គតិលោក/ភាគទី៨/3

គតិលោក, ភាគទី៨
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​ស្ត្រី​ម្នាក់​មាន​ប្ដី​ជក់​អាភៀន
115877គតិលោក, ភាគទី៨រឿង​ស្ត្រី​ម្នាក់​មាន​ប្ដី​ជក់​អាភៀនឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ស្ត្រី​ម្នាក់​មាន​ប្ដី​ជក់​អាភៀន



មួយ​ទៀត​អ្នក​ខ្លះ​បាន​កន្លែង​កំណាច​ហើយ គិត​ផ្លាស់​កន្លែង​ឲ្យ​ធូរ​ជាង​មុន​វិញ ចួន​ទៅ​ប្រទះ​លើ​កន្លែង​កាឡកណ្ណី​កំណាច​លើស​មុន​ក៏​មាន ដូច​និទាន​នាង​នារី​ម្នាក់ ជា​ធីតា​អ្នក​មាន​ត្រកូល នាង​នោះ​បាន​ប្ដី​អ្នក​ត្រកូល​ស្មើ​គ្នា តែ​ចៅ​ប្ដី​នោះ​ជក់​អាភៀន​ញៀន​ពេញ​កំឡាំង តាំង​តែ​ពី​បាន​គ្នា​មក ចៅ​ប្ដី​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន ដោយ​លួច​ទិញ​អាភៀន​ជក់ ។

នាង​ជា​ភរិយា​បាន​ក្ដី​ទុក្ខ​រំខាន​ខ្លាំង ក៏​គិត​ថា​ស្វាមី​អញ​នេះ បំផ្លាញ​ទ្រព្យ​សម្បត្តិ​វិនាស​អស់​ជា​ម្ដង នឹង​គិត​ឲ្យ​ប្ដី​លែង​ជក់​អាភៀន ក៏​គិត​ពុំ​សម្រេច​ទៅ​បាន បើ​ដូច្នោះ​គួរ​និយាយ​នឹង​គាត់​ឲ្យ​ផឹក​សុរា​វិញ​ចុះ ព្រោះ​សុរា​ថោក​ជាង​អាភៀន បើ​គាត់​ជាប់​សុរា​ហើយ ឃើញ​ជា​ណាយ​អាភៀន​នោះ​មិន​ខាន​ឡើយ ។

នាង​គិត​ដូច្នោះ​ហើយ បាន​ឱកាស​ក៏​និយាយ​លួងលោម​ចៅ​ប្ដី​នោះ​ថា អ្នក​អើយ​សូម​មេត្តា​កូន​ប្រពន្ធ​ម្ដង​ចុះ បើ​អ្នក​កាន់​ល្បែង​អាភៀន​តែ​យ៉ាង​នេះ​ហើយ កូន​ប្រពន្ធ​នឹង​ធន់​រក​ប្រាក់​កាស​ចិញ្ចឹម​គ្នា​ពុំ​បា​ទេ ព្រោះ​អាភៀន​សព្វ​ថ្ងៃ​នេះ​ថ្លៃ​ពេក​ណាស់ មិន​ឈ្នះ​នឹង​រក​ប្រាក់​ទិញ​ឲ្យ​ជក់​ទេ ។

បើ​ដូច្នេះ ចូរ​អ្នក​ផឹក​សុរា​កែ​ខ្លួន​វិញ​ចុះ ព្រោះ​សុរា​ថោក​ជា​ជាង​អាភៀន គ្រាន់​តែ ២-៣ លុយ​ទៅ ក៏​ផឹក​ឆ្អែត​បាន​វាល់​ល្ងាច​ទៅ​ហើយ ។

ឯ​ចៅ​ប្ដី​បាន​ឮ​ប្រពន្ធ​ថា​ដូច្នោះ​ក៏​ព្រម​តាម ទើប​ឲ្យ​ប្រពន្ធ​ទិញ​សុរា​មក​ឲ្យ​ផឹក ដើម្បី​បន្ធូរ​ផ្លូវ​អាភៀន​នោះ ។ ឯ​នាង​ប្រពន្ធ​តែង​ទៅ​លក់​បន្លែ​ឬ​ផ្លែ​ឈើ​នៅ​ផ្សារ និមិត្ត​តែ​អស់​កាល​ណា​ក៏​ទិញ​សុរា​ដាក់​ដប​យក​មក​ផ្ញើ​ចៅ​ប្ដី​រាល់ ៗ ថ្ងៃ​រៀង​ទៅ ។

ឯ​ចៅ​ប្ដី​បាន​ផឹក​សុរា​ជាប់​ហើយ ក៏​តាំង​ទ្វេ​ឡើង​ដល់​ថ្ងៃ ១ កាក់​ទើប​ឆ្អែត នាង​ប្រពន្ធ​ក៏​ចេះ​តែ​ស៊ូ​រក​ឲ្យ​ផឹក​បាន​រាល់​ថ្ងៃ ។


ចៅ​ប្ដី​កើត​ជា​អ្នក​ប្រមឹក ផឹក​តែ​ឯង​មិន​សប្បាយ ទើប​ត្រាច់​ទៅ​គប់​អ្នក​ប្រមឹក​ឯ​ទៀត យក​គ្នា​ជា​ភឿន​ផឹក ដើរ​ផឹក​ស៊ី​តាម​តៀម​ចិន​តាម​រាន​ផ្សារ តែ​ស្រវឹង​កាល​ណា មក​ផ្ទះ​បង្ក​ហេតុ​ឈ្លោះ​ប្រកែក​បញ្ចោរ​ប្រពន្ធ ជួន​កាល​ស្រវឹង​ខឹង​វាយ​ចាន​វាយ​ឆ្នាំង បោក​ប្រាស​តុ​ថាស ដាល់​តប់​កូន​ប្រពន្ធ​ក៏​មាន ជួន​ណា​ជេរ​គេ​ឯង​ដែល​មិន​មែន​ជា​ញាតិ កើត​វិវាទ​ឈ្លោះ​ប្រកែក​បែក​កើត​ជា​ក្ដី​ត្រូវ​ពិន័យ​បង់​ប្រាក់ ដោយ​ចាញ់​ក្ដី​គេ​ក៏​មាន ជួន​ណា​ទៅ​ស្រវឹង​តាម​ធ្លា អួតអាង​ក្អេងក្អាង​ដាក់​ចៅ​នាទី ៗ អត់​មិន​បាន ក៏​វាយដំ​ធាក់​ច្រាន​ចាប់​យក​ខ្លួន​ទៅ​ដាក់​គុក កើត​បង់​ប្រាក់​លោះ​ខ្លួន​ក៏​មាន ។

ក្ដី​អាក្រក់​នៃ​ចៅ​ប្រមឹក​នោះ ឮ​ប្រាកដ​សុះសាយ​ទួទៅ ឯ​នាង​ប្រពន្ធ​ធន់​ពុំ​បាន​នឹង​ក្ដី​រំខាន​ចៅ​ប្ដី​ធ្វើ​ទុក្ខ​ច្រើន​ប្រការ​ណាស់ ទើប​មក​គិត​ថា កាល​ជក់​អាភៀន​នោះ គឺ​បង់​តែ​ប្រាក់​ថ្លៃ​ទិញ​អាភៀន​ចំណែក​មួយ តែ​ជក់​ឆ្អែត​ហើយ​មក​ផ្ទះ​ជួយ​ចាប់​កូន​ចាប់​ចៅ ឬ​ជួយ​ធ្វើការ​ឯ​ទៀត​ៗ​បាន​ខ្លះ ដូច​ជា​គ្រាន់​បើ​ជាង​ផឹក​សុរា ឯ​សុរា​នេះ​ចាប់​ដើម​ពី​ចេះ​ផឹក​មក​ពុំ​បាន​ការ​អ្វី​មួយ​យ៉ាង​សោះ ចេះ​តែ​ជេរ​វាយ​កូន​ប្រពន្ធ បោក​ប្រាស់​ចោល​ចាន​ឆ្នាំង បំផ្លាញ​ទ្រព្យ​សម្បត្តិ​ខូច​ជា​ច្រើន ។

ឱ​អញ​អើយ​គិត​ខុស​ទៅ​អើយ ពី​ដើម​គិត​ថា អាភៀន​ហើយ​ជា​អាវុធ​កំណាច​កាច​ខ្លាំងក្លា គិត​យក​សុរា​មក​បន្ទោ​ឲ្យ​អន់ ឥឡូវ​វា​មិន​គ្រាន់ ត្រឡប់​ជា​អា​អន់​ទ្វេ​ឡើង​ជា​ឯក​ប្លែក​លើស​អាភៀន​នោះ​ទៅ​ទៀត មែន​ពិត រីឯ​អាភៀន​សុរា​នឹង​ល្បែង​ភ្នាល់​គ្នា​ទាំង​ឡាយ​នោះ តែ​កើត​មាន​កំលាំង​ក្លាហាន​ហើយ ក៏​ដូច​គ្នា​ទាំង​អស់ នឹង​ទៅ​និន្ទា ឬ​សរសើរ​ថា​អាភៀន​ជា​របស់​គ្រាន់​បើ​ជាង​សុរា ឬ​ថា​សុរា​គ្រាន់​បើ​ជាង​អាភៀន ឬ​ថា​អំពើ​ល្បែង​បៀប៉ោ គ្រាន់​បើ​ជាង​សុរា ជាង​អាភៀន​វិញ​យ៉ាង​នេះ​ពុំ​បាន ព្រោះ​របស់​ទាំង​បី​នោះ​មាន​កំលាំង​ផ្សាយ​ទៅ​ដូច​គ្នា តែ​មាន​នៅ​លើ​សំបុក​ណា​ហើយ ក៏​អាច​ធ្វើ​សំបុក​នោះ​ឲ្យ​វិនាស បាន​នូវ​ក្ដី​ក្ដៅ​ក្រហាយ​ហោង ។ មួយ​ទៀត ជំនុំ​របស់ ៣ យ៉ាង​នេះ របស់​ឯណា​មួយ​មាន​នៅ​លើ​សំបុក​ណា​ហើយ សំបុក​នោះ​សឹង​ស្រែក​សឹង​ពោល​ថា ធ្ងន់​ណាស់ ពិបាក​ណាស់​លើស​របស់​ឯ​ទៀត​ៗ​ដូច​ជា​គ្រាន់​បើ​ជាង​របស់​នេះ ។

ពាក្យ​ពោល​យ៉ាង​នេះ មាន​ឧបមា​ដូច​បុគ្គល​អ្នក​កើត​រោគ​ធ្ងន់ កាល​ណា​ឈឺ​ខ្លាំង​ក៏​តាំង​ស្រែក​ថ្ងូរ​ថា រោគ​ឈឺ​ក្បាល​នេះ​ឈឺ​លើស​អវយវៈ​ឯទៀត​ៗ បើ​ទៅ​ឈឺ​ដៃ​ឬ​ជើង​ឬ​ក៏​ពោះ​វិញ នោះ​ដូច​ជា​គ្រាន់​បើ​ជាង​ឈឺ​ក្បាល​នោះ ។

ដល់​មាន​រោគ​ចុក​ពោះ​យ៉ាង​ខ្លាំង​ឡើង ក៏​ស្រែក​ថ្ងូរ​ពោល​ថា រោគ​ឈឺ​ពោះ​នេះ​ឈឺ​លើស​ទី​ឯ​ទៀត​ៗ ដល់​ឈឺ​ធ្មេញ​យ៉ាង​ខ្លាំង ឬ​កើត​ដំណួច​ពិស​នៅ​ម្រាម​ដៃ​យ៉ាង​ខ្លាំង ក៏​បំរះ​ននៀល​ស្រែក​ថ្ងូរ​ពោល​ថា ឈឺ​លើស​អវយវៈ​ឯ​ទៀត​ៗ ពាក្យ​អ្នក​ឈឺ​ពោល​យ៉ាង​នេះ​តែ​រោគ​យ៉ាង​មធ្យម​ៗ បើ​ដល់​រោគ​យ៉ាង​ខ្លាំង​សហ័ស​នោះ​ហើយ មិន​ថា​ឈឺ​នៅ​អវយវៈ​ណា​ទេ សឹង​បាន​ក្ដី​ទុក្ខ​វេទនា​ដូច​គ្នា​ទាំង​អស់ ស្រួល​តែ​មិន​ឈឺ​នោះ​ឯង​ទើប​សុខ ទើប​សប្បាយ​បាន មាន​ឧបមេយ្យ​ដូច​សំបុក​ណា ដែល​គេ​មិន​មាន​រោគ​អាភៀន​រោគ​សុរា​រោគ​ល្បែ​បៀប៉ោ​នោះ​ឯង ទើប​សុខ ទើប​សប្បាយ​បាន​ហោង អ្នក​មាន​បញ្ញា​គួរ​ចូល​ចិត្ត​ចុះ ។ ចប់​តម្រា​កន្លែង​កំណាច​ចាស់​គិត​ផ្លាស់​កន្លែង​កំណាច​ថ្មី​ជា​គតិ​ទី ៤៣ ។