គតិលោក/ភាគទី៩/4

113475គតិលោក, ភាគទី៩ចំណងជើងរឿងឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​អទិន្ន​បុព្វក​ព្រាហ្មណ៍




មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​អទិន្នបុព្វក​ព្រាហ្មណ៍​នៅ​ក្នុង​នគរ​សាវត្ថី បាន​ជា​ឈ្មោះ​ថា អទិន្នបុព្វក​នោះ ដោយ​អត្ថ​ថា​ព្រាហ្មណ៍​នោះ​ជា​មនុស្ស​កំណាញ់​កាញ់​សម្បត្តិ​ទុក្ខ មិន​ដែល​បរិច្ចាគ​ទ្រព្យ ចេញ​ធ្វើ​បុណ្យ​ឲ្យ​ទាន​ដល់​សមណ​ព្រាហ្មណ៍ នឹង​ស្មូម​យាចក​ទាំងឡាយ​ឡើយ ព្រាហ្មណ៍​នោះ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​មដ្ឋកុណ្ឌលី បាន​ជា​ឈ្មោះ​ថា​មដ្ឋកុណ្ឌលី​នោះ ព្រោះ​កូន​នោះ​ចំរើន​ធំ​ហើយ អទិន្នបុព្វក​ព្រាហ្មណ៍​ជា​បិតា ប្រារព្វ​នឹង​ធ្វើ​កុណ្ឌល ជា​គ្រឿង​បំពាក់​ឲ្យ​គិត​ថា​នឹង​ទៅ​ជួល​ជាង​ទង​ធ្វើ គ្រែង​បង់​ថ្លៃ​ឈ្នួល ទើប​ព្រាហ្មណ៍​យក​មាស​មក​សំ​ដោយ​ខ្លួន​ឯង ធ្វើ​ជា​កុណ្ឌល​មាន​ភាព​រលីង​ឥត​ក្បាច់ ហើយ​បំពាក់​កូន​នោះ ហេតុ​ដូច្នោះ ទើប​កូន​នោះ​បាន​នាម​ថា មដ្ឋកណ្ឌលី​កុមារ (ថា​ចៅ​កុណ្ឌល​រលីង) លុះ​ចណេរ​តមក ចៅ​មដ្ឋកុណ្ឌលី​នោះ​មាន​ជម្ងឺ​ឈឺ គឺ​រោគ​ស្គម​លឿង ទើប​នាង​ព្រាហ្មណ៍​និយាយ​នឹង​ប្ដី​ថា "អ្នក​អើយ ! កូន​យើង​កើត​រោគ​ស្គម​លឿង​ឈឺ​រីង​រៃ​យ៉ាង​នេះ គួរ​អ្នក​ទៅ​រក​គ្រូ​ពេទ្យ​មក​មើល​មក​រក្សា នឹង​បណ្ដោយ​ឲ្យ​ជា​ឯង​នោះ​ឃើញ​ថា​មិន​ជា​ទេ​អ្នក ។ ឯ​ចៅ​ព្រាហ្មណ៍​ជា​អ្នក​ខ្លាច​បង់​ខាត​សម្បត្តិ គិត​ថា​បើ​អញ​ទៅ​រក​គ្រូ​ឲ្យ​មក​រក្សា​កូន​នេះ​ហើយ ​នឹង​បង់​ទ្រព្យ​ដោយ​គំនាប់​គេ​ផង​ដោយ​អាហារ​ចំណី​លៀង​គេ​នោះ​ផង ទ្រព្យ​អញ​​នឹង​ខាត​ទៅ ព្រាហ្មណ៍​គិត​ដូច្នោះ​ហើយ ក៏​ធ្វើ​ព្រងើយ​ក​ន្តើយ មិន​អើ​ពើ ក្នុង​ការ​រក​គ្រូ​មក​រក្សា​កូន​ឡើយ លុះ​អាការ​រោគ​កូន​នោះ ប្រែ​ខ្លាំង​ឡើង ព្រាហ្មណ៍​ទាល់​គំនិត​ទើប​ដើរ​ត្រាច់​ទៅ​តាម​ផ្ទះ​គ្រូ​ពេទ្យ ហើយ​ក៏​ចូល​សួរ​គ្រូ​ពេទ្យ​ថា "អើ​អ្នក​គ្រូ​ថ្នាំ តើ​គេ​កើត​រោគ​លឿង អាការ​រោគ​នោះ​ស៊ី​ពុំ​បាន ដេក​ពុំ​បាន នៅ​ទី​ឯ​ណោះ​ដូច្នេះ តើ​គេ​ប្រើ​ថ្នាំ​យ៉ាង​ណា​គេ​រក្សា​ដូច​ម្ដេច" ។

ឯ​គ្រូ​ថ្នាំ​បាន​ឮ​អទិន្នបុព្វកៈ​សួរ​ដូច្នេះ ក៏​ប្រាប់​ផ្ដាស​ទៅ​ថា យក​ឫស​ឈើ​នោះ យក​ស្លឹក​នោះ ៗ មក​ស្ងោរ​ឲ្យ​ផឹក​ទៅ​ចុះ ពាក្យ​គ្រូ​ប្រាប់​ថ្នាំ​នោះ​គេ​យល់​ថា ព្រាហ្មណ៍​កំណាញ់​ទ្រព្យ មិន​ហ៊ាន​អញ្ជើញ​គេ​ទៅ​ឲ្យ​មើល​កូន ក្រែង​បង់​ថ្លៃ​ថ្នាំ​ថ្លៃ​អាហារ​នឹង​លៀង​គេ ទើប​គេ​ប្រាប់​ផ្ដេស​ផ្ដាស​ទៅ ។ ឯ​អទិន្នបុព្វក​ព្រាហ្មណ៍​ឮ​គេ​ប្រាប់​ដូច្នោះ ក៏​មក​រក​ជីក​ឫស​ឈើ បេះ​ស្លឹក​ឈើ​ទៅ​ធ្វើ​ថ្នាំ​តាម​គេ​បង្គាប់​នោះ ឯ​រោគ​កូន​នោះ​ពុំ​អាច​នឹង​រងាប់​ដោយ​ថ្នាំ​ផ្ដេស​ផ្ដាស​នោះ​ឡើយ រឹង​រឹត​តែ​ឈឺ​ធ្ងន់​ឡើង ចៅ​ព្រាហ្មណ៍​យល់​អាការ​រោគ​កូន​កាន់​តែ​ធ្ងន់​ដល់​នូវ​ក្ដី​ទុព្វលភាព​ខ្លាំង ដឹង​ថា​រោគ​នោះ​មើល​មិន​ជា​ហើយ ទើប​គិត​ថា កូន​អញ​ឈឺ​ធ្ងន់​ហើយ នឹង​ទុក​ឲ្យ​នៅ​ក្នុង​ផ្ទះ​នេះ​យល់​ជា​ពុំ​បាន ក្រែង​ពួក​ញាតិ​មិត្រ​ទាំង​ឡាយ គេ​ចូល​មក​សួរ​ជម្ងឺ គេ​នឹង​ឃើញ​ទ្រព្យ​សម្បត្តិ​អញ​ហើយ គេ​នឹង​មក​កួន​ខ្ចី ឬ​សុំ​អញ​ត​ទៅ​មុខ​ទៀត បើ​ដូច្នេះ មាន​តែ​លើក​វា​ទៅ​ដាក់​ឲ្យ​ដេក​ឰដ៏​ល្វែង​តាក​ខាង​ក្រៅ​ទើប​ផុត​ក្ដី​រំខាន គិត​ហើយ អទិន្នបុព្វក​ព្រាហ្មណ៍​នឹង​ប្រពន្ធ នាំ​គ្នា​សែង​គ្រែ​កូន​ចេញ​មក​ដាក់​ឲ្យ​ដេក​នៅ​ល្វែង​តាក​ផ្ទះ ឯ​ចៅ​មដ្ឋកុណ្ឌលីកុមារ​នោះ លុះ​រោគ​កម្រើក​ខ្លាំង​ហើយ ក៏​ដល់​នូវ​កាល​កិរិយា​ក្ស័យ​ឰដ៏​កាល​នោះ​ហោង ។

ឯ​ជន​ទាំង​ពីរ​យល់​កូន​ក្ស័យ​ហើយ ក៏​គក់​ទ្រូង​ទួញ​យំ​សោក​ស្ដាយ ដោយ​ក្ដី​សង្សា​ស្នេហា​អាល័យ​បុត្រ នាំ​គ្នា​យក​សព្វ​បុត្រ ទៅ​ដុត​នៅ​ព្រៃ​ប៉ាឆា​តាម​ប្រពៃណី​ព្រាហ្មណ៍ ។ អទិន្នព្វក​ព្រាហ្មណ៍ ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក​ពុំ​សប្បាយ​ឡើយ តែង​ទៅ​ទួញ​យំ​សោក​នៅ​ទី​ប៉ាឆា​នោះ រាល់​ៗ​ពេល ដោយ​ក្ដី​បុត្ត​វិយោគ​ជា​សរ​លាប​ថ្នាំ​ពិស មុត​ជាប់​ខ្លួន​ហោង ។ រឿង​និទាន​នេះ មាន​សេចក្ដី​ពិស្ដារ​នៅ​ក្នុង​គម្ពីរ​ព្រះ​ធម្មបទ បឋម​ភាគ​ឯ​នោះ អញ្ជើញ​ទៅ​មើល​ចុះ ក្នុង​តំរា​គតិ​លោក​នេះ ខ្ញុំ​បាន​នាំ​យក​មក​សំដែង​ដោយ​សង្ខេប គ្រាន់​ឲ្យ​ឃើញ​ជា​បែប​បុគ្គល​អ្នក​កំណាញ់ ស្រឡាញ់​តែ​សម្បត្តិ​ទុក មិន​ហ៊ាន​ចាយ ក្ដី​អន្តរាយ​ដល់​កូន​ដល់​ខ្លួន​ហើយ ក៏​នៅ​តែ​ហួង​ហែង មិន​ចែក​បែង​បិទ​បាំង​ការពារ​អន្តរាយ​នោះ​ឡើយ បុគ្គល​យ៉ាង​នេះ ហៅ​កំណាញ់​ក្រៅ​តរា មាន​ទ្រព្យ​អសារ​ឥត​ការ​ឥត​ប្រយោជន៍ ដូច​អ្នក​ខ្លះ​មាន​ទ្រព្យ​រា​ប់​ដល់​រយ​ពាន់​ហ្មឺន​សែន ទុក​ណែន​ពេញ​ទូ​ដែក មិន​ហ៊ាន​ចែក​ចាយ​ចំណាយ​ធ្វើ​បុណ្យ​ឲ្យ​ទាន ឬ​នឹង​ចេញ​ប្រកប​ការ ឬ​ក្នុង​កាល​ត្រូវ​ការ​បរិភោគ​ខ្លួន​ឯង យ៉ាង​នេះ​ទ្រព្យ​នោះ​ទុក​ស្មើ​ដុំឥដ្ឋ​ដុំ​ថ្ម​ដដែល ហៅ​ថា​អ្នក​ក្រ​អ្នក​តោក​យ៉ាក​វិញ​ក៏​បាន បុគ្គល​មាន​ទ្រព្យ​ច្រើន មិន​បាន​ចំរើន​ប្រយោជន៍​ដល់​អ្នក​ដទៃ ឬ​អាស្រ័យ​ខ្លួន​ឯង ទ្រព្យ​នោះ​ឯង​ប្រៀប​ដូច​ទឹក​សមុទ្រ ច្រើន​ផុត​វិស័យ តែ​រស​ប្រៃ​មនុស្ស​ផង​អាស្រ័យ​ផឹក​ស៊ី​ពុំ​បាន ពាក្យ​នេះ​សម​ដោយ​លំអាន​បោរាណា​ចារ្យ​លោក ពោល​ទុក​ក្នុង​គម្ពីរ​លោក​នីតិ​ថា

ធនំ អប្បម្បិ សាធូនំ
កុបេ វារីវ និស្សួយេ
ពហុមបិ អសាធូនំ
ន ច វារីវ អណ្ណវេ
ប្រែ​ថា ទ្រព្យ​របស់​សប្បុរស​ទោះ​តិច​តួច បាន​ជា​ប្រយោជន៍​ជន​នានា ដូច​ទឹក​អណ្ដូង​រស​សាប​ថ្លា​អស់​មហាជន​ផង​ដឹង​អាស្រ័យ ។ ទ្រព្យ​នៃ​អសប្បុរស​ទោះ​មាន​ច្រើន បុំ​បាន​ចំរើន​អ្នក​ដទៃ ដូច​ទឹក​សមុទ្រ​មាន​រស់​ប្រៃ មនុស្ស​ផង​អាស្រ័យ​ផឹក​បាន ។ ចប់​តំរា​កំណាញ់​ក្រៅ​តំរា ជា​គតិ​ទី ៥៦