រឿងជើងដៃច្រណែននឹងមាត់
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស
មានកាលថ្ងៃ ១ ពួកអវយវៈទាំងឡាយគឺដៃពីរជើងពីរ មាត់មួយ នាំគ្នានិយាយថា "យើងសព្វថ្ងៃនេះ លំបាកនឹងប្រកបការរកស៊ីណាស់" ។ ជើងទាំងពីរឆ្លើយថា "ខ្ញុំឯងនេះព្រឹកឡើងកាលណា រវល់តែនឹងដើរទៅឯនោះខ្លះឯនេះខ្លះ មិនចេះឈប់ឈរឡើយ" ។ ដៃទាំងពីរឆ្លើយឡើងថា "ខ្ញុំឯង ក៏រវល់មិនមានឱកាសឈប់សោះ វៀរតែដែកលក់ទើបបានឈប់ តែភ្ញាក់ឡើងកាលណារវល់តែចាប់នេះចាប់នោះ មិនចេះអស់ដោយហោចទៅតែត្រឹមស៊ីបាយស៊ីចំណីអ្វី ៗ ដៃក៏រវល់ចាប់ចំណីបញ្ចុកមាត់ដែរ" ។ មាត់ឆ្លើយឡើងថា "ខ្ញុំឯងក៏រវល់មិនឈប់ដូចគ្នា តែភ្ញាក់ឡើងកាលណាចរចានិយាយថានេះ ថានោះទៅផ្សេងៗ ដោយហោចទៅតែត្រឹមបរិភោគអ្វី ៗ មាត់ក៏រវល់ទំពា រវល់លេបអាហារបញ្ចូលទៅ ការភ្នាក់ងារខ្ញុំឯងមានសភាពយ៉ាងនេះ" ។ ជើងដៃបានឮដូច្នោះ ក៏សួរទៅមាត់ថា "អាហារនោះតើធ្លាក់ទៅនៅលើរូបណា ? ។ មាត់ប្រាប់ថា "អាហារអស់នោះ តែស៊ីហើយ ក៏ធ្លាក់ទៅនៅលើក្រពះទាំងអស់" ។ "អើសព្វអាហារ ដែលពួកយើងបានមកដោយដើរដោយចាប់កាន់ ដោយទំពាហើយលេបចូលទៅ គឺទៅនៅលើក្រពះទាំងអស់ អាក្រពះនោះតើជាវាមកជួយធ្វើការអ្វីខ្លះដែរ ឬវានៅស្ងៀមព្រងើយកន្តើយទេ ? មាត់ប្រាប់ថា "អាក្រពះនោះ វានៅស្ងៀមទទេទេវានឹងបានជួយកិច្ចការអ្វីក៏ឥតអង្គឺមាន" ។
ទើបជើងឆ្លើយឡើងថា "អញរវល់ដើរទៅរកស៊ីបានអាហារ ៗ នោះក៏គួរធ្លាក់មកលើអញអេះ នេះម្ដេចឡើយក៏បានទៅលើអាក្រពះ ដែលវានៅស្ងៀមនោះវិញ បើដូច្នេះពីថ្ងៃនេះទៅ អញលែងដើររកស៊ីទៀតហើយ" ។ ឯដៃក៏ពោលថា "អញខំធ្វើការសព្វសារពើសព្វថ្ងៃនេះ អាហារសោត ក៏ធ្លាក់បានទៅលើអាក្រពះនោះវិញ បើដូច្នេះពីថ្ងៃនេះទៅ អញលែងចាប់ពាល់កាន់ធ្វើអ្វី ៗ ហើយ ទុកឲ្យអាក្រពះវាចេញមកធ្វើការដាំស្លដាក់ពោះវាចុះ" ។ ឯមាត់ក៏ពោលឡើងថា "អញសោតខំនិយាយជេរពោលប្រទេច ខំស៊ី ខំទំពា ខំលេប ឯអាហារក៏ពុំតាំងនៅលើខ្លួនអញ វាត្រឡប់បានទៅអាក្រពះនោះវិញ អាក្រពះវាគ្មានជួយធ្វើការអ្វីសោះ អើពីថ្ងៃនេះទៅ អញលែងនិយាយលែងពោល លែងទំពាស៊ីអ្វីហើយ ទុកឲ្យអាក្រពះ វាក្រៀមស្វិតពោះវាចុះទើបសមមុខវា ដែលវាកំជិលធ្វើការនេះ" ។
ឯអវយវៈទាំង ៣ និយាយត្រូវគំនិតគ្នាហើយទើបចូលដេកលើគ្រែ លែងប្រកបការជាភ្នាក់ងារខ្លួនទីទៃ ៗ ពីថ្ងៃនោះហោង ។ ឯក្រពះនោះ កាលអវយវៈក្រៅមិនបញ្ចូលអាហារទៅឲ្យដូច្នោះហើយ ក៏កើតស្ងួតក្រៀម ភ្លើងតេជោធាតុពុំមានអាហារ នឹងដុតផ្សាយទៅសព្វសកលកាយបាន សកលកាយនោះ កាលបើពុំមានរសអាហារនឹងផ្សាយហើយ វាយោធាតុក៏មានកម្លាំងអាចផាត់អាបោធាតុ ឲ្យរីងស្ងួតស្វិតទៅខ្លះកាលបើធាតុប្រែប្រួលពុំប្រក្រតីហើយ ឯអវយវៈទាំងឡាយក៏ស្វិតស្គមរីងទៅ វាតសមុដ្ឋានាពាធក៏បៀតបៀតធ្វើឲ្យចុកសៀតទៅផ្សេងៗ ។
ឯដៃជើងមាត់ទាំង ៣ ពួកកាលណាបើកើតវិបត្តិដល់ខ្លួនទីទៃៗហើយ ពុំអាចនឹងតាំងនៅជាប្រក្រតីបាន ទើបមកប្រជុំគ្នាវិញទៀតថា ពួកយើងតាំងតែពីលើកលែងប្រកបការ មិនបញ្ចូលអាហារទៅឲ្យអាក្រពះនោះ ឥឡូវនេះវាស្វិតស្ងួតពុំបានផ្សាយរសជាតិអាហារដល់ពួកយើងឡើយ ពួកយើងបានក្ដីស្គាំងសមទ្រមទ្រុឌគ្មានកម្លាំងសោះ មិនតែប៉ុណ្ណោះដាលកើតជារោគចុកសៀត រួយអស់សាច់សរសៃថែមទៀត អើបើពួកយើងបង្អត់អាហារ អាក្រពះយ៉ាងនេះហើយគង់នឹងអន្តរធានវិនាសទៅទាំងអស់គ្នាមិនខានព្រោះក្រពះគ្មានអាហារជាកម្លាំង នឹងផ្សាយរសជាតិដល់ពួកយើងនេះឯង បើដូច្នេះពួកយើងត្រូវប្រកបការតាមភ្នាក់ងាររៀងខ្លួនដូចកាលមុនវិញចុះ ទើបក្រពះវាផ្សាយរសជាតិដល់ពួកយើងវិញ ពួកអវយវៈពិគ្រោះឃើញក្ដីទុក្ខទោសព្រមគ្នាដូច្នោះហើយ ជើងក៏ក្រោកដើរទៅប្រកបការតាមដើម ដៃសោតក៏ចាប់ពាល់ធ្វើការងារតាមដើម មាត់សោតក៏ហានិយាយស្ដី ហាស៊ីបាយចំណីដូចកាលមុនវិញហោង ។ ឯក្រពះកាលបានអាហារដាក់ដូចមុនហើយ កើតមានកម្លាំងផ្សព្វផ្សាយរសជាតិនោះ ទៅសព្វសព៌ាង្គកាយ ដៃជើងមាត់ក៏បានក្ដីសុខសប្បាយឡើង ដូចប្រក្រតីតាមកាលមុននោះវិញហោង ។
រឿងនេះ បានគតិដល់បណ្ដាអាណាប្រជាជនទាំងឡាយក្នុងប្រទេសរាជបុរី ទុកជាអវយវៈគឺដៃជើងមាត់ ឯក្រពះនោះទុកជាមហាក្សត្រាធិបតី មែនបើអាណាប្រជាជនទាំងឡាយ មិនថ្វាយសួយសារអាករប្រាក់ពន្ធដារថ្លៃរាជការហើយ មហាក្សត្រាធិបតីនឹងដល់នូវក្ដីក្រីក្រ ពុំមានប្រាក់សម្រាប់ប្រកបការរក្សាព្រះនគរ នឹងចិញ្ចឹមក្រមការតាមក្រសួងទាំងឡាយមានក្រុមយោធាទាហានជាដើម កាលបើស្ដេចគ្មានក្រុមមន្ត្រីសេនាបតីគ្រប់ក្រសួង ហើយនឹងផ្សាយអំណាចរក្សាអាណាប្រជាជន ក្នុងប្រទេសខ្លួនទៅម្ដេចបាន ពួកចោរ ពួករាជបច្ចាមិត្រ ដឹងថាព្រះនគរពុំមានអំណាចហើយ វានឹងនាំគ្នាលើកមកបុកបែនប្លន់ញាំញីចាប់មហាក្សត្រិយ៍ នឹងពួកអាណាប្រជានុរាស្ត្រយកជាឈ្លើយជាខ្ញុំគេអស់ទៅ បាននូវក្ដីទុក្ខវេទនាព្រាត់ប្រាសចាកភូមិ ចាកលំនៅទៅផ្សេង ៗ ដូចគ្នានឹងក្រពះដែលពុំមានអាហារតាំងនៅ នឹងផ្សាយរសជាតិទៅដល់អវយវៈតូចធំពុំបាននោះឯង ពិតមែនមហាក្សត្រាធិរាជពុំបានរកស៊ីជួយធ្វើការរាស្ត្រ នៅតែក្នុងវាំងក្នុងដំណាក់ដូចគ្នា នឹងក្រពះ ពុំបានជួយធ្វើការពួកអវយវៈនោះឯង ។ អ្នកមានបញ្ញា គួរពិចារណាមើលចុះមហាក្សត្រាធិរាជនោះ ត្រូវតែអវយវៈខាងក្រៅគឺអាណាប្រជានុរាស្ត្រថ្វាយសួយសារអាករ បង់ប្រាក់ថ្លៃពន្ធបំរុងឲ្យមហាក្សត្រិយ៍ លោកនឹងបានចំណាយចែកចាយសាងព្រះនគរឲ្យមាំមួន ខ្លួនរាស្ត្រនឹងបានក្ដីសុខឥតទុក្ខភ័យ ដែលកើតអំពីពួកពាលវាកំហែងនោះហោង គួរបង់ប្រាក់ជូនរាជការហើយពួកយើងជារាស្ត្រទាសក្នុងព្រះនគរ កុំពោលថាមហាក្សត្រិយ៍នៅទំនេរឡើយ ។ ចប់តម្រាគតិរាស្ត្រប្រាក់ពន្ធទី ៣៤ ។ ចប់ភាគទី ៦ តែប៉ុណ្ណេះ ។