គតិលោក/ភាគទី៨/4

គតិលោក, ភាគទី៨
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​បុរស​ប្ដី​ប្រពន្ធ​ចិញ្ចឹម​សត្វ​ស្កា
115878គតិលោក, ភាគទី៨រឿង​បុរស​ប្ដី​ប្រពន្ធ​ចិញ្ចឹម​សត្វ​ស្កាឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​បុរស​ប្ដី​ប្រពន្ធ​ចិញ្ចឹម​សត្វ​ស្កា



មាន​ចៅ​ប្ដី​ប្រពន្ធ​ពីរ​នាក់​ជា​ជាតិ​អ្នក​ចំការ បាន​ចិញ្ចឹម​សត្វ​ស្កា ១ ទុក​ប្រើប្រាស់​ក្នុង​ការ​ផ្ទះ​តាម​ភាព​នៃ​ខ្លួន​ជា​អ្នក​មាន​កូន​ខ្ចី បី​ទ្រ​ព​រក្សា​ស្កា​នោះ​ពុំ​ឲ្យ​មាន​ហ្មងសៅ​ឡើយ ។ ថ្ងៃ​មួយ​ដាក់​កូន​ឲ្យ​ដេក​ក្នុង​អង្រឹង ហើយ​ទុក​ស្កា​ឲ្យ​នៅ​មើល​រក្សា​ផ្ទះ​នឹង​កូន អាត្មា​ឯង​ទាំង​ពីរ​នាក់​នាំ​គ្នា​ទៅ​ជំរះ​ស្មៅ​ដំណាំ​ឯ​ខាង​កន្សៃ​ផ្ទះ ក្រោយ​នោះ មាន​អាសិរពិស​ពស់​វែក​មួយ លូន​ចូល​ទៅ​ក្នុង​ផ្ទះ​បាន​ធុំ​ក្លិន​ទឹកដោះ​នៅ​មាត់​ទារក ក៏​លូន​ចូល​ទៅ​ក្នុង​អង្រឹង​ហើយ​ចឹក​ទារក​នោះ ៗ ក៏​ស្រែ​យំ​ដោយ​សម្លេង​ខ្លាំង ៗ ។

ឯ​ស្កា​នោះ​លុះ​បាន​ឮ​សម្លេង​ក្មេង​យំ​ដូច្នោះ ក៏​ស្ទុះ​ឡើង​ទៅ​លើ​អង្រឹង បាន​យល់​ពស់​វែក​ចឹក​កូន​នាយ ក៏​ខឹង​នឹង​ពស់​ក្រៃ​ពេក ទើប​ត​យុទ្ធ​ប្រខាំ​នឹង​ពស់​ៗ​ស្ទុះ​កំលាំង​ស្កា​មិន​បាន ស្កា​ក៏​ខាំ​ពស់​នោះ​ដល់​នូវ​ក្ដី​ស្លាប់ ហើយ​ខាំ​អូស​ទាញ​យក​សាកសព​ពស់​ទៅ​ដាក់​ញាត់​ទុក​នៅ​ក្រោម​ជើងម៉ា ។

ឯ​ទារក​នោះ​ធន់​នឹង​ពិស​ពស់​ពុំ​បាន ក៏​ដល់​នូវ​មរណកាល​ក្នុង​អង្រឹង​នោះ​ឯង ។

ថ្លែង​ឯ​ចៅ​ប្ដី​នឹង​ប្រពន្ធ​នោះ លុះ​ដល់​ពេល​ក៏​នាំ​គ្នា​វិល​មក​ផ្ទះ ឯ​ស្កា​ឃើញ​ម្ចាស់​មក​ដល់​នឹង​និយាយ​ប្រាប់​រឿង​ពស់​វា​ខាំ​កូន​នោះ​ពុំ​បាន ដោយ​ជាតិ​ជា​សត្វ ក៏​ខំ​តែ​រត់​ទៅ​រត់​មក ធ្វើ​អាការ​ក៏​ដូច​ជា​ប្រាប់​រឿង​ដល់​នាយ ឯ​នាយ​ក៏​ពុំ​មាន​សេចក្ដី​សង្ស័យ​អ្វី លុះ​នាង​ប្រពន្ធ​ទៅ​លើក​កូន ដើម្បី​នឹង​ផ្ងូត​ទឹក ក៏​ស្រាប់​តែ​ឃើញ​កាយ​កូន​ជាំ​ដាំ ស្លាប់​រឹង​ក្រញាង​នៅ​ក្នុង​អង្រឹង​នោះ​ឯង នាង​ក៏​ស្រែក​ទួញ​ឡើង ចៅ​ប្ដី​ភិតភ័យ​ស្ទុះ​ទៅ​សួរ​ប្រពន្ធ ៗ ប្រាប់​ថា កូន​យើង​ស្លាប់​ហើយ មិន​ដឹង​ជា​ស្លាប់​ដោយ​ហេតុ​អ្វី​ទេ ចៅ​ប្ដី​ក៏​តក់ស្លុត​យំ​សោកស្ដាយ​កូន ហើយ​សង្កេត​មើល​ស្លាកស្នាម​កូន​ទៅ ឃើញ​មុខ​ស្នាម​ចង្កូម​ធ្មេញ​ពស់​នៅ​ភ្លៅ​កូន ក៏​នាំ​គ្នា​គិត​ថា​ស្កា​នោះ​វា​ខាំ​កូន​ប្រាកដ​ពិត មិន​គិត​ពិចារណា​ឲ្យ​វែង​ឆ្ងាយ កើត​ខឹង​នឹង​ស្កា ទើប​ប្រហារ​ស្កា​នោះ​ដល់​នូវ​មរណភាព ហើយ​រើ​យក​ក្ដារ​ដើម្បី​ធ្វើ​ជា​ហឹប​ដាក់​ខ្មោច​កូន​យក​ទៅ​កប់ លុះ​រើ​សំពត់​អាវ​នៅ​ក្រោម​ជើងម៉ា ក៏​បាន​យល់​សាកសព​ពស់​នៅ​នោះ បាន​ឃើញ​ស្នាម​មាត់​ស្កា​ខំ​ពស់​ជា​ប្រាកដ ក៏​ដឹង​ថា កូន​ខ្លួន​ស្លាប់​ដោយ​ពស់​ចឹក​ទេ ស្កា​ជា​សត្វ​យក​អាសា​នាយ ស៊ូ​ខាំ​ពស់​ដរាប​ដល់​ពស់​ស្លាប់ ហើយ​ទាញ​យក​មក​ទុក​ក្រោម​ជើងម៉ា​នេះ​ ជន​ទាំង​ពីរ​កល​ណា​បើ​យល់​ការណ៍​ដូច្នោះ​ហើយ ក៏​កើត​សោកសៅ​ក្ដៅ​ក្រហាយ​ចិត្ត​នឹក​អាណិត​ដល់​កូន​ផង ដល់​ស្កា​ផង កើត​ស្ដាយ​ស្កា​ពន់ពេក​ណាស់ ដោយ​ខ្លួន​ឥត​ពិចារណា​ទៅ​ប្រហារ​សត្វ​ឥត​ទោស ឯ​ណា​កូន​ក៏​ស្លាប់​ស្កា​ក៏​ស្លាប់​ផង ក្ដី​ទុក្ខ​រឹងរឹត​តែ​ច្រើន​លើស​លន់​ផុត​នឹង​ពណ៌នា បាន​នូវ​ក្ដី​សោកស្ដាយ​ទាំង ២ ផ្លូវ​ហោង ។

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​ខឹង​ហួស​ជ្រួស​គំនិត ឥត​បញ្ញា​ពិចារណា​ឲ្យ​ជុំវិញ​បាន បុគ្គល​ណា​គិត​អ្វី​ប្រញាប់ មិន​រេ​រិះ​ឲ្យ​អស់​ជើង បន្ទាន់​ធ្វើការ​នោះ​ទៅ​ដោយ​ចិត្ត​ក្ដៅ បុគ្គល​នោះ​គង់​នឹង​លុះ​ផ្លូវ​ខុស បាន​ក្ដី​ក្ដៅ​ក្រហាយ​ជា​ឯ​ក្រោយ ដូច​ចៅ​ប្ដី​ប្រពន្ធ​វាយ​ស្កា​នោះ​ឯង ។

មួយ​ទៀត បុគ្គល​ធ្វើការ​ប្រញាប់ បាន​ក្ដី​ក្ដៅ​ចិត្ត​ក្នុង​កាល​ក្រោយ​នោះ ដូច​បទ​បាលី​ក្នុង​គម្ពីរ​លោក​នីតិ​ថា

មា ច វេភេន កិច្ចានិ

ការេសិ វា ការាបេសិ

សហសា ការិតំ កម្មំ

មន្ទោ មច្ឆនុតប្បតិ ។

ប្រែ​ថា "ជន​ធ្វើការ​ប្រញាប់​ដោយ​ខ្លួន​ឯង ឬ​ប្រើ​គេ​ចាត់ចែង​ឲ្យ​ធ្វើ​ច្បាស់ អំពើ​ដែល​ដោយ​សហ័ស​ខ្លៅ​ណាស់​គង់​ក្រហាយ​ក្រោយ" ។

ចប់​គតិ​ទី ៤៤ ។