រឿងខ្មោចចូលដប
មានខ្មោចប្រុសមួយ អាស្រ័យនៅក្នុងទីមួយ បានឃើញប្រពន្ធអ្នកចំការម្នាក់ កើតកួចចិត្តប្រតិព័ទ្ធ ស្រឡាញ់នាងនោះ លុះពេលណាប្ដីនាងមិននៅ អាខ្មោចនោះវាប្លែងកាយនិមិ្មតជារូបប្ដីនាង នៅដេកនឹងនាងនោះ ៗ ក៏សំគាល់ថាជាប្ដីអាត្មា មិនដឹងជាខ្មោចវាប្លែងឡើយ ព្រោះដូចគ្នាណាស់ ។
ឯខ្មោចនោះតែបានឱកាស គឺអ្នកចំការមិននៅហើយ វាតែងថ្លែងកាយជារូបប្ដី មកដេកនៅនឹងនាង នោះជារឿយៗរាល់ៗកាលហោង លុះនៅយូរបន្តិចមកចៅប្ដីនោះទៅព្រៃ ឧអាខោ្មចវាប្លែងទៅដេកនឹងនាងនៅក្នុងផ្ទះ ដល់ពេលចៅប្ដីមកផ្ទះក៏គ្មានឃើញរូបអាខ្មោចដូចរូបខ្លួនដេកនៅនឹងប្រពន្ធខ្លួនដូច្នោះ ក៏ខឹងមហិមា ស្ទុះទៅចាប់អាខ្មោចៗ ក៏ឈ្លោះតបថា "យើងជាប្ដីនាងនេះ ផ្ទះរបស់យើង ហេតុអ្វីចៅមកចាប់យើងជាម្ចាស់ផ្ទះវិញ ចៅឯងមកពីទីស្ថានណាមិនដឹងយើងជាប្ដីនាងនេះទេឬ" ។ ឯចៅប្ដីក៏ឈ្លោះតបថាផ្ទះនេះជាផ្ទះរបស់យើង "នាងនេះសោត ក៏ជាប្រពន្ធយើង ហេតុអ្វីចៅមកថារបស់ខ្លួនដូច្នេះ" ។
ខ្មោចនឹងមនុស្ស ក៏ឈ្លោះគ្នាដណ្ដើមប្រពន្ធទៅវិញទៅមកជាកោសាហលឡើង ឯនាងប្រពន្ធ ក៏មិនដឹងរូបប្រុសណាជាប្ដីខ្លួន ព្រោះរូបរាងដូចគ្នាសុទ្ធគ្នាណាស់ នឹងអារកាត់ថារូបណាជាប្ដីខ្លួនពុំបាន ព្រោះខ្មោចនឹងមនុស្សកើតជាអធិករណ៍នឹងគ្នា ទើបនាំគ្នាទៅកាន់សាលាវិនិច្ឆ័យ ១ ដល់ហើយក៏នាំគ្នាចូលប្ដឹងតាមរឿងនោះ ។ ឯចៅក្រមខាងជាន់ក្រោម ពុំអាចនឹងកាត់ក្ដីនោះបាន ព្រោះសាក្សីគឺស្រីកណ្ដាលនោះ ឲ្យការមិនឆ្លុះទៅបាន ទើបនាំរឿងក្ដីនោះឡើងប្ដឹងដល់លោកអ្នកធំជាន់ខ្ពស់ គឺលោកអ្នកប្រាជ្ញ ៗ ក៏ឲ្យហៅចៅទាំងពីរចូលទៅជិត ហើយលោកពិនិត្យមើលរូប មើលមុខបានប្រាកដ ព្រោះភ្នែកខ្មោច ភ្នែកយក្សខុសគ្នានឹងភ្នែកមនុស្សយើងនេះ គឺភ្នែកយក្សឥតស្រមោលកូនក្រមុំ ហើយច្រើនក្រហមច្រើនរឹង ហេតុនោះទើបអ្នកប្រាជ្ញលោកស្គាល់បាន តែលោកនឹងកាត់ថា អានេះជាខ្មោចប្លែងរូបជាមនុស្សដូច្នេះទៅ ក៏ពុំប្រាកដដល់ភ្នែកអ្នកឯទៀត ៗ ឡើយ ទើបលោកយកដបស្រា ៗ មកតាំងនៅលើតុ ហើយវិនិច្ឆ័យឡើងថា "ហៃចៅទាំងពីរដែលវិវាទគ្នា អើគ្រានេះនឹងវិនិច្ឆ័យដោយយុត្តិធម៌ឲ្យ គឺយើងតាំងពីសោធនឹងដបនេះ ថាបើរូបណាក្លាហានអាចចូលក្នុងដបនេះបាន រូបនោះហើយ ជាប្ដីនាងនេះមែន យើងនឹងប្រគល់នាងនេះឲ្យ ជាប្រពន្ធពិត ថាបើរូបណាចូលដបនេះពុំបានទេ អើយើងទុករូបនោះថាជាពុំមែនប្ដីនាង ពុំមែនជាម្ចាស់របស់ឡើយ" ។
ឯចៅមនុស្សនោះ បានឮលោកអ្នកប្រាជ្ញដាក់ទុកដូច្នោះ ក៏តក់ស្លុតភិតភ័យ ដោយគិតថាខ្លួនជាមនុស្សនឹងចូលដបស្រាតូចមួយនេះ ឯណាបានក្ដីចាញ់នោះ ចំពោះនឹងបានដល់ខ្លួនប្រាកដហើយ ម្ល៉ោះហើយក៏ឈរសំពះព្រះនៅហោង ។
ឯអាខ្មោច លុះឮអ្នកប្រាជ្ញតាំងឲ្យចូលដបស្រាដូច្នោះ ក៏ត្រេកអរក្នុងចិត្ត ដោយគិតថាខ្លួនជាខ្មោចឥតឆ្អឹងឥតសាច់សំរេច ដោយឫទ្ធិនិម្មិតជាខ្យល់បាន ទើបទទួលចូលដប កាលនឹងចូលនោះ ចៅខ្មោចឡើងទៅលើតុ ហើយបង្អោនក្បាលសម្របរូបតូចចូលទៅក្នុងដបនោះបានហោង ។
ឯអ្នកប្រាជ្ញ កាលបើយល់ខ្មោចចូលក្នុងដបដូច្នោះ ក៏ឆ្នុកចុកមាត់ដបនោះជាប់ ហើយលើកឡើងប្រកាសប្រាប់អស់មហាជនទាំងឡាយថា អ្នកទាំងឡាយចូរដឹងថាអានេះជាខ្មោច វាប្លែងខ្លួនជាមនុស្សមកធ្វើអំពើបរទារកម្មយ៉ាងនេះ យើងពិសោធនេះ ដើម្បីឲ្យដឹងថាអាណាជាប្ដីនាងនេះមែន ។ ក៏ធម្មតាមនុស្សយើងតើឯណានឹងចូលដបស្រានេះបាន មានតែខ្មោចទើបវាចូលបាន ឥឡូវនេះយើងរកក្ដីពិតឃើញហើយ នាងនេះត្រូវប្រគល់ឲ្យទៅចៅដើមចោទនោះចុះ ឯអាខ្មោចនេះទុកវានៅស្រុកនេះពុំបានទេ ព្រោះវាធ្វើអំពើលាមកមានសភាពយ៉ាងនេះ ថាហើយក៏ប្រើអ្នកបំរើឲ្យនាំយកដបខ្មោច នោះទៅបោះចោលឰដ៏ទីអន្លង់ទឹកជ្រៅ ។ អ្នកបំរើក៏នាំយកដបខ្មោចនោះទៅបោះចោលក្នុងទឹកហូរតាមពាក្យអ្នកប្រាជ្ញនោះហោង ។
ឯអាខ្មោចក៏វិនាសខ្លួនអស់ក្បួនតែត្រឹមនេះ ។
រឿងនេះបានគតិដល់បុគ្គលអ្នកកាន់ទុវិជ្ជាការ គឺចេះធ្មប់ចេះថ្នាំបំពុលគេ ឬចេះក្បួនអ្នកលេង ដើរលបចាក់កាប់ក្បាលគេជាដើម ហើយមានលោកអ្នកធំ លោកត្រូវការចង់រកប្ដីកំណាចមោះ ខ្លួនមិនដឹងក្ដីអន្តរាយក្រោយ ក៏ទៅសំដែងទុវិជ្ជានោះប្រាប់លោកអ្នកធំដើម្បីយករង្វាន់ ការនោះជាផ្លូវឲ្យលោកអ្នកធំចាប់ខ្លួនធ្វើខ្លួនឲ្យវិនាស ដោយអាជ្ញាវិញបាន ដូចអាខ្មោចក្នុងដបនោះឯង ប្រាជ្ញគួរគិតទៅទៀតចុះ ។ ខ្មោចអើយខ្មោចខ្មាំង ទទួលប្រណាំង តាំងភ្នាល់ចូលដប ទើបស្ទុះឱនសីរ ដៃពីរសម្រប សម្រាលខ្លួនខ្លប ចូលដបបានងាយ ។ ចង់ឈ្នះយកស្រី មិនដឹងកលក្ដី វិនាសរូបកាយ ត្រូវចុកឆ្នុកជិត អស់ឫទ្ធីនឹងប្រាយ ដូចកូនទន្សាយ កាយហោងក្នុងដប ។ ចប់តំរាខ្មោចក្នុងដបជាគតិទី ៦៤ ។ ចប់ភាគទី ៥ តែប៉ុណ្ណោះ ។