គតិលោក/ភាគទី៥/16

113301គតិលោក, ភាគទី៥រឿង​សត្វ​ទន្សាយ​នឹង​មេ​ខ្លាឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​សត្វ​ទន្សាយ​នឹង​មេ​ខ្លា


មាន​សត្វ​ទន្សាយ ១ ដើរ​ទៅ​បាន​ជួប​នឹង​កូន​ខ្លា​ធំ​ពីរ នៅ​ខាង​គុម្ព​ឈើ ទើប​សួរ​ទៅ​ថា "វ៉ឺយ​កូន​ខ្លា ថ្ងៃ​នេះ​ម៉ែ​ឯង​ទៅ​ឯណា​ហើយ" ។ កូន​ខ្លា​ទាំង​ពីរ​ក៏​ប្រាប់​ថា ម៉ែ​យើង​ពុំ​នៅ​ទេ គាត់​ចេញ​ទៅ​រកស៊ី​ពី​ព្រឹកមិញ​ហើយ" ។ ឯ​ទន្សាយ​ក៏​និយាយ​ទៅ​ថា " អញ​មក​នេះ បើ​ម៉ែ​ឯង​នៅ អញ​នឹង​ល្បង​ប៉ោល​ថ្មី​អញ​មើល​ម្ដង" ថា​ហើយ​ទន្សាយ ក៏​ដើរ​ចេញ​ទៅ​ដល់​ព្រៃ​ស៊ុមទ្រុម មាន​វល្លិ​ត្អើក​រឹត​រុំ​ស្បាត​ជិត ក៏​ចូល​ទៅ​ពួន​សម្ងំ​ដេក​លើ​ស្ដុក​វល្លិ​ត្អើក​នោះ​ឯង ។ ថ្លែង​ឯ​មេ​ខ្លា ដល់​ពេល​ល្ងាច​ស្រទន់ ក៏​ត្រឡប់​មក​កាន់​សំបុក​កូន​នៃ​ខ្លួន ដល់​ហើយ​កូន​ទាំង​ពីរ​ប្រាប់​ថា "ម៉ែ​អើយ ថ្ងៃ​មិញ​នេះ អា​ទន្សាយ​វា​មក​ពោល​ពាក្យ​អាសូរោះ​ចាក់ដោត​ដល់​ម៉ែ​ឯង វា​ថា​បើ​ម៉ែ​ឯង​នៅ​នេះ វា​នឹង​ល្បង​ប៉ោល​ថ្មី​វា​មើល​ម្ដង" ។ មេ​ខ្លា​ឮ​ដូច្នោះ ក៏​កើត​ទោសោ​ក្រោធ​ត​ទន្សាយ ជេរ​ថា​ខ្មោច​អា​សត្វ​ទន្សាយ​អប្រិយ គួរ​អ្វី​មក​ស្ដី​ពាក្យ​ចំអាស​ឲ្យ​អញ​យ៉ាង​នេះ បើ​ដូច្នោះ​នឹង​អត់​ឲ្យ​វា​ឯណា​ក៏​បាន គួរ​ទៅ​តាម​ប្រហារ​វា​ឲ្យ​បង់​ជីវិត គិត​ហើយ មេ​ខ្លា​លា​កូន​ទាំង​ពីរ​ចេញ​ចាក​ទី ចរ​លី​ទៅ​តាម​ទន្សាយ លុះ​ទៅ​ដល់​ព្រៃ​ស៊ុមទ្រុម លប​គន់​មើល បាន​ឃើញ​ទន្សាយ​ដេក​នៅ​នោះ មេ​ខ្លា​ក៏​ស្ទុះ​ទៅ​ដោយ​កំលាំង​ទោសោ ដើម្បី​នឹង​ចាប់​ទន្សាយ​ហែក​ប្រហារ​ដោយ​ក្រចក​ជើង ។ ឯ​ទន្សាយ ក៏​លោត​គេច​ទៅ​ខាង​ក្រោម​វល្លិ​ត្អើក ផុត​ក្រញាំ​ជើង​ខ្លា ៗ លោត​ទៅលើ​ស៊ុមទ្រុម ធ្លាក់​ខ្លួន​ចុះ​ស៊ុមទ្រុម វល្លិ​វើក​វល្លិ​ត្អើក​ក៏​រឹត​ជុំ​ខ្លួន​នៃ​មេ​ខ្លា​ជាប់​ជើង​ទាំង​មុខ​ទាំង​ក្រោយ ខំ​បម្រះ​ឡើង​ដោយ​កំលាំង ។

ឯ​ទន្សាយ​ឃើញ​មេ​ខ្លា​ជាប់​រាម​ដូច្នោះ ក៏​ស្ទុះ​ឡើង​ពី​ខាង​គូធ​នៃ​មេ​ខ្លា ធ្វើ​អាការ ការ​លោកិយ​ហើយ​ស្រដី​ថា ហ៊ឹះ ៗ ឯង​ថា​ចង់​ល្បង​ប៉ោល​ថ្មី​លេង ៗ ឥឡូវ​គេ​ឲ្យ​ឯង​ល្បង​ប៉ោល​ថ្មី​ទាល់​តែ​បាន ទន្សាយ​ធ្វើ​អាការ​ផ្ចាល​មេ​ខ្លា​នោះ​ស្រេច​ហើយ ក៏​ស្ទុះ​ចុះ​រត់​ទៅ​កាន់​ទី​ដទៃ​ហោង។

ឯ​មេ​ខ្លា​កាល​ទន្សាយ​រត់​ផុត​ទៅ​ហើយ ក៏​ខំ​រើ​ខ្លួន​អំពី​រាម​ស៊ុមទ្រុម​នោះ បាន​ហើយ​ក៏​ចេញ​មក មាន​សេចក្ដី​ខឹង​នឹង​ទន្សាយ​នោះ​មហិមា នឹង​ទៅ​តាម​ចាប់​វា ពេល​ស្រទន់​ទៀប​ល្ងាច​ហើយ មេ​ខ្លា​ក៏​វិល​ត្រឡប់​ទៅ​កាន់​សំបុក​កូន​ខ្លួន​វិញ ដល់​ហើយ​កូន​ទាំង​ពីរ​ក៏​សួរ​ថា "ម៉េច​ទៅ​ម៉ែ អា​ទន្សាយ​នោះ ម៉ែ​បាន​ពិឃាត​វា​ហើយ​ឬ" ។ មេ​ខ្លា​ប្រាប់​ថា "ពិឃាត​វា​ឯណា​ក៏​បាន ម៉ែ​ទៅ​នេះ ប៉ិន​គេ​យក​កេរ្តិ៍​ខ្មាស​ទៅ​ឲ្យ​វា​ជា​ម្ដង ណ្ហើយ​ចុះ ថ្ងៃ​នេះ​ឯង​ធ្វើការ​បរាជ័យ​ចាញ់​វា ចាំ​ថ្ងៃ​ក្រោយ ៗ ទៀត​សឹម​កែ​ខ្លួន​ឲ្យ​បាន" ថា​ហើយ​មេ​ខ្លា​ក៏​ចូល​ទៅ​ដេក​បំបៅ​កូន​ក្នុង​រូង​នោះ​ហោង ។

រឿង​នេះ បាន​គតិ​ដូច​បុគ្គល​ខឹង​ហួស​ជ្រួស​ស្នៀត​ដល់​នូវ​ក្ដី​បរាមុខ​ខ្លួន​ឯង​វិញ ។ មែន បុគ្គល​ណា​ខឹង​ហួស​ខឹង​ខ្លាំង​ភ្លាំង​សតិ​បញ្ញា​ហើយ នឹង​បាន​ក្ដី​ក្ដៅ​ក្រហាយ​លើស​មុន ៗ នោះ​ទៀត ទាស់​ស្នៀត​ដួល​ខ្លួន​ឯង​វិញ ដូច​មេ​ខ្លា​នេះ​ឯង ។

មួយ​ទៀត ក្ដី​ក្រោធ​នេះ​ជា​ភ្លើង​មែន បើ​ឆេះ​ទៅ​ក្នុង​ទីណា​ហើយ ទីនោះ​សឹង​វិនាស​ជា​ប្រាកដ បុគ្គល​ណា កាន់​ក្ដី​ក្រោធ​ខ្លាំង​តាំង​ចិត្ត​គិត​ដុត​អ្នក​ដទៃ មិន​ឆេះ​ទៅ​អ្នក​ដទៃ​ឯណា​ទេ ចំពោះ​ឆេះ​នៅ​ក្នុង​រូប​បុគ្គល​ដែល​ដុត​នោះ​ឯង ភ្លើង​ទោសៈ​នេះ ដូច​មេ​ឃ្មុំ​ទាំង​ឡាយ តែ​ខឹង​ខំ​ប្រឹង​ទិច​គេ ឯ​ទ្រនិច​ឃ្មុំ​នោះ​តែង​សណ្ដក​ចាក​គូធ មិន​សណ្ដក​តែ​ទ្រនិច​នោះ​ទេ សណ្ដក​ជាប់​ដល់​ពោះវៀន​ផង លោក​ថា​ឃ្មុំ​ណា​ទិច​គេ ឃ្មុំ​នោះ​អស់​ទ្រនិច​ហើយ នឹង​តាំង​នៅ​ជា​មេ​ឃ្មុំ​វិញ​ពុំ​បាន សឹង​ធ្លាក់​ទៅ​ជា​មេ​របោម អ្នក​ប្រាជ្ញ​ខ្លះ​ថា​ឃ្មុំ​នោះ​ស្លាប់​ខ្លួន​ឯង ។

មួយ​ទៀត ការ​ផ្ចាញ់​សត្រូវ​ខ្លួន​ដោយ​ក្ដី​ក្រោធ​តប​នោះ ពុំ​អាច​ឈ្នះ​បាន បទ​នេះ​មាន​ក្នុង​គម្ពីរ​លោកនីតិ​ថា

អក្កោ ថេន ជិនេ កោធម

ធសាធុំ សាធុនា ជិនេ

កទរិញ្ច ទានេន

សច្ចេនាលិកវាទីនំ

អធិប្បាយ​ថា ឈ្នះ​អ្នក​ក្រោធ​ដោយ​ក្រឹត្យ​មិន​ក្រោធ​តប ឈ្នះ​អសប្បុរស​ប្រកប​ដោយ​សប្បុរស ឈ្នះ​កំណាញ់​ដោយ​ឲ្យ​ទ្រព្យ​របស់ ឈ្នះ​បុរស​ឡេះឡោះ​ដោយ​ពាក្យ​សត្យ ។

មួយ​ទៀត បុគ្គល​ណា​កំចាត់​ក្ដី​ក្រោធ​បាន បុគ្គល​នោះ​ផុត​ក្ដី​ក្ដៅ​ក្រហាយ ក្ដី​សៅសោក​បាន ដូច​បទ​បាលី​ថា កោធំ វិហិត្វា ន កទាចិ សោចតិ

មក្ខប្បហានំ ឥសយោ វណ្ណយន្តិ

សព្វេសំ ផរុសវចនំ ខមេថ

តំ ខន្តី ឧត្ដមមាហុ សន្តោ ។


អធិប្បាយ​ថា ជន​ឯណា​កំចាត់​ក្ដី​ក្រោធ​បាន ជន​នោះ​គ្មាន​សៅសោក​ក្នុង​លោកិយ ព្រះ​ឥសី​សរសើរ អ្នក​គប្បី លះបង់​ក្ដី​លុប​គុណ​កប​សត្យា អ្នក​ឯណា​អាច​អត់​ផរុសវាទ មិន​រលាត​ដោយ​ពាក្យ​បេសុញ្ញា សប្បុរស​សរសើរ​អ្នក​នោះ​ណា កប​ខន្ត​តីតិក្ខា ជា​ឧត្ដម ។

ចប់​តម្រា​ខឹង​ហួស​ជ្រួស​ផ្ដាស​បង់​ខ្មាស​ខ្លួន​ឯង ទី ២២ ។ ចប់​ភាគ​ទី ៥ តែ​ប៉ុណ្ណោះ ។


ចប់​តម្រា​ខឹង​ហួស​ជ្រួស​ផ្ដាស​បង់​ខ្មាស​ខ្លួន​ឯង ទី ២២ ។ ចប់​ភាគ​ទី ៥ តែ​ប៉ុណ្ណោះ ។