រឿងចៅវ៉ែនរកទិញវ៉ែនតាមើលអក្សរដាច់
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស
មានបុរសម្នាក់ ឈ្មោះចៅវ៉ែន ចៅនោះជាមនុស្សល្ងង់ឆោតខ្លៅ ឃើញអ្វីៗ ក្ដី ឬធ្វើការអ្វីៗ ពុំមានសាកសួរគេឲ្យដឹងហេតុដឹងបច្ច័យនោះឡើយ សឹងប្រមាណយកតែតាមគំនិតខ្លួនឯង ថ្ងៃ មួយចៅវ៉ែនដើរទៅលេង បានឃើញតាចាស់ឈ្មោះតាឃ្លាំង គាត់ពាក់វ៉ែនតាមើលសាស្ត្រា ដោយភាវៈគាត់ជាមនុស្សចាស់ ចៅវ៉ែនឃើញហើយនឹកសំគាល់ក្នុងចិត្តឯងថា ដែលគេមើលសាស្ត្រាមើលសំបុត្រនោះ គឺគេមើលដឹងនឹងវ៉ែនតាទេតើ អើបើដូច្នោះក្រអ្វីសព្វបើវ៉ែនតា មានគេលក់នៅផ្សារជាអខោ អញនឹងទៅទិញយកមកពាក់មើលសាស្ត្រា មើលសំបុត្រដូចតាឃ្លាំងនេះក៏បាន គិតហើយចៅវ៉ែនយកប្រាក់ ១ រៀល ដាក់ក្នុងហោប៉ៅដើរទៅកាន់ហាង ដល់ហើយក៏ចូលទៅសួរថា "ផ្ទះអ្នកដង្ខៅនេះមានវ៉ែនតាលក់ទេ" ។
នាយហាងឆ្លើយប្រាប់ថា "មានចៅចង់ទិញបែបណាចូរថាមក" ។ ចៅវ៉ែនថា "ខ្ញុំបាទត្រូវការតែវ៉ែនតាយ៉ាងល្អៗថ្លៃស្មើ ១ រៀល សូមអ្នកដង្ខៅយកមកពាក់មើល" ។ នាយហាងក៏យកវ៉ែនតា ១ ខ្នាតអាយុមនុស្សសាមសិបប្លាយ ហុចទៅឲ្យចៅវ៉ែន ហើយថា "ចៅឯងពាក់លមើលទៅ" ។ ចៅវ៉ែនក៏ទទួលយកវ៉ែនតាមកពាក់ហើយថា "ផ្ទះអ្នកដង្ខៅ មានកាកសំបុត្រខ្លះទេ ខ្ញុំនឹងពាក់មើលអក្សរនោះល្បងមើល" ។ នាយហាងឆ្លើយថាមាន ថាហើយទៅយកកាកសំបុត្រ ១ ផ្ទាំងហុចឲ្យទៅចៅវ៉ែនៗទទួលមកបើកមើល ៗឃើញតែតួអក្សរមិនដឹងជាអក្សរថាជាអ្វីៗឡើយ ចៅវ៉ែនមើលសំបុត្រមិនដាច់មិនដឹងថាដូច្នោះ ក៏ដោះវ៉ែនតាឲ្យទៅនាយហាងវិញ ហើយថាវ៉ែនតានេះ មិនស៊ីភ្នែកខ្ញុំបាទទេ នាយហាងក៏រើសយកវ៉ែនតាថ្មី ១ ហុចទៅឲ្យលម្ដងទៀត ចៅវ៉ែនពាក់មើលក៏ដូចមុន ទើបដោះឲ្យទៅនាយហាងវិញ នាយហាងផ្លាស់វ៉ែនតាឲ្យចៅវ៉ែនពាក់លមើលសំបុត្រនោះមិនតែ ១ ដង ២ ដងឡើយ រើផ្លាស់អស់វ៉ែនតា ១ ឡូ ក៏មិនត្រូវភ្នែកចៅវ៉ែនសោះ នាយហាងផ្លាស់មិនឈ្នះក៏ខឹង នឹកថាវ៉ែនតាច្រើនដល់ម្ល៉េះក៏នៅតែមិនត្រូវ ទើបយកវ៉ែនតា ១ យ៉ាងល្អឲ្យចៅវ៉ែនពាក់មើលទៀត ហើយទៅលបមើលពីក្រោយខ្នងចៅវ៉ែនកំពុងមើលសំបុត្រ ចៅវ៉ែនមិនចេះអក្សរ កាន់សំបុត្រមើលច្រាសជើងអក្សរលើជាក្រោម នាយហាងឃើញខុសដូច្នោះ ក៏នឹកថា អានេះមិនចេះអក្សរទេដឹង បានជាមើលច្រាសជើងអក្សរយ៉ាងនេះ គិតហើយក៏សួរថា "ចៅឯងមិនចេះអក្សរទេដឹង បានជាមើលសំបុត្រផ្ដាសច្រាសលើជាក្រោមយ៉ាងនេះ" ។ ចៅវ៉ែនតបថា "បើខ្ញុំចេះអក្សរ ហើយ ចាំបាច់មកទិញវ៉ែនតានេះ ឲ្យបង់ប្រាក់ទទេធ្វើអ្វី" ។
នាយហាងឮដូច្នោះ ក៏ដឹងថាចៅវ៉ែនមិនចេះអក្សរ មកទិញវ៉ែនតាពាក់មើលអក្សរឲ្យដាច់ ទើបនាយហាងសើចផងខឹងផង និយាយទៅថា "អើចៅអើយ មនុស្សក្នុងលោកនេះ រកក្រមានដូចចៅឯងណាស់ ចៅឮនរណាថាមនុស្សមិនរៀនអក្សរហើយមកទិញវ៉ែនតា ពាក់មើលអក្សរដាច់បាន វ៉ែនតាមនុស្ស ដែលពាក់មើលអក្សរដាច់នោះមិនដែលមានទេ ក្រែងតែវ៉ែនតាខ្មោចនោះ ទើបពាក់មើលអក្សរដាច់បាន បើដូច្នោះ ចៅទៅរកទិញវ៉ែនតាខ្មោចចុះ វ៉ែនតាមនុស្សគ្មានទេ ចៅឯងពេញជាឆ្កួតពិតប្រាកដ ធ្វើឲ្យយើងនឿយហត់នឹងការរើផ្លាស់វ៉ែនតាយកចេញយកចូលឲ្យពាក់មើលព្រើលយ៉ាងនេះ ចូរចៅទៅផ្ទះចៅឲ្យឆាប់ កុំនៅចាំតទិញវ៉ែនតាឯណាទៀតឡើយ" ។
ចៅវ៉ែនបានឮនាយហាងត្មះតិះដៀលដូច្នោះ កើតខ្មាសពួកអ្នកផ្សារ ទើបចុះចរយាត្រាទៅផ្ទះខ្លួនវិញហោង ។
រឿងនេះ បានគតិដូចបុគ្គលអ្នកឃើញអ្វីឮហើយ ស្មានយកដោយគំនិតខ្លួនឯង ដូចអ្នកខ្លះឃើញសម្លសៀមឬបានស៊ីសម្លសៀម ដែលស្លដោយម្ទេសឆ្អើរ នឹកស្មានប្រមាណថា គេស្លដោយខ្លាញ់បង្កង បានជាក្រហមយ៉ាងនេះ មានអ្នកខ្លះ ឮគេថាធ្វើប្រេងដូងដោយដូងទុំ ក៏ស្មានថាគេកាប់ដូងយកសាច់មកលំអិតដាក់ឆ្នាំងរំងាស់ ឬលីងនឹងអំបែងឲ្យចេញប្រេងយ៉ាងនេះក៏មាន អ្នកខ្លះបានស៊ីចំណីក្នុងក្រុងតែមិនដឹងជាគេធ្វើដូចម្ដេច ទៅស្មានយកដោយយោបល់ខ្លួនឯង ហើយបានក្ដីទោមនស្សក្រោយវិញក៏មាន ដូចមាននិទាននិយាយថា កាលនោះមានអ្នកស្រែម្នាក់សំឡាញ់ម្នាក់នៅក្នុងក្រុង អ្នកស្រែនោះមានការបាន