និទានពីព្រះមហិស្សរាធិបតីគឺព្រះឥសូរ ដែលជាអ្នកកសាងលោក
និទានព្រះមហិស្សរាធិបតី គឺព្រះឥសូរសាងលោក កាលសាងលោកសូរេចហើយ ព្រះឥសូរហៅពួកសត្វចតុប្បាទ ទ្វេបាទ អបាទ ពហុបាទ ទាំងឡាយចូលមកកាន់ទីប្រជុំ ដើម្បីនឹងសួរសេចក្ដីសុខទុក្ខសព្វសត្វ តើសត្វពួកណា គាប់ចិត្តនឹងរូបកាយខ្លួនឬពុំគាប់ចិត្តនឹងរូបកាយខ្លួនទេ នឹងកែប្រែជាថ្មី តាមក្ដីប្រាថ្នារបស់សត្វលោកទាំងពួង ។
កាលទ្រង់សួរនោះ គឺទ្រង់សួរស្វាជាមុនថា "ហៃចៅពានរ រូបកាយបាឯងដែលយើងសាងឲ្យ មានអវយវៈយ៉ាងនេះ សព្វថ្ងៃនេះ តើចៅគាប់ចិត្តពេញចិត្តហើយឬ ៗ នៅមានក្ដីទាស់ត្រង់ណាខ្លះ ចូរចៅថាទៅមើលនឹងកែប្រែជាថ្មីទៀត " ។
ឯពានរមើលទោសឯងមិនយល់ សំគាល់ថារូបខ្លួនឥតទាស់ ទើបទូលព្រះឥសូរថា "សូមទាន ល្អងធូលីព្រះបាទ សាងរូបកាយខ្ញុំជាស្វានេះ ពេញជាស្រួលណាស់ហើយ មានទាំងដៃជើង ឡើងដើមឈើបាន កបកំលាំង លោតបេះផ្លែឈើ អាស្រ័យបានដោយងាយ ទាំងឥតកិច្ចការធ្វើស្រែចំការជួញប្រែដូចយ៉ាងមនុស្សនោះឡើយ ព្រះអង្គសាងរូបកាយខ្ញុំនេះគាប់ចិត្តខ្ញុំហើយ មិនបាច់កែប្រែឲ្យខ្ញុំទៀតទេ បើព្រះអង្គចង់កែនោះ សូមមេត្តាកែសត្វខ្លាឃ្មុំវិញ ព្រោះរូបវាមិនសមរម្យល្អទេ គឺមុខនោះច្របូញ រោមខ្មៅជិត ឥតមានកន្ទុយនឹងបត់ ឃើញអាក្រក់លើសគេនានា សូមមេត្តាកែវាជាថ្មីចុះម្ចាស់" ។ ព្រះឥសូរបានឮស្វាថាដូច្នោះ ក៏ត្រាស់ទៅសួរទៅខ្លាឃ្មុំថា "ហៃចៅអច្ឆាជាតិ រូបកាយចៅឯងដែលយើងសាងឲ្យយ៉ាងនេះ តើជាទីគាប់ចិត្តចៅឯងហើយឬ ៗ នៅទាស់ត្រង់ណាខ្លះ ចូរថាមកយើងនឹងកែឲ្យ ? ។
ឯខ្លាឃ្មុំមិនយល់ទោសខ្លួនក៏ឆ្លើយថា "រូបខ្ញុំនេះ ព្រះអង្គសាងឲ្យមានធ្មេញចង្កូមដ៏មុត ទាំងរោមខ្មៅជិតបិទស្បែកក្នុង កុំឲ្យសត្វតូច ៗ មានមូសស្រាំងស្រួយជាដើមចូលមកយាយីបាន ហើយមានជើងទាំង ៤ ប្រកបដោយក្រចកដ៏មុត អាចឡើងឈើព្រៃយកឃ្មុំអាស្រ័យជាភក្សាហារបាន ឥតមានក្ដីកង្វល់រវល់ដោយការធ្វើស្រែចំការ ដូចមនុស្សក្នុងលោកនេះឡើយ រូបខ្ញុំនេះពេញចិត្តខ្ញុំហើយ មិនបាច់កែទៀតទេ បើព្រះចង់កែ សូមកែរូបដំរីវិញចុះ ដ្បិតរូបដំរីនោះខ្ញុំយល់ថាទាស់ខ្លាំងណាស់ គឺរូបអីមានប្រមោយ ១ ក្បាលធំភ្នែកតូច ត្រចៀកកំភ្លាង រាងធំកោង មើលមិនសមសោះម្ចាស់ " ។
ព្រះឥសូរឮអច្ឆាថាដូច្នោះ ក៏សួរទៅកាន់ដំរីវិញថា "ចៅហត្ថី រូបកាយចៅដែលយើងសាងឲ្យយ៉ាងនេះ តើគាប់ចិត្តចៅហើយឬ ៗ នៅទាស់ត្រង់ណាទៀត ចូរថាទៅមើល ? ។
ឯដំរីពុំឃើញទោសខ្លួន ទើបទូលថា "ព្រះអង្គសាងរូបខ្ញុំឲ្យមានកាយធំខ្ពស់លើសគេ ទាំងភ្លុកសោតក៏ល្អប្រើជាអាវុធបាន ទាំងកំលាំងហៅហាន អាចចាក់ អាចព្រេចនូវសត្រូវឥតទើសទាល់ បរិភោគស្មៅជាអាហារ ឥតក្ដីរវល់នឹងធ្វើស្រែកាប់ចំការ ដូចមនុស្សនោះឡើយ រូបខ្ញុំនេះគាប់ចិត្តខ្ញុំហើយ ព្រះអង្គមិនបាច់កែទៀតទេ ឯការដែលទាស់នោះ ឃើញទាស់តែសត្វឱដ្ឋ គឺរូបជាសេះ តែកវាវែងដូចជាកុក ឃើញមិនសំណុំសមជាសត្វពាហនៈឡើយ" ។
ព្រះឥសូរក៏ត្រាស់ទៅឱដ្ឋវិញថា "ម្ដេចចៅឱដ្ឋ រូបកាយចៅឯង សព្វថ្ងៃនេះស្រួលបួលហើយឬ ៗ នៅទាស់ត្រង់ណាខ្លះ ចូរថាទៅមើល យើងនឹងកែឲ្យ ? ។ សត្វឱដ្ឋក៏ឆ្លើយថា " ព្រះអង្គសាងរូបកាយខ្ញុំមានកវែង អាចអើតស៊ីស្លឹកឈើខ្ពស់ ៗ បាន ហើយមានកំលាំងខ្លាំងក្នុងការបន្ទុក អាស្រ័យស្មៅផឹកទឹកឆ្អែតហើយ អាចអត់បាន ៧ ថ្ងៃមិនតោងអាស្រ័យក៏បាន ហេតុនេះ ខ្ញុំយល់ថា ព្រះអង្គសាងរូបកាយខ្ញុំនេះវិសេសណាស់ហើយ មិនបាច់កែប្រែទៀតទេ សូមព្រះអង្គកែរូបត្រីអនន្តមច្ឆាវិញ ព្រោះត្រីនោះមានរូបធំណាស់មិនសមនឹងភាពជាជាតិមច្ឆាឡើយ " ។
ព្រះឥសូរក៏សួរទៅត្រីវិញ ត្រីឆ្លើយថា "ព្រះអង្គសាងរូបខ្ញុំ មានកាយដ៏ធំលើសគេ អាចហែលហក់ក្នុងមហាសាគរសមុទ្រធំ ឥតក្ដីកោតក្រែងនឹងរលកខ្យល់ព្យុះ នេះជាការស្រួលហើយ មិនចាំកែទៀតទេ ទាស់តែសត្វស្រមោច ព្រះអង្គសាងរូបតូចណាស់ ទាបណាស់ គេដើរជាន់ពីលើបាន សូមព្រះអង្គកែវាទៀតចុះ"។
ព្រះឥសូរក៏សួរទៅស្រមោច ដោយការក្រែងមិនគាប់ចិត្ត ឯស្រមោចក៏ឆ្លើយថា " ព្រះអង្គសាងរូបខ្ញុំតូចនេះស្រួលពេកហើយ តែមានភ័យអន្តរាយមកដល់កាលណា ចង់រត់ជ្រកក្នុងសម្រាមឬកាកអំពៅក៏ឥតទើស ឯខាងអាហារសោតក៏រកបានងាយ តែបាយឬអង្ករ ១ គ្រាប់ ក៏ទទួលទានបានឆ្អែតបរិបូណ៌ រូបកាយខ្ញុំនេះ ឃើញស្រួលលើសសត្វនានាក្នុងលោកនេះ មិនតោងចាំកែជាថ្មីទៀតទេ" ។
ព្រះឥសូរ ឮសត្វប្រាប់ក្ដីសុខចិត្តគ្រប់គ្នាដូច្នោះ ក៏ស្ងៀមនៅហោង ។
និទានរឿងនេះ បានជាគតិយ៉ាងណា ចូរឯងអត្ថាធិប្បាយទៅមើល ?។
កូនសិស្សតបថា និទានថា បានគតិដូចពាក្យសុភាសិតគឺច្បាប់ចាស់ថា " ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលមិនយល់ ទោសគេតូចសោតសល់ មើលទៅយល់ប៉ុនទាំងភ្នំ"។
មួយទៀត មានគតិក្នុងលោកនីតិថា
តិលមត្តំ បវេសំវ
អប្បទោសញ្ច បស្សតិ
នាឡិកេរំបិ សទោសំ
ខលជាតោ ន បស្សតិ
បុគ្គលយល់ទោសអ្នកដទៃ តូចប៉ុនគ្រាប់ស្ពៃ ឬល្ងសក ទោសខ្លួនប៉ុនដូងទាំងសំបក បែររករិះគន់គយមិនយល់ ។
តម្រាសត្វលោកទាំងអស់ សឹងឃើញតែទោសគេត្រង់ទោសខ្លួនមើលមិនយល់ ដូចកលសត្វទាំងឡាយមានពានរជាដើម ដែលព្រះឥសូរសួររូបកាយរៀងខ្លួន សឹងឃើញតែរូបអ្នកដទៃ ទាស់មិនត្រូវភ្នែកខ្លួនទាំងអស់ ឯត្រង់រូបកាយរបស់ខ្លួនឯង សឹងតែអួតថាល្អ ថាគាប់ចិត្ត ឥតក្ដីទាស់អ្វីឡើយ ។ អ្នកប្រាជ្ញគប្បីពិចារណាទៅទៀតចុះ ។
ចប់តម្រាឃើញតែទោសគេទី ១២