រឿងលានឹងឆ្កែមានចៅហ្វាយជាមួយគ្នា
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស
មាននាយដង្ខៅម្នាក់ ផ្ទុកគ្រឿងស្បៀងអាហារក្នុងតាងដាក់លើខ្នងលា មានសុនខស្រុកមួយទៅជាមួយគ្នា លុះទៅដល់ទីវាលមួយមានដើមឈើដុះល្បោះ ៗ នាយដង្ខៅនោះ ក៏ឈប់សម្រាកកម្លាំងដោយពេលានោះជាពេលថ្ងៃត្រង់ ទើបចូលដេកសម្រាកក្រោមដើមឈើធំ លែងសត្វលាឲ្យស៊ីស្មៅប្រើឆ្កែឲ្យនៅឃ្វាលលា នឹងឲ្យមើលហេតុអន្តរាយឯទៀត ៗ ផង ។
ឯសុនខកើតឃ្លានបាយ ក៏និយាយនឹងលានោះថា "ភឿនអើយ គ្នាឃ្លានបាយណាស់ ចូរឯងឱនខ្លួនចុះបន្ទាបខ្នងបន្តិច ឲ្យគ្នាយកបាយក្នុងតាងតោះអាស្រ័យ" ។ ឯលាឮឆ្កែសុំយកបាយដូច្នោះ ក៏មិនចង់ឲ្យដោយខ្លាចនាយផង ទើបតបថា "ពេលនេះមិនត្រូវចៅស៊ីទេ ចាំដល់ល្ងាចសិនសឹមយើងដាក់ឲ្យស៊ី" ។
សុនខក៏អង្វរថា "គ្នាឃ្លានណាស់ ចាំល្ងាចពុំបានទេ ចូរភឿនដាក់មកឲ្យគ្នាស៊ីសិន" ។ លាក៏តបទៅវិញថា "ចាំនាយគាត់ភ្ញាក់សិនចុះ សឹមស៊ី វេលានេះយើងមិនហ៊ានឲ្យទេ" ។ សុនខនោះបានឮថា លាមិនព្រមឲ្យដូច្នោះ ក៏តូចចិត្តគិតខឹងនឹងលា តែពុំហ៊ានថាអ្វីទៅទៀត ។ ឯលានោះដើររកស៊ីស្មៅស៊ីស្លឹកឈើរៀង ៗ ទៅដល់ជាយព្រៃធំ ១ ។
កាលនោះមានឆ្កែព្រៃមួយ បានឃើញលាមកស៊ីស្មៅតែឯង ក៏បោលមកនឹងខាំលាជាអាហារ លាឃើញឆ្កែព្រៃដេញមកដូច្នោះ ក៏ភិតភ័យតក់ស្លុតរត់មកត្រង់ឆ្កែស្រុក ហើយហៅឆ្កែស្រុកថា "សំឡាញ់អើយជួយគ្នាផង ឆ្កែព្រៃវាដេញខាំគ្នាហើយ" ។
ឯសុនខស្រុក ក៏ស្ដីផ្ចាលទៅថា "អើលាអើយកាលអញសុំបាយស៊ី ឯងថាចាំនាយគាត់ក្រោក ឥឡូវមានភ័យដល់មក អញចាំនាយគាត់មកដែរ ទើបអញជួយបាន" ថាហើយសុនខក៏ធ្វើជាពុំនាំពាតាំងអង្គុយនៅមើលតែពីចម្ងាយហោង ។ ឯលាក៏ភិតភ័យក្រៃពេកណាស់ ឆ្កែព្រៃរឹតតែបោលខាំអំពីក្រោយត្របាក់កែងផុត ៗ លានោះក៏រឹងរឹតតែភ័យខ្លាំង តាំងបោលបោះផ្លោះទៅឯដើមឈើធំ ដែលនាយដង្ខៅដេកនោះឯង ដល់ហើយក៏ស្រែកហៅនាយឲ្យជួយអាត្មាឯនាយដង្ខៅបានឮសូរលាស្រែកដូច្នោះ ក៏ភ្ញាក់ក្រោកឡើងម្នីម្នាបែរទៅឃើញឆ្កែព្រៃដេញខាំលា ក៏ស្រែកហៅសុនខស្រុកឲ្យជួយលាជាប្រញាប់ ។
ឯសុនខស្រុក បានឮនាយហៅឲ្យជួយលាដូច្នោះក៏ស្ទុះម្នីម្នាបោលទៅដេញខាំឆ្កែព្រៃ ៗ ឃើញឆ្កែស្រុកក៏ខ្លាច ពុំអាចបោលដេញលាទៅទៀតឡើយ ស្ទុះរត់ចូលព្រៃបោលទៅកាន់លំនៅអាត្មាវិញហោង ។
ឯនាយដង្ខៅ កាលឆ្កែព្រៃបោលបាត់ទៅវិញហើយ ទើបហៅលានឹងឆ្កែស្រុកចូលមកសាកសួរហេតុនោះថា "លាឯងអញឲ្យទៅស៊ីស្មៅ បានឲ្យឆ្កែទៅឃ្វាលជួយមើលក្ដីអន្តរាយផង ឥឡូវឆ្កែព្រៃវាដេញខាំខ្លួន តើហេតុអ្វីខ្លួន ក៏មិនទៅរកឆ្កែស្រុកឲ្យគេជួយ ត្រឡប់ជាបោលមករកអញវិញ អញបានផ្ដាំថា ឯងទៅរកស៊ីចុះ គ្នាសុំដេកសម្រាកកម្លាំងបន្តិចល្មមដល់ពេលត្រជាក់បន្តិច នឹងលើកបរទៅទៀត" ។
ឯលាក៏តបឡើងថា "កាលឆ្កែព្រៃវាដេញនោះ ខ្ញុំបាទបានរត់ទៅរកឆ្កែស្រុក បានស្រែកហៅឲ្យជួយឆ្កែស្រុកគេពុំជួយឡើយ គេត្រឡប់ថាចាំនាយភ្ញាក់សិនទើបគេជួយ ឆ្កែស្រុកគេពុំនាំពាយ៉ាងនេះ បានជាខ្ញុំបាទរត់មករកនាយឲ្យជួយ" ។ នាយដង្ខៅឮលាថាដូច្នោះក៏សួរទៅឆ្កែវិញថា "ម្ដេចឯងមិនជួយលាអញបានផ្ដាំផ្ដាច់ថាឲ្យមើលក្ដីអន្តរាយផង" ។
ឆ្កែស្រុកឆ្លើយការថា "កាលខ្ញុំបាទឃ្លានបាយ ខ្ញុំបាទបានសុំលាថា គ្នាឃ្លានបាយណាស់ ចូរឯងបង្អោនខ្លួនចុះបន្តិច គ្នានឹងយកបាយកកអាស្រ័យ នោះលាពុំឲ្យឡើយ គេថាចាំនាយភ្ញាក់សិនសឹមស៊ីចុះខ្ញុំបាទនឹកខឹងនឹងលាយ៉ាងនេះ ដល់ឆ្កែព្រៃវាដេញលាមក លាស្រែកហៅឲ្យខ្ញុំបាទជួយ ខ្ញុំបាទក៏តបពាក្យគេវិញថា ចាំនាយភ្ញាក់សិនសិនជួយ ពាក្យខ្ញុំបាទថានោះគឺថាតែតាមពាក្យលា ដែលពោលមុននោះឯង សូមនាយជំរះក្ដីនេះ ឲ្យឃើញខុសត្រូវដោយយុត្តិធម៌ចុះ" ។ នាយដង្ខៅសួរលាវិញថា "អើលា ហេតុអ្វីឆ្កែគ្នាសុំបាយកកស៊ី ម៉េចចៅមិនឲ្យវាស៊ីទៅហៈ" ។
លាតបទៅវិញថា "បានជាខ្ញុំមិនទាន់ឲ្យនោះ ព្រោះខុសកាលពេលា គឺពេលព្រឹកលោកនាយនឹងឆ្កែនេះ បានបរិភោគរួចហើយ ពេលថ្ងៃត្រង់លោកនាយមិនដែលពីសា ៗ តែដល់ពេលល្ងាចតែម្ដង វាក៏ស៊ីត្រូវពេលនឹងនាយដែរ កាលឆ្កែវាស៊ីបាយស៊ីនោះ គឺជាពេលថ្ងៃត្រង់ ឆ្កែឃ្លានឥតរបបខុសពេលនាយពីសា ហេតុនោះខ្ញុំឲ្យវាធ្វើម្ដេចបាន ៗ ជាខ្ញុំបាទថាចាំនាយលោកភ្ញាក់សិនសឹមឲ្យស៊ី បានជាខ្ញុំបាទថាដូច្នេះ ព្រោះបាយត្រីអស់នេះជារបស់ផង់នាយ ៗ អនុញ្ញាតឲ្យ ទើបខ្ញុំហ៊ានដាក់ឲ្យ នឹងចាត់ចែងឯងឲ្យដោយចិត្តឯងឯណាក៏បាន វិស័យអ្នកនៅនឹងនាយចៅហ្វាយឬនៅនឹងសំណាក់គ្រូអាចារ្យ លោកឲ្យឯងទទួលទុកដាក់ស្បៀងអាហារ ឬទ្រព្យសម្បត្តិឯណានីមួយ ត្រូវតែរក្សាថែទាំរបស់អស់នោះ កុំឲ្យវិនាសទៅដោយការមិនគួរបង់ មែនបើនាយចៅហ្វាយឬគ្រូអាចារ្យលោកបង្គាប់ថាឲ្យនរណា ៗ នោះទើបអាចនាំចេញឲ្យទៅអ្នកនោះ ៗ បាន មួយទៀត អ្នករក្សាទ្រព្យសម្បត្តិនាយចៅហ្វាយនេះ ត្រូវឲ្យដឹងវត្ថុនោះៗ ផងគឺវត្ថុណា ចំណីណា ទុកយូរទៅពុំបាន ល្មមប្រាប់នាយឬរកនាយនឹងប្រាប់ពុំឃើញក្ដី ក៏គប្បីយកមកចែកយកឲ្យភឿនផងអាស្រ័យទៅក៏គួរ ព្រោះវត្ថុចំណីនោះ ទុកទៅនឹងខូច អសារឥតការចោលបង្សៀតខ្ញុំបាទកាន់ច្បាប់យ៉ាងនេះ បានជាសុនខសុំបាយស៊ីខ្ញុំបាទមិនហ៊ានឲ្យ" ។
ឯនាយដង្ខៅបានឮពាក្យលាពោលត្រូវច្បាប់ដូច្នោះក៏ត្រេកអរ ទើបនិយាយទៅនឹងឆ្កែវិញថា "អើបាសុនខ លានិយាយឲ្យការនេះត្រូវច្បាប់ល្អហើយចៅឯង តើសុនខចិត្តចាញ់ប្រៀបលាហើយឬ ៗ ពុំសុខចិត្តយ៉ាងណាចូរថាទៀតចុះ" ។ ឯសុនខក៏តបថា "ខ្ញុំបាទពុំសុខចិត្តចាញ់លានេះទេ ព្រោះលាវាថាលោកនាយនឹងខ្ញុំបាទបរិភោគអាហារមានពេលា គឺបរិភោគតែព្រឹកនឹងល្ងាច ឯពេលថ្ងៃត្រង់ ថ្ងៃរសៀលបរិភោគពុំបាន ចុះត្រង់រូបលានេះ ម៉េចក៏ស៊ីស្មៅ ស៊ីស្លឹកឈើតែវាល់ល្ងាច ព្រឹកក៏ស៊ីថ្ងៃក៏ស៊ី ល្ងាចក៏ស៊ី ស៊ីគ្មានឈប់សោះ ត្រង់យើងម្ដេចក៏ចាំបាច់មានពេលមានពេលានេះបទ ១ មួយទៀតពាក្យលាថា អ្នករក្សាទ្រព្យរបស់នាយចៅហ្វាយត្រូវដឹងវត្ថុដែលទុកយូរបាននឹងទុកយូរមិនបាន វត្ថុណាទុកយូរនឹងខូចចោលនោះត្រូវអ្នករក្សាប្រាប់នាយ ឬបើរកនាយនឹងប្រាប់មិនឃើញទេ ត្រូវនាំចេញមកឲ្យពួកភឿនអាស្រ័យសិនក៏គួរអើដូចយ៉ាងបាយកកនេះ ជាវត្ថុសំណល់សល់អំពីព្រឹក ទុកយូរទៅពុំបាន នឹងផ្អូមខូចចោលបង់អេខ្ញុំបាទសុំបាយកកនេះអាស្រ័យ ហេតុម្ដេចលាមិនឲ្យខ្ញុំបាទ ៗ នឹងបានសុំវត្ថុដែលទុកយូរបានឬចំណីថ្មោងកាលណា សូមលោកនាយពិចារណាត្រង់បទនេះឲ្យទាន តាមពាក្យដែលលាដោះស្រាយមកនោះមើល ? ។
ឯលាបានឮឆ្កែកែសំនួនស្របតាមពាក្យខ្លួនដូច្នោះក៏ឆ្លើយកាត់ឡើងថា "នែចៅសុនខ ឯពាក្យយើងថាខ្លួនលោកនាយ នឹងតួចៅឯងបរិភោគមានពេលមានវេលា ត្រង់យើងជាសត្វលាស៊ីស្មៅ ស៊ីស្លឹកឈើមិនមានពេលនេះ ព្រោះអាហារចំណីខុសគ្នា ខាងចៅឯងបរិភោគបាយត្រី សាច់ ជាអាហារៗនេះតែបរិភោគឆ្អែតហើយ មិនបាច់ឈប់រើមកមកទំពាអៀងលំអិតទៀតឡើយ ឯខាងយើងជាពួក គោ ក្របី បរិភោគស្មៅជាអាហារ ៗ នេះ តែបរិភោគឆ្អែតហើយ ត្រូវឈប់រើចេញមកទំពាអៀងទាល់តែល្អិត កាលល្អិតហើយ អាហារនោះតិចចុះ មិនពេញពោះទៅវិញ ហេតុនោះទើបយើងពួកគោក្របីបរិភោគពុំមានពេលឈប់យុឬដល់ល្ងាចបាន មួយទៀត តិណជាតិទាំងឡាយ សឹងដុះដាស់ពាសទួទៅទាំងធរណី បណ្ដាសត្វព្រៃក្ដី សត្វស្រុកក្ដី ត្រូវការអាស្រ័យ មិនចាំទិញដូរឬសុំនរណាទេ ត្រូវស៊ីបានឥតថ្លៃ ក៏ឯអាហារបាយ ត្រី សាច់ ចំណែកខាងមនុស្ស ឬសត្វដែលត្រូវស៊ីនោះ សឹងបានមកដោយទិញដូរគេទើបបានមក នឹងទៅបរិភោគឥតពេលឥតពេលាដូចយ៉ាងស្មៅនោះពុំបាន ជាការចុះទុនច្រើនៗ នាំឲ្យបានក្ដីក្រលំបាកទៅខាងមុខ មួយទៀត ទោះសត្វស៊ីស្មៅក្ដី ស៊ីបាយក្ដី តែមានម្ចាស់ចាត់ឲ្យស៊ីយ៉ាងណា ក៏តោងប្រព្រឹត្តតាមការរបស់ម្ចាស់នោះឯង មួយទៀត ឆ្កែពោលពាក្យថាបាយកកជាបាយសំណល់ ជាវត្ថុទុកយូរពុំបានក៏ពិតមែន តែទុកទៅត្រឹមពេលល្ងាច ក៏មិនទាន់ផ្អូមខូចដែរ នៅអាស្រ័យទៀតបាន ហេតុនោះ បានជាយើងមិនឲ្យយើងចាំជម្រាបនាយសិន ជាគាត់ឲ្យ ឬមិនឲ្យក៏តាមចិត្តលោកនាយចុះ" ។
ឯនាយដង្ខៅ ឮសត្វទាំងពីរជជែកគ្នាទៅវិញទៅមកដូច្នោះ ក៏ឆ្លើយកាត់ឡើងថា ការអស់នេះ ជាទោសខុសធ្លាក់មកលើអញជានាយវិញចុះ ព្រោះអញមិនបានមើលកល មើលការផ្ដាក់ផ្ទុកផ្ដាំលាឲ្យបែងបាយថ្ងៃ ចែកឲ្យឆ្កែគ្នាស៊ីផង អើពីថ្ងៃនេះទៅលាឯងមើល ពេលគួរឲ្យឆ្កែគ្នាបានអាស្រ័យផងចុះ" ថាហើយនាយដង្ខៅ ក៏រៀបប្រដាប់លើកដាក់លើតាងលាបរលាទៅកាន់ស្រុកនៃអាត្មាហោង ។
រឿងនេះ បានគតិដល់បុគ្គលអ្នកនៅនឹងនាយចៅហ្វាយឬគ្រូអាចារ្យ ដែលលោកឲ្យខ្លួនរក្សាទ្រព្យសម្បត្តិ គួរយកគតិលាជាច្បាប់នៃអាត្មា ទើបបានក្ដីគាប់ក្នុងលោកិយនេះហោង ។ ចប់តម្រាគតិអ្នករក្សាទ្រព្យនាយទី ៣៣ ។