រឿងឈ្មួញលក់លានឹងពួកចោរព្រៃ
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស
មាននាយឈ្មួញម្នាក់មកអំពីប្រទេសក្រៅ នាំកូនឈ្មួញដឹកលាបរលា លីលាតាមផ្លូវ លុះមកដល់ទីកណ្ដាលព្រៃស្ងាត់ មានពួកចោរទាំងឡាយនៅចាំលួចចាំប្លន់មហាជន ដែលដើរទៅមកក្នុងផ្លូវនោះ ។ ថ្ងៃនោះ ពួកចោរបានឃើញនាយឈ្មួញមកដល់ទីនោះក៏នាំគ្នាចូលវាយប្លន់នាយឈ្មួញៗ មានគ្នាតិច ស៊ូនឹងពួកចោរនោះពុំបាន ទើបនាំគ្នាទៅកាន់ទិសានុទិសផ្សេង ៗ ។ ឯពួកចោរក៏នាំគ្នាចោមចាប់លាជាពាហនៈ លាឯណាដែលមិនមានទ្រព្យរបស់នោះលើខ្នង ពួកចោរពុំត្រូវការចាប់យកឡើយ គឺចាប់តែលាដែលមានទ្រព្យរបស់ជាប់នៅលើខ្នង ។ កាលនោះពួកចោរចាប់បានលាឈ្មោល១មានទ្រព្យលើខ្នង ហើយនាំគ្នាដឹកទាញទង់ទៅកាន់លំនៅវា លាឈ្មោលបានក្ដីទុក្ខវេទនាដោយចោរវាវាយ វាទាញទៅឥតក្ដីមេត្តាទើបមកគិតថា ពួកលាទាំងឡាយ បណ្ដាដែលមកជាមួយគ្នា គេសឹងផុតពីកណ្ដាប់ដៃ ពួកអាចោរអស់នេះ គឺវាពុំត្រូវការ នឹងចាប់ នឹងចងយក ព្រោះគេគ្មានរបស់ទ្រព្យជាប់នៅលើខ្នង ដូចរូបអាត្មានេះ អាត្មាអញបានក្ដីទុក្ខទោសយ៉ាងនេះ ក៏ព្រោះរបស់ទ្រព្យជាប់នៅលើខ្នងនេះឯង គិតទៅទ្រព្យសម្បត្តិ មានប្រាក់កែវកងទាំងពួងនេះ ជាគ្រឿងនាំឲ្យកើតទុក្ខទោស គឺជាអាសីរពិស ចឹកអាត្មាឯងប្រាកដ ។ លាឈ្មោលនោះគិតឃើញក្ដីទុក្ខទោសអាត្មាដូច្នោះហើយ ក៏យំសោកវិយោគ ដើរតាមពួកចោរនោះទៅ ដរាបដល់លំនៅនៃចោរហោង ។
រឿងនេះ បានគតិដល់បុគ្គលអ្នកមានទ្រព្យសម្បត្តិ មិនចេះប្រយ័ត្ន សម្បត្តិនោះជាពិសពោរពើតខ្លួនវិញ ដូចយ៉ាងនិទាននាងនារីម្នាក់ ពាក់ខ្សែមាសទំហូពេជ្រ កង ចិញ្ជៀន ខ្សែដៃ តែងអាត្មាបង្អួតគេបង្អរកាមតាមការលោកិយ ចុះដោយសារកប៉ាល់មកពីស្រុកទន្លេធំ លុះមកដល់ក្រុងភ្នំពេញ នាងនោះក៏ឡើងចាកនាវា យាត្រាមកត្រង់ក្រោយវត្តឧណ្ណាលោម កាលនោះ មានអាអ្នកលេងម្នាក់ ឃើញនាងនារីដើរមកដល់ទីបានឱកាសហើយ ទើបវាក្លែងជាស្វាមីនៃនាងនោះ ស្ទុះទៅវាយធាក់ ដោះយកខ្សែកងចារ៍ជេរស្ដីថា ខ្មោចមេចង្រៃអប្រិយ អញជាប្ដីវាមិនស្ដាប់ពាក្យអញឃាត់ខ្លះ គួរឬ វាចចេសចេះតែទៅ ចោលឲ្យអញនៅចាំផ្ទះ រក្សាកូនពិបាកស្ទើរនឹងស្លាប់ បើដូច្នេះ ឲ្យគ្រឿងខ្សែមាសវាពាក់ធ្វើអ្វី ត្រូវអញអូសយកពីហងឯងវិញ កុំឲ្យជំនាវាពាក់ទៅឡើយ ជេរហើយ អានោះវារត់សំដៅទៅកាន់ផ្លូវខាងជ្រុងគុកគេចខ្លួនបាត់ទៅហោង ។
ឯនាងនារីដួលចុះ ក្រោយក្រោកឡើងបានហៅគេឯងជួយចាប់ចោរប្លន់ ក៏ពុំមាននរណាមួយចូលជួយឡើយ ព្រោះគេឮពាក្យអាចោរជេរប្រទេចជាទំនងប្ដីប្រពន្ធ គេនឹកស្មានថាប្ដីគេប្រពន្ធគេ ជេរវាយគ្នាដូចធម្មតា បានជាគ្មាននរណាមួយជួយឡើយ ។ លុះអាចោររត់ទៅបាត់ហើយ ទើបនាងនោះប្រាប់គេថាមិនមែនប្ដីខ្លួនទេ ជាចោរវាយដណ្ដើមយកគ្រឿងមាសខ្លួនប្រាកដ ។ នាងនោះប្រាប់ឲ្យគេជួយដេញចោរនឹងចាប់វា ក៏ចាប់វាពុំបានឡើយ ព្រោះវាទៅបាត់យូរហើយ នាងនារីក៏បានក្ដីទុក្ខទោសដូចគ្នានឹងរឿងលាដែលបានពណ៌នាមកនេះ ។ អ្នកប្រាជ្ញគប្បីដឹងដោយប្រការដូច្នេះ ។ ចប់តម្រាគតិមានទ្រព្យជាប់ទោសមានប្រាក់មាសវិនាសរូបទី ៣២ ។