រឿងស្ដេច ១ ព្រះអង្គទ្រង់ព្រះនាមមហាចក្រាមហិស្សរាធិបតី នឹង ស្ដេចស្រមោចខ្មៅ
មានបរមខត្តិយរាជមួយព្រះអង្គ ទ្រង់ព្រះនាមមហាចក្រាមហិស្សរាធិបតី មានឫទ្ធានុភាពផ្សាយអាណាចក្រទួទៅទាំងសាកល ។
មានស្ដេច ១០១ នាំសួយសារដម្បារមាសចូលមកថ្វាយ ទោះស្ដេចគ្រុឌ នាគ យក្ខ ទេវតានឹងសត្វសីហរាជ ព្យគ្ឃរាជ តោ លៀងភា មហិសា ក៏សឹងចុះចូលមូលមកថ្វាយបង្គំ សុំជាផ្លូវព្រះរាជមេត្រីទាំងអស់ ។ គ្រាកាលនោះ មានស្ដេចស្រមោចខ្មៅ ១ ចង់ឡើងទៅសុំថ្វាយព្រះរាជមេត្រីនឹងស្ដេចនោះដែរ ។ ថ្ងៃមួយ ទើបស្ដេចស្រមោចនាំពួកបរិវារអាត្មា ទៅកាន់ផ្ទះសេនាបតី ដល់ហើយក៏និយាយថា "អ្នកសេនាបតី ខ្ញុំនេះមានចិត្តស្រឡាញ់ព្រះករុណាជាម្ចាស់អ្នកឯងនេះណាស់ ខ្ញុំមកនេះ ដើម្បីថ្វាយខ្លួនសុំព្រះអង្គជាផ្លូវព្រះរាជមេត្រីផង ដូច្នេះ អ្នកសេនាបតី ចូរមេត្តានាំប្រព្រឹត្តិហេតុរបស់ខ្ញុំនេះ ចូលទៅក្រាបបង្គំទូលទ្រង់ជ្រាបជាមុន ព្រះអធ្យាស្រ័យ តើជាទ្រង់ប្រោសព្រមឬពុំព្រម ដ្បិតខ្ញុំជាជាតិសត្វតូចទាប ក្រែងព្រះទ័យយល់ថាពុំសមគួរ" ។
ឯអគ្គមហាសេនាបតី បានស្ដាប់ពាក្យស្រមោចដូច្នោះ ក៏ទទួលពាក្យ ទើបរៀបអាត្មាម្នីម្នាចូលទៅគាល់ព្រះបរមខត្តិយា ក្រាបទូលតាមពាក្យស្ដេចស្រមោចនោះគ្រប់ប្រការ ឯព្រះមហិស្សរាឮថាស្រមោចចង់ចូលមកជាព្រះរាជមេត្រី នឹងព្រះអង្គដូច្នោះ ក៏ទ្រង់ខាត់ព្រះទ័យ ដោយសេចក្ដីយល់ថា សត្វស្រមោចសង្អារជាសត្វថោកទាប មិនគួរនឹងរាប់អានទៅទទួលមេត្រីនឹងវា ឲ្យអាប់ព្រះកិត្តិយសព្រះអង្គ គិតហើយទើបត្រាស់ថា "អាសត្វស្រមោចជាតិតូចទាបណាស់ យើងជាស្ដេចធំពុំគួរនឹងទៅតាំងផ្លូវព្រះរាជមេត្រីនឹងវាឡើយ អ្នកឯងទៅប្រាប់វាចុះ ថាយើងមិនទទួលមេត្រីទេ យើងមេត្រីតែនឹងសត្វធំ ៗ យ៉ាងរាជសីហ៍ជាដើម" ។
ឯអគ្គមហាសេនាបតី ជាអ្នកមានបញ្ញាជ្រៅទើបក្រាបទូលទៅថា "ធម្មតានាយជាងឈើ ឬជាងទង សឹងមានគ្រឿងដែកតូច ធំ សម្រាប់ធ្វើការ ការឯណាធំត្រូវប្រើគ្រឿងធំ យ៉ាងដែកឆាបពន្លាកធំទៅ ការឯណាតូចល្អិតត្រូវប្រើគ្រឿងតូចៗទៅ ដូចយ៉ាងការរាជការរបស់ល្អងធូលីព្រះបាទសព្វថ្ងៃនេះ រាជការឯណាធំ ក៏ត្រូវប្រើយក្សឬគ្រុឌឬរាជសីហ៍ជាដើមទៅ បើរាជការឯណាតូចល្អិតដល់មក យើងត្រូវប្រើសត្វតូច ៗ ទៅតាមការនោះ ដូចយ៉ាងសត្វស្រមោចក៏មានប្រយោជន៍ខ្លះដែរ មានរឿងនិទានក្នុងទសជាតក គឺរឿងព្រះមហោសថបណ្ឌិតពោធិសត្វថា កាលនោះ ព្រះបាទវិទេសរដ្ឋរាជមានកែវបុរាណ ១ ជាគ្រឿងប្រដាប់រូប កែវនោះវែង មានរន្ធវៀចជាសណ្ឋានខ្ចៅ បុរាណគេចោះដាក់ខ្សែប្រើបាន ដល់យូរមក ខ្សែនោះចាស់រេចរឹល ក៏ដាច់ចេញអំពីដួងកែវ នឹងរកអ្នកឯណាយកខ្សែដោតដាក់ដូចមុនវិញពុំបាន ព្រះបាទវិទេសរដ្ឋរាជប្រើរាជអាមាត្យ ឲ្យនាំយកកែវនោះទៅឲ្យព្រះពោធិសត្វដាក់ខ្សែ ឯព្រះមហោសថបណ្ឌិតមានបញ្ញាអាចដោតកែវនោះ គឺលោកយកខ្សែសូត្រមកវេញត្របាញ់ ហើយយកស្ករលាយលាបចុងខ្សែក្នុងរន្ធកែវនោះ លាបទឹកឃ្មុំដាក់ជានុយស្រមោច ឯស្រមោចទាំងឡាយ កាលធុំក្លិនស្ករទឹកឃ្មុំហើយ ក៏នាំគ្នាចូលទៅក្នុងរន្ធកែវ ស៊ីស្ករទឹកឃ្មុំខាំទាញចុងខ្សែទៅតាមរន្ធវៀចចេញទៅម្ខាងបាន ទើបមហោសថបណ្ឌិតទាញខ្សែដោតកែវនោះបាន ហើយឲ្យនាំទៅថ្វាយព្រះបរមក្សត្រិយ៍ក្នុងព្រះរាជបុរីវិញ ។ រឿងបុរាណមានមកយ៉ាងនេះ ហេតុដូច្នេះសូមព្រះអង្គទ្រង់ទទួលផ្លូវព្រះរាជមេត្រីនឹងស្ដេចស្រមោចនោះផងចុះ " ។
ឯព្រះបាទមហិស្សរាធិបតី បានស្ដាប់ពាក្យសេនាបតីទូលនាំរឿងបុរាណ ជាគតិដូច្នោះ ស្ដេចក៏ព្រម ទើបត្រាស់ថា "អើអ្នកសេនាបតី បើដូច្នោះអ្នកទៅប្រាប់ស្ដេចស្រមោចនោះផងចុះ ថាយើងទទួលមេត្រីហើយ ឲ្យវាវិលទៅទីស្ថានវាចុះ មិនចាំឡើងមកគាល់យើងទេ បើយើងមានរាជការត្រូវការរក សឹមឲ្យឡើងមកគាល់" ។
ឯលោកអគ្គមហាសេនាបតី ក៏ក្រាបថ្វាយបង្គំលាចេញចាកទីគាល់ ទៅថ្លែងសេចក្ដីនោះប្រាប់ស្ដេចស្រមោច ៗ ក៏មានចិត្តត្រេកអរ ដោយសមក្ដីប្រាថ្នា ទើបលាសេនាបតីនាំពួកពលទៅកាន់លំនៅនៃអាត្មាវិញហោង ។
លុះនៅមក មានកាលសម័យថ្ងៃមួយ ព្រះបាទមហិស្សរាធិបតី ស្ដេចផ្ទំលើព្រះទែននី មានសត្វក្លឹស ១ វារចូលទៅក្នុងរន្ធព្រះកាណ៌នៃព្រះអង្គ ស្ដេចក៏ទ្រង់ក្រោកចាកទីបន្ទំ ខំយកចង្កៀលឆ្លៀតចាក់យកក៏ពុំបាន វារឹតតែរុកទៅខាងក្នុង ស្ដេចក៏រឹងឈឺពន់ពេកណាស់ ដាស់សម្ដេចព្រះទេវី នូវស្ត្រីព្រះស្នំក្រមការឲ្យជួយយកក្លឹសនោះ ។
ឯអស់ស្ត្រីស្នំទាំងឡាយ មាននាងទេវីជាប្រធានសឹងភិតភ័យទីទៃ ៗ នាំគ្នាហៅពេទ្យហ្មមកប្រកបឱសថដាក់ចាក់ទៅ ក្លឹសនោះក៏មិនចេញឡើយ ព្រះបរមខត្តិយរាជក៏រឹងរឹតតែឈឺខ្លាំង តាំងពីមជ្ឈិមយាមយប់ត្រាដល់បច្ចូសសម័យ ស្ដេចក៏នឹកទៅដល់គ្រុឌ នាគ យក្ខ គន្ធព្វ កុម្ភណ្ឌ រាជសីហ៍ នរសីហ៍ ឲ្យមកជួយព្រះអង្គ ។
ឯអស់ស្ដេចទាំងឡាយ មានស្ដេចគ្រុឌជាដើម ក៏មកកាន់ទីប្រជុំជំនុំគ្នា ដើម្បីនឹងគិតយកក្លឹសនោះជាកោលាហល សឹងទញ់ទាល់តម្រិះប្រាជ្ញាទីទៃ ៗ ពុំមានអ្នកឯណាមួយនឹងអាចយកអាសាបាន ។ គ្រាកាលនោះ សេនាបតីនឹកទៅដល់ស្ដេចស្រមោច ៗ ក៏នាំពួកពលបរិវារអាត្មាមកកាន់ទីប្រជុំ ទើបសេនាបតីប្រាប់ថា "ព្រះករុណាជាម្ចាស់យើងមានទុក្ខ ដោយសត្វតូច ចូលទៅក្នុងព្រះកាណ៌នៃព្រះអង្គ អស់ពួកស្ដេចនានាសឹងទញ់ទាល់ប្រាជ្ញាទីទៃ ៗ សេចក្ដីនេះ តើអ្នកឯងគិតកែយ៉ាងណាបាន យើងរាល់គ្នាអស់តម្រិះប្រាជ្ញាហើយ" ។ ស្ដេចស្រមោចបានស្ដាប់ដូច្នោះហើយ ក៏ទទួលយកអាសា ទើបប្រើស្រមោចខ្មៅពីរជាសេនាទាហាន ឲ្យចូលទៅក្នុងព្រះកាណ៌នៃព្រះមហិស្សរាធិបតី ឯស្រមោចទាំងពីរ ក៏នាំគ្នាចូលទៅខាំទាញយកក្លឹសអំពីក្នុងព្រះកាណ៌ ចេញមកខាងក្រៅបាន ហើយបង្ហាញដល់ប្រជុំជន មានព្រះបាទមហិស្សរាធិបតីជាដើម ឯបណ្ដាប្រជុំជនទាំងឡាយ សឹងមានចិត្តត្រេកអរសាទរមហិមា នាំគ្នាសរសើរក្ដីគាបរបស់ស្ដេចស្រមោចនោះ ជាអនេកបរិយាយផ្សេង ៗ ហើយនាំគ្នាថ្វាយបង្គំលា ចេញទៅកាន់លំនៅនៃខ្លួនទីទៃ ៗ ។
រឿងនេះ បានគិតដូចបុគ្គលអ្នករាប់អានតែអ្នកមានយសស័ក្ដិនូវអ្នកមានសម្បត្តិ ត្រង់អ្នកតូចពូជទាប ឬញាតិសន្ដានជាអ្នកក្រីក្រ ពុំរាប់អានឡើយ លុះដល់ខ្លួនមានកិច្ចការ ដូចមានអាវាហមង្គលជាដើមដល់មកនឹងទៅពឹងរកអ្នកមានសម្បត្តិ មានយសស័ក្ដិនោះមកឲ្យជួយរែក សែង ដងទឹក បុកស្រូវ ពុះឧសឯណាក៏មិនបាន តោងពឹងអ្នកតូចតាមការទាប ការគួរធ្វើបាននោះឯង ដូចស្ដេចមហិស្សរាធិបតី បើមិនទទួលមេត្រីនឹងស្ដេចស្រមោចនោះ ហើយដល់ក្លឹសវាចូលត្រចៀក ធ្វើម្ដេចនឹងយកក្លឹសនោះចេញពីក្នុងត្រចៀកបាន ទៅប្រើស្ដេចគ្រុឌ យក្ខ គន្ធព្វ កុម្ភណ្ឌ រាជសីហ៍នោះឯណា នឹងចូលក្នុងត្រចៀកបាន ។ បទនេះ អ្នកប្រាជ្ញគួរពិចារណាមើលជាគតិលោកហោង ។
ចប់តម្រាពឹងតូចរួចទុក្ខភ័យទី ១៣ ។