រឿងចៅសញ្ជីវមាណពប្រោះខ្លា
មានចៅមាណពម្នាក់ឈ្មោះ សញ្ជីវមាណពបានទៅរៀនសិល្បវិទ្យាគម ក្នុងសំណាក់អាចារ្យទិសាបាមោក្ខព្រាហ្មណ៍ រៀនបានចេះវិជ្ជាផ្សេង ៗ ។
ថ្ងៃមួយ ចៅមាណពនាំបណ្ដាភឿនសិស្សដូចគ្នា ៤-៥ នាក់លាអាចារ្យទៅលេងព្រៃ លុះទៅដល់ព្រៃស្រោង ១ ឃើញសាកសពខ្លាទើបនឹងស្លាប់ថ្មី ៗ ចៅមាណពចង់ល្បងសិល្បសាស្ត្រខ្លួន ទើបនិយាយប្រាប់ភឿនថា យើងនិងសេកមន្តប្រោះខ្លានេះឲ្យរស់វិញបាន អ្នកទាំងឡាយចាំមើលចំណេះយើងចុះ ។ ឯពួកភឿនទាំងឡាយឮដូច្នោះ ក៏ឃាត់រាល់គ្នាថា ខ្លានេះជាសត្វស៊ីសាច់ មិនត្រូវប្រោះឲ្យរស់ឡើងទេ តែរស់ឡើងហើយវាមិនដឹងគុណនរណាទេ វានឹងខាំអ្នកនោះវិញ ហេតុដូច្នោះក៏ទៅប្រោះវាឡើយ បើអ្នកឯងមិនស្ដាប់ពាក្យយើងឃាត់នេះ យើងនឹងនាំគ្នារត់ឡើងដើមឈើ ចោលអ្នកឯងក្នុងកាលឥឡូវនេះឯងហើយ ។
ឯចៅមាណពក៏ថា បើអ្នកឯងខ្លាចខ្លាហើយចង់រត់ចោលយើងក៏តាមចិត្តចុះ យើងមិនស្ដាប់ពាក្យអ្នកឯងឃាត់នោះទេ យើងនឹងប្រោះខ្លានេះឥឡូវនេះឯងថាហើយក៏តាំងរាយមន្ត សូត្រប្រោះសពខ្លានោះឯងឯពួកភឿនទាំងឡាយ កាលបើឃាត់ចៅមាណពនោះមិនស្ដាប់ហើយ ក៏នាំ គ្នាឡើងដើមឈើទាំងអស់គ្នាហោង ។
ឯខ្លានោះ លុះត្រូវវេទមន្តចៅសញ្ជីវមាណពហើយ ក៏មានជីវិតរស់ឡើង ហើយឃើញមាណពនោះនៅជិតខ្លួន ក៏ស្ទុះទៅទះកាប់កឱនត្របាក់ស៊ីមួយរំពេច ចៅសញ្ជីវមាណព ក៏ដល់នូវកាលកិរិយាក្ស័យនឹងដៃខ្លានោះហោង ។
ឯបណ្ដាភឿនទាំងឡាយ កាលបើឃើញខ្លាវាខាំចៅសញ្ជីវមាណពហើយក៏ភិតភ័យ ទើបនាំគ្នាចុះចាកព្រឹក្សា រត់ទៅស្រុក ទៅប្រាប់អាចារ្យទិសាបាមោក្ខតាមរឿងខ្លាវាខាំចៅសញ្ជីវមាណពនោះហោង ។
រឿងនេះ បានគតិដល់បុគ្គលអ្នកមិនស្គាល់អំពើពាល ទៅធ្វើគុណនឹងពាល ពាលនោះមិនដឹងគុណនរណាទេ តែវាបានឱកាសកាលណាហើយ វាក៏យាយីវិញក្នុងកាលនោះ ប្រាជ្ញគួរគិតទៅចុះ ធម្មតាសត្វស៊ីសាច់ ដូចយ៉ាងខ្លាយ៉ាងក្រពើនោះ ជាតិមនុស្សយើងមិនត្រូវធ្វើគុណនឹងវាឡើយ មួយទៀតអ្នកមានវិជ្ជាមិនត្រូវទៅសំដែងវិជ្ជានោះ ក្នុងកាលមិនគួរសំដែងដូចយ៉ាងចៅសញ្ជីវមាណពទៅប្រោះខ្លានោះឯង ខ្លាវាខាំវិញហោង
រឿងនេះ មានសេចក្ដីពិស្ដារក្នុងគម្ពីរមង្គលត្ថទីបឯណោះ អញ្ជើញទៅមើលចុះ ។
មាអើយមាណព ចេះសិស្សសាស្ត្រជប់ ជីវិតខ្លាបាន ធម្មតាខ្លាខ្លៅ ចិត្តខ្មៅសាមាន្យ មិនដឹងគេមាន គុណលើអាត្មា ។ ជាសប្បុងរស ទៅជប់ទៅប្រោះ ឲ្យរស់រូបា ត្រឡប់ក្រញាំ ខាំក្បាលវិញណា នេះព្រោះអាត្មា មិនស្គាល់ពិសពាល ។
ចប់តំរាសំដែងវិជ្ជាជួយអសប្បុរស ជាគតិទី ៦២ ។