គតិលោក/ភាគទី៨/6

115880គតិលោក, ភាគទី៨រឿង​ខ្លាឃ្មុំ​នឹង​ដើម​ពង្រឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ខ្លាឃ្មុំ​នឹង​ដើម​ពង្រ



មាន​ខ្លាឃ្មុំ​ទៅ​ដេក​ក្រោម​ដើម​ពង្រ ១ លុះ​ដេក​លក់​បន្តិច​ទៅ មែក​ពង្រ​បាក់​ធ្លាក់​មក​ត្រូវ​ក្បាល​ខ្លាឃ្មុំ​នោះ ខ្លាឃ្មុំ​ក៏​ភ្ញាក់​ក្រោក​ឡើង​ម្នីម្នា បាន​ក្ដី​ឈឺ​ក្បាល​ពន់ពេក​ណាស់ ក៏​ដើរ​ចេញ​ចាក​ទីនោះ​ហើយ នឹង​ខឹង​នឹង​ដើម​ពង្រ ចង​អាឃាដ​ថា អា​ដើម​ពង្រ​នេះ អញ​កំពុង​ដេក​លក់​សុខ​សប្បាយ វា​ទំលាក់​មែក​មក​លើ​ក្បាល​អញ បាន​ក្ដី​ទុក្ខ​វេទនា​មាន​សភាព​យ៉ាង​នេះ អើ​បើ​អញ​បាន​ឱកាស​កាល​ណា អញ​នឹង​រំលំ​រំលើង​វា​ឲ្យ​អស់​ពូជ​ជា​ម្ដង ខ្លាឃ្មុំ​ចង​គំនុំ​ចង​ពៀរ​នឹង​ដើម​ពង្រ​ដូច្នេះ​ហើយ ក៏​ត្រាច់​តាម​ជើង​ព្រៃ ទៅ​កាន់​ទី​តាម​ក្ដី​ប្រាថ្នា ។ គ្រា​កាល​នោះ​មាន​អ្នក​រទេះ​ម្នាក់​បរ​រទេះ​មក​ត្រង់​ទីនោះ ចួន​ជា​ភ្លៅ​រទេះ​បាក់​ក៏​ឈប់ ហើយ​កាន់​ពូថៅ​ដើរ​ចូល​ព្រៃ ដើម្បី​នឹង​កាប់​ឈើ​ធ្វើ​ភ្លៅ​រទេះ លុះ​ដើរ​ៗ​ទៅ​បាន​ជួប​ខ្លាឃ្មុំ​កណ្ដាល​ព្រៃ ខ្លាឃ្មុំ​ក៏​សួរ​ថា អ្នក​ឯង​ដើរ​រក​អ្វី ចៅ​នោះ​ក៏​ប្រាប់​ថា យើង​ដើរ​រក​កាប់​ឈើ​ធ្វើ​ភ្លៅ​រទេះ ខ្លាឃ្មុំ​បាន​ឮ​ដូច្នេះ បាន​ឱកាស ទើប​ប្រាប់​ទៅ​ថា ឈើ​សម្រាប់​ធ្វើ​ភ្លៅ​រទេះ គ្មាន​ឈើ​អ្វី​ឲ្យ​ជាប់​ស្វិត​ដូច​ដើម​ពង្រ​ទេ ចូរ​អ្នក​ឯង​ទៅ​កាប់​ដើម​ពង្រ​ឯ​នោះ​ចុះ ចំពោះ​ជា​ធ្វើ​ភ្លៅ​រទេះ​ជាប់​ល្អ​ហើយ ថា​ហើយ​ក៏​នាំ​ផ្លូវ​ចៅ​នោះ​ទៅ​កាន់​ដើម​ពង្រ ហើយ​ដើរ​ចេញ​អំពី​នោះ​ទៅ​ហោង ។

ឯ​អ្នក​រទេះ​ក៏​ចូល​ទៅ​កាប់​ដើម​ពង្រ​នោះ តាម​ពាក្យ​ខ្លាឃ្មុំ​ប្រាប់ ឯ​ដើម​ពង្រ​នោះ​ជា​លំនៅ​នៃ​រុក្ខទេវតា ៗ កាល​បើ​ឃើញ​មនុស្ស​កាប់​លំនៅ​ខ្លួន​ដូច្នោះ ក៏​ចេញ​មក​សួរ​ថា អ្នក​ឯង​កាប់​ដើម​ពង្រ​នេះ​តើ​ដើម្បី​ការ​អ្វី ។

ចៅ​នោះ​ប្រាប់​ថា យក​ទៅ​ធ្វើ​ភ្លៅ​រទេះ​ដ្បិត​ខ្លាឃ្មុំ​បាន​ប្រាប់​ថា​ឈើ​នេះ​ជាប់​ល្អ​ណាស់ រុក្ខទេវតា​ដឹង​ថា​ខ្លាឃ្មុំ​ចង​គំនុំ​នឹង​ដើម​ពង្រ ព្រោះ​តែ​មែក​ពុក​បាក់​ធ្លាក់​លើ​ក្បាល​វា​ដូច្នោះ ក៏​ចង​ពៀរ​តប​ខ្លាឃ្មុំ​វិញ ទើប​តប​ទៅ​ថា អើ​អ្នក ឯ​ដើម​ពង្រ​ធ្វើ​ភ្លៅ​រទេះ​នោះ​ជាប់​មែន តែ​ស្រួយ​ឆាប់​បាក់​ទេ​អ្នក បើ​បាន​ខ្លាញ់​ខ្លាឃ្មុំ​មក​លាប​នោះ ទើប​ស្វិត​ជាប់​ល្អ​បរ​ទៅ​សប្បាយ បើ​ដូច្នេះ​ចូរ​អ្នក​ឯង ទៅ​សម្លាប់​ខ្លាឃ្មុំ​យក​ខ្លាញ់​វា​ទុក​លាប​ភ្លៅ​រទេះ​អ្នក​ទៅ​ហោង ។ ឯ​អ្នក​រទេះ​បាន​ឮ​ដូច្នេះ ក៏​ចេញ​ចាក​ទី​ម្នីម្នា​ត្រាច់​ទៅ​តាម​ខ្លាឃ្មុំ​នោះ​លុះ​ទៅ​ទាន់ ហើយ​ក៏​ប្រហារ​ខ្លាឃ្មុំ​នោះ​ដោយ​ពូថៅ​ធំ ខ្លាឃ្មុំ​ក៏​ដល់​នូវ​ក្ដី​ស្លាប់​ក្នុង​កាល​នោះ​ឯង ដូច​ខ្លាឃ្មុំ​ស្អប់​ដើម​ពង្រ ដែល​សំដែង​ទុក​មក​នេះ ប្រាជ្ញ​គប្បី​ដឹង​ហោង ។

ខ្លា​អើយ​ខ្លាឃ្មុំ ចង​ចិត្ត​គំនុំ នឹង​ដើម​ពង្រ ព្រោះ​មែក​ត្រូវ​ក្បាល បណ្ដាល​តាំង​ត អាឃាដ​បង្ក ជា​ពៀរ​នឹង​គ្នា ។ ខឹង​បាញ់​ព្រោះ​ស្អប់ បាញ់​ប្រែ​ត្រឡប់ មក​ត្រូវ​អាត្មា អំពើ​ចង​ពៀរ ពំនៀរ​លោក​ថា មិន​ស្រាយ​កាល​ណា មិន​ត្រា​នឹង​ផុត ។

ចប់​តម្រា​ស្អប់​កុំ​ឲ្យ​ចាញ់ ជា​គតិ​ទី ៤៦ ។