រឿងសត្វក្អែកនឹងខ្មោចឆ្កែ
មានក្អែក ១ បានឃើញខ្មោចឆ្កែ ១ អណ្ដែតទឹក ក៏ចុះទំចឹកស៊ីបណ្ដែតទៅតាមខ្សែទឹក ចេញទៅដល់កណ្ដាលសាគរា ក្អែកនោះភ្លើនភ្លេចស្មារតី ពុំបានគិតនឹងហើរវិលមកកាន់ទីគោកឡើយ ។
លុះស៊ីឆ្អែតហើយ ក្អែកនឹងគេចហើរមកទីគោកពុំបានព្រោះខ្មោចឆ្កែនោះ អណ្ដែតទៅកណ្ដាលមហាគង្គា ផុតមើលត្រើយពុំយល់ ក្អែកនោះហើរមកមិនដល់គោក ក៏គាំងស្លាប់អស់កំលាំងធ្លាក់លិចចុះក្នុងគង្គា ដល់នូវក្ដីមរណៈសូន្យជីវិតហោង ។
រឿងនិទាននេះ បានគតិប្រៀបប្រាយអត្ថាធិប្បាយដូចម្ដេច ?
កូនសិស្សតបថា រឿងនេះបានគតិដូចនិទានសត្វចចកដែលលាភខ្លាំង ចូលទៅស៊ីគ្រឿងក្នុងពោះនៃខ្មោចដំរីសារ បាននូវសេចក្ដីទុក្ខវេទនា ព្រោះឥតសតិបញ្ញានឹងពិចារណាឲ្យយល់ហេតុផល ហៅថា មិនដឹងប្រមាណក្នុងការបរិភោគភោជន អ្នកប្រាជ្ញគប្បីចូលចិត្តហោង។
ចប់តម្រាគតិលង់ដោយលោភទី ១០