រឿងសត្វសំពោចចូលក្នុងជង្រុកស្រូវ
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស
មានសត្វសំពោចមួយ ចូលទៅក្នុងជង្រុកស្រូវគេបាននៅស៊ីស្រូវដរាបដល់សរីរៈធាត់ធំ ។
ថ្ងៃមួយអ្នកម្ចាស់ជង្រុក ដើរមកត្រង់ទីជង្រុកនោះដោយមានកិច្ចនឹងទៅស្រែ ឯសំពោចនៅក្នុងជង្រុកបានឮសព្ទសន្ធឹកជើងមនុស្សដើរមកដូច្នោះ ក៏ភិតភ័យតក់ស្លុត ស្ទុះរត់មកត្រង់បង្អួច ដើម្បីនឹងចេញតាមចន្លោះមេចម្រឹង តែចេញពុំរួចឡើយ ទើបពោលឡើងថា កាលអញចូលមក ក៏ចូលតាមចន្លោះមេចម្រឹងនេះឯង មេចម្រឹងនេះសោត ក៏នៅជាប្រក្រតី ចុះហេតុអ្វីបានជាចេញទៅពុំរួចដូច្នេះ ។ គ្រាកាលនោះមានកណ្ដុរមួយវាមកខាងមេចម្រឹង បានឮសំពោចនោះពោលពាក្យដូច្នោះ ក៏ឆ្លើយទៅថា មេចម្រឹងនេះនៅដដែលដូចមុនទេ ប៉ុន្តែគ្រាកាលបងឯងចូលមកនោះគឺរូបបងស្គមតូច ទើបចូលមកបាន លុះបងឯងមកនៅក្នុងជង្រុកនេះ បានបរិភោគស្រូវឆ្អែតស្កប់ស្កល់អត្តភាពបងឯង កើតធាត់ធំឡើងលើសមុន ហេតុនេះបានជាចេញទៅពុំរួច នែបងសំពោច បើបងឯងចង់ចេញឲ្យរួចទៅវិញនោះ មានតែបងឯង កុំស៊ីស្រូវតទៅទៀត ស៊ូអត់ត្រាតែអត្តភាពស្គមតូច ដូចកាលមុននោះ ទើបបងឯង អាចចេញទៅរួចបាន ។ សំពោចបានស្ដាប់ពាក្យកណ្ដុរ ថ្លែងដូច្នោះ ក៏ចូលចិត្តបាន ទើបតាំងអត់អាហារ ពីថ្ងៃនោះមក ទាល់តែស្គមតូច ដូចមុនទើបចេញអំពីជង្រុកនោះទៅបាន ។ ចប់សេចក្ដីតែប៉ុណ្ណេះហោង ។
រឿងនេះ បានគិតដល់បុគ្គលអ្នកចូលធ្វើរាជការបានទទួល ទានបៀវត្សប្រាក់ខែកើតមានសម្បត្តិបរិបូណ៌ ហើយចង់លែងធ្វើរាជការវិញ នោះមានតែលែងទទួលប្រាក់ខែបង់ ទើបអាចចេញចាកនាទីនៃរាជការទៅបាន មួយទៀត បុគ្គលចង់ចេញទៅបួសជាភិក្ខុ សាមណេរសោត នោះមានតែលះសម្បត្តិទ្រព្យចោលបង់ ស៊ូអត់កុំបរិភោគបញ្ចកាមគុណនោះ ទើបចេញទៅបួសជាភិក្ខុ-សាមណេរបាន ។
បទអស់នេះ អ្នកប្រាជ្ញគប្បីពិចារណាទៅទៀតចុះ ។
ចប់តម្រាគតិរើខ្លួនចេញចាកទុក្ខទី ៣១ ។