គតិលោក/ភាគទី៨/9

គតិលោក, ភាគទី៨
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​សត្វ​គី​សមុទ្រ​នឹង​កង្កែប​ថ្លុក
115883គតិលោក, ភាគទី៨រឿង​សត្វ​គី​សមុទ្រ​នឹង​កង្កែប​ថ្លុកឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​សត្វ​គី​សមុទ្រ​នឹង​កង្កែប​ថ្លុក



មាន​អ្នក​ស្រុក​នៅ​មាត់​សមុទ្រ​មួយ​នាក់ បាន​ទៅ​ដង​យក​គី​រូប​ដូច​កំពឹស​មក​ធ្វើ​កាពិ លុះ​បាន​មក​ក៏​ដាក់​កញ្ច្រែង ហើយ​យក​ទៅ​កញ្ជ្រោក​លាង​ទឹក​ថ្លុក​មួយ​នៅ​ខាង​ធ្លា ។ គ្រា​នោះ​មាន​គី ១ នៅ​រស់​ផ្ទាត់​លោត​ចេញ​ពី​កញ្ច្រែង​ធ្លាក់​ទៅ​ក្នុង​ទឹក​ថ្លុក​នោះ​ឯង គី​នោះ​ក៏​ហែល​ទឹក​ទៅ​វិញ​ទៅ​មក ក្នុង​ថ្លុក​នោះ​មាន​សត្វ​កង្កែប​១ នៅ​អាស្រ័យ​ជា​លំនៅ​ខ្លួន កង្កែប​នោះ​បាន​ឃើញ​គី​ហែល​ទឹក​ថ្លុក​ខ្លួន​ដូច្នោះ ពុំ​ស្គាល់​ថា​ជា​សត្វ​អ្វី ទើប​លោត​មក​គម្រាម​គី​នោះ​ថា "ប្រស្ដែង​ឯង​នេះ ជាតិ​ពី​ដើម​នៅ​ឯណា យើង​មិន​ដែល​យល់​ឡើយ" ។ គី​នោះ​ឃើញ​កង្កែប​ក៏​ខ្លាច ទើប​បង្អោន​កាយ​និយាយ​ដោយ​ពាក្យ​គួរ​ថា "ខ្ញុំ​បាទ​នេះ​ហៅ​ថា​សត្វ​គី អាស្រ័យ​នៅ​ទី​មហា​សាគរ គឺ​សមុទ្រ ព្រះតេជព្រះគុណ​ត្រូវ​ការ​សួរ​ដោយ​ហេតុ​អ្វី ? ។ កង្កែប​ក៏​សួរ​ទៅ​ថា "អើ​ប្រស្ដែង ទឹក​សមុទ្រ​សាគរ​នោះ ជា​ធំ​ទូលាយ​ទៅ​ប៉ុន​ណា ? ។ គី​ប្រាប់​ថា "ទី​ទឹក​សមុទ្រ​នោះ​ធំ​ក្រៃ​ពេក​ណាស់​មើល​កោះ​មើល​ត្រើយ​មិន​ឃើញ​ទេ​ព្រះតេជព្រះគុណ ខ្ញុំ​បាទ​នឹង​ជំរាប​ថា​ប៉ុណ្ណេះ​ប៉ុណ្ណោះ​នោះ​ពុំ​បាន" ។ កង្កែប​ថា "មិន​មែន​ប្រស្ដែង បើ​ជា​ធំ​ណាស់ ក៏​ប៉ុន​ថ្លុក​អញ​នេះ​ឯង ដែល​នឹង​ធំ​ហួស​ថ្លុក​អញ​នេះ​មាន អើ​ប្រស្ដែង មួយ​ទៀត​ត្រី​ក្នុង​សមុទ្រ​នោះ តើ​ប៉ុន​ណា​ទៅ​ហះ ។ គី​ប្រាប់​ថា "ត្រី​ក្នុង​សមុទ្រ​នោះ​ធំ ៗ ណាស់ ព្រះតេជព្រះគុណ ត្រី​ខ្លះ​មាន​ខ្លួន​វែង ១០ ព្យាម​ក៏​មាន ១០ ហត្ថ​ក៏​មាន ធំ​ប៉ុន​ភ្នំ​ប៉ុន​កោះ​ក៏​មាន ខ្ញុំ​បាទ​ពណ៌នា​ជំរាប​មិន​អស់​ឡើយ" ។ កង្កែប​ឮ​ដូច្នោះ​ក៏​ថា "អា​កុហក​អើយ អា​កុហក អញ​មិន​ជឿ​ទេ បើ​ដូច្នោះ ខ្លួន​អា​ឯង​នៅ​សមុទ្រ​ដែរ ម៉េច​ក៏​មិន​ធំ​ដូច​ពាក្យ​អា​ឯង​ថា​នោះ​ទៅ" ។ គី​ឮ​កង្កែប​ថា​ដូច្នោះ មិន​ហ៊ាន​ប្រកែក​តបត​ដោយ​ក្ដី​ខ្លាច ក៏​ស៊ូ​ឈប់​ស្ងៀម​នៅ ខំ​ហែល​ជ្រក​តាម​កៀន​ថ្លុក លាក់​ខ្លួន​ខ្លាច​កង្កែប​នោះ​ហោង ។ រឿង​នេះ បាន​សេចក្ដី​ដល់​បុគ្គល​ល្ងង់​ខ្លៅ ដែល​បាន​ចេះ​ដឹង​វិជ្ជា​តិចតួច ឬ​មាន​ទ្រព្យ​សម្បត្តិ​តិចតួច​សំគាល់​ខ្លួន​ថា គ្មាន​វិជ្ជា​ឯណា​ឲ្យ​លើស​នេះ​ទៅ​ទៀត​ដែល​ខ្លួន​មិន​ចេះ​នោះ ឬ​សំគាល់​ថា​ទ្រព្យសម្បត្តិ​នេះ​គ្មាន​នរណា​មាន​ស្មើ​អាត្មា លើស​អាត្មា​តទៅ​ទៀត ទោះ​មាន​គេ​មក​សរសើរ​មហា​ប្រទេស​ថា មាន​អ្នក​មាន​សម្បត្តិ​បរិបូណ៌​វិសេស ទាំង​វិជ្ជា​ចំណេះ​ក៏​មាន​គេ​ចេះ ច្រើន​ណាស់ ឮ​យ៉ាង​នេះ​ក៏​នៅ​តែ​មិន​ជឿ​គេ នៅ​តែ​អួត​ទ្រព្យសម្បត្តិ​ខ្លួន អួត​ចំណេះ​វិជ្ជា​ខ្លួន​នោះ​ឯង ។ បទ​កង្កែប​អួត​ទឹក​ថ្លុក​នោះ សម​ដោយ​បទ​ព្រះ​បាលី ក្នុង​លោកនីតិ​ថា អប្បសុតោ សុតំ អប្បំ ពហុមញ្ញេតិ មានវា សិន្ទុទកំ អប្បសន្តោ កុបេ តោយំវ មណ្ឌូកោ ។ ប្រែ​ថា "ខ្លៅ​ប្រៀន​រៀន​ត្រាប់​ស្ដាប់​តិចតួច សំគាល់​ថា​ខ្លួន​ស្រួច​មិន​ទាន់ មិន​ដឹង​ពុទ្ធពចន៍​នៅ​សែន​សល់ ដូច​កល​កង្កែប​បែប​កំឡៅ ។ នៅ​ក្នុង​អណ្ដូង​រណ្ដៅ​ទាល់ មិន​ដែល​ទៅ​ស្គាល់​សមុទ្រ​ជ្រៅ សំគាល់​អណ្ដូង​ដែល​ខ្លួន​នៅ ថា​ជ្រៅ​ថា​ធំ​លើស​នានា" ។

ចប់​តម្រា​អ្នក​ខ្លៅ​ដៅ​ខ្លួន​ថា​ចេះ​អស់ ជា​គតិ​ទី ៤៩ ។