គតិលោក/ភាគទី៧/5

113170គតិលោក, ភាគទី៥រឿងចៅចាក់ស្មុគឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿងចៅចាក់ស្មុគ



មានបុរសម្នាក់ហៅថា ចៅចាក់ស្មុគ ថ្ងៃមួយចៅនោះឡើងទៅលើចុងត្នោត តាំងកាត់ចៀរស្លឹកត្នោតចាក់ធ្វើជាស្មុគធំៗ បានច្រើនហើយ ក៏ត្រេកអរប្រារព្ធចាក់បណ្ដើរគិតបណ្ដើរថា អញចាក់ស្មុគបានច្រើនហើយ អញយកទៅលក់ឲ្យគេ អញបានប្រាក់ ១ រៀល រួចអញទៅទិញមេមាន់គេ បានមកចិញ្ចឹមវាដល់យូរទៅមេមាន់ វាបង្កើតកូនសាយច្រើនឡើង ហើយអញលក់មាន់នោះឲ្យគេ អញបានប្រាក់ ៥ រៀល ហើយអញទៅទិញកូនជ្រូកគេមកចិញ្ចឹម លុះកូនជ្រូកនោះធំឡើង អញលក់ទៅទៀត បានប្រាក់ ១០ រៀល ហើយអញទៅទិញកូនគោ កូនសេះមកចិញ្ចឹម ដល់វាធំឡើងអញលក់ទៅទៀត បានប្រាក់កាន់តែច្រើនៗឡើង ដល់មួយរយពីររយរៀល អញទិញស្រែ ទិញចំការទិញភូមិលំនៅៗ ជាសុខសប្បាយហើយអញធ្វើស្រែបានស្រូវច្រើន អញលក់ស្រូវ លក់ផ្លែឈើបានប្រាក់ដល់បីរយបួនរយ អញដណ្ដឹងកូនក្រមុំគេយ៉ាងល្អ ធ្វើជាភរិយា ដល់នៅយូរទៅអញមានកូនប្រុសមួយ អញស្រឡាញ់ពេកណាស់ អញលោះខ្ញុំស្រីម្នាក់ ឲ្យជាភីលៀងកូនអញ កុំឲ្យប្រពន្ធអញវាពិបាកនឹងកូនចៅតទៅ ថាបើមេទាសីនោះ វាបីទ្រពកូនអញមិនប្រយ័ត្ន ធ្វើឲ្យកូនអញដួលចុះ អញនឹងទះតប់ធាក់ក្បាលវាកុំឲ្យវាធ្លាប់ ។


ចៅនោះគិតភ្លើនសតិទៅដល់ធាក់ទាសី យារជើងធាក់ទៅលើធាងត្នោត ដោយពេញកំឡាំង ក៏ធ្លាក់ចុះចាកចុងត្នោតនោះមួយរំពេច ចៅនោះមានស្មារតីស្រវាចាប់ចុងស្លឹកត្នោតជាប់ព្យូរតែងតោង នឹងស្រវាចាប់ធាងឡើងទៅវិញក៏ពុំរួច នឹងទម្លាក់ខ្លួនចុះមកដីខ្លាចក្ដីស្លាប់ ព្រោះត្នោតនោះលៃខ្ពស់ ចៅនោះក៏បានក្ដីទុក្ខវេទនា ដោយតោងចុងស្លឹកត្នោតនោះឯង ។ គ្រាកាលនោះ មានទ្រមាក់ដំរីម្នាក់ បរដំរីមកត្រង់ដើមត្នោតនោះ ទើបចៅចាក់ស្មុគស្រែកអង្វរទៅថា « ឱ! អ្នកបងអើយ ! មេត្តាជួយយកអាយុខ្ញុំបាទក្នុងគ្រានេះ ជួយដាក់ខ្ញុំបាទផង បើខ្ញុំបានរួចអាយុម្ដងនេះខ្ញុំនឹងទៅនៅជាខ្ញុំបំរើអ្នកបង » ។ ឯទ្រមាក់ដំរីបានឃើញបានឮដូច្នោះ ក៏បរដំរីទៅខាងក្រោមដើមត្នោត ហើយក្រោកឈរឡើងលើខ្នងដំរី ងើយទៅនឹងទទួលចាប់ជើងចៅនោះ នៅពុំទាន់ស៊ប់ល្អញ័រជើងជាន់ខ្នងដំរី ឯដំរីនឹកថាម្ចាស់ឲ្យដើរទៅ វាក៏ដើរចេញអំពីទីនោះទៅ ឯចៅទ្រមាក់ក៏ចាប់ជើងចៅចាក់ស្មុគនោះ ជាប់នៅតែងតោង ទើបស្រែកអង្វរទៅចៅចាក់ស្មុគវិញថា « ចូរអ្នកចាប់ចុងស្លឹកត្នោតឲ្យជាប់កុំលែងដៃឡើយ បើខ្ញុំរួចជីវិតម្ដងនេះ ខ្ញុំទទួលគុណអ្នកដាក់លើក្បាល នឹងទៅនៅជាខ្ញុំបំរើអ្នកហោង » ។ ឯចៅចាក់ស្មុគរូយដៃណាស់ក៏ស្រែកថា « ចូរលែងចាប់ជើងយើងទៅ យើងធ្ងន់រូយដៃណាស់តែខំចាប់យ៉ាងនេះមុខជាស្លាប់ហើយ ចូរលែងចាប់ជើងយើងទៅ » ។ ឯចៅទ្រមាក់ចេះតែអង្វរថា « សូមអ្នកមេត្តាចាប់ខាងលើឲ្យជាប់ ខ្ញុំមិនហ៊ានលែងដៃខ្ញុំពីជើងអ្នកទេ ក្រែងធ្លាក់ស្លាប់ ធ្វើម្ដេចជាគ្រោះកាចនាំឲ្យបានក្ដីទុក្ខយ៉ាងនេះ » ។ គ្រាកាលនោះ មានចៅក្បាលទំពែក ៤ នាក់ នាំគ្នាទៅដឹកអញ្ចងឯបឹងធំ ដើរទៅត្រង់ចៅទាំងពីរនោះឯង ចៅទាំងពីរបានឃើញចៅទំពែកទាំង ៤ នាក់ ក៏ស្ដីអង្វរថា « លោកអុំ លោកមាអើយ ជួយយកអាយុខ្ញុំបាទផង បើខ្ញុំបាទបានរួចជីវិតហើយ នឹងទៅនៅជាខ្ញុំបំរើលោក » ។ ចៅទំពែកបួននាក់ឮដូច្នោះក៏ថា « យើងនឹងឡើងទៅជួយដាក់ឯណាបាន បើចៅនៅតែងតោងព្យួរនឹងចុងធាងត្នោតយ៉ាងនេះ » ។


ចៅទាំងពីរក៏ថា « ឲ្យលោកអុំ លោកមារឈរកាន់កាងអញ្ចងជា ៤ មុមឲ្យជាប់ ខ្ញុំបាទទាំងពីរនាក់នឹងលោតទៅក្នុងអញ្ចងនោះឯង » ។ ឯចៅទំពែកទាំង ៤ នាក់ក៏ធ្វើតាម ទើបនាំគ្នាកាន់អញ្ចងជា ៤ ជ្រុង ហើយយកចុងខ្សែចងព័ន្ធករៀងខ្លួនស្រេច ហើយក៏ហៅចៅទាំងពីរនាក់ឲ្យទំលាក់ខ្លួនចុះមក ចៅទាំងពីរក៏ទំលាក់ខ្លួនចុះទៅលើអញ្ចងព្រមគ្នាមួយរំពេច ។


ឯអញ្ចងនោះ លុះត្រូវទម្ងន់ចៅពីរនាក់ ក៏ដូចជាគេកន្រ្តាក់រួបចូលគ្នា ចៅទំពែក ៤ នាក់ក៏ប្រទាញរូបដូចគេបោលចូលទង្គិចក្បាល នឹងក្បាលគ្នាឯង បែកខួរខាងក្នុង ដួលចុះដល់មរណកាលទាំងបួននាក់នៅក្រោមដើមត្នោតនោះហោង ។


ឯចៅទាំងពីរនាក់បានរួចក្ដីស្លាប់ អំពីចុងត្នោតហើយ បានឃើញចៅទំពែកទាំងបួនស្លាប់ដូច្នោះ ក៏និយាយគ្នាថា យើងបានរួចជីវិតនេះ ព្រោះតាទំពែកគាត់ជួយកាន់អញ្ចងដំឡើង ឲ្យយើងលោតមកឥឡូវជាកម្មគាត់មកស្លាប់ទាំងអស់ ដូច្នេះយើងនឹងគិតសងគុណយ៉ាងម៉េច បើយើងនឹងចាត់ចែងដុតដារធ្វើឈាបនកិច្ចឆ្លងគុណគាត់ទៅ ក្រែងមេស្រុក ចៅហ្វាយស្រុក គេដាក់ទោសឯង ថាវាយមនុស្សសម្លាប់ គេនឹងចាប់ឯងទៅធ្វើទោស នឹងប្រាប់គេតាមត្រង់គេក៏ពុំជឿឯង ព្រោះពុំមានបន្ទាល់សាក្សីជាទីអាង ជាការនាំឲ្យកើតទោស កើតទុក្ខទៅមុខទៀត បើដូច្នេះយើងនាំគ្នាកាយដីកប់សពគាត់ហើយ សូមខមាទោសនឹងគាត់ទៅចុះ ។


ចៅទាំងពីរពិគ្រោះយល់ព្រមគ្នាហើយ ទើបកាយដីកប់សពចៅទំពែកទាំង ៤ នោះ ហើយសំពះស្មាលាទោសតាមទំនៀមស្រេចហើយ ចៅទាំងពីរក៏លាគ្នាទៅកាន់លំនៅនៃអាត្មាទីទៃហោង ។ រឿងនេះ បានគតិដល់បុគ្គលអ្នកគិតវិតក្កតាមអារម្មណ៍នាំបណ្ដែតចិត្តទៅតាមអារម្មណ៍នោះ កើតភ្លើសតិ ភ្លេចស្មារតី ភ្លាត់ទៅទាំងកាយផង ឯចៅទ្រមាក់ដំរីបានសេចក្ដីប្រមាទ ទៅទុកចិត្តសត្វតិរច្ឆាន គឺខ្លួនជាន់លើខ្នងដំរី ឈោងដៃទៅចាប់ជើងចៅចាក់ស្មុគជាន់មិនស៊ប់ ក៏ទ្រេតទ្រោតទៅមក ដំរីក៏នឹកសញ្ញាថាម្ចាស់ឲ្យដើរទៅ ទើបវាដើរចេញទៅ ខ្លួនក៏ចាប់ជើងចៅចាក់ស្មុគនោះជាប់ បានក្ដីភិតភ័យនឹងក្ដីស្លាប់មហិមា ។


ឯសេចក្ដីស្លាប់នេះ ជាសភាវៈបុគ្គលខ្លាចក្រៃពេកណាស់ ដូចចៅចាក់ស្មុគភ័យនឹងក្ដីស្លាប់ ក៏ទទួលជាខ្ញុំបំរើចៅទ្រមាក់ដំរីៗ ចង់បានគេជាខ្ញុំដល់មិនសមក្ដីប្រាថ្នា ក្ដីភ័យនឹងមរណកាលដល់ខ្លួនវិញ ក៏ត្រឡប់ទទួលខ្លួនជាខ្ញុំអ្នកចាក់ស្មុគនោះវិញ ហេតុនោះបានគតិថា ក្ដីមរណភ័យនេះ តែមាននៅលើបុគ្គលណាហើយ បុគ្គលនោះអាចហ៊ានទទួលជាបាវជាខ្ញុំគេបានទាំងអស់ ព្រោះក្ដីស្រឡាញ់អ្វីៗមិនស្មើនឹងស្រឡាញ់ជីវិតនៃអាត្មាហោង ឯចៅទំពែកទាំងបួនជួយយកអាយុគេ ដោយឥតបញ្ញានឹងពិចារណាមើលទម្ងន់មនុស្សពីរនាក់ ដែលទំលាក់ចុះក្នុងអញ្ចងនោះ ខ្លួននឹងទ្របានឬពុំបាន ដល់ទ្រពុំបានដោយកំលាំងធ្ងន់ខ្សែអញ្ចងប្រទាញរូបចូល ទាញទាំងខ្លួនឲ្យជល់គ្នាបែកក្បាលស្លាប់ឯខ្លួនឯងវិញ ក្ដីប្រាថ្នាពុំសំរេចទៅបាន ។ ក៏ឯចៅចាក់ស្មុគនោះ លុះក្ដីកាមវិតក្ក គឺភ្លើសតិភ្លាត់ជើងធាក់ធាងត្នោត ធ្លាក់ទាំងខ្លួនបាននូវក្ដីទុក្ខវេទនាដូចពណ៌នាមកនេះ គួរអ្នកប្រាជ្ញដឹងដោយទោសកាមវិតក្ក គឺពុំមានសតិដាស់តឿនខ្លួនឡើយ ។ មួយទៀត មានរឿងស្រីក្លិង្គម្នាក់ ធ្លាក់ចិត្តគិតចុះក្នុងកាមវិតក្ក បានដល់នូវក្ដីក្ដៅក្រហាយចិត្តជាក្រោយ និទាននោះមានសេចក្ដីដូច្នេះ មានស្រ្តីម្នាក់ជាអ្នកក្រ ថ្ងៃមួយទៅទទួលទឹកដោះគោគេ បានហើយដាក់នឹងក្អមទូលដើរទៅ លុះដល់កណ្ដាលផ្លូវនាងនោះ កើតកាមវិតក្កគិតថា កាលណាអញទៅលក់ទឹកដោះនេះ បានប្រាក់ច្រើនហើយអញនឹងទិញមេមាន់មេទាមកចិញ្ចឹម ដល់យូរទៅមេមាន់មេទាបង្កើតកូនសាយច្រើនឡើង អញលក់បានថ្លៃប្រមូលប្រាក់បានច្រើន អញនឹងទិញមេគោមេពពែមកចិញ្ចឹមឲ្យបានច្រើនឡើង អញធ្វើជាដង្ខៅលក់ទឹកដោះ កើតជាអ្នកមានធំ អញធ្វើផ្ទះថ្មពីរជាន់នៅអញលោះខ្ញុំស្រី ខ្ញុំប្រុសប្រើក្នុងការអញជានាយដង្ខៅអញលក់ក្នុងមួយព្រឹកៗ បានប្រាក់រាប់រយពាន់ ញាតិទាំងឡាយសឹងកោតខ្លាចអញទាំងអស់ ដល់មានការធ្វើបុណ្យអ្វីៗអញនឹងបរិច្ចាគទ្រព្យប្រដាប់ការបុណ្យនោះឲ្យសប្បាយ អញជួលល្ខោនជួលភ្លេងមកលេងហើយអញក៏រាំឲ្យគេមើលផង ។ នាងនោះគិតបណ្ដើរដើរបណ្ដើរ ក៏ភ្លើសតិភ្លេចអាត្មា លើកដៃទាំងពីររាំចាក់ក្បាច់លោតយ៉ាងទំនង ក្បាច់ល្ខោនបារាំង តាំងរេករេខ្លួនទៅផ្សេងៗ ឯក្អមទឹកដោះដែលទូលលើក្បាលនោះ ក៏ហក់ធ្លាក់ដល់ដីបែកកំពប់ទឹកដោះអស់ជាម្ដង ទើបនាងនោះដឹងខ្លួនថាខ្លួនគិតហួសគិតផ្ដាស បង់ទឹកដោះអស់ដើមទុនកើតស្ដាយទឹកដោះនោះក្រៃពេក ហើយក្ដៅក្រហាយចិត្ត បន្ទោសខ្លួនឯងទៅផ្សេងៗហោង ។

តំរាក្ដៅចិត្តឯងនេះ កើតដោយអំណាចគិតចង់បានវត្ថុកាមកិលេសកាម ហៅថា កាមវិតក្កមែនពិត រីវិតក្កបីប្រការ គឺ កាមវិតក្ក ១ ព្យាបាទវិតក្ក ១ វិហិង្សា វិតក្ក ១ វិតក្ក ៣ ប្រការនេះ បើមាននៅលើរូបបុគ្គលណាហើយ នាំរូបបុគ្គលនោះឲ្យដល់នូវក្ដីក្ដៅក្រហាយចិត្តក្នុងកាលក្រោយ ហើយជារោគឲ្យកើតដេកពុំលក់ ស៊ីពុំពីសា ធ្វើកាយាឲ្យស្គាំងស្គមទ្រមចូលទៅក្នុងភ្លើងជរាជាឆាប់ គួរចូលចិត្តចុះ ។ មួយទៀត ការមិនគួរគិតហើយគិតនេះ ជាទីនាំចិត្តឲ្យវង្វេងឆ្កួតទៅផ្សេងៗ អ្នកប្រាជ្ញលោកពោលទុកក្នុងគម្ពីរលោកនីតិថាដូច្នេះ អបត្ថេយ្យំ ន បត្ថេយ្យ អចិន្តេយ្យំ ន ចិន្តេយ្យ សភាវមេវ ចិន្តេយ្យ កាលំ មោឃំ អនិច្ឆេយ្យ ។ ប្រែថា កុំប្រាថ្នាការមិនគួរប្រាថ្នាបាន កុំគិតអានការមិនគួរបុគ្គលគិត គួរគិតតែការសភាពរបស់ពិត កុំប្រាថ្នាកុំទៅគិតការទទេ ។


ចប់តម្រាកាមវិតក្ក គតិទី ៣៨ ។