រឿងសត្វគ្រលីងគ្រលោងនឹងស្វា
មានសត្វគ្រលេងគ្រលោងញីឈ្មោលមួយគូ ធ្វើសំបុកភ្ញាស់កូននៅប្រគាបមែកឈើមួយ កាលនោះមានពានរមួយ ត្រូវភ្លៀងអុរជោគជាំ កើតក្ដីរងាខ្លាំងក៏លោតទៅជ្រកក្រោម សំបុកគ្រលេងគ្រលោង ៗ ឃើញស្វាជ្រកដូច្នោះ ក៏និយាយជាពាក្យឱវាទថា នែពានរអើយ រូបអ្នកឯងមានដៃមានជើងដូចមនុស្ស ហេតុអ្វីអ្នកមិនធ្វើផ្ទះធ្វើសំបុកជាទីអាស្រ័យនៅ ។
ឯសត្វស្វាតបទៅថា យើងមានដៃជើងដូចមនុស្សក៏ពិតហើយ តែយើងគ្មានប្រាជ្ញាឈ្លាសក្នុងការធ្វើផ្ទះធ្វើសំបុកដូចមនុស្សទេ ហេតុនោះបានជាយើងឥតផ្ទះឥតសំបុកជ្រកនៅយ៉ាងនេះ គឺយើងធ្វើមិនកើត ។ ឯគ្រលេងគ្រលោងក៏ឆ្លើយឡើងថា សព្វបើការធ្វើសំបុកចាំមានបញ្ញាវិសេសនឹងរចនាអ្វី តែពួកសកុណបក្សីយ៉ាងចាបលលកឬរូបខ្ញុំឯងនេះ ក៏អាចធ្វើតាមភាពជ្រកភ្លៀងទៅបាន ពួកសកុណាជាតិមានតែចំពុះមួយ នឹងមានដៃជើងដូចបងពានរឯងក៏ទេ ម្ដេចគេធ្វើជ្រកអាស្រ័យបាន គួរបងឯងគិតមើលទៅចុះ ក៏វិស័យសត្វទាំងឡាយដែលកើតមកនេះ តោងមានទីមានលំនៅដាក់កូនដាក់ប្រពន្ធ ដើម្បីជ្រកកោនឲ្យផុតអន្តរាយគឺភ្លៀងខ្យល់កំដៅថ្ងៃ ទើបបានក្ដីសុខក្ដីសប្បាយទៅបាន ទោះជាធ្វើផ្ទះល្អពុំបន ក៏គ្រាន់តែយកមែកឈើស្លឹកឈើ បិទបាំងប្រគែងប្រគងទៅតាមភាពល្មម តែជ្រកអាស្រ័យការពារភ្លៀងផ្គរម្ដង ៗ ឯនឹងទៅគិតថាចាំជ្រកកោនដោយសារគេ ឬចាំជ្រកដោយគុម្ពឈើគុម្ពព្រៃនោះជាការលំបាកកូនប្រពន្ធណាស់ បងពានរឯងមានដៃមានជើងល្មមបានហើយ គួរតែធ្វើទៅអេះ នឹងទៅគិតថាចាំមានបញ្ញាសឹមធ្វើនោះ បញ្ញាឯណានឹងមានមកជាថ្មីទៀត កំណើតនៃសត្វតិរច្ឆានទាំងឡាយ សឹងមានចិត្តមានវិញ្ញាណចេះរកអាហារចិញ្ចឹមជីវិតដូចគ្នាទាំងអស់ នឹងបានចាំរកធ្វើស្រែធ្វើចំការដូចមនុស្សនោះក៏ទេ ម្ដេចគេឯទៀត ៗ ដោយហោចទៅ សូម្បីតែសត្វដង្កូវឬកណ្ដូបកណ្ដៀរ ក៏ចេះធ្វើសំបុកនៅបាន ត្រង់បងពានរឯងម្ដេចធ្វើពុំបាន សត្វឯទៀតនោះ តើនឹងមានបញ្ញាលើសបងឯងកាលណា គេក៏ឧស្សាហ៍ធ្វើទៅកើត ខ្ញុំយល់ថាបងឯងមិនធ្វើនោះ ព្រោះក្ដីខ្ជឹលមួយនេះឯង ឯពាក្យបងឯងថាធ្វើមិនកើត ព្រោះគ្មានបញ្ញាដូចមនុស្សនោះ ខ្ញុំឯងមិនយល់ផងទេបងពានរ។ ឯស្វានោះ លុះឮគ្រលេងគ្រលោងថាដូច្នោះ ក៏កើតក្ដីខ្មាសក្ដីទោសោខឹងនឹងពាក្យគ្រលេងគ្រលោង ទើបស្ទុះទៅចាប់បោចរោចសម្បុកគ្រលេងគ្រលោងទម្លាក់ចោល អំពីប្រគាបមែកឈើអស់ជាម្ដង ហើយក៏លោតទៅកាន់ដើមឈើឯទៀតហោង ។
រឿងនេះបានគតិដល់បុគ្គលអ្នកកោងឌឺតពាក្យឱវាទ គឺគេតឿនសតិឲ្យខ្លួនធ្វើលំនៅ ៗ ជាសុខរបស់ខ្លួនឯង ត្រឡប់ជាខឹងនឹងគេវិញ ហើយបំផ្លាញលំនៅគេផង មួយទៀតមានអ្នកខ្លះ នៅជិតគុម្ពស្បូវគុម្ពឫស្សីតែខ្ជឹលមិនជួសជុលផ្ទះ បណ្ដោយឲ្យភ្លៀងលេចជញ្ជាំងធ្លុះរហែករហោកស៊ូជ្រកនៅ ត្រូវភ្លៀងត្រូវថ្ងៃក៏ទ្រាំនៅទៅ ដល់មានគេតឿនឲ្យជួសជុល ក៏ត្រឡប់ខឹងនឹងគេវិញ យ៉ាងនេះក៏មាន មួយទៀតមានអ្នកខ្លះខ្ជឹលធ្វើផ្ទះនៅ ស៊ូទៅនៅដោយសារឆ្នៀងតាកផ្ទះគេ ស៊ូទ្រាំសំដីម្ចាស់ផ្ទះដែលគេមិនគាប់ចិត្តចង់ឲ្យនៅនោះយ៉ាងនេះក៏មាន មួយទៀតមានអ្នកខ្លះនៅជិតខាងគេ មានដីទំនេរ ខ្ជឹលមិនដាំដំណាំទុកអាស្រ័យ តែដល់ពេលខ្លួនត្រូវការ ដូចយ៉ាងស្លឹកគ្រៃឬស្លឹកជីរជាដើម ក៏ទៅសុំគេ ដល់សុំគេរឿយៗណាស់ ម្ចាស់ដំណាំគេទញ់ទាល់ចិត្តមិនចង់ឲ្យ គេក៏ស្ដីថា ម៉េចឯងមិនដាំស៊ីខ្លះ ចេះតែរកគេយ៉ាងនេះ គេបានដាស់តឿនឲ្យខ្លួនដាំដំណាំទុកជាប្រយោជន៍ខ្លួនឯង មិនដាំឡើយត្រឡប់ទៅខឹងនឹងគេ ទៅលួចកាប់គាស់បំផ្លាញដំណាំគេចោលបង់ ដូចយ៉ាងស្វាទៅរោចសម្បុកគ្រលេងគ្រលោងចោលនោះឯង គួរចូលចិត្តហោង ។
ស្វាអើយចៅស្វា ជាសត្វសាវា ខ្ជឹលធ្វើសម្បុក តែភ្លៀងធ្លាក់ត្រូវ ទ្រាំនៅកោនកុក រង់រងក្ដីទុក្ខ គ្រាអស់សម័យ ។ កូនចៅពិបាក រងារង៉ាក រងោកដោយព្រៃ ម្ដេចស្វាមិនស្វះ ធ្វើផ្ទះអាស្រ័យ ហាលភ្លៀងហាលថ្ងៃ មិនខ្មាសបក្សី ។
ចប់តម្រាកោងឱវាទ ជាគតិទី ៤៧ ។