គតិលោក/ភាគទី៧/4

113167គតិលោក, ភាគទី៤រឿងបុរសអាពុក និងកូននាំលាទៅលក់ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿងបុរសអាពុក និងកូននាំលាទៅលក់




មានបុរសម្នាក់ ឈ្មោះចៅខែក នឹងកូនប្រុសគាត់ម្នាក់ បានចិញ្ចឹមកូនលា ១ ជាសត្វពាហនៈ លុះកូនលានោះចំរើនធំឡើងប្រកបរូបធាត់ល្អ ចៅអាពុកនឹងកូនពិគ្រោះគ្នាថា លាយើងធាត់ធំល្អហើយ បើនាំទៅលក់ឲ្យគេក្នុងសម័យនេះ យល់ជានឹងបានថ្លៃច្រើនព្រោះកំពុងធាត់ល្អ តែថានឹងដឹកនាំទៅដល់ស្រុកកំពង់ ដែលមានគេត្រូវការទិញនោះឆ្ងាយណាស់ទម្រាំដល់ទៅ លាយើងនេះ យល់ជានឹងស្គមប្រាកដ ដល់លក់មុខជានឹងថោកបានថ្លៃតិចមិនខាន បើដូច្នេះមានតែយើងគិតសែងវាទៅ កុំឲ្យវាដើរខ្លួនវាក្រែងស្គមទៅលក់មិនបានថ្លៃ ។ អាពុកនឹងកូនគិតព្រមគ្នាហើយ ទើបចាប់លាមកចងជើងទាំង ៤ យកឈើវែងស៊កជាស្នែង នាំគ្នាសែងចេញចាកគ្រឹះស្ថាន លុះទៅដល់ទ្វារស្រុក ពួកអ្នកស្រុកបានឃើញអ្នកទាំងពីរសែងលាដូច្នោះ ក៏នាំគ្នាសើចកងរំពងឡើង ហើយតិះដៀលថា « សត្វលាសត្វសេះនេះ ជាសត្វពាហនៈ គេតែងជិះតែងបរវា មិនដែលមាននរណាទៅលីទៅសែង វាដូចសត្វជ្រូកសត្វក្ដាន់នោះទេ នេះហេតុអ្វីចៅអាពុកនឹងកូន មកនាំគ្នាសែងលាយ៉ាងនេះធ្វើឲ្យខុសគេក្នុងលោកិយនេះ នែចៅទាំងពីរ ចៅឯងឆ្កួតឬ បានជាមកសែងលាយ៉ាងនេះ ម៉េចក៏មិនជិះបរវាទៅ ? ។


ឯអាពុកនឹងកូន បានឮអ្នកស្រុកគេនាំគ្នាតិះដៀលខ្លួនដូច្នោះ ទើបពិគ្រោះគ្នាថា « យើងសែងលានេះវាខុសគេទៅហើយ បើដូច្នេះគួរស្រាយលាចេញ នាំគ្នាជិះបរទៅតាមពាក្យគេវិញចុះ តែនឹងជិះវាទាំងពីរនាក់មិនបាន ព្រោះកូនលានៅតូចក្រែងយោងទៅពុំរួច » គិតគ្នាដូច្នោះហើយចៅអាពុកក៏ថា « ណ្ហើយចុះខ្លួនអញនឹងដើរពីក្រោយ ចូរកូនឯងជិះបរវាទៅចុះ ឯចៅកូនក៏ទទួលតាមពាក្យអាពុក ហើយឡើងជិះលានោះបរទៅហោង ។


លុះបរទៅដល់ភូមិស្រុកមួយ ពួកអ្នកស្រុកបានឃើញចៅលក់លាមកដល់ ក៏សួរទៅថា « អ្នកឯងជិះបរលានេះនឹងទៅឯណា ? ។ ឯអាពុកនឹងកូនប្រាប់ថា « ជិះបរនាំទៅលក់ឯស្រុកកំពង់ឯនោះ » ។ អ្នកស្រុកក៏សួរទៅវិញថា « តាដែលស្ពាយទៃដើរពីរខាងក្រោយលានេះ តើគាត់ជាអ្វីនឹងចៅឯងដែលជិះលានេះ » ។


ចៅកូនក៏ប្រាប់ទៅថា « គាត់ជាអាពុកខ្ញុំឯងនេះ អ្នកសួរមានការអ្វីឬ ? ឯពួកអ្នកស្រុកបានឮចៅនោះប្រាប់ថាអាពុកដូច្នោះ ក៏នាំគ្នាស្ដីត្មះតិះដៀលថា « ចៅនេះជាមនុស្សមិនស្គាល់គុណបិតាខ្លួន គួរឬខ្លួនជាកូនជិះលាធ្វើអាការជានាយ ឲ្យអាពុកស្ពាយទៃដើរក្រោយដូចជាខ្ញុំកំដរខ្លួនយ៉ាងនេះ ខ្លួនឯងក្មេង គួរតែដើរស្ពាយទៃ ឲ្យអាពុកគាត់ជិះវិញនោះទើបគួរ ព្រោះគាត់ចាស់ជាងខ្លួនផង ជាបិតាខ្លួនផង, វ៉ើយចៅកំឡោះឯងជិះនោះ មិនត្រូវទេ ចូរចុះចេញពីខ្នងលាឲ្យឆាប់ឲ្យតាចាស់ជាអាពុកឯង ជិះវិញទើបត្រូវល្អ។


ឯចៅអាពុកនឹងកូនបានឮពាក្យពួកអ្នកស្រុកតិះដៀលដូច្នោះហើយក៏ថា យើងធ្វើនេះត្រូវគេនិន្ទាហើយ បើដូច្នេះគួរអាពុកឡើងជិះវិញចុះ កូននឹងដើរមុខនាំផ្លូវទៅវិញកាលបើគិតព្រមព្រៀងគ្នាហើយ ចៅកូនក៏ចុះពីខ្នងលា យកសំពាយទៃពីបិតាស្ពាយដើរមុខ ចៅអាពុកក៏ឡើងជិះលាបរចរទៅតាមមាគ៌ាឆ្ពោះស្រុកកំពង់នោះហោង ។


លុះបរទៅដល់អណ្ដូងទឹក នៅចុងស្រុកមួយ មានពួកស្រីក្រមុំទាំងឡាយ វានាំគ្នាទៅដងទឹកអណ្ដូងនោះវាបានឃើញចៅកំឡោះរូបល្អដើរមុខលា ឃើញតាចាស់ជិះលាបរដល់មក វាក៏នាំគ្នាមើលដោយជាតិស្រីក្រមុំគាប់ចិត្តតែនឹងកំឡោះ ត្រង់មនុស្សចាស់ជរានោះ ពុំគាប់ចិត្តឡើយ ហើយវានាំគ្នាត្មះតិះដៀលតាចាស់នោះថា « រូបលានេះធាត់ល្អណាស់ សមគួរតែអ្នកកំឡោះដែលដើរមុខនោះជិះវិញទើបល្អ នេះទៅឲ្យតាកញ្ចាស់មុខស្រមូមដូចស្វាឪជិះ យ៉ាងនេះហៅពេញអាក្រក់ក្រៃពេកណាស់ , នែតាកញ្ចាស់អើយ ! ចុះចេញទៅកុំជិះមិនសមល្អទេ មើលទៅដូចពានរជិះលា ចូរឲ្យអ្នកកំឡោះគេជិះវិញ ទើបគាប់ភ្នែកយើង ព្រោះរូបលាក៏ល្អត្រូវនឹងអ្នកកំឡោះល្អដូចគ្នា»។


ឯចៅកូនបានឮស្រីក្រមុំថាដូច្នោះ ក៏បែរទៅនិយាយនឹងអាពុកថា « ឪអើយ ឥឡូវវាខុសទៅទៀតហើយ គឺពួកមេអស់នេះវាត្មះតិះដៀលឪឯងថា ដូចជាពានរជិះលា ហើយវាថាឲ្យខ្ញុំជិះវិញទើបល្អយ៉ាងនេះ តើឪនឹងគិតយ៉ាងណាទៅទៀត ? ។


អាពុកតបថា « កាលមុខឯងជិះក៏ខុសម្ដងទៅហើយ ដល់ឥឡូវអញជិះក៏ខុសទៅទៀត បើដូច្នេះចូរកូនឯងឡើងមកជិះខាងមុខ ជាពីរនាក់នឹងអាពុកបរទៅទៀតមើល ជាមិនគាប់ចិត្តមនុស្សពួកណាតទៅមុខទៀត » ។


ឯចៅកូនក៏ឡើងជិះលាអង្គុយខាងមុខអាពុក បរលាឆ្ពោះទៅហោង លុះបរមកដល់ផ្ទះគយដែលតាំងនៅនាដើមផ្លូវ មេគយបែរមកឃើញអ្នកទាំងពីរជិះលា ក៏ចុះទៅសួរថា « អ្នកទាំងពីរជិះលានេះនឹងទៅឯណា »។ ចៅអាពុកនឹងកូនក៏ប្រាប់ថា « នឹងទៅលក់លានេះឯស្រុកកំពង់ឯណោះ » ។ មេគយក៏ត្មះតិះដៀលថា « កូនលានេះគ្នានៅស្ទាវស្ទើរណាស់ ហេតុអ្វីចៅឯងប្រួតគ្នាជិះវាយ៉ាងហ្នឹង បើប្រួតគ្នាជិះម្លឹងៗ តើគ្នានឹងធន់បោលបរទៅម្ដេចបាន ទំរាំទៅដល់ស្រុកកំពង់លានេះ ឃើញជាស្គមបាក់កំឡាំងលក់ពុំបានចំណេញប្រាកដពុំខាន អ្នកឯងឆ្កួតទេឬ កូនលាគ្នានៅតូចហើយមកប្រួតជិះគ្នាយ៉ាងនេះ ម្ដេចមិនដឹកនាំទៅវិញ ? ។


ចៅអាពុកនឹងកូនបានឮមេគយបន្ទោសដូច្នោះ ក៏ចុះពីខ្នងលានាំគ្នាដឹកបណ្ដើរលានោះ ឆ្ពោះទៅកាន់ស្រុកកំពង់នោះហោង ។


លុះមកដល់ទីព្រៃចំការមួយ ពុំមានផ្លូវនឹងដឹកទៅទើបអាពុកនឹងកូន នាំគ្នាដឹកលាដើរកាត់ចំការដែលគេមិនទាន់ធ្វើស្រេច ដើរកាត់រកផ្លូវនឹងទៅទៀត អ្នកកាប់ចំការបានឃើញចៅទាំងពីរ ដឹកលាដើរកាត់ចំការដូច្នោះ ក៏ស្រែកទៅថា « នែអ្នកដឹកលា ទីចំការយើងនេះ យើងមិនទាន់កាប់គាស់ដុតរំលីងឲ្យស្អាតទេសឹងប្រកបដោយបន្លាដំឡូងខ្យា បន្លាឃ្លេ បន្លាឫស្សីជាដើម អ្នកដើរទៅមកតោងប្រយ័ត្នបន្លាវាមុត អើរូបអ្នកឯង មានលាជាពាហនៈសម្រាប់ជិះ ម្ដេចឡើយមិនជិះវា ទៅនាំគ្នាដឹកវាវិញ អ្នកឯងឆ្កួតទេឬ មានលាហើយមិនជិះ ស៊ូដឹកដើរឲ្យបន្លាមុតដូច្នេះ, នែអ្នកដឹកលាអើយ ! ចូរនាំគ្នាឡើងជិះវាទៅទុកវាធ្វើស្ដេចអី លាសេះគេតែងតែជិះវាជាធម្មតានៅនាលោកិយនេះឯង » ។


ចៅអាពុកនឹងកូនបានឮអ្នកចំការតិះដៀលដូច្នោះ ក៏បែរមកនិយាយគ្នាថា « យើងផ្គាប់ចិត្តមនុស្សលោកិយនេះមិនបានទេ កាលដើមយើងនាំគ្នាសែងនោះ គេនិន្ទាម្ដងទៅហើយដល់ក្រោយឲ្យកូនជិះក៏ត្រូវគេនិន្ទាថាឯងមិនដឹងគុណអាពុក ដល់ក្រោយឲ្យអាពុកជិះវិញ ត្រូវមេស្រីក្រមុំវាមិនគាប់ចិត្តនឹងតាចាស់ វានាំគ្នានិន្ទាទៅផ្សេងៗ ដល់ក្រោយឡើងជិះទាំងពីរនាក់ ត្រូវមេគយនិន្ទាថាលាស្ទាវស្ទើរជិះពីរនាក់មិនបាន ដល់ឥឡូវនេះ យើងដើរដឹកវាវិញ ក៏ត្រូវអ្នកចំការនេះនិន្ទាតិះដៀលថា មានលាហើយម្ដេចក៏មិនជិះ អើតម្រាយ៉ាងនេះ តែរូបលាមួយនឹងផ្គាប់លោកិយមិនគាប់ទៅបាន » ។


រឿងនេះ បានគតិដល់បុគ្គលអ្នកគិតរកឧបាយកលឲ្យផុតអំពីពាក្យគេនិន្ទា គឺទោះជាចេះយ៉ាងណាៗ ក៏ពុំមានឱកាសនឹងគេចឲ្យផុតពាក្យលោកិយទៅបាន មនុស្សក្នុងលោកិយនេះនរណានឹងទៅផ្គាប់ឲ្យត្រូវចិត្តគ្រប់រូបបាននោះ គឺគាប់ឯណោះខុសឯណេះយ៉ាងនេះ មានជាធម្មតា កុំថាយើងជាមនុស្សនឹងមនុស្សផ្គាប់គ្នាឡើយ ទោះទេវតាទេវបុត្រផុតវិស័យពីមនុស្ស ក៏ផ្គាប់ពួកមនុស្សមិនត្រូវដូចគ្នា ដូចយ៉ាងសុរិយទេវបុត្ត គឺថ្ងៃរះថ្ងៃលិចមានជាប្រក្រតីសព្វថ្ងៃនេះ វេលាព្រឹកឡើងថ្ងៃរះពីទិសខាងកើតមក លុះល្ងាចថ្ងៃលិចបាត់ពន្លឺទៅទិសខាងលិច សុរិយគតិដើរស្មើដើរមានកំណត់ គឺមួយថ្ងៃ ១២ ម៉ោង មួយយប់ ១២ ម៉ោងដូចគ្នា យប់ថ្ងៃមានកំណត់យ៉ាងនេះ នៅផ្គាប់ចិត្តមនុស្សក្នុងលោកិយនេះមិនត្រូវ គង់មានពួកខ្លះថា ថ្ងៃនេះយប់នេះម្ដេចយូរម្ល៉េះ ម្ដេចឆាប់ម្ល៉េះ ម្ដេចក្ដៅម្ល៉េះ ម្ដេចត្រជាក់ម្ល៉េះ ពោលតិះដៀលយ៉ាងនេះជាដើម ។ ក៏ឯយប់នឹងថ្ងៃមិនគាប់ចិត្តមនុស្សនោះ ព្រោះមនុស្សនោះមានប្រាថ្នាចង់ចាប់ចង់យូរដោយចិត្តខ្លួនឯង ដូចយ៉ាងមនុស្សណាដែលត្រូវទោសលោកឲ្យដាក់គុក មានកំណត់ថាអ្នកឯងនៅ ១០ ថ្ងៃ ឬ ១ ខែ ទៀត នឹងរួចចាកទោសនេះ មនុស្សនោះចង់រួចឆាប ទន្ទឹងដល់ខែ ដល់ថ្ងៃនឹងរួច ក៏តាំងរាប់តាំងគិតទៅ ការដែលរាប់ដែលគិតនោះ ថាថ្ងៃអ្វីក៏យូរម្ល៉េះ ខអ្វីក៏យូរម្ល៉េះ ពាក្យថាថ្ងៃយឺតយូរ ខែយឺតយូរនោះ បានខាងមនុស្សដែលចង់រួចពីគុកនោះឯង ។


មនុស្សពួកណា ជួលផ្ទះជួលទូកគេនៅ លុះដល់ខែម្ចាស់គេទៅទារប្រាក់ឈ្នួល មនុស្សពួកនោះសឹងពោលថាថ្ងៃខែអ្វីក៏ឆាប់ម្ល៉េះ រកតែនឹងរកឲ្យគេមិនទាន់ ។ ពាក្យថាថ្ងៃខែឆាប់នោះ បានខាងមនុស្សដែលចូលផ្ទះគេនៅនោះឯង ។ ពាក្យអស់នេះសមដោយបទបាលីក្នុងគម្ពីរលោកនីតិថា

ទីឃា ជាតរតោ វត្តិ ទីឃំ សន្តស្ស យោជនំ ទីឃោ ពាលានសង្សារោ សទ្ធម្មំ អវិជានតំ ។

ប្រែថា យប់យូរនៃអ្នកមិនលក់ឯង យោជន៍យូរឆ្ងាយរែងនៃអ្នកចរ សង្សារយូរឆ្ងាយនៃនិករ ពាលពុំចេះធម៌ទៅនិព្វាន ។ មួយទៀតលោកថា អ្នកដេកចង់ក្រាបថាយប់យូរ អ្នកដើរគិតគូរថាយោជន៍ឆ្ងាយ ពាលាពុំចេះធម៌ទាំងឡាយ សង្សារវែងឆ្ងាយពីនិព្វាន ។


ចប់តម្រាគតិផ្គាប់លោកមិនត្រូវ ទី ៣៧ ។