គតិលោក/ភាគទី៥/15

113300គតិលោក, ភាគទី៥រឿង​រាជសីហ៍​នឹង​កង្កែបឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​រាជសីហ៍​នឹង​កង្កែប


មាន​សត្វ​រាជសីហ៍ ១ ចុះ​ទៅ​ផឹក​ទឹក​ស្រះ កាល​នោះ​មាន​សត្វ​កង្កែប ១ បាន​ឃើញ​រាជសីហ៍​ចុះ​មក​ផឹក​ទឹក​ដូច្នោះ ក៏​ស្រែក​កំហែង​ទៅ​ថា "វ៉ឺយ​រាជសីហ៍ ហេតុ​អ្វី​ចៅ​មក​លួច​ផឹក​ទឹក​យើង ចៅ​សុំ​នរណា​ហៈ ស្រះ​នេះ​ជា​ស្រះ​របស់​យើង គួរ​តែ​គំនាប​យើង​ជា​ម្ចាស់​ស្រះ​ខ្លះ​អេះ នេះ​ឯង​ព្រហើន​កោង​មក​ផឹក​មិន​សុំ​យើង​ជា​ម្ចាស់​ឡើយ" ។ ឯ​រាជសីហ៍​ឮ​កង្កែប​ពោល​មក​ដូច្នោះ ក៏​ទោសោ​ខ្លាំង ទើប​តប​ទៅ​វិញ​ថា "វ៉ឺយ​អា​កង្កែប​តូច​ច្រមក់ ស្រះ​នេះ​ម៉ែ​អា​ឯង​ចែក​មក​ឬ ទើប​បាន​អា​ឯង​មក​ពោល​ថា​ខ្លួន​ជា​ម្ចាស់​ស្រះ ស្រះ​នេះ​ហៅ​ជាតស្រះ គឺ​ស្រះ​កើត​ឯង​តាំង​ពី​ព្រេង​មក ជា​ស្រះ​សម្រាប់​ពួក​សត្វ​ចតុប្បាទ ទ្វេបាទ​នឹង​មនុស្ស​ទាំង​ឡាយ គេ​តែង​អាស្រ័យ នេះ​ហេតុអ្វី អា​ឯង​មក​ពោល​កំហែង​អញ ថា​អញ​មិន​គំនាប់​សុំ​អា​ឯង​នោះ អញ​ចាំបាច់​សុំទាន​អា​ឯង​ធ្វើ​អ្វី អា​ឯង​ជា​ម្ចាស់​កាល​ណា នែ​អា​កង្កែប​អែប​នៅ​គុម្ព​ផ្កា អា​មិន​ស្គាល់​ឫទ្ធិ​ចេស្ដា​អញ​ជា​ស្ដេច​លើ​ក្បាល​អា​ឯង​ទេ​ឬ ? ។

កង្កែប​តប​ថា "វ៉ឺយ​រាជសីហ៍, ឯង​អួត​ថា​ខ្លួន​ជា​ស្ដេច ៗ មែន​ហើយ តែ​ជា​ស្ដេច​លើ​សត្វ​ចតុប្បាទ​ខាង​ជើង​គោក ឯ​អញ​នេះ​សោត ក៏​ជា​ស្ដេច​លើ​សត្វ​ខាង​ជើង​ទឹក ឫទ្ធិ​ចេស្ដា អា​ឯង​ក៏​មិន​លើស​លែង​គ្នា អញ​ក៏​ពុំ​កោត​ក្រែង​ឫទ្ធិ​អំណាច​អា​ឯង​ប៉ុន្មាន ឬ​អា​អាង​ឫទ្ធិ​សម្រែក​ស្រែក​ឲ្យ​សត្វ​ទាំង​ឡាយ ឮ​បក​ត្រចៀក​ស្លាប់​នោះ ត្រង់​សត្វ​ទាំង​ឡាយ វា​ឆោត​នាំ​គ្នា​កោត​ខ្លាច​សម្រែក​រាជសីហ៍​ទួទៅ ត្រង់​រូប​អញ ១ នេះ មិន​ឆោត មិន​ទៅ​កោត​ខ្លាច​សម្រែក​អា​នោះ​ទេ អា​ចង់​ស្រែក​យ៉ាង​ណា​ក៏​អញ​មិន​ព្រឹម" ។ ឯ​រាជសីហ៍​បាន​ឮ​កង្កែប​​ពោល​ពាក្យ​ឥត​ក្រែង​ដូច្នោះ ក៏​គិត​ថា​អញ​នឹង​បញ្ចេញ​នូវ​សម្រែក​ឲ្យ​អា​សត្វ​កង្កែប​នេះ វា​ស្លាប់​ក្នុង​កាល​ឥឡូវ​នេះ​ឯង គិត​ហើយ​រាជសីហ៍​ក៏​ស្រែក​ដោយ​ឫទ្ធិ​យ៉ាង​ខ្លាំង​ឡើង ។ ឯ​កង្កែប​កាល​រាជសីហ៍​ស្រែក​នោះ វា​ក៏​លោត​ចាក​ស្លឹក​ឈូក​មុជ​ចុះ​ទៅ​ក្នុង​ទឹក លុះ​សម្រែក​រាជសីហ៍​ស្ងប់​បាត់​ហើយ វា​ក៏​ងើប​ឡើង​ទំ​លើ​ស្លឹក​ឈូក​វិញ ហើយ​ពោល​ឡក​ទៅ​ថា "វ៉ឺយ​រាជសីហ៍​ឯង​ស្រែក​អម្បាញ់មិញ​នេះ ឮ​មិន​ស្មើ​នឹង​ផោម​អញ​ផង ចូរ​ឯង​ស្រែក​ម្ដង​ទៀត​ទៅ​មើល" ។

ឯ​រាជសីហ៍​ទោសោ​ខ្លាំង ក៏​តាំង​ស្រែក​ឡើង​លើស​មុន ដើម្បី​ឲ្យ​កង្កែប​ស្លាប់ ឯ​កង្កែប​ក៏​មុជ​ចុះ​ទៅ​ក្នុង​ទឹក​ទៀត លុះ​ស្ងប់​សព្ទ​រាជសីហ៍​កាល​ណា វា​ក៏​ងើប​ឡើង​ទំ​លើ​ស្លឹក​ឈូក​ហើយ រាំ​ឡក​ចំអក​ឲ្យ​រាជសីហ៍​ដោយ​ប្រការ​ផ្សេងៗ ។ ឯ​រាជសីហ៍​ក៏​រឹងរឹត​តែ​ខ្លាំង តាំង​ប្រឹង​ស្រែក​ខ្លាំង​ឡើង ទាល់​តែ​ប្រេះ​បែក​បំពង់​ក​ដួល​ចុះ​ដល់​នូវ​ក្ដី​មរណកាល​ក្នុង​កាល​នោះ​ហោង ។ ឯ​កង្កែប​ឃើញ​រាជសីហ៍​ស្លាប់​ដូច្នោះ ក៏​ត្រេកអរ​ដោយ​សម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន ។

រឿង​នេះ បាន​គតិ​បុគ្គល​ទោសោ​ក្រោធ​មិន​គិត អាង​ឥទ្ធិឫទ្ធី ឥត​ប្រាជ្ញា មិន​ពិចារណា​ឲ្យ​យល់​ហេតុ​នឹង​អន្តរាយ​ខ្លួន​ទៅ​ខាង​មុខ គិត​តែ​ថា​ខ្លួន​ឯង​ធំ ឯង​មាន​អំណាច កើត​មាក់ងាយ​មើលងាយ​អ្នក​តូច វិនាស​ខ្លួន​ដូច​សត្វ​រាជសីហ៍​នោះ​ហោង ។


ចប់​តម្រា​ទោសោ​ឥត​សតិសម្បជញ្ញៈ ទី ២១ ។