាតិអើយ ចូរអន្តរធានបាត់ឲ្យអស់ទៅវិញទៅ" ថាហើយក៏វាយគងនោះជាគំរពពីរដងឡើង និមិត្តតែ ផុតពាក្យផុតសូរគងនោះកាលណា ឯអង្គជាតិទាំងនោះ ក៏អន្តរធានបាត់ទៅវិញ មិនបាត់តែអង្គជាតិថ្មីនោះឡើយ ទាំងអង្គជាតិចាស់គឺអង្គជាតិកំណើតខ្លួន ក៏បាត់ទៅទាំងអស់ បុរសស្ទាបមើលដឹងថាអង្គជាតិកំណើត គឺពូជចាស់របស់ខ្លួនបាត់ទៅផងដូច្នោះ ក៏ប្រាប់ទៅប្រពន្ធថា គេហ៍អើយ ឥឡូវនេះពូជចាស់យើង ក៏វាបាត់ទៅជាមួយនឹងពូជថ្មីនោះហើយ" ។ មេប្រពន្ធឮដូច្នោះក៏ភិតភ័យខ្លាំង ទើបប្រាប់ប្ដីឲ្យវាយគងហៅអង្គជាតិកំណើត ១ សម្រាប់ខ្លួនវិញ ។
ឯចៅនោះក៏លើកគងឡើងវាយ និយាយថា "គ្រឿងចាស់របស់ខ្ញុំអើយ ! ចូរមកកើតដូចដើមវិញ " និមិត្តតែផុតពាក្យកាលណា អង្គជាតិចាស់ក៏កើតឡើងប្រាកដដូចដើមវិញហោង ។ មេប្រពន្ធឃើញឥទ្ធិពលគងមង្គលនោះ ពូកែឆុតឆាប់ដូច្នោះក៏ថា "ចូរអ្នកស្វាមីវាយឡើងម្ដងទៀតទៅ ខ្ញុំនឹងឧទ្ទិសហៅយកមាសប្រាក់ ឲ្យមានដូចគេវិញ " ។ ចៅប្ដីថា "វាយម្ដងទៀតឯណាក៏បាន គងនេះវាយបានតែត្រឹមវារៈ ៣ ដង ឥឡូវឯងអស់វរៈ ៣ ដងទៅហើយ គឺវាយក្នុងកាលបឋមនោះ ហងឯងទៅពាំនាំហៅយកអង្គជាតិ, វាយទីពីរនឹងកែមាត់ អង្គជាតិក៏បាត់ទៅទាំងចាស់ទាំងថ្មី, វាយទីបីហៅបានតែគ្រឿងចាស់ដដែលមកវិញ នឹងវាយទី ៤ ទៀតឯណាក៏បាន គ្រូគេហាមផ្ដាច់មកហើយ គិតទៅមេហងឯង ជាកាឡកិណី ស្ត្រីអលក្ខិកា ធ្វើឲ្យខូចពិធីអញទៅហើយ" ថាហើយ ចៅនោះក៏យកគងមង្គលនោះ ទៅជូនម្ចាស់គេវិញហោង ។
រឿងនិទាននេះ បានគតិដូចបុគ្គលគិតការមិនស្រុះគ្នា ការឯណាមួយតែធ្វើមិនព្រមព្រៀងគ្នា ហើយការនោះមិនសម្រេចទៅបាន ដូចនិទានមេកាឡកិណីនោះឯង អ្នកមានសតិបញ្ញាគួរពិចារណាទៅទៀតចុះ ។
ចប់តម្រាកាឡកិណី នឹងមង្គលមិនស្របគ្នា ទី ១៩ ។