រឿងសត្វកណ្ដូបនឹងដើមសង្កែ
មានសត្វកណ្ដូប ១ ហើរទៅទំស៊ីស្លឹកនូវផ្លែផ្កានៃដើមសង្កែ ដុះនៅវាលស្រែក្រៅ ១ លុះបរិភោគឆ្អែតហើយ ក៏ហើរទៅព្រៃភ្នំ ចុះទំលើមែកសង្កែភ្នំ ១ ដុះនៅក្រោមឈើធំទាំងឡាយ លុះដល់ពេលឃ្លានបាយអាហារ ក៏ហើរឆ្វៀលដើមសង្កែភ្នំ ដើម្បីរកមើលស្លឹក មើលផ្លែផ្កានឹងបរិភោគ ហើររកពុំឃើញមានស្លឹកនូវផ្លែផ្កា ឃើញតែមានដើមខ្ពស់ដូច្នោះ កណ្ដូបនោះក៏និយាយថា ដើមសង្កែដែលដុះឯវាលស្រែនោះ គេមានមែកត្រសុំត្រសាយ បរិបូណ៌ដោយផ្លែផ្កា មានស្លឹកស្រោបជិតជុំដើម ជាទីប្រជុំនៃសត្វកន្លង់ កណ្ដូប អណ្ដើកមាស ទាំងឡាយអាស្រ័យបរិភោគបាន អើប្រស្ដែងសង្កែភ្នំនេះ ហេតុអ្វីក៏ពុំមានស្លឹកបែកផ្លែផ្កាដូចមាន មានតែដើមដុះលូតខ្ពស់រៀវចុងយ៉ាងនេះ រកតែស្លឹកនឹងស្រោបខ្លួនគ្មាន។
ឯសង្កែនោះ ក៏ប្រាប់ថា "ឱអ្នកអើយ ! ដើមខ្ញុំនេះដុះនៅក្រោមឈើធំ ក៏វិស័យឈើធំទាំងឡាយមានដើមផ្ចឹករាំងឈើទាលជាដើមនោះ គេជាជាតិឈើភ្នំប្រកបដោយខ្លឹមខាងក្នុង គេក៏លូតបែកមែកត្រសាយត្រសុំ ដោយភាពគេជាឈើភ្នំ តែខ្ញុំឯងនេះ ជាជាតិឈើឥតខ្លឹម ហើយមកដុះនៅខាងគេ តាំងលូតតាមគេទៅ ទាល់តែរកស្លឹកពុំមានយ៉ាងនេះឯង។
ឯកណ្ដូប ក៏និយាយតិះដៀលដើមសង្កែនោះផ្សេង ៗ ហើយសរសើរដើមសង្កែ ដែលដុះនៅតាមវាលស្រែផុតអំណាច ឈើធំនៅគ្របសង្កត់ពីខាងលើ, ពុំបានលូតតាម ត្រាប់តាមឈើធំឲ្យបង់ស្លឹកផ្លែផ្កាដុះតាមធម្មតាខ្លួនឯង តាមតែចិត្តចង់បំបែកមែកតូច ធំ តាំងស្លឹកផ្កាផ្លែបិទបាំងខ្លួនយ៉ាងណា ៗ ក៏ឥតមានទើសទាល់អ្វីមួយឡើយ កណ្ដូបពោលពាក្យដូច្នោះហើយ ក៏ហើរទៅកាន់លំនៅនៃខ្លួនវិញហោង។
ចរឿងនេះ បានសេចក្ដីជាគតិយ៉ាងណា ចូរអត្ថាធិប្បាយទៅមើល ?
កូនសិស្សតបថា ឯដើមផ្ចឹករាំងឈើទាលនោះ ជារុក្ខជាតិមានខ្លឹម ដុះឡើងក៏លូតខ្ពស់តាំងបែកមែកតូចធំ ព្រមទាំងស្លឹកផ្លែផ្កាបាន សមដោយជាតិជាឈើធំ នេះបានគតិមនុស្សអ្នកមានសម្បត្តិ មានយសស័ក្ដិ មានប្រាក់ខែបរិបូណ៌ បើគេស្លៀកពាក់គ្រឿងតែងខ្លួន ឬគេបរិភោគភោជនាហារ យ៉ាងឧត្ដម ក៏សមរបស់គេឥតមានក្ដីខាត់ ឯជាតិដើមសង្កែឬប្របួយ លាជផ្ទុះជាដើមនោះ ជាជាតិឈើស្រែ ឈើក្រៅ សមគួរតែដុះនៅវាលស្រែក្រៅ ដែលផុតអំពីម្លប់ឈើធំ ទើបអាចតាំងមែកស្លឹកផ្លែផ្កាបរិបូណ៌ទៅបាន បើទៅដុះនៅខាងឈើធំហើយ ក៏ពុំអាចតាំងមែកស្លឹកផ្លែផ្កាបានឡើយ នេះបានគតិដូចមនុស្សអ្នកឥតចំណេះឥតទ្រព្យសម្បត្តិ ហើយត្រាប់តាមអ្នកមានសម្បត្តិ មានយស ទិញគ្រឿងតែងខ្លួន ឬអាហារខ្ពស់ ប្រើកិរិយាយ៉ាងអ្នកធំ លូតតាមអ្នកធំ ម្ល៉ោះហើយក្ដីក្រ ក្ដីលំបាក ក៏កើតដល់ប្រាណ មានឧបមេយ្យដូចដើមសង្កែត្រាប់តាមឈើធំនោះឯង។
ឯដើមសង្កែ ដែលដុះដោយវាលស្រែ បរិបូណ៌ដោយមែកស្លឹកផ្លែផ្កានោះ បានគតិដូចមនុស្សអ្នកឥតចំណេះវិជ្ជា ការខ្សត់ក្រ តែទៅប្រព្រឹត្តដោយការរកស៊ីធ្វើស្រែចំការជួញប្រែលក់ដូរ ឧស្សាហ៍សន្សំទ្រព្យសម្បត្តិ ទុកដាក់ពុំហ៊ានចែកចាយ ដោយការពុំគួរចាយនោះ ទ្រព្យសម្បត្តិកើតមានឡើង ដូចដើមសង្កែដុះដោយវាលស្រែនោះឯង ។ អ្នកស្រែចំការមានទ្រព្យសម្បត្តិ ជាទីឲ្យមហាជនសរសើរ។
អ្នកក្រុងពិតតែឥតទ្រព្យសម្បត្តិ ប៉ុន្តែប្រឹងលូតតាមអ្នកធំដូចដើមសង្កែដុះក្បែរភ្នំ ជាទីឲ្យកណ្ដូប មេអំបៅ អណ្ដើកមាសតិះដៀលនិន្ទា ។ អ្នកមានបញ្ញាគួរពិចារណាយកជាគតិលោក យោគឲ្យឃើញមនុស្សត្រាប់អ្នកធំមាននៅក្នុងសម័យឥឡូវនេះ។
ចប់គតិអ្នកលូតអស់ស្លឹកទី ៩។