រឿងចៅទ្រិសបានប្រពន្ធអស់អ្នកក្នុងវាំង
មានបុរសម្នាក់ឈ្មោះចៅទ្រិស ជាជាតិអ្នកនៅស្រុកចំការលើ បានមកនៅក្រុងព្រះនគរហើយ បានស្ត្រីពួកអស់អ្នកក្នុងវាំងជាភរិយា ឯនាងភរិយានោះ តែប្ដីផុតធុរៈការកាលណា តែងប្រដៅប្ដីឲ្យរៀនពាក្យភាសារាជសព្ទជារឿយៗ ព្រោះខ្លួននៅបំរើពួករាជត្រកូលក្នុងព្រះរាជវាំង ឯចៅទ្រិសឧស្សាហ៍ទន្ទេញរាជសព្ទចាំបានស្ទាត់គ្រប់សព្ទ តែពុំមានប្រាជ្ញានឹងគិតថាសព្ទអស់នេះ និយាយបានតែចំពោះរាជត្រកូលមួយនោះក៏ទេ គិតសំគាល់ថាសព្ទអស់នោះនិយាយបានទួទៅទាំងអស់គ្រប់រូបមនុស្ស លុះនៅយូរមក មានកាលថ្ងៃមួយ ចៅទ្រិសទៅរកនេសាទត្រីក្នុងទន្លេ បានហើយក៏ដាក់ទូកចែវចូលទៅលក់នៅនាកំពង់ផ្សារត្រី ហើយស្រែកពពាយនាយថា "អឺអស់លោកអ្នកទាំងអស់គ្នា សូមអញ្ជើញយាងចុះមកទិញមច្ឆាយកទៅធ្វើក្រយាស្ងោយសោយ តាមក្ដីប្រាថ្នា" ។ ឯបណ្ដាអ្នកកំពង់ទាំងឡាយក៏នាំគ្នាទៅទិញត្រីសួរថ្លៃថា "អានេះតើថ្លៃវាប៉ុន្មាន ? ។ ចៅទ្រិសក៏ប្រាប់ថា "អានេះនៅមានព្រះជន្ម ថ្លៃវាពីរដម្លឹង អានុ៎ះទើបតែនឹងសោយព្រះវិលាល័យក្ស័យព្រះជន្មា ថ្លៃវាតែមួយដំឡឹងពីរបាទទេ ន៏អានុ៎ះបែកព្រះសិរ ចេញព្រះលោហិតនៅស្រស់ ៗ ថ្លៃវាតែប្រាំបាទទេ ទ្រង់អញ្ជើញទិញយកចុះ ។ ឯមហាជនទាំងឡាយបានឮចៅនោះនិយាយរាជសព្ទដូច្នោះ អ្នកខ្លះសើច អ្នកខ្លះហាមថាកុំនិយាយយ៉ាងហ្នឹងជាទីរំខាន ត្រចៀកអ្នកនគរណាស់ ឯចៅទ្រិសមិនស្ដាប់មិនតាមគេបង្គាប់ ចេះតែនិយាយរាជសព្ទនោះដដែល ។ គ្រាកាលនោះ មានចៅម្នាក់រំខានត្រចៀកខ្លាំងណាស់ អត់ពុំបាន ក៏ក្រោកទៅទះមាត់ចៅទ្រិស ៗ ខឹងហើយនិយាយទៅថា "អ្នកឯងទិញត្រី ហេតុអ្វីក៏យកព្រះហស្តមកទះព្រះឱស្ឋខ្ញុំយ៉ាងនេះ បើអ្នកឯងមិនទ្រង់ទិញក៏តាមព្រះរាជហឫទ័យចុះអេះ" ។ ឯអ្នកដែលទះនឹងអ្នកទិញទាំងអស់នោះ លុះបានឮពាក្យចៅនោះពោលដូច្នោះ ក៏នាំគ្នាសើចកងរំពងឡើង ហើយត្មះតិះដៀលថា "អ្នកឯងនេះជាមនុស្សមិនដឹងប្រមាណក្នុងពាក្យនិយាយ គួរឬរាជសព្ទនេះ សម្រាប់និយាយតែក្នុងពាក្យនិយាយ គួរឬរាជសព្ទនេះ សម្រាប់និយាយតែក្នុងរាជត្រកូលមានស្ដេចគ្រងរាជ្យជាដើម មិនដែលមានយកមកនិយាយលាយរាស្ត្រសព្ទស្ដាប់រំខានត្រចៀកយ៉ាងនេះទេ នែចៅអើយ ចៅឯងកុំថ្លែងពាក្យស្ដេចបញ្ជូននឹងពាក្យរាស្ត្រតទៅទៀតឡើយ ។ ឯចៅទ្រិស លុះបានឮគេត្មះតិះដៀលដូច្នោះ ក៏នឹកខឹងមហិមា តែមិនហ៊ានថាអ្វីតនឹងគេទៅទៀត ខំឆ្លៀតលក់ត្រីទាល់តែអស់ ហើយក៏ចែវទូកវិលទៅផ្ទះ ដល់ហើយបន្ទោសប្រពន្ធថា "អើម៉ែអាទូច ឯងបង្ហាត់បង្ហាញអញឲ្យរៀនរាជសព្ទនោះ អញខំទន្ទេញទំរាំចេះបាន អញនឹកស្មានថា រាជសព្ទនោះ ជាពាក្យខ្ពស់ពាក្យពីរោះ ឥឡូវត្រឡប់ជាមានគ្រោះ ឲ្យគេគោះមាត់សឹងនឹងបែក " ថាហើយក៏នាំសេចក្ដី ដែលខ្លួនទៅលក់ត្រី បានពោលរាជសព្ទត្រូវអ្នកផ្សារគេទះមាត់ឃាត់មិនឲ្យនិយាយនោះ មកសារសព្ទប្រាប់សព្វប្រការ ។
ឯនាងភរិយាដឹងការដូច្នោះក៏សើចញឹមៗ ហើយថា "ខ្ញុំឲ្យរៀនរាជសព្ទទុកសម្រាប់និយាយតែក្នុងរាជត្រកូលទេ នឹងបានឲ្យទៅនិយាយលាយនឹងរាស្ត្រសព្ទគឺភាសារាស្ត្រនោះកាលណា ខ្ញុំនឹកស្មានថាអ្នកចូលចិត្តសេចក្ដីអស់ហើយ បានជាមិនហាមអ្នកក្នុងកាលនិយាយនឹងរាស្ត្រដូចគ្នានោះ អើពីថ្ងៃនេះទៅ ចូរអ្នកចាំទុកចុះ បើបានចូលទៅគាល់ហ្វៅព្រះបរមរាជាសឹមអ្នកនិយាយរាជសព្ទនេះ បើនិយាយនឹងរាស្ត្រដូចគ្នាទេ ត្រូវនិយាយរាស្ត្រសព្ទ តាមធម្មតារាស្ត្រចុះ " ។
រឿងនេះ បានគតិដល់អ្នកឆោតអ្នកទិដ្ឋិប្រកាន់តម្រាដើម ដែលខ្លួនបានរៀនមក ពុំដឹងវិធីតំរានោះជាគេប្រើក្នុងសម័យណា ចេះតែប្រើទួទៅផ្ដាស បានក្ដីខុស យ៉ាងចៅទ្រិសនោះឯង មួយទៀតដូចអ្នកប្រៀនពួកខ្លះ បានរៀនភាសាបាលីចេះចាំ ហើយប្រកាន់ភាសាបាលីតែក្នុងភាគមួយ គឺភាសាបាលីនោះលោកអានពោលឡើងសឹងដាក់តួការន្តពេញតួស្រៈទាំង ៨ ដូចសព្ទថា សុខៈ មុខៈ សប្បាយៈ បទៈ និមន្តៈ សម្បត្តិ ជាតិ ធាតុ ហេតុ យ៉ាងនេះជាដើម ដល់មកនិយាយលាយនឹងភាសាខ្មែរយើង បុរាណលោកអានចោល អការន្ត ឥការន្ត ឧការន្ត បង់ចេញ លោកអានថាតួសង្កត់ខ្យល់ថា សុខ សប្បាយ និមន្តលោក កើតហេតុ អ្នកមានសម្បត្តិយ៉ាងនេះជាដើមវិញ អ្នករៀនខ្លះប្រកាន់តែតាមសព្ទមានការន្ត ក្នុងកាលពោលពាក្យ ដូចក្នុងបទប្រយោគថា អ្នកឯងកាលបួសជាសាមណេរ នៅវត្តបទុមនោះ ជាធម្មយុត្តឬជាមហានិកាយ នៅសុខសប្បាយជាទេ គេនិមន្តលោកសង្ឃទៅសូត្រមន្ត ឲ្យលោកសូត្របទផ្ចាញ់មារ ក្នុងការធ្វើបុណ្យសាងកុសលយកមគ្គយកផល ទៅឯអនាគតខាងមុខ ពាក្យបាលី ចូរនិយាយលាយយ៉ាងនេះ លោកពោលចោលអការន្តអស់ ហើយខ្លួនពោលថា អ្នកឯងកាលបួសជាសាមណេរៈ នៅវត្តៈបទុមៈនោះ ជាធម្មយុត្តិ ឬជាមហានិកាយៈ នៅសុខៈ សប្បាយៈ ជាទេ គេនិមន្តៈ លោកសង្ឃទៅសូត្រមន្តៈឲ្យលោកបទៈ ផ្ចាញ់មារៈ ក្នុងកាលៈ ធ្វើបុញ្ញៈសាងកុសលៈ យកមគ្គៈ យកផលៈ ទៅឯអនាគតៈខាងមុខ ពោលយ៉ាងនេះតាមភាសាបាលីត្រូវហើយ តែខុសគេក្នុងនគរ គេស្ដាប់កាលណា គេរំខានត្រចៀកគេដូចគ្នានឹងនិទានចៅទ្រិស ពោលរាជសព្ទក្នុងប្រជុំជនបាននូវក្ដីត្រូវគេទះមាត់នោះឯង អ្នកមានបញ្ញាគប្បីពិចារណាទៅទៀតចុះ ។
ទ្រិសអើយចៅទ្រិស ទិដ្ឋិជាឫស ដុះជាប់ចិន្ដា មិនប្រែមិនស្រប សម្របភាសា ប្រកាន់តំរា ភរិយាគ្រូអាទិ៍ ។ មិនស្គាល់សម័យ រូបគួរប្រស្រ័យ ចរចាតាមជាតិ ទៅពោលខុសកាល ដល់គេតវិវាទ ត្រាមាត់ត្រូវពាធ នឹងដៃអ្នកលេង ។
ចាប់តំរារាជសព្ទខុសសម័យ ខុសរូប ជាគតិទី ៥១ ។