រឿងទន្សាយនឹងផ្លែព្នៅ
មានសត្វទន្សាយមួយ ទៅដេកនៅក្រោមដើមព្នៅ ទៀបទីជើងដំបូកមួយ ថ្ងៃនោះមានផ្លែព្នៅមួយទុំ ដល់ពេលក៏ជ្រុះធ្លាក់ចាកទងដល់ដី សព្ទសូរឮប្រោកខ្ទរព្រៃ ។ ឯទន្សាយឮហើយ ក៏ភិតភ័យដោយគិតថាផែនដីស្រុត ទើបស្ទុះក្រោករត់ចេញទៅដោយកំលាំងផ្អើល បោលបោះផ្លោះទៅដល់សំណាក់នៃគោៗ ក៏ស្រែកសួរថា "ទន្សាយអើយ ចៅរត់ខ្លាំងម្ល៉េះ តើដោយមានការអ្វី ? ទន្សាយប្រាប់ថា "បងគោអើយ ! ផែនដីស្រុតហើយ នៅនេះពុំបានទេ ទៅឲ្យឆាប់ៗ"។ គោឮដូច្នោះ ក៏ភិតភ័យស្ទុះបោលទៅជាមុននៃទន្សាយ លុះបោលទៅសំណាក់ជ្រូក ក្ដាន់ៗក៏ផ្អើលរត់ទៅតាមគោ ៗ បោលទៅដល់សំណាក់ដំរី ៗ ឃើញគោបោលមកក៏សួរថា " គោឯងបោលដោយមានការអ្វី? ។ គោថា "នៅនេះពុំបានទេ មហាភ័យនឹងកើតមានដល់ពួកយើងហើយ "។ ដំរីឮដូច្នោះហើយ ក៏ភ័យផ្អើលស្ទុះរត់ទៅជាមុននៃគោ បានទៅដល់សំណាក់រាជសីហ៍បរមពោធិសត្វ ជាសត្វប្រកបដោយសតិបញ្ញា កាលបានយល់ ពួកសត្វចតុប្បាទផ្អើលរត់ចលាចលដូច្នោះ ក៏សួរទៅដំរីថា "ប្រស្ដែងដំរី ឯងផ្អើលរត់មក តើព្រោះដំណើរអ្វី ? ។ ដំរីថា ខ្ញុំនេះមិនដឹងដំណើរអ្វីទេ ឃើញតែគោបោលក៏រត់តាមគោមក ដោយឮថាមហាភ័យដល់ហើយ " ។
ពោធិសត្វក៏សួរទៅគោវិញថា " ប្រស្ដែងគោឯងនាំគេរត់មកនេះតើដោយហេតុអ្វី ? ។ គោតបថា "ខ្លួនខ្ញុំបាទក៏ពុំដឹងហេតុអ្វី ឃើញតែជ្រូកក្ដាន់ផ្អើលរត់ ក៏រត់តាមគេមក " ។ ពោធិសត្វសួរជ្រូកក្ដាន់ ៗ ក៏ប្រាប់ថាមិនដឹងដូចគ្នា តែអ្នកដែលផ្ដើមនាំរត់នោះ គឺសត្វទន្សាយនេះឯងជាមុនបង្អស់ ។
រាជសីហ៍ពោធិសត្វ ក៏សួរទន្សាយ ៗ ប្រាប់ថា ខ្ញុំបាទក៏ពុំច្បាស់ហេតុភ័យនោះ មិនដឹងជាសព្ទសូរអ្វី គឺកាលខ្ញុំបាទដេកនៅជើងដំបូក ដែលមានដើមព្នៅមួយដើមដុះនៅខាង កំពុងនិទ្រាស្រួលស្រាប់តែឮសូរសន្ធឹកអ្វីប្រោកខ្ជោក ខ្ទរផែនដីខ្ទប់ដល់ត្រចៀកខ្ញុំបាទ ៗ ភិតភ័យតក្កមាហាក់ដូចជាផែនដីស្រុតទ្រោមទ្រុឌ ឬកក្រើករំពើកញាប់ញ័រជាប្រាកដ ហេតុនោះបានជាខ្ញុំបាទរត់ចេញមកនេះ សូមអ្នករាជសីហ៍ជ្រាបហោង " ។
ពោធិសត្វឮទន្សាយអធិប្បាយដូច្នោះ ក៏ពិចារណាដោយបញ្ញាត្រិះរិះអាការសម្លេងនោះ ក៏ជ្រាបការឥតសង្ស័យ ទើបប្រស្រ័យទៅថា “អ្នកឯងអស់នេះជាសត្វឥតសតិបញ្ញា ហៅថាសត្វគំនិតស្រាល កាលឮអ្វី ឃើញអ្វីមិនទាន់ច្បាស់នឹងចក្ខុបញ្ញារបស់ខ្លួន ក៏គិតស្មានប្រមាណ ហើយភ្ញាក់ផ្អើលភិតភ័យតាមគ្នា នាំឲ្យលំបាកកាយ អស់កំលាំងទទេយ៉ាងនេះ យើងគិតទៅយល់ហើយ រឿងសព្ទសូរប្រោកខ្ជោកនោះ មិនមែនអ្វីទេ គឺផ្លែឈើចាកទងនោះឯងជាប្រាកដ ដូច្នេះ ចូរចៅទន្សាយឯងនាំយើងទៅមើលទីនោះ" ។ ឯទន្សាយក៏នាំពោធិសត្វទៅត្រង់ទីជើងដំបូកដែលខ្លួនដេកនោះ ពោធិសត្វដើរមើលទីនោះ ក៏បានឃើញផ្លែព្នៅទុំមួយយ៉ាងធំ ដែលទើបនឹងជ្រុះមកថ្មីៗនៅទីនោះ ទើបប្រាប់អស់សត្វទាំងឡាយ មានទន្សាយជាដើមឲ្យចូលចិត្តថា មហាភ័យដែលកើតដល់អ្នកឯងរាល់គ្នានេះ គឺផ្លែព្នៅទុំមួយនេះឯង យើងរកឃើញហើយ ។ ឯសត្វទាំងឡាយបានដឹងហេតុដើម គឺរាជសីហ៍រកឃើញហើយ ក៏នាំគ្នាឲ្យសព្ទសាធុការដល់ពោធិសត្វ ហើយត្មះតិះដៀលខ្លួនឯងដោយឥតសតិបញ្ញានឹងពិចារណាការអ្វី ៗ គ្រាន់តែឮគេ ឬឃើញតែគេផ្អើល មិនសាកសួរហេតុឲ្យច្បាស់ការនោះជាមុនសិន មិនដឹងថាជាអ្វី ៗ ក៏ភិតភ័យផ្អើលឆោឡោចលាចលឡើង នាំឲ្យខូចកំឡាំងខូចប្រយោជន៍អាត្មាទីទៃ ៗ សត្វទាំងឡាយនាំគ្នាសរសើរពោធិសត្វហើយ ក៏លាពោធិសត្វទៅកាន់លំនៅនៃអាត្មាទីទៃៗហោង ។ រឿងនិទាននេះ មានសេចក្ដីពិស្ដារក្នុងគម្ពីរដីកាមហាសមយសូត្រឯណោះ អ្នកប្រាជ្ញគប្បីចូលចិត្តចុះ ។
រឿងនិទាននេះ បានគតិដល់បុគ្គលអ្នកមានគំនិតស្រាល ដាលជឿតែគេ គ្មានគិតគ្នេររេរិះឲ្យដឹងដើមដឹងចង គ្រាន់តែឮគេក៏បណ្ដោយផ្អើលរត់ទៅ បាននូវក្ដីក្ដៅក្រហាយ ដូចសត្វចតុប្បាទទាំងឡាយផ្អើលតាមទន្សាយនោះឯង អ្នកប្រាជ្ញគប្បីចូលចិត្តទៀតចុះ ។
ទន់អើយទន្សាយ ព្នៅធ្លាក់ជិតកាយ ហ្មាយថាដីស្រុត មិនមើលឲ្យជាក់ ទៅភ្ញាក់តក់ស្លុត រត់ស្ទើរនឹងផុត អស្វាតបស្វាត ។ ខំបោលខំបោះ ហាក់ដូចគេហោះ នាំសត្វចតុប្បាទ ឲ្យផ្អើលគ្រប់ប្រាណ រត់ពានព្រៃស្បាត មិនដឹងដើមអាទិ៍ ខ្មោចព្នៅវាលង ។
ចប់តម្រាកោលាហលឥតយោបល់ ជាគតិទី ៥២ ។
ចប់ភាគទី ៨ តែប៉ុណ្ណោះ ។